Translate

Popular

Thursday, June 6, 2019

IMF ទម្លាក់​​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​របស់​​ប្រទេស ​ចិន​

No comments :
កម្មការនី កំពុងធ្វើការក្នុងរោងចក្រសម្លៀកបំពាក់មួយកន្លែងនៅប្រទេស ចិន។
ក្រុង​ប៉េកាំងៈ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(IMF) កាល​ពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹង​​ថា ខ្លួន​កំពុង​បន្ទាប​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស ​ចិន ​សម្រាប់​ឆ្នាំ ​២០១៩ និង​ឆ្នាំ ​២០២០ ដោយ​លើក​ឡើង​ពី ​«​ភាព​មិន​ច្បាស់​លាស់​» ដោយសារ​តែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ក្រុង​ប៉េកាំង​ និង​ក្រុង​វ៉ាស៊ីនតោន​។​
IMF បាន​ឲ្យ​ដឹង​ថា​ ប្រទេស​ដែល​​មាន​សេដ្ឋកិច្ច​ឈាន​មុខ​គេ​ទី២ ​របស់​ពិភព​លោក​មួយ​នេះ ត្រូវ​បាន​រំពឹង​ថា នឹង​​មាន​កំណើន​ ​៦,២ ​ភាគរយ​នៅ​​ឆ្នាំ​នេះ​ និង ​៦ ​ភាគរយ ​នៅ​ឆ្នាំ​បន្ទាប់​ ដោយ​​ធ្លាក់​ចុះ​ពី​ការ​ព្យាករ​លើក​មុន​ដែល​មាន ​៦,៣ ភាគរយ​ និង​ ៦,១ ​ភាគរយ។​
លោក Kenneth Kang អនុប្រធាន​​​នាយកដ្ឋាន​ទទួល​បន្ទុក​អាស៊ី ​និង​ប៉ាស៊ីហ្វិក​របស់​ IMF បាន​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ទីក្រុង​ប៉េកាំង​ ដើម្បី​បង្ហាញ​ពី​លទ្ធភាព​​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស ​ចិន ​ថា​​៖ «​គ្រប់​គ្នា​ខាតបង់​ដោយសារ​តែ​សង្គ្រាម​ពាណិជ្ជកម្ម​។ ប្រសិន​បើ​ពាណិជ្ជកម្ម​ត្រូវ​បាន​គំរាម​កំហែង ​ឬ​ខូចខាត​កំណើន​សេដ្ឋកិច្ច​នឹង​ទទួល​រង​ផល​​ប៉ះពាល់​​​»។​
ការ​ចរចា​ដើម្បី​ដោះស្រាយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មាន​សេដ្ឋកិច្ច​​ធំ​ជាង​គេ​ទាំង ​២ របស់​ពិភព​លោក បាន​​ជាប់​គាំង ដែល​បណ្ដាល​ឲ្យ​​​ពន្ធ​នាំចូល​ផ្នែក​ពាណិជ្ជកម្ម​ទ្វេភាគី មាន​​តម្លៃ​ ៣៦០ ​ពាន់​លាន​ដុល្លារ។​
IMF បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​ថា៖ «​ភាព​មិន​ច្បាស់លាស់​ជុំវិញ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​នៅ​តែ​ខ្ពស់​ ជាមួយ​នឹង​ហានិភ័យ​ដែល​​បណ្ដាល​ឲ្យ​សេដ្ឋកិច្ច​​​​ធ្លាក់​ចុះ​»។​
ការ​ទម្លាក់​ការ​ព្យាករ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ខណៈ​រដ្ឋាភិបាល​របស់​​ប្រទេស ​ចិន ​​ដំណើរការ​វិធានការ​មួយ​ចំនួន​​ដើម្បី​​បញ្ចៀស​និន្នាការ​ធ្លាក់​ចុះ​នេះ ជាមួយ​​ក្រុម​អ្នក​បង្កើត​​គោល​នយោបាយ​ងាក​ទៅ​រក​ការ​គាំទ្រ​ឥណទាន​ និង​ការ​ផ្ដល់​ការ​កាត់​បន្ថយ​ពន្ធ​។
ការ​ព្យាករ​របស់ IMF នៅ​តែ​ស្ថិត​នៅ​ក្នុង​ការ​កំណត់​ទិសដៅ​កំណើន​ជា​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​ក្នុង​ចន្លោះ​ពី​ ៦ ទៅ ​៦,៥ ​ភាគរយ ​នៅ​ឆ្នាំ​នេះ ដោយ​​​បាន​ធ្លាក់​ចុះ​ពី ​៦,៦ ​ភាគរយ ​កាល​ពី​ឆ្នាំ ​២០១៨៕​ AFP/LA

No comments :

Post a Comment