Tuesday, May 7, 2019
ការផ្គត់ផ្គង់អំបិលក្នុងស្រុកឆ្នាំនេះ អាចប្រឈមនឹងកង្វះខាត
កំពតៈ កម្ពុជាអាចប្រឈមនឹងកង្វះខាតអំបិលប្រើប្រាស់សាជាថ្មីនៅក្នុងឆ្នាំ ២០១៩ នេះ ខណៈទិន្នផលដែលប្រមូលបានសម្រាប់រដូវប្រមូលផលឆ្នាំនេះទើបសម្រេចបានតែជាង ៣០ ភាគរយប៉ុណ្ណោះនៃតម្រូវការក្នុងស្រុកសរុប។ នេះបើតាមតំណាងសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប។
ការផលិតអំបិលនៅកម្ពុជា មានតែនៅក្នុងខេត្តកំពត និងកែប ប៉ុណ្ណោះ ហើយការប្រមូលផលជាទូទៅធ្វើឡើងចាប់ពីពាក់កណ្តាលខែមករា ទៅដល់ចុងខែមេសានៃឆ្នាំនីមួយៗ។
យោងតាមលោក ប៊ុន ណារិន អ្នកបច្ចេកទេសនៃសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប ការប្រមូលផលសម្រាប់ឆ្នាំនេះ ទើបសម្រេចបានតែជាង ៣ ម៉ឺនតោនប៉ុណ្ណោះ។
ខេត្តទាំង ២ មានផ្ទៃដីផលិតអំបិលជាង ៤ ០០០ ហិកតា ដោយក្នុង ១ ហិកតា ផ្តល់ផលជាមធ្យម ២០ តោនក្នុង ១ ឆ្នាំ។ លោក ណារិន បានឲ្យដឹងថា ជាមធ្យមកម្ពុជាមានតម្រូវការអំបិលចន្លោះពី ៨-១០ ម៉ឺនតោនក្នុង ១ ឆ្នាំ។
លោក ប៊ុន ណារិន បានឲ្យដឹងថា ការផលិតអំបិលនៅខេត្តកំពត និងកែប រហូតមកដល់ពេលនេះមិនមានលក្ខណៈល្អប្រសើរទេ ដោយសារកត្តាអាកាសធាតុ និងកង្វះខាតកម្លាំងពលកម្ម។
លោកថ្លែងថា៖ «ដោយសារតែសប្តាហ៍មុនមានភ្លៀងធ្លាក់ខ្លាំងពេលនោះខ្ញុំគិតថា ការផលិតត្រូវចប់ទៅហើយក្នុងឆ្នាំនេះ»។
ទោះបីយ៉ាងនេះក្តី លោកអះអាងថា បាតុភូត El Nino ដែលនឹងធ្វើឲ្យរដូវក្តៅអូសបន្លាយយូរនោះ ការប្រមូលផលអំបិលឆ្នាំនេះនឹងអាចបន្តរហូតដល់ចុងខែឧសភា។ តាមលោក ប៊ុន ណារិន ទិន្នផលអំបិលដែលប្រមូលបាន ត្រូវបានលក់ទៅកាន់ទីផ្សារបានជាង ៦០ ភាគរយហើយ។
ទាក់ទងនឹងកម្លាំងពលកម្ម លោក ណារិន បានឲ្យដឹងថា ក្នុងចំណោមក្រុមផលិតអំបិលទាំងជាង ២០០ នៅខេត្តកំពត និងកែប កាលពី ៣-៤ ឆ្នាំមុន មានកម្លាំងផលិតចន្លោះ ៤ ០០០ ទៅ ៥ ០០០ នាក់ ខណៈបច្ចុប្បន្នចំនួននេះបានធ្លាក់ចុះនៅយ៉ាងច្រើនត្រឹមតែ ១ ០០០ នាក់ប៉ុណ្ណោះ។
ខណៈការប្រមូលផលអំបិលនាឆ្នាំនេះមិនទទួលបានលទ្ធផលល្អប្រសើរនោះ តម្លៃក៏មិនមានការប្រែប្រួលអ្វីគួរឲ្យកត់សម្គាល់នោះទេ។
តាមលោក ណារិន អំបិលដាក់លក់នៅកន្លែងប្រមូលផលតាមស្រែអំបិលក្នុងខេត្តកំពត មានតម្លៃក្នុង ១ ការ៉ុង ទម្ងន់ ៥០ គីឡូក្រាម ១៨ ០០០ រៀល ចំនួននេះបើធៀបទៅនឹងឆ្នាំមុន គឺកើនឡើងតិចតួចបំផុត។
ឆ្នាំ ២០១៤-២០១៥ និង ២០១៦ គឺជាឆ្នាំដែលកម្ពុជាប្រមូលផលអំបិលបានច្រើន ដោយក្នុង ១ ឆ្នាំៗ បានទិន្នផលជាង ១០ ម៉ឺនតោន។ នេះបើតាម លោក ណារិន។
កាលពីឆ្នាំមុន ដោយសារការផលិតអំបិលនៅក្នុងស្រុក មិនអាចឆ្លើយតបនឹងតម្រូវការទីផ្សារ កម្ពុជាបាននាំចូលអំបិលជាង ២០ ០០០ តោនពីប្រទេស ចិន ដែលនេះជាលើកទី២ ហើយបន្ទាប់ពីកម្ពុជាបានចំណាយ ២,២ លានដុល្លារ កាលពីឆ្នាំ ២០០៩ ដើម្បីនាំចូលអំបិល ២០ ០០០ តោនពីប្រទេស ចិន៕ LA
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment