Thursday, June 13, 2019
យុវជនកម្ពុជា បង្កើតរ៉ូបូតមានសមត្ថភាពដូចទៅនឹងមនុស្ស
Robotcam មានអាយុ ១ ឆ្នាំទម្ងន់ ៤៥គីឡូក្រាម និងចំណាយថវិកាធ្វើជិត ២ ម៉ឺនដុល្លារ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម |
ភ្នំពេញៈ វិស័យរ៉ូបូតនៅកម្ពុជាកំពុងតែមានការរីកចម្រើនជឿនលឿនគួរឲ្យកត់សម្គាល់ ទន្ទឹមនឹងនោះក៏មានការបង្កើតនូវការប្រកួតរ៉ូបូតជាច្រើនសម្រាប់សិស្សានុសិស្ស និងនិស្សិតដែលសិក្សាជំនាញរ៉ូបូតផ្ទាល់ ទាំងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។
ថ្មីៗនេះយុវជនមួយក្រុមបានបង្កើតរ៉ូបូតថ្មីដំបូងបង្អស់នៅកម្ពុជាឈ្មោះថា រ៉ូបូខេម ព្រះកុសមៈ (Robocam preah Kossomak) ជាប្រភេទរ៉ូបូត Humanoid ដែលរូបរាងដូចមនុស្សមានសមត្ថភាពខ្ពស់ក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សក្នុងការឆ្លើយឆ្លង និងធ្វើសកម្មភាពផ្សេងៗ។
លោក សុភ័ណ វោហា អ្នកដឹកនាំការផលិតរ៉ូបូត និងជាគ្រូបង្រៀនផ្នែកអគ្គិសនីនៅវិទ្យាស្ថានពហុបច្ចេកទេសកុសមៈបានប្រាប់ឲ្យភ្នំពេញ-ប៉ុស្តិ៍ដឹងថា៖ «Robocam គឺជា humanoid ដែលអាចនិយាយឆ្លើយឆ្លងពេលយើងសួរសំណួរ ហើយវានឹងឆ្លើយមកកាន់យើងវិញនៅក្នុង ២ ភាសាទាំងភាសាខ្មែរ និងអង់គ្លេស ហើយវាអាចចងចាំមុខមនុស្សបាន នៅពេលវាឃើញមុខមនុស្សវាស្គាល់ វាហៅឈ្មោះអ្នកនោះអាចងាកទៅតាមមនុស្សបាន និងអាចដើរបាន»។
លោកបានបន្ថែមថា៖ «មូលហេតុដែលខ្ញុំបង្កើតរ៉ូបូតហ្នឹង ដំបូងខ្ញុំពិភាក្សាជាមួយក្រុម ថាចង់បង្កើតរ៉ូបូត (Robot AI)មួយដោយស្នាដៃពួកខ្ញុំ ព្រោះបរទេសគេធ្វើវារួចហើយ អ៊ីចឹងពួកយើងក៏ចាប់ផ្តើមកាលពីជាង ១ ឆ្នាំមុន ដំណាក់កាលទី ១ ពួកខ្ញុំ Design ត្រឹមតែក្បាលទេ ហើយពេលនេះយើងក៏បានបង្កើត robot ជារូបរាងមនុស្សទាំងស្រុងតែម្តង»។
រ៉ូបូតនេះសម្រេចបានចំនួន ៩០ ភាគរយហើយ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម |
Robocam ចែកចេញជា ៣ ផ្នែកដូចជា៖ ក្បាល ខ្លួន និងជើង។ ក្បាលរបស់រ៉ូបូតអាចងាក ឬធ្វើចលនាបត់ឆ្វេង ស្តាំដូចជាមនុស្សទូទៅ ចំណែកភ្នែកអាចបើក និងបិទ និងមានកាមេរ៉ាបង្កប់លើថ្ងាសសម្រាប់មើល រីឯមាត់អាចធ្វើការនិយាយស្របជាមួយភាសាដែលខ្លួននឹងនិយាយ ទន្ទឹមនឹងនេះផ្នែកក្បាលក៏មានសក់ និងស្រោប silicon លើក្បាលមនុស្សយន្តដែលលក្ខណៈដូចជាមុខមាត់មនុស្ស។
