Thursday, June 6, 2019
ផ្ទះតូចបំពាក់បរិក្ខារទំនើប គោលដៅផ្ទះលម្ហែជំនាន់ថ្មីសម្រាប់អ្នកដែលស្រឡាញ់ធម្មជាតិ
ផ្ទះគំរូ Glamping Pods Cambodia ដែលស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ |
ភ្នំពេញ: ក្នុងគំនិតអ្នកដើរផ្សងព្រេង ពួកគេអាចត្រូវការត្រឹមតង់ស្នាក់មួយលើជម្រាលភ្នំ ឬក្នុងព្រៃចំពោះគ្រាធ្វើដំណើរឆ្លងយប់អាធ្រាត្ររបស់ពួកគេ។ ប៉ុន្ដែចំពោះមនុស្សជាច្រើន ពួកគេប្រាកដជាប្រាថ្នាការស្នាក់នៅប្រកបដោយផាសុកភាពក្នុងផ្ទះបំពាក់បរិក្ខារសព្វគ្រប់។
ដោយស្គាល់ជាក្រុមហ៊ុនសង់ផ្ទះចល័តទំនើប Glamping Pods Cambodia ត្រូវបានបង្កើតឡើងក្នុងបំណងផ្ដល់សេវាកម្មសង់ផ្ទះតូចសម្រាប់ដំឡើងនៅតាមសណ្ឋាគារ អេកូរីសត និងចម្ការធំៗ។ ផ្ទះតូចក្នុងរូបរាងដំបូលកោងដែលស្រដៀងនឹងផ្ទះជនជាតិដើមភាគតិចមានទាំងបន្ទប់ទឹក កន្លែងចម្អិនអាហារ និងកន្លែងទទួលភ្ញៀវជាមួយបរិក្ខារទំនើបៗ។
គំនិតផ្ដួចផ្ដើមកសាងផ្ទះតូចដែលអាចដំឡើងនៅតាមទីជម្រាលព្រៃភ្នំដោយមិនប៉ះពាល់ដល់ធម្មជាតិបានចាប់បដិសន្ធិឡើងដោយអ្នកជំនួញផ្នែកអចលនទ្រព្យម្នាក់ដែលមានបំណងបង្កើតអេកូរីសតផ្ទាល់ខ្លួន។
ផ្ទះមួយត្រូវចំណាយពេលធ្វើយ៉ាងយូរបំផុត ១ ខែ។ |
លោក តេង រិទ្ធី ស្ថាបនិក Glamping Pods Cambodia បាននិយាយថា៖ «ខ្ញុំចង់សង់ផ្ទះឲ្យតូច និងរស់នៅស្រួល។ ខ្ញុំមានទីតាំងមួយចំនួនដោយចង់ប្រែក្លាយជាអេកូរីសត។ យើងចាប់ផ្ដើមគិតថា តើយើងគួរធ្វើផ្ទះបែបនេះ ដោយចំណាយប្រាក់តិច និងចំណេញពេលវេលាព្រមទាំងដឹកជញ្ជូនស្រួល។ យើងចង់សង់ឲ្យរួចរាល់ ទើបដឹកយកទៅដល់ទីកន្លែងតែម្ដង»។
លោកបានព្យាយាមសិក្សាស្រាវជ្រាវតាមអ៊ីនធឺណិត ប្រឹក្សាជាមួយមិត្ដភក្ដិជាវិស្វករសំណង់ និងធ្វើដំណើរទៅក្រៅប្រទេសដើម្បីស្វែងរកលទ្ធភាពបង្កើតក្ដីស្រមៃរបស់ខ្លួន។ លទ្ធភាពនៃការទិញផ្ទះចល័តទាំងនោះពីក្រៅប្រទេស វាមិនអាចទៅរួច ដោយសារតែវាធំ និងចំណាយថ្លៃដើមដឹកជញ្ជូនខ្ពស់។
