Translate

Popular

Wednesday, May 29, 2019

Toyota នឹង​សាងសង់​រោងចក្រ​នៅ​មីយ៉ាន់ម៉ា

No comments :
បុគ្គលិក​ក្រុមហ៊ុន Toyota កំពុង​ធ្វើ​ការ​ក្នុង​រោងចក្រ​ដំឡើង​រថយន្ត​នៅ​បារាំង។


ក្រុង​តូក្យូៈ ក្រុមហ៊ុន​ផលិត​រថយន្ត Toyota Motor Corp. កំពុង​មាន​ផែនការ​សាងសង់​រោងចក្រ​ដំឡើង​រថយន្ត​ក្នុង​ប្រទេស ​មីយ៉ាន់ម៉ា។ នេះ​បើ​យោង​តាម​កាសែត Yomiuri Shimbun របស់​​ជប៉ុន។
សេចក្តី​ប្រកាស​ជា​ផ្លូវ​ការ​អាច​នឹង​ចេញ​ផ្សាយ​មុន​ដំណាច់​ខែ​ឧសភា​នេះ ហើយ​ការ​សាងសង់​គ្រោង​នឹង​ចាប់​ផ្តើម​​ក្នុង​​ឆ្នាំ​ ២០១៩ នេះ។
រោងចក្រ​ថ្មី​នេះ​នឹង​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស Thilawa នៅ​ជាយ​ក្រុង​យ៉ាំងហ្គោន ហើយ​នឹង​ប្រើប្រាស់​សម្រាប់​ដំឡើង​រថយន្ត​ភីកអាប់​ ដែល​គ្រឿង​ផ្គុំ​នឹង​ត្រូវ​នាំចូល​ពី​ប្រទេស​ ​ជប៉ុន និង​ប្រទេស​ជិត​ខាង​ផ្សេង​ទៀត ​ដើម្បី​យក​មក​ដំឡើង​រថយន្ត​ក្នុង​រោងចក្រ​ថ្មី​នេះ។
បើ​ទោះ​បី​ជា​មាន​តែ​រថយន្ត​ប្រហែល ១៧ ៥០០ គ្រឿង​ប៉ុណ្ណោះ ​ដែល​ត្រូវ​បាន​លក់​ចេញ​នៅ​ក្នុង​ប្រទេស ​មីយ៉ាន់ម៉ា ​ក្នុង​ឆ្នាំ ២០១៨ ក្តី ក៏​តួលេខ​នេះ​បាន​កើន​ឡើង​ជាង​ទ្វេដង​ធៀប​នឹង​ឆ្នាំ ២០១៧។ បច្ចុប្បន្ន​ ក្រុមហ៊ុន Toyota នាំចេញ​រថយន្ត​ដឹក​អ្នក​ដំណើរ និង​រថយន្ត​ពាណិជ្ជកម្ម​ប្រហែល ២ ០០០ គ្រឿង​​ទៅ​កាន់​ប្រទេស​ មីយ៉ាន់ម៉ា ​ក្នុង ​១ ​ឆ្នាំ ហើយ​ក្រុមហ៊ុន​មើល​ឃើញ​ទីផ្សារ​នេះ​ថា ជា​ទីផ្សារ​មួយ​ដែលមាន​សក្តានុពល​កំណើន​​ខ្លាំង។
រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​អនុវត្ត​គោល​នយោបាយ​នានា​ដែល​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ពន្ធ​ដល់​ក្រុមហ៊ុន​​ដែល​ផលិត​រថយន្ត​ក្នុង​ស្រុក។
ក្រុមហ៊ុន​ផលិត​រថយន្ត​ Suzuki Motor Corp. គឺ​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ជប៉ុន​ដែល​ចូល​ទៅ​វិនិយោគ​ដំបូង​​ក្នុង​ប្រទេស​នេះ។ ក្រុមហ៊ុន Suzuki ​មាន​រោងចក្រ​ចំនួន ២ ក្នុង​នៅ​មីយ៉ាន់ម៉ា ដែល​ដំឡើង​រថយន្ត​តូច​ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ទីផ្សារ​ជាង​ពាក់​កណ្តាល។
ក្រុមហ៊ុន Nissan Motor និង​ក្រុមហ៊ុន Ford Motor ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​ផ្សេង​​ទៀត ដែល​មាន​វត្តមាន​នៅ​ប្រទេស ​មីយ៉ាន់ម៉ា។
ក្រុមហ៊ុន​ផលិត​រថយន្ត​ Toyota បាន​សម្រេច​ចិត្ត​សាងសង់​រោងចក្រ​ថ្មី​មួយ​នៅ​មីយ៉ាន់ម៉ា ពី​ព្រោះ​ក្រុមហ៊ុន​រំពឹង​ថា ប្រទេស​ដែល​មាន​ប្រជាជន​ប្រហែល ៥០ លាន​នាក់​នេះ នឹង​មាន​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ត​ទៅ​មុខ​ទៀត។ ការ​សម្រេច​ចិត្ត​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​លទ្ធផល​​ដែល​ទទួល​បាន​ពី​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា ដើម្បី​ទាក់ទាញ​​ការ​វិនិយោគ​បរទេស​ផង​ដែរ។
ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់​របស់​មីយ៉ាន់ម៉ា មាន​ត្រឹមតែ​ប្រហែល ១ ៣០០ ដុល្លារ។ ទោះ​ជា​យ៉ាង​ណា អាយុ​ជា​មធ្យម​របស់​ប្រទេស​នេះ​​មាន​កម្រិត​ទាប ហើយ​ប្រជាជន​ត្រូវ​បាន​រំពឹង​ថា​នឹង​បន្ត​កើន​ឡើង​។
មីយ៉ាន់ម៉ា​មាន​ប្រជាជន​ប្រហែល ៥០ លាន​នាក់ ដែល​ប្រហាក់​ប្រហែល​នឹង​ចំនួន​ប្រជាជន​របស់​ប្រទេស ​កូរ៉េ​ខាង​ត្បូង និង​អេស្ប៉ាញ។ ប្រទេស​នេះ​ជា​ប្រទេស​ក្មេង​ខ្ចី ដែល​ប្រជាជន​មាន​អាយុ​ជា​មធ្យម ២៧,៩ ឆ្នាំ។ បើ​ទោះ​​បី​ជា​ប្រទេស​ក្រីក្រ​មួយ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ក្នុង​តំបន់​អាស៊ី​ក្តី ក៏​មីយ៉ាន់ម៉ា​បាន​មើល​ឃើញ​កំណើន​សេដ្ឋកិច្ច​ដ៏​ខ្លាំង​​នា​ពេល​ថ្មីៗ​នេះ ហើយ​រំពឹង​ថា​នឹង​លូតលាស់​ក្នុង​អត្រា​ប្រចាំ​ឆ្នាំ​ពី ៦ ទៅ ៧ ភាគរយ។
ក្រុម​អ្នក​វិភាគ​ជឿ​ថា មីយ៉ាន់ម៉ា​មាន​សក្តានុពល​លូត​លាស់​រហូត​ដល់​​​​កម្រិត​ទីផ្សារ​មួយ​ដែល​មាន​ទំហំ​ប្រហាក់​ប្រហែល​​នឹង​ទំហំ​ទីផ្សារ​របស់​ប្រទេស ​ថៃ ដែល​ជា​ប្រទេស​ជិត​ខាង​នឹង​គ្នា និង​​មាន​ប្រជាជន​ប្រហែល ៦៩ លាន​នាក់ ដែល​លក់​រថយន្ត​បាន​ប្រហែល ១ លាន​​គ្រឿង​ក្នុង ​១ ​ឆ្នាំ។
គិត​ត្រឹម​ខែ ​ធ្នូ ឆ្នាំ ​២០១៨ ក្រុមហ៊ុន Toyota មាន​រោងចក្រ​ផលិត​រថយន្ត និង​ផលិត​គ្រឿង​ផ្គុំ​ក្នុង​ប្រទេស ​និង​តំបន់​ចំនួន ២៧។ រោងចក្រ​នៅ​មីយ៉ាន់ម៉ា​នឹង​ជា​មូលដ្ឋាន​យុទ្ធសាស្រ្ត​ថ្មី​មួយ។
តំបន់​សេដ្ឋកិច្ច Thilawa ដែល​វិនិយោគ​រួម​គ្នា​រវាង​រដ្ឋ​ និង​ឯកជន​មក​ពី​ជប៉ុន​ និង​មីយ៉ាន់ម៉ា បាន​បើក​ដំណើរការ​នៅ​ឆ្នាំ ២០១៥ និង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​សញ្ញា​ជោគជ័យ​បំផុត​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មីយ៉ាន់ម៉ា និង​បាន​ទាក់ទាញ​ការ​វិនិយោគ​មក​ពី​ជុំវិញ​ពិភព​លោក។
ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន  Toyota ដើម្បី​សាងសង់​រោងចក្រ​​ក្នុង​តំបន់​សេដ្ឋកិច្ច​នេះ អាច​បង្ហាញ​ថា​ជា​ការ​រស់​ឡើង​វិញ​នៃ​ការ​វិនិយោគ​ចូល​ទៅ​ក្នុង​ប្រទេស​នេះ៕ ANN/KC

No comments :

Post a Comment