ផ្នែកខ្លួននៅត្រង់កណ្តាលទ្រូងមានអេក្រង់ (Screen) សម្រាប់បង្ហាញពីប្រព័ន្ធប្រតិបត្តិការ ឬសម្រាប់ការបន្ថែមកម្មវិធីផ្សេងៗ ចំណែកដៃអាចធ្វើចលនាចាប់កាន់ និងលើកចុះឡើង ប៉ុន្តែមិនទាន់បានល្អដូចជាកាយវិការមនុស្សនៅឡើយទេ ជាមួយគ្នានេះរ៉ូបូតនេះក៏មានអាវសម្រាប់បិទបាំងអេក្រង់ (Screen) និងសម្រាប់បង្កើតនូវសោភណភាពផងដែរ។
រីឯផ្នែកជើងរបស់រ៉ូបូតអាចធ្វើចលនាដើរបានផងដែរ។ រ៉ូបូតនេះក៏មានខោផងដែរ តែមិនមានជាសាច់ក្រណាត់ធម្មតានោះទេគឺជាខោដែលនឹងយកមកបិទលើលោហៈ ដើម្បីបិទបាំងគ្រឿងខាងក្នុងរបស់រ៉ូបូត។
ទាក់ទងនឹងផលលំបាកលោក សុភ័ណ វោហា បញ្ជាក់ថា ក្រុមរបស់លោកសុទ្ធជាវិស្វករអគ្គិសនី និងអេឡិចត្រូនិក ចំណែកផ្នែកមេកានិក សមាជិករបស់លោកទាំងអស់មិនមានជំនាញឡើយ ដូចនេះលោកត្រូវងាកមកសិក្សាជំនាញមេកានិកបន្ថែមរួមទាំងការរចនា (Design) រូបរាង និងគំនិតក្នុងការធ្វើឲ្យចលនារបស់រ៉ូបូតដំណើរការបានល្អ និងចំណាយពេលធ្វើតេស្តជាច្រើនលើក។
ចំណែក Program សម្រាប់រ៉ូបូតនេះចែកចេញជា ២ ផ្នែករួមមាន៖ ផ្នែក program របស់អេឡិចត្រូនិកសម្រាប់ប្រើលើការបញ្ជាផ្នែកក្បាល និងតួខ្លួនទាំងអស់។ ចំណែកមួយទៀតគឺ pragram ខាងផ្នែក IT។
សមាជិកមួយរូបទៀតលោក ជ្រិន ជីវ៉ា គ្រូបង្រៀនផ្នែក Program Electronic បានបង្ហាញពីការលំបាកទាក់ទងនឹង Program ថា៖ «យើងប្រើភាសា Python ធ្វើម៉េចឲ្យរ៉ូបូតចេះគិតពិចារណា និងឆ្លើយឆ្លងជាមួយយើងបាន។ មួយទៀតបញ្ហាខាងភាសាខ្មែរគឺពិបាកក្នុងការកំណត់ឲ្យរ៉ូបូតទទួលបានព័ត៌មានពីមនុស្សដែលនិយាយភាសាខ្មែរបន្តិច ទាំងសំឡេង និងការឆ្លើយឆ្លង តែបើអង់គ្លេសអត់មានបញ្ហាទេ។ យើងយក System របស់ google ដែលជាសំឡេងស្រីមកប្រើ តែយើងបានកែច្នៃឲ្យទៅជាសំឡេងប្រុស ហើយខ្ញុំបង្កើតវាដោយខ្លួនឯង»។
រ៉ូបូតឈ្មោះ Robocam នេះមានអាយុ ១ ឆ្នាំទម្ងន់ ៤៥ គីឡូក្រាមកម្ពស់ ១.៥៨ សង់ទីម៉ែត្រ និងត្រូវបានផលិតឡើងដោយសមាជិកចំនួន ១៤ នាក់ដោយប្រើរយៈពេលប្រមាណជាង ១ ឆ្នាំ និងចំណាយអស់ជិត ២០០០០ ម៉ឺនដុល្លារ។
រ៉ូបូតនេះសម្រេចបានចំនួន ៩០ ភាគរយ និងត្រៀមសម្រេចឲ្យបាន ១០០ ភាគរយ ដើម្បីយកទៅតាំងបង្ហាញថ្ងៃទី ១៥ ខែមិថុនានៅក្នុងកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់ក្រសួងការងារ។
ទៅថ្ងៃអនាគតលោក វោហា គ្រោងអភិវឌ្ឍរ៉ូបូតនេះឲ្យកាន់តែល្អបន្ថែមទៀតរួមទាំងលទ្ធភាពក្នុងការប្រាស្រ័យទំនាក់ទំនង ការដើរ និងរូបរាងឲ្យបានស្អាត៕
វីដេអូ៖
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment