Translate

Popular

Thursday, May 30, 2019

នាយក​រដ្ឋមន្ត្រី​បង្ហាញ​សក្តានុពល ​​ដើម្បី​ទាក់ទាញ​វិនិយោគិន​ជប៉ុន​

No comments :
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​នៅ​ឯ​សន្និសីទ​អន្តរជាតិ​លើកទី​២៥ ​ស្ដីពី​អនាគត​របស់​អាស៊ី។
ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​កាល​ពី​ថ្ងៃ​ពុធ ​បាន​ថ្លែង​ពី​សក្តានុពល ​និង​កំណើន​សេដ្ឋកិច្ច​របស់​​កម្ពុជា ​ដើម្បី​ទាក់ទាញ​វិនិយោគិន​ជប៉ុន​កាន់​តែ​ច្រើន​បន្ថែម​​​ ខណៈ​អ្នក​វិភាគ​​សេដ្ឋកិច្ច​ចាត់​ទុក​ថា​ជា​កិច្ច​​ប្រឹងប្រែង​គួរ​ឲ្យ​កោត​សរសើរ​​។​
នៅ​ក្នុង​សុន្ទរកថា ​ដែល​បាន​ថ្លែង​កាល​ថ្ងៃ​ទី ​២៩ ​ខែ ​ឧសភា ​ឆ្នាំ​ ​២០១៩ ​ក្នុង​សិក្ខាសាលា​ស្ដីអំពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​​ទី​២៥ ​ស្ដីពី​​អនាគត​អាស៊ី​នៅ​ប្រទេស ​ជប៉ុន ​លោក​នាយក​រដ្ឋមន្ត្រី បាន​បង្ហាញ​ពី​សក្តានុពល​​​វិនិយោគ​សំខាន់ៗ​មួយ​ចំនួន​​នៅ​ក្នុង​ប្រទេស ​កម្ពុជា​។
លោក​ថ្លែង​ថា៖ ​«ក្នុង​សិក្ខាសាលា​នេះ ​គឺ​យើង​នឹង​បាន​ស្វែងយល់​ដោយ​ផ្ទាល់​ពី​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា​​ និង​សក្ដានុពល​វិនិយោគ​នៅ​កម្ពុជា ក៏​ដូច​ជា​ជ្រាប​ពី​ការ​ដាក់​ចេញ​នូវ​​វិធាន​ការ​ថ្មីៗ​របស់​រាជ​រដ្ឋាភិបាល​​កម្ពុជា​​នាពេល​បច្ចុប្បន្ន​សំដៅ​​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​​នូវ​បរិយាកាស​វិនិយោគ»​។
យោង​​តាម​ស្ថាប័ន​ហិរញ្ញវត្ថុ​សំខាន់​​របស់​ពិភព​លោក​រួមមាន ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​​បាន​ប៉ាន់​ប្រមាណ​ថា​នឹង​បន្ត​មាន​កំណើន​ក្នុង​រង្វង់​ជាង ​៧ ​​ភាគរយ ​សម្រាប់​ឆ្នាំ ​២០​១៩។
លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា ​កំណើន​នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​បន្ត​តំណែង​របស់​ខ្លួន​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​បំផុត ​នៅ​ក្នុង​តំបន់​អាស៊ី​ក្នុង​រយៈពេល ​៣ ​ឆ្នាំ​ជាប់​គ្នា​។
លោក​ថ្លែង​ថា៖​ «នេះ​បាន​បង្ហាញ​ថា​ កម្ពុជា​ស្ថិត​នៅ​លើ​គន្លង​នៃ​ការ​ឈាន​ទៅ​សម្រេច​បាន​ឋានៈ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ ​២០៣០ ​តាម​ការ​គ្រោង​ទុក​ក្នុង​របៀបវារៈ​នៃ​គោល​នយោបាយ​ជាតិ​របស់​ខ្លួន​»។
ការ​លុប​ចោល​ពន្ធ​កាត់​ទុក ​១ ​​ភាគរយ ​សម្រាប់​វិស័យ​ឯកជន​​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ចាត់​ទុក​ថា ​ជា​ផ្នែក​មួយ​​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​មក​កម្ពុជា​កាន់​តែ​ច្រើន​។​