បុរសអាយុ ៣៨ ឆ្នាំរូបនេះបានបន្ដថា៖ «ក៏បង្កើតគំនិតថា យើងអាចផ្គុំដោយយកម៉ូដពីគេ ដូចជា ម៉ូដរំដួល (Pod)។ យើងយកពីគេ តែតាមពិតទៅស្រុកខ្មែរយើងក៏មានដែរកាលពីជំនាន់មុន។ យើងឃើញនៅតំបន់ព្រៃភ្នំខេត្តមណ្ឌលគិរី និងរតនគិរី ជាពិសេសផ្ទះជនជាតិដើមភាគតិច។ យើងច្នៃមកឲ្យចេញជាប្រភេទដូចគ្នាអ៊ីចឹងតែការដេគ័ររបស់យើងឲ្យមានលក្ខណៈទាន់សម័យ រួមទាំងប្រព័ន្ធភ្លើងទឹក និងបរិក្ខារផ្សេងៗឲ្យក្លាយជាផ្ទះស្នាក់លម្ហែប្រកបដោយផាសុកភាព»។
អ្នកជំនួញផ្នែកអចលនទ្រព្យរូបនេះបានទិញដីជាច្រើនរយហិកតាបម្រុងទុកសម្រាប់សង់អេកូរីសតហើយកាលពីប៉ុន្មានខែមុនលោកបានសម្រេចចិត្ដសង់ផ្ទះគំរូមួយ បំណងយកទៅដំឡើងនៅលើដីរបស់ខ្លួន។ ផ្ទះគំរូដំបូងបានទាក់ចិត្ដមហាជនលើបណ្ដាញសង្គមដែលមានការចាប់អារម្មណ៍លើម៉ូដ និងភាពទំនើបរបស់ផ្ទះតូច។
ផ្ទះប្រភេទ A1 ដែលមានរាងជ្រុងប៉ិតមួយចំហៀង។ |
លោក តេង រិទ្ធី ដែលជាស្ថាបនិកសម្ព័ន្ធ R' Property Group ផងនោះបានឲ្យដឹងថា៖ «មនុស្សទូទៅសុទ្ធតែចាប់អារម្មណ៍ចំពោះផ្ទះស្នាក់តូចៗទាំងនេះ។ ប៉ុន្ដែជាក់ស្ដែងចំពោះអ្នកអាចសម្រេចចិត្ដបាន គឺជាអ្នកវិនិយោគ។ ពួកគេជាអ្នកដែលធ្វើរីសត ធ្វើអូតែល អ្នកមានចម្ការធំៗ។ នៅក្នុងស្រុកខ្មែរតំបន់ដែលពេញនិយមជាងគេគឺនៅខេត្ដកំពត កំពង់សោម មណ្ឌលគិរី និងរតនគិរី។ សៀមរាបក៏ត្រូវការច្រើន តែសៀមរាបពេញនិយមម៉ូដរំដួលច្រើន»។
លោកអះអាងថា៖ «ទើបតែមានរយៈពេល ២ ឬ ៣ ខែនេះពេលយើងធ្វើទៅស្រាប់តែមានការគាំទ្រច្រើន។ មានការកុម្ម៉ង់ច្រើនតាមរយៈការបង្ហោះវីដេអូ 3D តាមបណ្ដាញសង្គម»។
Glamping Pods Cambodia មានផ្ទះ ៤ ប្រភេទគឺ រំដួល និងក្រវាន់ដែលមានដំបូលរាងមូលព្រមទាំង Modern &A1 ដែលមានរូបរាងជ្រុង ២ ម៉ូដគឺប្រភេទផ្ទះស្នាក់ (ទ្វារ ១ ដូចផ្ទះ) និងប្រភេទសណ្ឋាគារ (មានកញ្ចក់ទ្វារមុខក្រោយ) ហើយចំណែកប្រភេទទី ៤ ដែលស្ថិតក្នុងគម្រោងគឺមានបំពាក់កង់ដែលអាចចល័តតាមរថយន្ដ។
លោក រិទ្ធី បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «គាត់អាចធ្វើជា Office គាត់អាចធ្វើជាផ្ទះចល័តបាន។ គាត់ចង់ទៅទីកន្លែងណា គាត់មានរបស់គាត់មួយកំប្លេ រួមទាំង ចង្ក្រាន បន្ទប់ទឹក គ្រែគេង ម៉ាស៊ីនត្រជាក់ទៅជាមួយគ្នាទាំងអស់»។
លោកអះអាងថា ម៉ូដនិង A1 គឺជាម៉ូដថ្មីសុទ្ធសាធ ដោយមិនចម្លងពីគេនោះទេ។ អត់មាននរណាមានដូចទេ ដោយសារវាមានរូបរាងជ្រុងប៉ិតមួយចំហៀង។ វាពិតជាស័ក្ដិសមពេលផ្គុំផ្ទះ ២ ជាមួយគ្នា។
លោក រិទ្ធី ជាអ្នកគាំទ្រចំពោះការដើរផ្សងព្រេងបោះតង់ម្នាក់ដែរនោះបានឲ្យដឹងថា៖ «ម៉ូដ A1 និង Modern ដែលមានដំបូលជ្រុង កញ្ចក់មុខក្រោយ អំពូល LED ពណ៌ ប្រព័ន្ធសោតទស្សន៍ និងបច្ចេកវិទ្យាតិចណូឡូជីកាន់តែធំ។ វាមានរាងសិចស៊ី ដោយសារពេលយើងបើកវាំងននអស់ទៅពីមុខដល់ក្រោយ យើងមើលឃើញធ្លាយគ្នា។ បើស្ថិតនៅតំបន់ព្រៃភ្នំ ហើយយើងចង់ឃើញទិដ្ឋភាពព្រៃភ្នំសងខាង យើងបើកតែវាំងននទៅ យើងឃើញអស់តែម្ដង»។
លោក តេង រិទ្ធី ជាស្ថាបនិក Glamping Pods Cambodia ក្នុងផ្ទះចល័តទំនើប។ |
បើទោះបីជាម៉ូដរំដួល ឬក្រវាន់ទទួលបានការចាប់អារម្មណ៍ច្រើន តែចំពោះការកុម្ម៉ង់ជាក់ស្ដែង ម៉ូដ Modern & A1 បែរជាពេញនិយមទៅវិញដោយបច្ចុប្បន្នភ្ញៀវបានបញ្ជាទិញម៉ូដរំដួល ឬក្រវាន់ប្រមាណ ២០ ផ្ទះ និងម៉ូដ Modern & A1 ៣០ ផ្ទះ បូកបន្ថែមផ្ទះតូចៗអត់បន្ទប់ទឹកប្រមាណ ៥០ ផ្ទះទៀត។
ផ្ទះតូចជាងគេទំហំ ២,៥ x ៣ ម៉ែត្រមានឬអត់មានបន្ទប់ទឹកតម្លៃពីជាង ៣០០០ ទៅ ៤៥០០០ ដុល្លារ។ ទំហំទីពីរ ២,៥ x ៦ តម្លៃ ប្រហាក់ប្រហែល ៦០០០ ទៅ ៧០០០ ដុល្លារ ទំហំទីបី ៣ x ៦ ដែលចាត់ទុកថាធំដែលអាចដាក់គ្រែ បន្ទប់ទឹក សាឡុង មានតម្លៃចន្លោះ ៧៥០០ ដុល្លារ ហើយធំមួយទៀត គឺ ៤ x ៦ ខ្នាតធំជាងហើយមានតម្លៃប្រហាក់ប្រហែល ៩០០០ ដុល្លារ។
លោក រិទ្ធី បានពន្យល់ថា៖ «ផ្ទះតូចទាមទារការតុបតែងខ្លាំងជាង។ យើងផ្ដោតលើការឌីគ័រខ្លាំងមិនខុសពីបន្ទប់សណ្ឋាគារលំដាប់ផ្កាយនោះទេ។ បរិក្ខារនៃការរស់នៅប្រកបដោយផាសុកភាព។ យើងអាចចំណាយពេលយ៉ាងយូរបំផុត ១ ខែហើយសព្វថ្ងៃយើងប្រើពេលចន្លោះពី ២ ទៅ ៣ សប្ដាហ៍។ តែ ១ ឬ ៥ ផ្ទះក្នុងពេលតែមួយយើងប្រើពេលប្រហាក់ប្រហែលគ្នា»។
Glamping Pods Cambodia មានទីតាំងនៅផ្ទះលេខ ២២៣ ផ្លូវ ៥៩៨ សង្កាត់ភ្នំពេញថ្មី និងទូរស័ព្ទ ០១៧ ៦១៧ ០០៧៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment