Translate

Popular

Wednesday, May 29, 2019

ចំណូល​របស់​ក្រុមហ៊ុន ​ហ្រ្គេនធ្វីន នៅ​ត្រីមាស​ទី​១ កើន​ឡើង​ជិត​​ ៦០ ​​​​ភាគរយ

No comments :
ក្រុមហ៊ុន​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ហ្រ្គេនធ្វីន ​​របស់​តៃវ៉ាន់។
ភ្នំពេញៈ​ ក្រុមហ៊ុន​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ហ្រ្គេនធ្វីន ​​របស់​តៃវ៉ាន់​ ដែល​​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​កម្ពុជា​រក​ចំណូល​បាន​ជាង ​៣៦,​៨០ ​លាន​ដុល្លារ ​នៅ​ត្រីមាស​ទី១ ​ឆ្នាំ ​២០១៩​ កើន​​ឡើង ​៥៨ ​ភាគរយ​ ពី​ចំនួន ​២៣,​៣០ ​លាន​ដុល្លារ​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​។ នេះ​បើ​យោង​តាម​របាយការណ៍​ហិរញ្ញវត្ថុ​មិន​ទាន់​ធ្វើ​សវនកម្ម​របស់​ក្រុមហ៊ុន​ដែល​បាន​បង្ហាញ​នៅ​ផ្សារហ៊ុន​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិលមិញ​។
ទោះ​បី​យ៉ាង​នេះ​ក្តី​របាយការណ៍​បាន​បង្ហាញ​ថា ​ប្រាក់​ចំណេញ​មុន​បង់​ពន្ធ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ២១៥​ ៤៦៥ ​ដុល្លារ​ដែល​ធ្លាក់​ចុះ​ពី​ចំនួន​ ជាង ១​,​២ ​លាន​​ដុល្លារ ​កាល​ពី​ត្រីមាស​ទី១​ឆ្នាំ ​២០១៨​។
លោក​ យ៉ាង ​សាវស៊ីន ​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ផ្ញើ​ទៅ​កាន់​ផ្សារហ៊ុន ​ថា ​ក្រុមហ៊ុន​នៅ​តែ​ខិតខំ​ប្រឹងប្រែង​រក្សា​ទំនាក់ទំនង​ជាមួយ​អតិថិជន ​ជា​ពិសេស​ក្រុមហ៊ុន Adidas ​ដែល​ជា​អតិថិជន​ចម្បង​របស់​ក្រុមហ៊ុន​ ដើម្បី​បង្កើន​ការ​បញ្ជា​ទិញ​សម្រាប់​ឆ្នាំ ​២០១៩​។​
លោក​បន្ត​ថា៖ ​«[ក្រុមហ៊ុន]​ នឹង​ព្យាយាម​​ក្នុង​ការ​សហការ​ជាមួយ​ដៃគូ​នានា​​ដើម្បី​ទទួល​បាន​ចំណូល​ផ្សេងៗ​បន្ថែម​ទៀត​ ដូច​ជា​ការ​ទទួល​កាត់​ដេរ​បន្ត ​និង​ការ​វេច​ខ្ចប់ ​ដើម្បី​រក្សា​ស្ថិរភាព​ និង​បង្កើន​ចំណូល​ឲ្យ​បាន​ច្រើន​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ»​។
តាម​របាយការណ៍ ​ក្រុមហ៊ុន​រំពឹង​ថា​នៅ​ត្រីមាស​បន្ទាប់​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ល្អ​ជាង​ត្រីមាស​ទី១​។
ទោះ​បី​យ៉ាង​នេះ​ក៏​ដោយ ​ក្រុមហ៊ុន​បាន​អះអាង​ថា​ ការ​រំពឹង​ទុក​ពី​ការ​ធ្លាក់​ចុះ​កំណើន​សេដ្ឋកិច្ច​នៅ​អឺរ៉ុប និង​អាមេរិក​ដែល​ជា​ទីផ្សារ​ចម្បង​របស់​ក្រុមហ៊ុន ​ក៏​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណូល​របស់​ក្រុមហ៊ុ​ផង​ដែរ សម្រាប់​ឆ្នាំ ២០១៩​ នេះ​។

គិត​ត្រឹម​ថ្ងៃ​ទី ៣១ ​ខែ ​មីនា ​ឆ្នាំ​ ២០១៩ ​ទ្រព្យ​សកម្ម​សរុប​របស់​ក្រុមហ៊ុន ហ្រ្គេនធ្វីន ​មាន​ចំនួន​ជាង ៨៩,​៨៨ ​​លាន​ដុល្លារ​ ខណៈ​​ដែល​មូលធន​សរុប​ មាន​​ចំនួន​ជាង ​៦៨,៥៨ ​លាន​ដុល្លារ​ ដែល​មាន​ការ​ធ្លាក់​ចុះ​បន្តិច​។
ភាគហ៊ុន​ក្រុមហ៊ុន ​ហ្រ្គេនធ្វីន ​ត្រូវ​បាន​ជួញដូរ​ក្នុង​ផ្សារហ៊ុន​កម្ពុជា​មាន​តម្លៃ ​៤ ៣០០ ​រៀល​ក្នុង​ ១ ​ភាគហ៊ុន​កាល​ពី​ថ្ងៃ​ម្សិលមិញ ​ប៉ុន្តែ​ពុំ​មាន​ទំហំ​នៃ​ការ​ជួញ​ដូរ​​​នោះ​ទេ​៕ LA

No comments :

Post a Comment