Tuesday, May 7, 2019
នគរបាលឃាត់ខ្លួនជនជាតិចិន ២៤១ នាក់ ក្នុងការបង្ក្រាបបទល្មើស ៣ ខែឆ្នាំនេះ
ភ្នំពេញៈ យ៉ាងហោចណាស់ជនជាតិចិនចំនួន ២៤១ នាក់ត្រូវបានឃាត់ខ្លួនក្នុងរយៈពេល ៣ ខែក្នុងឆ្នាំនេះ លើការបង្ក្រាបបទល្មើសក្នុងប្រទេស កម្ពុជា។ ស្ថិតិនេះបានបង្ហាញឲ្យឃើញថាជនជាតិចិនបានប្រព្រឹត្តបទល្មើសឈរលំដាប់លេខ ១ បើប្រៀបធៀបជាមួយជនជាតិ វៀតណាម ថៃកូរ៉េខាងត្បូង និងអាមេរិក។ យោងតាមរបាយការណ៍ដែលបានផ្សព្វផ្សាយលើគេហទំព័ររបស់ក្រសួងមហាផ្ទៃកាលពីម្សិលមិញ។
ការផ្សព្វផ្សាយនៅលើគេហទំព័រនេះបានធ្វើឡើងក្រោយពីមាន មន្ត្រីនគរបាលជាន់ខ្ពស់នៃអគ្គស្នងការ ប្រធាននាយកដ្ឋាន ស្នងការរាជធានី-ខេត្ត ព្រមទាំងតំណាងស្ថានទូតនៅប្រទេសកម្ពុជាមួយចំនួនបានចូលរួមប្រជុំនៅទីស្តីការក្រសួងមហាផ្ទៃកាលពីម្សិលមិញស្តីពីរបាយការណ៍លទ្ធផលកិច្ចសហប្រតិបត្តិការក្រុមព័ត៌មានទាន់ហេតុការណ៍ (Hotline) ជាមួយជនបរទេសនៅកម្ពុជា ប្រចាំត្រីមាសទី១ ឆ្នាំ ២០១៩។ តាមរយៈ Hotline នេះបានទទួលបណ្តឹងសុំប្រតិបត្តិការអន្តរាគមន៍ពីជនបរទេស និងស្ថានទូតចំនួន ១១ ករណី ហើយបានដោះស្រាយបញ្ចប់ ៨ ករណី និងមិនទាន់បញ្ចប់ ៣ ករណី (ស្ថិតក្នុងការស៊ើបអង្កេត)។
របាយការណ៍ការនៃការផ្សព្វផ្សាយនេះ បានឲ្យដឹងថា ក្នុងត្រីមាសទី១ នេះ គឺមានជនបរទេសប្រព្រឹត្តបទល្មើសលើ ១២ រាជធានី-ខេត្ត ទូទាំងប្រទេសមានចំនួន ៨២ ករណី ដោយបានឃាត់ខ្លួនសរុប ៣៤១ នាក់ មាន ២០ សញ្ជាតិ លើ ២០ ប្រភេទបទល្មើស។ សញ្ជាតិប្រព្រឹត្តបទល្មើសច្រើនជាងគេគឺ ចិន ២៤១ នាក់, វៀតណាម ៤៩ នាក់, ថៃ ២៦ នាក់, កូរ៉េខាងត្បូង ៤ នាក់, អាមេរិក ៣ នាក់។
របាយការណ៍នេះបានឲ្យដឹងទៀតថា ក្នុងត្រីមាសទី១ គិតចាប់ពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៨ ដល់ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៩ ជនបរទេសដែលទទួលរងគ្រោះពីឧបទ្ទវហេតុនានាកើតមានលើ ១៥ រាជធានី-ខេត្ត មានសរុប ១៦៧ ករណី ក្នុងនោះរងគ្រោះសរុប ២១១ នាក់ មាន ៣៥ សញ្ជាតិ ហើយជនបរទេស ដែលបានទទួលរងគ្រោះច្រើនជាងគេ គឺចិន មានចំនួន ៩៨ នាក់ បន្ទាប់មកបារាំង ១២ នាក់, អង់គ្លេស ១១ នាក់, អាល្លឺម៉ង់ ៩ នាក់, អាមេរិក ៧ នាក់។
របាយការណ៍នេះឲ្យដឹងថា៖ «បទល្មើសដែលបង្កឡើងនេះ ភាគច្រើនពាក់ព័ន្ធនឹងបទល្មើសជួញដូរគ្រឿងញៀន បៀតបៀនផ្លូវភេទ ការរៀបការខុសច្បាប់ និងការស្នាក់នៅហួសទិដ្ឋាការជាដើម ខណៈដែលជនរងគ្រោះជាជនបរទេសភាគច្រើន ពួកគេរងគ្រោះដោយឧបទ្ទវហេតុ ជំងឺ ធ្វើអត្តឃាត និងជួបគ្រោះថ្នាក់ចរាចរណ៍»។
លោក ថោង លីម អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបន្ទុកផ្នែក Hotline កាលពីម្សិលមិញបានបដិសេធធ្វើអត្ថាធិប្បាយ ព្រមទាំងបានបង្វែរសំណួរទៅកាន់លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ។
លោក ថោង លីម ថ្លែងថា៖ «សួរទៅអ្នកនាំពាក្យរបស់អគ្គទៅ ភារកិច្ចរបស់គាត់។ ទាក់ទងទៅឯកឧត្តម ឆាយ គឹមខឿន បាទៗអរគុណ»។
