Translate

Popular

Thursday, May 23, 2019

ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ធំ ២ របស់​ជប៉ុន​ផ្អាក​ការ​ចេញ​​លក់​ Hu

No comments :
អ្នក​ដំណើរ​កំពុង​ដើរ​កាត់​មុខ​ហាង​លក់​របស់​ក្រុមហ៊ុន Softbank ក្នុង​ទីក្រុង​តូក្យូ​កាល​ពី​ឆ្នាំ​ទៅ។
តូក្យូៈ ​ក្រុមហ៊ុន​​ទូរស័ព្ទ​ចល័ត​​ឈាន​មុខ​គេ ​២ ​របស់​ប្រទេស ​ជប៉ុន ​​កាល​ពី​ថ្ងៃ​ពុធ ​បាន​ឲ្យ​ដឹង​ថា ​ពួក​គេ​នឹង​ពន្យារពេល​ការ​ចេញ​លក់​ទូរស័ព្ទ​ថ្មី​ដែល​​ផលិត​ដោយ​​ក្រុមហ៊ុន Huawei បន្ទាប់​ពី​អាមេរិក​ហាម​ឃាត់​ក្រុមហ៊ុន​ខ្លួន​មិន​ឲ្យ​លក់​បច្ចេកវិទ្យា​​ឲ្យ​ក្រុមហ៊ុន​​បច្ចេកវិទ្យា​ឈាន​មុខ​គេ​របស់​ប្រទេស ​ចិន ​មួយ​នេះ​។​
KDDI ជា​ក្រុមហ៊ុន​លំដាប់​លេខ ​២ ​និង​ SoftBank Corp ​ជា​ក្រុមហ៊ុន​លំដាប់​លេខ ៣ ​របស់​ប្រទេស ​ជប៉ុន​ បាន​​ឲ្យ​ដឹង​ថា ​ការ​សម្រេច​ចិត្ត​នេះ​​ត្រូវ​ផ្ដល់​​ពេលវេលា​ដល់​ពួក​គេ​ ​ក្នុង​ការ​វាយ​តម្លៃ​​ផល​ប៉ះពាល់​ដោយសារ​​​ការ​ហាម​ឃាត់​របស់​អាមេរិក​​នេះ។​ NTT Docomo ជា​ក្រុមហ៊ុន​ធំ​ជាង​គេ​របស់​​ប្រទេស ​ជប៉ុន បាន​ឲ្យ​ដឹង​ថា ​ខ្លួន​ក៏​កំពុង​ធ្វើ​ការ​​ពិចារណា​​វិធានការ​ស្រដៀង​​គ្នា​ផង​ដែរ​​។​
លោក ​Hiroyuki Mizukami ​អ្នក​នាំពាក្យ​​ក្រុមហ៊ុន​​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ថា ក្រុមហ៊ុន SoftBank ​គ្រោង​នឹង​ចេញ​លក់​ទូរស័ព្ទ​ស្មាតហ្វូន​​របស់​ក្រុមហ៊ុន Huawei នៅ​ថ្ងៃ​សុក្រ ​ប៉ុន្តែ​បាន​ផ្អាក​ការ​ចេញ​លក់​នេះ «​ដោយសារ​បច្ចុប្បន្ន​​យើង​កំពុង​ព្យាយាម​​ក្នុង​​ការ​បញ្ជាក់​ថា តើ​អតិថិជន​របស់​យើង​នឹង​​អាច​ប្រើប្រាស់​ឧបករណ៍​នេះ​ដោយ​អារម្មណ៍​​សុវត្ថិភាព ​ឬ​អត់»។​
​លោក​ថ្លែង​ថា​៖ «​យើង​នៅ​តែ​​មិន​ដឹង​ថា ​នៅ​​ពេល​ណា​ យើង​នឹង​អាច​ចាប់​​ផ្ដើម​ការ​លក់​»។ លោក​បន្ថែម​ថា ​ក្រុមហ៊ុន​​របស់​ប្រទេស ​ជប៉ុន ​មួយ​នេះ​ បារម្ភ​អំពី​ «អ្វីៗ​គ្រប់​យ៉ាង​» ដែល​ជាប់​ទាក់ទង​នឹង​ការ​ហាមឃាត់​របស់​អាមេរិក​។​
ការ​លើក​ឡើង​ពី​សន្ដិសុខ​ជាតិ ​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ​បាន​ហាម​ឃាត់​ប្រកប​ដោយ​​ប្រសិទ្ធភាព​​លើ​ក្រុមហ៊ុន​អាមេរិក​ មិន​ឲ្យ​ផ្គត់ផ្គង់​​ក្រុមហ៊ុន ​Huawei និង​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ ជាមួយ​​នឹង​គ្រឿង​ផ្គុំ​សំខាន់ៗ ដែល​​បាន​ជួយ​ឲ្យ​ក្រុមហ៊ុន​នេះ​រីក​ចម្រើន​​ក្លាយជា​​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឈាន​មុខ​គេ នៃ​ឧបករណ៍​បណ្ដាញ​ទូរគមនាគមន៍​ និង​ជា​​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ស្មាតហ្វូន​ធំជាង​គេ​ទី២ ​របស់​ពិភព​លោក​។
ប៉ុន្តែ​មន្ដ្រី​អាមេរិក​នៅ​សប្ដាហ៍​នេះ បាន​ចេញ​​ការ​ពន្យារពេល ​៩០ ​ថ្ងៃ ​លើ​ការ​ហាម​ឃាត់​នេះ ​ដើម្បី​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន Huawei ដោយ​លើក​ឡើង​ពី​ឱកាស​ក្នុង​ការ​ធ្វើ​ការងារ​​ចាំបាច់ ​ដើម្បី​គេច​ផុត​ពី​​ការ​រំខាន​ដ៏​ធំ។​
KDDI ជា​ក្រុមហ៊ុន​របស់​ប្រទេស ​ជប៉ុន បាន​ឲ្យ​ដឹង​ថា​ ការ​ចេញ​លក់​ទូរស័ព្ទ​ HUAWEI P30 litePremium របស់​ខ្លួន​ដែល​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ខែ​ឧសភា​នឹង​ត្រូវ​ពន្យារពេល​ផង​ដែរ​ ដោយ​លោកស្រី​​ Reiko Nakamura អ្នក​នាំពាក្យ​​បាន​លើក​ឡើង​ថា​៖ «​យើង​កំពុង​ត្រួត​ពិនិត្យ​​ការ​ពិត​​លើ​របៀប​ (​ការ​សម្រេច​ចិត្ត​របស់​​អាមេរិក​) ត្រូវ​បាន​ធ្វើ​ឡើង​ និង​​ផល​ប៉ះពាល់​របស់​ខ្លួន​»។​
លោក​ Takahiro Suzuki អ្នក​នាំពាក្យ​ក្រុមហ៊ុន NTT Docomo ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ថា ​ក្រុមហ៊ុន​នេះ​ «​កំពុង​សិក្សា​លទ្ធភាព​នៃ​ការ​បញ្ឈប់​ការ​​ទទួល​​ការ​បញ្ជា​ទិញ​ការ​លក់​​ទូរស័ព្ទ​ HUAWEI P30 Pro ដែល​យើង​កំពុង​គ្រោង​នឹង​ចេញ​លក់​នៅ​រដូវ​ក្ដៅ​នេះ​»។​
កាល​ពី​សប្ដាហ៍​មុន​ លោក​ ត្រាំ ​បាន​ប្រកាស​ «​ភាព​អាសន្ន​ជាតិ​» ដែល​ផ្ដល់​អំណាច​ដល់​លោក ​ក្នុង​ការ​ដាក់​ក្រុមហ៊ុន​ខ្លះ​ទៅ​ក្នុង​បញ្ជី​ខ្មៅ​​ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា«​​ហានិភ័យ​ដែល​មិន​អាច​ទទួល​យក​បាន​ចំពោះ​សន្ដិសុខ​ជាតិ​ របស់​អាមេរិក​» ជា​វិធានការ​មួយ​​ដែល​ក្រុមហ៊ុន​អ្នក​វិភាគ​​បាន​​ឲ្យ​ដឹង​ថា ច្បាស់​ណាស់​សំដៅ​លើ​​ក្រុមហ៊ុន Huawei​។​
ក្រសួង​ពាណិជ្ជកម្ម​អាមេរិក ​បាន​ប្រកាស​​ការ​ហាម​ឃាត់​​​ប្រកប​ដោយ​​ប្រសិទ្ធភាព​មួយ​​លើ​ក្រុមហ៊ុន​​អាមេរិក​ មិន​ឲ្យ​លក់​ ឬ​ផ្ទេរ​​បច្ចេកវិទ្យា​អាមេរិក​​ឲ្យ​ក្រុមហ៊ុន Huawei​៕ AFP/LA​

No comments :

Post a Comment