ក្រុងហុងកុងៈ ក្តីបារម្ភពីជម្លោះដែលកាន់តែមានភាពធ្ងន់ធ្ងរឡើងរបស់ក្រុមហ៊ុន Huawei និងសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក បានដាក់សម្ពាធលើផ្សារភាគហ៊ុនអាស៊ីកាលពីថ្ងៃអង្គារ ដោយក្រុមអ្នកវិភាគបានព្រមានថា វិបត្តិនេះអាចកើតមានរយៈពេលវែង។
ក្រុមវិនិយោគិនថ្នាក់តំបន់មានការភ័យខ្លាចពីការធ្លាក់ចុះខ្លាំងនៃសន្ទស្សន៍ផ្សារហ៊ុន Nasdaq អាមេរិកដែលសម្បូរដោយក្រុមហ៊ុនបច្ចេកវិទ្យាចុះបញ្ជីក្នុងផ្សារហ៊ុននេះ បន្ទាប់ពីក្រុមហ៊ុន Google បានចាប់ផ្តើមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei។
ការវិវឌ្ឍនេះដែលអាមេរិកលើកឡើងពីក្តីបារម្ភសន្តិសុខជាតិនោះ បានបង្កឲ្យមានភាពល្អក់កករជុំវិញបញ្ហាដកហូតពន្ធនាំចូលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដែលដំបូងឡើយត្រូវបានគេមើលឃើញថា ភាគីទាំង ២ ជិតសម្រេចបានកិច្ចព្រមព្រៀងមួយនៅដើមខែនេះ។
ឥឡូវនេះអ្នកអង្កេតមួយចំនួនកំពុងព្រមានថា កិច្ចពិភាក្សាដែលជាប់គាំងរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង ២ នេះ អាចនឹងមិនមើលឃើញវឌ្ឍនភាពណាមួយមុនពេលមានការរំពឹងថានឹងមានកិច្ចប្រជុំមួយរវាងលោក ត្រាំ និងលោក ស៊ី នៅឯកិច្ចប្រជុំក្រុមប្រទេស G20 នៅខែមិថុនានោះទេ។
លោក Brett Ewing ប្រធានអ្នកយុទ្ធសាស្រ្តទីផ្សារប្រចាំក្រុមហ៊ុន First Franklin Financial Services បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg News ថា៖ «ទីផ្សារមានសុទិដ្ឋិនិយមតិចតួចថា កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយនឹងសម្រេចទៅបាននៅខែនេះ»។
កាលពីថ្ងៃចន្ទ លោក Zhang Ming ប្រេសិតរបស់ចិនប្រចាំសហភាពអឺរ៉ុប បានហៅចំណាត់ការប្រឆាំងក្រុមហ៊ុន Huawei ថាជា «ឥរិយាបថខុសឆ្គង»។ លោកបន្ថែមថា៖ «នឹងមានការឆ្លើយតបចាំបាច់មួយ»។
លោកព្រមានថា៖ «សិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិនកំពុងរងរារាំង ដូច្នេះរដ្ឋាភិបាលចិននឹងមិនអង្គុយនៅស្ងៀមឡើយ»។
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនថ្នាក់តំបន់មានភាពចម្រុះ ដោយភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Tencent បានធ្លាក់ចុះ ១,៣ ភាគរយ ប៉ុន្តែភាគហ៊ុនរបស់ក្រុមហ៊ុន Lenovo និងក្រុមហ៊ុន AAC បានកើនឡើង។
ភាគហ៊ុនរបស់ក្រុមហ៊ុន Sony និងក្រុមហ៊ុន Sharp របស់ជប៉ុនបានធ្លាក់ចុះប្រហែល ៤ ភាគរយនៅក្រុងតូក្យូ ខណៈដែលភាគហ៊ុនក្រុមហ៊ុន Taiwan Semiconductor បានធ្លាក់ចុះជិត ២ ភាគរយនៅផ្សារហ៊ុនក្រុងតៃប៉ិ ប៉ុន្តែភាគហ៊ុនរបស់ក្រុមហ៊ុន Samsung ដែលជួញដូរនៅក្រុងសេអ៊ូលបានកើនជាង ៣ ភាគរយ។
សន្ទស្សន៍ផ្សារហ៊ុនក្រុងហុងកុងធ្លាក់ចុះ ០,៤ ភាគរយ សន្ទស្សន៍ផ្សារហ៊ុនក្រុងស៊ីដនី ធ្លាក់ចុះ ០,២ ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុនសិង្ហបុរីធ្លាក់ចុះ ០,៤ ភាគរយ ហើយសន្ទស្សន៍ផ្សារហ៊ុនក្រុងតៃប៉ិធ្លាក់ចុះ ០,១ ភាគរយរួមជាមួយនឹងផ្សារហ៊ុនក្រុងវែលីងតោនផងដែរ។
សន្ទស្សន៍ផ្សារហ៊ុនក្រុងតូក្យូធ្លាក់ចុះ ០,៤ ភាគរយ តែផ្សារហ៊ុនក្រុងស៊ាងហៃបានកើនឡើង ០,៣ ភាគរយ ខណៈផ្សារហ៊ុនក្រុងសេអ៊ូលកើនឡើង ០,៥ ភាគរយ ហើយផ្សារហ៊ុនក្រុងម៉ានីល និងហ្សាការតាក៏បានកើនឡើងផងដែរ៕ AFP/KC
No comments :
Post a Comment