លោក​ថ្លែង​ថា៖​ «ពន្ឋ​កាត់​ទុក​ នេះ​គឺ​នឹង​ត្រូវ​លុប​ចោល​ ព្រោះ​​វាជា​ប្រភេទ​បំណុល​ដែល​ហាក់​ដូច​ជា​រដ្ឋ​ទៅ​ខ្ចី​ពី​ក្រុមហ៊ុន​ឯកជន​មក​ទុក»​។
លោក​បន្ត​​ថា៖​ «ដូច្នេះ​ការ​បញ្ចប់​ពន្ធ​កាត់​ទុក​នេះ ​គឺ​វា​នឹង​បញ្ចប់​នូវ​បំណុល​រដ្ឋ​ជាមួយ​នឹង​ក្រុមហ៊ុន​ឯកជន​ចំនួន​ (១ ​ភាគរយ) ​ដែល​នឹង​កាន់​តែ​ជួយ​ជំរុញ​ដល់​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​ឈាន​ឡើង​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា ​ហើយ​ក៏​នឹង​ជួយ​ដល់​ផ្នែក​ឯកជន​ក្នុង​ការ​រក្សា​បាន​នូវ​ទុន​បន្ថែម​ ដើម្បី​ពង្រីក​នូវ​អាជីវកម្ម​របស់​ខ្លួន​ផង​ដែរ​»។
លោក ​ច័ន្ទ ​សុផល ​នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​បាន​ឲ្យ​ដឹង​ថា ​ការ​សម្រេច​លុប​ចោល​ពន្ធ​កាត់​ទុក ​គឺ​ជា​កំណែ​ទម្រង់​មួយ​របស់​រដ្ឋាភិបាល​ដែល​នឹង​ទាក់ទាញ​ដល់​វិនិយោគិន​ជប៉ុន​។​ ​
លោក​ថ្លែង​ថា៖​ «ខ្ញុំ​គិត​ថា​ការ​លុប​ចោល​ពន្ធ​កាត់​ទុក ​១ ​ភាគរយ ​និង​វិធានការ​កំណែ​ទម្រង់​ជា​កញ្ចប់​ផ្សេង​ទៀត​ និង​ជា​ការ​អំពាវនាវ​មួយ​ដល់​វិនិយោគិន​ជប៉ុន»​។
លោក ​ SUZUKI ​Hiroshi ​អគ្គនាយក ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​កម្ពុជា ​(BRIC) បាន​ឲ្យ​ដឹង​ថា ​កិច្ច​ប្រឹងប្រែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ជា​ការ​គួរ​ឲ្យ​កោត​សរសើរ​។
លោក​ថ្លែង​ថា៖ «នេះ​ជា​កិច្ច​ប្រឹងប្រែង​ដ៏​សំខាន់​មួយ​ ដើម្បី​ស្វែង​យល់​ស្ថានភាព​ជាក់​ស្តែង​ និង​សក្តានុពល​របស់​កម្ពុជា»​។
លោក​បន្ត​ថា​ ខណៈ​វិនិយោគិន​​ជប៉ុន​ជា​ច្រើន​ រួម​មាន​ក្រុមហ៊ុន​ធំៗ​នៅ​តែ​មាន​អារម្មណ៍​រូបភាព​​អវិជ្ជមាន​​​​របស់​កម្ពុជា ​ដូចជា ចម្ការ​មីន ​សង្រ្គាម​ស៊ីវិល ​និង​​ភាព​ក្រីក្រ ​វា​ចំាបាច់​សម្រាប់​​កម្ពុជា​​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ច្បាស់លាស់​មួយ​។
លោក​ថ្លែង​ថា៖ «វា​ចំាបាច់​ណាស់​ក្នុង​ការ​បញ្ជូន​ព័ត៌មាន​ច្បាស់លាស់​មួយ​ស្តីពី​ស្ថានភាព​ និង​គុណ​ប្រយោជន៍​របស់​កម្ពុជា ​ដូចជា​ការ​តភ្ជាប់​ជាមួយ​ប្រទេស​ជិត​ខាង ​និង​ការ​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឡូជីស្ទីក​»។​
