Translate

Popular

Thursday, June 27, 2019

អ្នក​ភូមិព្រៃទា ១៤០ គ្រួសារ​ តវ៉ា​រក​ដំណោះស្រាយ​ទំនាស់​ដីធ្លី​

No comments :
ក្រុម​អ្នក​តវ៉ា​វិវាទដីធ្លី​ដើរ​តវ៉ារកដំណោះស្រាយ​។
ភ្នំពេញៈ ​អ្ន​ក​ភូមិ​ព្រៃ​ទា​ ​៣៥​ គ្រួសារ​ តំណាង​ឲ្យ​ ១៤០ ​គ្រួសារ​ ដែល​មាន​ទំនាស់​ដីធ្លីដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុម​ទាហាន​នៃ​មូល​ដ្ឋាន​ការពា​រដែន​អាកាស​ បាន​នាំ​គ្នា​ត​វ៉ា​កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះ​ដោយ​បាន​ទាម​ទារ​ឲ្យ​អាជ្ញា​ធរ​ដែន​ដី​ និង​ក្រសួង​ការពារ​ជាតិ ចាត់​របៀប​វារៈ​ចុះ​វាស់​វែង​កំណត់​ព្រំដី​​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​បំផុត​ ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដោយ​ផ្អែក​លើសេ​ច​ក្ដី​សម្រេច​របស់​លោក​ឧប​នាយករដ្ឋ​មន្ត្រី​ ​ទៀ ​បាញ់​ ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ​ចុះ​ថ្ងៃ​ទី​ ០២ ​ខែ​ កុម្ភៈ ​ឆ្នាំ ២០១៧។​
តំ​ណាង​ក្រុម​គ្រួសារ​ប្រជាពល​រដ្ឋ​ទាំង​នោះ ​លោក ​ជា ​សុខ​ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​រវាង​ ប្រជាពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​ភូមិ​ព្រៃ​ទា ​និង​​កង​​វរ​សេនា​តូច​លេខ​ ៩១​ កា​រពារ​អាកាស ​នៅ​ថ្ងៃទី​​ ២​ ខែ ​កុម្ភៈ ​ឆ្នាំ ២០១៧ ​ ​លោក​ឧប​នា​យក​​រដ្ឋ​មន្ត្រី​ ទៀ ​​បាញ់ ​បាន​ចេញ​សេច​ក្ដី​ស​ម្រេ​ច​មួយ​ ដោយ​កាត់​ដី​បន្ទាយ​កងទ័​ព​វរសេនា​តូច​លេខ ​៩១​ ការ​ពារ​អាកាស​នៃ​កង​ទ័ព​ជើង​គោក​ទំហំ ៣៤ ៣៧៣ ម៉ែ​ត្រ​កា​រ៉េ ​ ជូន​​ទៅ​គ្រួសារ​កង​ទ័ព​ និង​ប្រជា​ពល​រដ្ឋ​សរុប​ចំនួន​ ១២១ ​គ្រួសារ​ ​ដែល​កន្លង​មក​ពួក​គេ​បា​ន​រស់​នៅ​ក្នុង​បន្ទាយ​នោះ​ និង​កាត់​ផ្ទៃ​ដី​ទំហំ​ ៤៣ ៧៥០​ ម៉ែត្រ​ការ៉េ​បន្ថែម​ទៀត​ជូន​ទៅ​​គ្រួសារ​អ្ន​កភូមិ​ព្រៃ​ទា​ចំនួន​ ៣៥ ​គ្រួសារ។​ ​ចំណែក​ផ្ទៃ​ដី​ដែល​នៅ​សល់​ទំហំ​ ១​៤ ២៦៣​ ម៉ែត្រ​ការ៉េ​ ​ ត្រូវ​រក្សា​ទុក​សម្រាប់​បន្ទាយ​​វ​រ​សេនា​តូច​លេខ​ ៩១​ ការ​ពារ​អាកាស​កង​ទ័ព​ជើង​គោក​ គឺ​ជា​ទ្រព្យ​សារ​ពើ​ភណ្ឌ​របស់​ក្រសួង​ការពារ​ជាតិ។​
