Translate

Popular

Wednesday, June 5, 2019

វៀតណាម​​ចំណេញ​ច្រើន​ជាង​គេ ​ពី​ជម្លោះ​ពាណិជ្ជកម្ម

No comments :
កម្មករ​វៀតណាម​កំពុង​ធ្វើ​ការ​ក្នុង​រោងចក្រ​ផលិត​រថយន្ត​ Ford នៅ​ខេត្ត​ហៃដួង វៀតណាម​​។ 
ក្រុង​សិង្ហបុរីៈ ​វៀតណាម ​គឺ​ជា​​អ្នក​ឈ្នះ​ធំ​ជាង​គេ​បំផុត​​ពី​សង្គ្រាម​​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន រហូត​មក​ដល់​ពេល​នេះ​ ដោយសារ​តែ​​​ក្រុមហ៊ុន​នាំចូល​ស្វែងរក​ការ​​បង្វែរ​ទិសដៅ​​បញ្ជា​ទិញ​​​​របស់​ពួកគេ​ដើម្បី​ចៀស​ផុត​​ពី​ពន្ធ​នាំចូល​កាន់​តែ​ខ្ពស់​​។​ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg។
វៀតណាម​ដែល​មាន​ព្រំដែន​ជាប់​​ជាមួយ​​ប្រទេស ចិន​ទទួល​បាន​កំណើន​​បញ្ជា​ទិញ​ពី​ការ​បង្វែរ​​​ទិសដៅ​ពាណិជ្ជកម្ម​​លើ​ទំនិញ​ជាប់​ពន្ធ​នាំចូល​នេះ​​​ស្មើ​នឹង ​៧,​៩ ​ភាគរយ នៃ​​ផលិតផល​​ក្នុង​​ស្រុក​សរុប​ (ផ.ស.​ស) ក្នុង​ឆ្នាំ​គិត​ត្រឹម​​​ត្រីមាស​ដំបូង​​​ឆ្នាំ ​២០១៩។ នេះបើ​យោង​តាម​ការ​សិក្សា​ដោយ​ក្រុម សេដ្ឋវិទូ​នៅ​ក្រុមហ៊ុន Nomura Holdings រួម​មាន​ទាំង​លោក Rob Subbaraman ​លោកស្រី Sonal Var-ma និង​លោក​ Michael Loo។
Bloomberg បាន​រាយការណ៍​ថា កោះ​តៃវ៉ាន់​គឺ​ជា​អ្នក​ឈ្នះ​​​ទី២ ក្នុង​ចំណោម​អ្នក​ឈ្នះ​​ជា​ច្រើន ដោយ​កំណើន​បញ្ជា​ទិញ​នេះ​មាន​ចំណែក​ស្មើ​នឹង​ ២,១ ​ភាគរយ នៃ ផ.ស.​ស។ ​ប្រទេស​ទាំង​ពីរ​ទទួល​បាន​​ការ​​បង្វែរ​ការ​បញ្ជា​ទិញ​ពី​ការ​ដក​ហូត​​ពន្ធ​នាំចូល​របស់​អាមេរិក​​លើ​​ទំនិញ​​ចិន​ច្រើន​ជាង​ពី​ការ​ដក​ហូត​​ពន្ធ​របស់​ប្រទេស ចិន ​លើ​ទំនិញ​អាមេរិក។​
ក្រុម​អ្នក​វិភាគ​បង្ហាញ​ថា​ ការ​បញ្ជា​ទិញ​របស់​អាមេរិក និង​ចិន​​ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​ទំនិញ​ជាប់​ពន្ធ​នាំចូល​ចំនួន​ ១ ៩៨១ មុខ​​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន រហូត​​មក​ដល់​ពេល​នេះ​ត្រូវ​បាន​​បង្វែរ​ទិសដៅ​​ដែល​ជំរុញ​​ឲ្យ​​មាន​ក្រុម​​អ្នក​ឈ្នះ និង​ក្រុម​អ្នក​ចាញ់​ក្នុង​​ចង្វាក់​ផ្គត់ផ្គង់​ពិភព​​លោក​។​
ក្រុមហ៊ុន​ Nomura បាន​ចាប់​ផ្ដើម​ជាមួយ​បញ្ជី​​លេខ​កូដ​​ផលិតផល​ជាប់​ពន្ធ​ផ្លូវ​ការ​ និង​បាន​​ប្រៀប​​ធៀប​​ផលិតផល​ទាំង​នោះ​ជា​មួយ​ទិន្នន័យ​ពាណិជ្ជកម្ម​ប្រចាំ​ខែ​នៃ​ទំនិញ​ដូចគ្នា​ ដោយ​​រួម​បញ្ចូល​​ពន្ធ​លើ​​ទំនិញ​របស់​​ប្រទេស ​ចិន ​តម្លៃ​ ២៥០ ​ពាន់​លាន​ដុល្លារ និង​ទំនិញ​អាមេរិក​​តម្លៃ ​១១០ ​ពាន់​លាន​ដុល្លារ​។ ​ក្រុម​អ្នក​វិភាគ​​បាន​ប៉ាន់​​​ប្រមាណ​​ពី​កំណើន​ការ​បញ្ជា​​ទិញ​​សម្រាប់​ប្រទេស​ដែល​​មាន​សេដ្ឋកិច្ច​​ធំ​បំផុត​​ចំនួន ​៥០ ​ក្នុង​​ពិភព​លោក​​ក្នុង​អំឡុង​ពេល​ ១២ ​ខែ​។​
ពន្ធ​​​របស់​អាមេរិក​លើ​​ទំនិញ​ចិន​​បាន​ជំរុញ​​​ឲ្យ​មាន​ការ​នាំចូល​​ជំនួស​នូវ​​​ផលិតផល​អគ្គិសនី​ ​ទំនិញ​​គ្រឿង​សង្ហារិម និង​ទំនិញ​ធ្វើ​ដំណើរ​។​ សម្រាប់​ពន្ធ​របស់​ចិន​លើ​ទំនិញ​​អាមេរិក ​ការ​​បញ្ជា​​ទិញ​សណ្ដែក​សៀង​ យន្តហោះ គ្រាប់​ធញ្ញជាតិ និង​កប្បាស ភាគ​ច្រើន​ទំនង​ជា​ត្រូវ​បាន​​បង្វែរ​​ទិសដៅ​ចេញ​ពី​អាមេរិក​ទៅ​​ប្រទេស​​​ទី៣ ​ដូច​ជា​​​ ​ឈីលី និង​អាហ្សង់ទីន​​៕ LA​

No comments :

Post a Comment