គិត​ពី​ឆ្នាំ ​១៩៩៤ ​រហូត​ដល់​ត្រីមាស​ទី១​ ឆ្នាំ ​២០១៩ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះ​បញ្ជី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​ចំនួន ​១៣៧ ​គម្រោង ដែល​មាន​ទំហំ​វិនិយោគ​​ប្រមាណ ២,៥ ​ពាន់​លាន​ដុល្លារ​​ ​ដោយ​ផ្ដោត​សំខាន់​លើ​ការ​ផលិត​គ្រឿង​ផ្គុំ​អគ្គិសនី ​និង​អេឡិចត្រូនិក​ គ្រឿង​ផ្គុំ​រថយន្ត ​និង​សម្ភារបរិក្ខារ​បច្ចេកទេស កសិឧស្សាហកម្ម​ ការ​កែ​ច្នៃ​ម្ហូប​អាហារ ​សណ្ឋាគារ​ ទេសចរណ៍ ​មន្ទីរពេទ្យ ​និង​ផ្សារ​ទំនើប​។ ​នេះ​បើ​តាម​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។
ក្រៅ​ពី​នេះ​ក៏​មាន​វត្តមាន​នៃ​សកម្មភាព​ធុរកិច្ច​ជប៉ុន​ទាំង​ធំ ​ទាំង​​តូច​ ​ប្រមាណ ១ ​៧០០ ​ក្រុមហ៊ុន​ នៅ​ក្នុង​វិស័យ​ជា​ច្រើន​​ដូចជា​វិស័យ​ធនាគារ ​អាកាសចរណ៍ ​ភោជនីយដ្ឋាន​ជា​ដើម​។
តុល្យភាព​វិនិយោគ​
ប្រទេស ​កម្ពុជា ​បច្ចុប្បន្ន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ កំពុង​គ្រប​ដណ្តប់​ភាគ​ច្រើន​នៃ​ការ​វិនិយោគ​​របស់​ចិន ហើយ​នៅ​ពេល​​សួរ​ថា ​តើ​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​អាច​នឹង​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​​ការ​វិនិយោគ​របស់​ចិន​​​នៅ​កម្ពុជា​ ឬ​យ៉ាង​​ណា​ ​លោក​ ច័ន្ទ​ សុផល​ ​ឲ្យ​ដឹង​ថា​ ការ​ធ្វើ​ពិពិធកម្ម​ប្រភព​វិនិយោគ ​ជា​រឿង​ល្អ​សម្រាប់​ការ​វិនិយោគ ​និង​ពាណិជ្ជកម្ម​​របស់​កម្ពុជា​។
លោក​ថ្លែង​ថា៖​ «ខ្ញុំ​គិត​ថា ​តម្លៃ​វិនិយោគ​របស់​កម្ពុជា​មាន​ពី​ប្រទេស​ជា​ច្រើន ​ហើយ​ជប៉ុន​ជា​ប្រទេស​​ដែល​មាន​ការ​គោរព​បំផុត​មួយ​»។​
លោក SUZUKI Hiroshi បាន​និយាយ​ថា៖ «​ចរិត​លក្ខណៈ​​ដ៏​ចម្បង​របស់​វិនិយោគ​ជប៉ុន ​គឺ​មាន​គុណភាព​ខ្ពស់​ គោរព​សិទ្ធិ​មនុស្ស ​សិទ្ធិ​ការងារ​ ច្បាប់​ការងារ ​គោរព​សិទ្ធិ​ម្ចាស់​ប្រទេស ​គិតគូរ​ដល់​បរិស្ថាន ​និង​មិន​មាន​អន្ទាក់​បំណុល»។
បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ​កំពុង​គ្រប​ដណ្តប់​ដោយ​គម្រោង​​វិនិយោគ​របស់​ចិន​ស្ទើរ​គ្រប់​វិស័យ ​ប៉ុន្តែ​មាន​តែ​កំពង់ផែ​​ស្វយ័ត​​ ក្រុង​​ព្រះសីហនុ​មួយ​ប៉ុណ្ណោះ ​ជា​ការ​ជ្រោមជ្រែង​របស់​ជប៉ុន​។​
នៅ​ថ្ងៃ​នេះ​លោក​នាយក​រដ្ឋមន្ត្រី​ ស៊ីនហ្សូ អាបេ ​និង​លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន​ សែន នឹង​ធ្វើ​ជា​សាក្សី​នៃ​ពិធី​ចុះ​ហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តីពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​ផ្តល់​អាហារូបករណ៍ ​អភិវឌ្ឍន៍​ធនធាន​មនុស្ស ​ក្នុង​ទំហំ​ទឹក​ប្រាក់ ​៣៣៩ ​​លាន​យ៉េន ​និង​គម្រោង​សង់​ឃ្លាំង​​កុងតឺន័រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់​ផែស្វយ័ត​ក្រុង​ព្រះសីហនុ ​ក្នុង​ទំហំ​​ទឹក​ប្រាក់ ​២០០​លាន​យ៉េន​៕​ LA

No comments :

Post a Comment