លោក ឆាយ គឹមខឿន សុំមិនធ្វើការអត្ថាធិប្បាយជុំវិញបញ្ហានេះនោះទេ។
លោក ឆាយ គឹមខឿន ថ្លែងថា៖ «ទាក់ទងជាមួយក្រុម hotline ផ្ទាល់ទៅ ឯកឧត្តម ថោង លីម។ បើរបាយការណ៍គាត់ទុកខ្លួនគាត់ សួរគាត់ផ្ទាល់ទៅ អ្នកនាំពាក្យណាដឹងគ្រប់ប្រព័ន្ធហ្មង?»។
លោក ថោង ម៉ារឌី នាយប៉ុស្តិ៍នគរបាលសង្កាត់អូរឬស្សីទី ១ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា បើតាមទស្សនៈរបស់ខ្ញុំ ជនជាតិចិនដែលមកមិនបានស្វែងយល់ពីច្បាប់នៅកម្ពុជាយើង ហើយចិនដែលមកនេះភាគច្រើនជាជនល្មើសនៅចិនដែលជាសមាសភាពមិនល្អ តែពួកប្រព្រឹត្តបទល្មើសហ្នឹង បើមានយើងចាត់ការតាមវិធានការច្បាប់របស់ប្រទេសយើង មិនមានការលើកលែងអនុគ្រោះអីទេ»។
លោក ម៉ារឌី ថ្លែងថា៖ «ចំពោះបញ្ហាថា ជនជាតិចិនអាងពីទំនាក់ទំនងរវាងប្រមុខរដ្ឋាភិបាលកម្ពុជា ដែលមានភាពស្អិតរមួតអីហ្នឹង គឺជាទស្សនៈបុគ្គលទេ មិនមែនជារួមទេ ព្រោះបើរដ្ឋាភិបាលយើង បើទោះជាទទួលស្គាល់ ពីចំណងមិត្តភាពរវាងកម្ពុជា-ចិន ក៏មិនបណ្តោយឲ្យវាមកធ្វើអនាធិបតេយ្យក្នុងប្រទេសយើងទេ»។
ទោះជាយ៉ាងណាក៏ដោយគេហទំព័រដដែលនេះបានឲ្យដឹងថាក្នុងកិច្ចប្រជុំនោះមន្ត្រីជាន់ខ្ពស់ បានដាក់ទិសដៅសម្រាប់អនុវត្តបន្ត ដូចជាបន្តស៊ើបអង្កេតស្រាវជ្រាវ និងដោះស្រាយករណីបណ្ដឹងដែលនៅសល់, បង្កើនការយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈដែលមានគោលដៅ ស្ថានទូត និវេសនដ្ឋាន មន្ត្រីការទូត វិនិយោគិនបរទេស អ្នកទេសចរបរទេសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, បន្តជួបពិភាក្សាការងារជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហានានា។
ទោះជាយ៉ាងណាក៏ដោយ លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បាននិយាយថា បញ្ហានេះ គឺជាអ្វីដែលសង្គមស៊ីវិល តែងតែលើកយកមកពិភាក្សា និងសំណូមពរឲ្យអាជ្ញាធរ គួរមានវិធានផ្លូវច្បាប់ឲ្យបានត្រឹមត្រូវ ស្របពេលលំហូរចូលដ៏ច្រើនសន្ធឹកសនា្ធប់របស់ជនជាតិចិនមកកម្ពុជា។ បើទោះជារដ្ឋាភិបាល សម្លឹងខ្ពស់ពីការរីកចម្រើនសេដ្ឋកិច្ច តាមរយៈការវិនិយោគ និងទេសចរណ៍ពីជនជាតិនេះក៏ដោយ ក្រោមរូបភាពបែបនេះ គេអាចនឹងសម្លឹងមកកម្ពុជាថាជាប្រទេសមួយដែលមានភាពអនាធិបតេយ្យ ដោយការគ្រប់គ្រងជនបរទេសមិនបានល្អ។
លោកបន្តថា៖ «រដ្ឋាភិបាល គួរតែចាត់ទុកជនជាតិចិន គឺជាក្រុមដែលស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានលើកិច្ចការរដ្ឋបាល និងបទល្មើសផ្សេងៗ ខណៈពេលដែលយើងមានមន្ទិលជុំវិញករណីបណ្ណបើកបរ ដែលពួកគេទទួលបានដោយអំពើពុករលួយ និងគ្មានបណ្ណបើកបរ។ យើងទទូចឲ្យមានការត្រួតពិនិត្យចំពោះការធ្វើដំណើរ ការរស់នៅ កន្លែងធ្វើការរបស់ពួកគេ ដើម្បីធានាថាពួកគេបានគោរពតាមប្រពៃណី ទំនៀមទម្លាប់ និងច្បាប់របស់កម្ពុជា។ ជនជាតិចិនមានកាំភ្លើងគ្រប់បែបយ៉ាង ដែលបារម្ភថា បទបញ្ជាផ្សេងៗរបស់អាជ្ញាធរ លែងមានប្រសិទ្ធភាព»៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment