Sunday, May 5, 2019
គ្រឿងញៀនជាង ៣០០ គីឡូក្រាម និងមនុស្សជាង ៥ ៤០០ នាក់ ត្រូវបានបង្ក្រាបក្នុងរយៈពេល ៤ ខែឆ្នាំនេះ
ភ្នំពេញៈ គិតត្រឹមរយៈពេល ៤ ខែដំបូងនៅឆ្នាំ ២០១៩ សមត្ថកិច្ចបានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានចំនួន ២,៥២០ ករណី ដកហូតសារធាតុញៀនគ្រប់ប្រភេទសរុបជាង ៣០០ គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន ៥,៤០៥ នាក់ ក្នុងនោះស្រី ២៥៥ នាក់។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបញ្ហានេះធ្វើឲ្យសង្គមស៊ីវិលសម្ដែងក្ដីបារម្ភ។
របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហាញថា លទ្ធផលអនុវត្តច្បាប់ ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០១៩ នេះ សមត្ថកិច្ចដកហូតសារធាតុញៀនគ្រប់ប្រភេទសរុបប្រមាណជាង ៣៣៣ គីឡូក្រាម និង ៥៩៨ កញ្ចប់តូច កញ្ឆាក្រៀមជាង ០,៣០ គីឡូក្រាម និង ៤៥ ៩៩៩ ដើម សម្ភារចាប់យកមានរថយន្ដ ១៥ គ្រឿង ម៉ូតូ ៤៦០ គ្រឿង ទូរស័ព្ទ ១ ៤២០ គ្រឿង ជញ្ជីង ៩១ គ្រឿង និងអាវុធវែង ២ ដើម។
អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា៖ «ករណីជួញដូរ រក្សាទុកចំនួន ១,៥៣៨ ករណី ឃាត់ខ្លួនជនសង្ស័យ ២,៩៣៦ នាក់ (ស្រី ២៥៥ នាក់) ករណីប្រើប្រាស់ ៩៦៨ ករណី ឃាត់ខ្លួន ២,៤៦៧ នាក់ (ស្រី ១៧២ នាក់) អនុវត្ដដីកា ៨១ ដីកា ឃាត់ ៨០ នាក់ (ស្រី ៤ នាក់) និងដាំដុះ ១៣ ករណី និងឃាត់ខ្លួនបាន ២ នាក់ ខណៈសំយោគកែច្នៃ ១ លើក»។
លោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ មេសា បានថ្លែងក្នុងអំឡុងជួបសំណេះសំណាលជាមួយលោក Eric Meldrum នាយកផ្នែកសង្គ្រោះអេមស្វត់ថា៖ «ខ្ញុំនឹងបន្តបង្ក្រាបគ្រឿងញៀនជាលក្ខណៈទ្រង់ទ្រាយធំ និងឲ្យបានកាន់តែច្រើននៅក្នុងឆ្នាំ ២០១៩ ហើយយុទ្ធនាការត្រួតពិនិត្យគ្រឿងស្រវឹងក្នុងមួយសប្តាហ៍កន្លងទៅនេះ ខ្ញុំសង្កេតឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍ថយចុះ»។
លោក ហង្ស ពិទូរ នាយការិយាល័យរដ្ឋបាលនៃមណ្ឌលស្ដារនីតិសម្បទា ព្យាបាលអ្នកញៀនគ្រឿងញៀនឌីធីអេ (D.T.A) កាលពីម្សិលមិញបានថ្លែងថា មួយរយៈចុងក្រោយនេះ បទល្មើសគ្រឿងញៀនមានការកើនឡើងគួរឲ្យព្រួយបារម្ភ។ ជាមួយគ្នានេះ នៅមណ្ឌលកែប្រែលោកថាក៏មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដែរ។
លោកបន្តថា បញ្ហាគ្រឿងញៀនបាននិងកំពុងបំផ្លាញអនាគតយុវជន-យុវនារីដែលជាសសរទ្រូងរបស់ជាតិ និងកម្លាំងចលករអភិវឌ្ឍន៍ជាតិឲ្យរីកចម្រើន។ អ្នកទោសគ្រឿនញៀន ត្រូវបានគេចាប់ជារៀងរាល់ថ្ងៃ ហើយអ្នកមានឱកាសលក់ដូរក៏នៅតែអាចចរាចរបានដដែល ចំពោះអ្នកប្រើប្រាស់ក៏នៅតែមានឱកាសអាចប្រើប្រាស់ ពោលគឺចរន្តវិលវល់មិនចេះរីងស្ងួត។
លោកបញ្ជាក់ថា៖ «ខ្ញុំបារម្ភខ្លាំង បើយើងប្រៀបធៀបកាលពីជំនាន់ខ្ញុំនៅរៀនវិទ្យាល័យឆ្នាំ ២០០៥ គឺគ្មានទេគ្រឿងញៀន តែឥឡូវនេះបញ្ហាគ្រឿងញៀនគឺហក់ឡើងខ្លាំងមែនទែន ដោយមានការប្រើប្រាស់ទូលំទូលាយច្រើន។ យើងគាំទ្រការបង្ក្រាបហ្នឹងហើយ តែចាប់តែអ្នកប្រើតូចតាច ហើយខ្ញុំជំរុញអាជ្ញាធរបន្តឃាត់មេខ្លោងធំៗទៀត ព្រោះថ្ងៃនេះ ឃើញមានមេខ្លោងហ្នឹង ត្រូវបានគេចាប់បានខ្លះហើយ គឺនៅមានទៀត»។
លោក មាស សុវណ្ណ ប្រធានសមាគមសង្គ្រោះជនរងគ្រោះដោយសារគ្រឿងញៀនកម្ពុជាបានថ្លែងថា លោកគាំទ្រពេញទំហឹងចំពោះការបង្ក្រាបគ្រឿងញៀនគ្រប់រូបភាពរបស់សមត្ថកិច្ច ប៉ុន្ដែទន្ទឹមការបង្ក្រាបនេះ ក៏កាន់តែមានការកើនឡើងទ្វេដងចំពោះអ្នកជួញដូរ និងអ្នកប្រើប្រាស់ ដោយលោកអះអាងថា ការបង្ក្រាបកន្លងមកនេះ គឺមិនត្រូវចំគោលដៅ ឬមិនចំចំណុច។
លោកបន្តថា បើសមត្ថកិច្ចចាប់តែអ្នកប្រើប្រាស់តូចតាច ហើយរកអ្នកមេខ្លោងជួញដូរ ឬអ្នកផលិតធំមិនបានទេ នោះហាក់ដូចជានាំគ្នាអង្គុយបក់ផ្សែង ពោលគឺកាន់តែបង្ក្រាប កាន់តែកើនឡើងអ្នករងគ្រោះដោយសារគ្រឿងញៀន។
លោកថា៖ «ខ្ញុំសប្បាយចិត្តណាស់ ពេលឃើញសមត្ថកិច្ចចាប់បានមេខ្លោងធំជួញដូរគ្រឿង ញៀនធំ។ ខ្ញុំចង់ប្រៀបធៀបមួយថា បើចង់សម្អាតផ្ទះឬសម្អាតគ្រឿងញៀន គឺត្រូវបោស សម្អាតពីខាងលើមុនគេ បើមិនអ៊ីចឹងទេ គឺយើងកំពុងអង្គុយបក់ផ្សែងទាំងអស់គ្នាហើយ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) និយាយថា ផ្អែកតាមរបាយការណ៍នេះ វាគួរឲ្យព្រួយបារម្ភខ្លាំងចំពោះបញ្ហាគ្រឿងញៀននៅកម្ពុជា។ បើទោះបីជាសមត្ថកិច្ចប្រឹងប្រែងបង្ក្រាបយ៉ាងណាក៏ដោយ អ្នកជួញដូរ និងអ្នកប្រើប្រាស់នៅតែមានឱកាសប្រព្រឹត្ត។
លោកបន្តថា ប្រភពសំខាន់នៃការចរាចរគ្រឿងញៀននៅមិនទាន់បង្ក្រាបឲ្យចំគោលដៅនៅឡើយ ហើយឈ្មួញដែលជាអ្នកជួញដូរនោះ គឺជាមនុស្សមានឥទ្ធិពល និងអំណាចខ្លាំង ទើបបានជាបញ្ហានេះនៅអូសបន្លាយ និងមានឱកាសលក់ដូរ។ «សមត្ថកិច្ចយើងគួរតែមានបច្ចេកទេសស៊ីជម្រៅជាងនេះ និងដាក់ចេញវិធានការក្ដៅថែមទៀត ទើបអាចទប់ស្កាត់បានខ្លះ ព្រោះយើងគិតថា មេខ្លោងហ្នឹង មនុស្សមានឥទ្ធិពល»។
យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបង្ហាញកាលពីខែធ្នូ ឆ្នាំ ២០១៨ ថា រយៈពេល ១២ ខែ គិតពីថ្ងៃទី ១ ខែ មករា ដល់ថ្ងៃ ទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ មានចំនួនសរុប ៧,៩៧៩ ករណីដោយឃាត់មនុស្ស ១៦,១៣៩ នាក់ ស្រី ១,៣៣៩ នាក់ជនបរទេស ៣១០ នាក់ស្រី ៤៨ នាក់មាន ២៤ សញ្ជាតិ។
ពាក់ព័ន្ធនឹងការជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និងដាំដុះមានចំនួនសរុប ៥,០៣៣ ករណីឃាត់ខ្លួន ៩,០៤៩ នាក់ស្រី ៩១៣ ហើយទាក់ទិននឹងអ្នកដែលប្រើប្រាស់មានសរុបចំនួន ៤,៩៤៦ ករណី ឃាត់ខ្លួន ៧,០៩៩ នាក់ ស្រី ៤,២៦០ នាក់»៕
By www.postkhmer.com
By www.postkhmer.com
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment