ភ្នំពេញៈ តោះ!ចូលរួមការតាំងពិព័រណ៍ និងសិក្ខាសាលាស្តីពីការអភិរក្សនៅតាមតំបន់ប្រាសាទបាយ័នដែលបានចំណាយពេលអស់ ២៥ ឆ្នាំនឹងបង្ហាញនៅថ្ងៃចុងក្រោយនៃការប្រារព្ធមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា លើកទី ៨ គឺនៅចំថ្ងៃទី ២៣-២៤ ខែកុម្ភៈឆ្នាំ ២០១៩ នេះតែម្តង។
កម្មវិធីសិក្ខាសាលាប្រាសាទបាយ័ននេះដែរត្រូវបានក្រុម JASA រៀបចំស្តីពីការអភិរក្ស ដើម្បីបង្ហាញសកម្មភាពជួសជុលនៅតាមតំបន់ប្រាសាទបាយ័ន។ សាកល្បងចូលរួមសកម្មភាពអភិរក្សជាមួយគ្នាដើម្បីយល់កាន់តែស៊ីជម្រៅពីការការពារសម្បតិ្តបេតិកភណ្ឌអង្គររបស់ពិភពលោកយ៉ាងដូចម្តេចខ្លះ។
បើយោងទៅតាមសេចក្តីប្រកាសព័ត៌មានដែលស្តីពីកម្មវិធីនានានៃមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាលើកទី ៨ ដែលចាប់ផ្តើមកាលពីល្ងាចថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៩ ម្សិលមិញនោះបានឲ្យដឹងដែរថា៖ «ក្រុមរដ្ឋាភិបាលជប៉ុនសម្រាប់ការថែរក្សាការពារប្រាសាទអង្គរ (JSA) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៤ និងបានផ្តើមការងារចាប់ពីឆ្នាំ ២០០៥ មកដោយបានអនុវត្តការងាររួមគ្នាជាមួយនឹងអាជ្ញាធរជាតិអប្សរា ហើយបានប្តូរទៅជាគម្រោងជប៉ុនអប្សរាការពារប្រាសាទអង្គរ (JASA)។
ពិព័រណ៍ប្រាសាទបាយ័ននេះនឹងបង្ហាញអំពីប្រវត្តិនៃគម្រោងរបស់ JSA ឬ JASA ចំពោះដំណើរការងាររបស់ខ្លួននៅក្នុងតំបន់អង្គរដែលមានរយៈពេលចំនួន ២៥ ឆ្នាំ»។
ចំពោះគម្រោងជប៉ុនសម្រាប់ការថែរក្សាការពារប្រាសាទ អង្គរ (JSA) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៤ នោះក៏មានការគាំទ្រពីអង្គការយូណេស្កូ (UNESCO) និងមូលនិធិរបស់ប្រទេសជប៉ុនការពារការអភិរក្សនៃបេតិកភណ្ឌពិភពលោកផងដែរ។
ការជួសជុលឡើងវិញនេះត្រូវបានអនុវត្តនៅតាមតំបន់ប្រាសាទបាយ័ន ប្រាសាទអង្គរវត្ត និងប្រាសាទសួព្រ័ត្រដោយមានក្រុមអ្នកឯកទេសជនជាតិជប៉ុនចំនួនប្រមាណ ១១០ នាក់ដែលមកពីស្ថាប័នសិក្សាស្រាវជ្រាវនានា និងត្រូវបានគេបញ្ជូនមក ដើម្បីឲ្យចូលរួមនៅក្នុងសកម្មភាពអភិរក្សប្រាសាទ ជាមួយអ្នកជំនាញ និងសិប្បករកម្ពុជាមានចំនួន ៣៥០ នាក់។
ដោយឡែកកម្មវិធីមហោស្រពគីហ្សូណាជប៉ុន-កម្ពុជាលើកទី ៨ នេះបានចាប់ផ្តើមប្រារព្ធធ្វើពីថ្ងៃទី ២១ ដល់ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការនៃកម្ពុជា-ជប៉ុន (CJCC) ដែលការសហការពីស្ថានទូតជប៉ុន និងមជ្ឈមណ្ឌលមូលនិធិជប៉ុននៅអាស៊ីគឺក្រោមប្រធានបទរួមមួយថា «Experience Together»៕
No comments :
Post a Comment