​លោក​ សុខ​ បាន​បន្ត​ថា​ ​ខណៈ​ពួក​គាត់​កំពុង​រង់​ចាំ​ការ​ចុះ​វាស់​វែង​ពី​ក្រុម​គណៈ​កម្មកា​រ​ចម្រុះ​របស់​ក្រសួង​ការពា​រជាតិ​ និង​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ ​ស្រាប់​​តែ​មា​ន​ព័ត៌​មាន​ពី​គ្រួសារ​កង​ទ័ព​មួយ​ចំនួន​ថា​ សេច​ក្ដី​សម្រេច​នោះ​ត្រូវ​បាន​និរា​ក​រ​ណ៍ ​ហើយ​ក្រុម​គណៈ​​កម្ម​ការ​ចម្រុះ​នៃ​ក្រសួង​ការពា​រ​ជាតិ​ ​នឹង​មិន​ចុះ​វាស់​វែង​ដីធ្លី​ឲ្យ​នោះ​ទេ​ លើក​លែង​តែ​ក្រុម​គ្រួសារ​កងទ័ព​ប៉ុណ្ណោះ។
​លោក​បាន​បញ្ជាក់​ថា​៖​ «​ពួកយើង​ជា​ប្រជា​ពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ ហើយ​ក៏​បាន​សម្រេច​ចិត្ត​នាំ​គ្នា​មក​តវ៉ា​ទាម​ទារ​ឲ្យ​អាជ្ញា​ធរ​មូល​ដ្ឋាន​ ក៏​ដូច​ជា​ក្រសួង​ការពា​រ​ជាតិ​ ​ចុះ​ធ្វើ​ការ​វាស់​វែង​ និង​ចេញប្លង់​កម្មសិទ្ធិ​ជូន​ប្រជា​ពល​រដ្ឋ​យើង​ខ្ញុំ​ទាំង​ ៣៥ ​គ្រួសារ​ ឲ្យ​បាន​ឆាប់​ ដោយ​គោរព​តាម​ស្មារតី​នៃ​សេចក្ដី​សម្រេច​របស់​សម្ដេច​ ទៀ ​បាញ់​ កាល​ពី​ឆ្នាំ ២០១៧​ កន្លង​ទៅ​នេះ»។​ ​
​ចំ​ណែក​អ្នក​ស្រី​ ម៉ែន​ គីម​ ដែល​បាន​ចូល​រួម​ការ​តវ៉ា​នា​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នានេះ​ដែរ​ បា​ន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​កាល​ពី​ឆ្នាំ​ ១៩៨៧ ​អង្គ​ភាព​យោធា​ការពារ​ដែន​អាកាស​នៃ​កង​ទ័ព​ជើង​គោក​ បាន​សុំខ្ចី​ដី​ពី​ពួក​គាត់​ទំហំ​សរុប ៩,៣ ហិ​កតា​ ដើម្បី​ធ្វើ​ជា​មូល​ដ្ឋាន​កង​ទ័ព​ការពារ​ដែន​អាកាស​ជា​បណ្ដោះអាស​ន្ន​ ដោយ​សន្យា​ថានឹង​ប្រគល់​មក​ឲ្យ​វិញ​នៅ​ពេល​អ្នក​ភូមិ​ត្រូវការ។
​អ្នក​ស្រី​បាន​បន្ត​ថា​៖ ​«​ក្នុង​អំឡុង​ពេល​នោះ​ ​ប្រជា​ពល​រដ្ឋ​យើង​ខ្ញុំ ​ជឿ​ទុ​ក​ចិត្ត​កង​ទ័ព​ខ្លាំង​ណាស់​ ព្រោះ​យើង​មិន​ចង់​ឲ្យ​របបខ្មែរ​ក្រហម​វិល​ត្រឡប់​មក​សាជា​ថ្មី​ទេ ​យើង​សុខ​ចិត្ត​ប្រគល់​ដី​ទៅ​ឲ្យ​កង​ទ័ព​ខ្ចី ​ធ្វើ​ជា​មូ​ល​ដ្ឋាន​ទ័ពការពា​រដែន​អាកាស ដើម្បី​ឈរ​ជើង​ការពារ​ ​និង​ទប់ស្កាត់​ការ​វាយ​ឆ្មក់​របស់​ពួក​ខ្មែរ​ក្រហម​ ​ដោយ​សង្ឃឹម​ថា ​កង​ទ័​ពនឹង​គោរព​ពាក្យ​សន្យា»។​
​អ្នក​ស្រី​បាន​បន្ថែម​ថា នៅ​ឆ្នាំ ​២០០២ ​ពួក​គាត់​ក៏​បាន​នាំគ្នា​ស្នើសុំ​​យក​ដី​ទាំង​នោះ​ម​ក​វិញ ​ស្រាប់​តែ​ខាង​កង​ទ័ព​ក្រឡាស់​សម្ដី​ ​ដោយ​បដិ​សេធ​ប្រគល់​ដី​ទាំង​នោះ​ឲ្យ​ពួកគាត់​វិញ។
​​លោក​ ​ម៉ៅ ​ផល្លា ​អ្នក​នាំ​ពាក្យ​កង​ទ័ព​ជើង​គោក​ នៃ​ក្រសួង​ការពា​រ​ជាតិ​ កាល​ពីម្សិល​មិញថ្លែង​ថា​ វិវាទ​ដីធ្លី​ខាង​លើ​នេះ​ ​ត្រូវ​បាន​ក្រុម​គណៈ​កម្ម​ការ​ចម្រុះ​នៃ​ក្រសួង​ការ​ពារ​ជាតិ​ ចុះ​ដោះ​ស្រា​យ ​និងវាស់​វែង​បែង​ចែក​ដី​នោះ​ជា​បន្ត​បន្ទាប់​ជូន​ទៅ​គ្រួសារ​កង​ទ័ព​ និង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ខ្លះហើ​យ។​ ​ដោយ​ឡែក​គ្រួសារ​កង​ទ័ព​ ​និង​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ ​នៅ​មិន​ទាន់​ដោះ​ស្រាយ​ជូន​ ដោយ​សារ​តែ​ពួក​គាត់​ខ្លួនឯង​ ខ្វះ​កិច្ច​សហការ​ចូលរួម​ជាមួយ​សមត្ថកិច្ច​ជំនាញ។​ ​
លោក​បានថ្លែងថា​៖ ​«​យើង​ ​ចុះ​ទៅ​​ពិនិត្យ​ទីតាំង​ដើម្បី​ធ្វើ​ការ​វាស់​វែង​ ពួក​គាត់​មួ​យ​ចំនួន​មិន​នៅ​ផ្ទះ​ទេ ​មិន​ដឹង​ថា ​ពួក​គាត់​រវល់​ ​ឬ​មិន​ចង់​សហ​ការ​ជាមួយ​សមត្ថ​កិច្ច​ជំនាញ​យើង​ ហេតុ​ដូច្នេះ​ហើយ​ទើប​​កា​រដោះ​ស្រាយ​​មាន​ការ​អូស​បន្លាយ​មក​ដល់​ពេល​នេះ។​ ម្យ៉ាង​ទៀត​ ​គ្រួសារ​កង​ទ័ព ​និង​ប្រជា​ពល​រដ្ឋ​ខ្លះ​ក៏​ខូច​ដែរ​ ពួក​គាត់​បាន​លក់​ដី​ឲ្យ​ទៅ​គេ​អស់​ហើយ​ ​បែរ​ជា​មក​ចូលរួម​តវ៉ា»៕

No comments :

Post a Comment