Thursday, June 6, 2019
ទឹកក្រឡុកព្រីង ខ្វិត និងសេដា ពីខ្ទីងវល្លិ៍ កាហ្វេ ឆ្ងាញ់ហើយជួយសុខភាព
ទឹកខ្វិត និងទឹកព្រីង សុទ្ធតែមានគុណប្រយោជន៍ដល់សុខភាព។ |
កំពង់ចាមៈ ស្ថិតនៅខាងកើតផ្សារស្គន់ ទឹកដីខេត្តកំពង់ចាម ខ្ទីងវល្លិ៍ កាហ្វេ មានបម្រើនូវភេសជ្ជៈប្លែកៗ ហើយអ្វីដែលលេចធ្លោជាងគេគឺហាងនេះបានច្នៃផ្លែឈើខ្មែរធ្វើជាភេសជ្ជៈប្លែកៗមានដូចជា ខ្វិតក្រឡុក (៨០០០៛) ផ្លែសេដា ឬផ្លែតូម៉ាក្រឡុកទឹកដោះគោ (៨០០០៛) ផ្លែសេដា ឬ ផ្លែតូម៉ាក្រឡុកតែទឹកដោះគោ (៩០០០៛) ទឹកព្រីង (Jambolan Juice) ព្រីងសូដា (៧០០០៛) និងព្រីងក្រឡុក (៨០០០៛)។
លោក តាំង អៀកឃុន វ័យ ៣៣ ឆ្នាំជាម្ចាស់ហាង ខ្ទីងវល្លិ៍ កាហ្វេ បានសង្កេតឃើញថា ផ្លែឈើទាំងនេះមិនសូវមាននៅលើទីផ្សារនោះទេ ខណៈទាំងរសជាតិ និងគុណប្រយោជន៍គឺមានដូចគ្នានឹងផ្លែឈើបរទេសដែលមិនគួរមើលរំលង។
នៅថ្ងៃមួយមានបុគ្គលិកយកផ្លែសេដាមកផ្ញើលោក ហើយអ្នកជំនាញចម្អិនម្ហូបនៅសាលាបង្រៀនធ្វើម្ហូប ក្លូប៊ល និងបានទទួលការបណ្តុះបណ្តាលផ្នែកឆុងកាហ្វេពីក្រុមហ៊ុន បុងកាហ្វេ រូបនេះបានរំឭកប្រាប់ភ្នំពេញ ប៉ុស្ដិ៍ ឲ្យដឹងថា៖ «ខ្ញុំក៏ចាប់ផ្តើមធ្វើវា (ទឹកផ្លែសេដា) ពេលដែលក្រឡុកហើយខ្ញុំក៏សាកឲ្យបុគ្គលិកខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំ ហើយពួកគាត់ក៏អាចញ៉ាំបាន ទើបខ្ញុំសម្រេចចិត្តដាក់លក់ បន្ទាប់មកខ្ញុំបានកែច្នៃផ្លែខ្វិតជាផ្លែឈើទី ២ ដែលខ្ញុំបានច្នៃ និងទី ៣ គឺផ្លែព្រីងនេះឯង គ្រាន់តែផ្លែព្រីងមិនអាចក្រឡុកជាមួយទឹកដោះគោបានដូចសេដា និងខ្វិតបានទេ អ៊ីចឹងត្រូវប្រើទឹកជំនួស»។
ភេសជ្ជៈរសជាតិព្រីង ទើបតែចាប់ផ្តើមដាក់លក់កាលពីថ្ងៃទី ២១ ខែឧសភាកន្លងទៅនេះ ប៉ុន្តែដោយបើកហាងចាប់ពីម៉ោង ៦ ព្រឹករហូតដល់ ៨ យប់ និងក្នុង ១ ថ្ងៃ ភេសជ្ជៈដែលផលិតពីផ្លែព្រីងនេះលក់បានចាប់ពី ៥ ទៅ ១០ កំប៉ុង។
ខ្ទីងវល្លិ៍ កាហ្វេ មានបម្រើភេសជ្ជៈច្នៃពីផ្លែឈើខ្មែរតាមរដូវកាលមាន ព្រីង ខ្វិត សេដា ជាដើម។ |
លោក តាំង អៀកឃុន ក៏បានឲ្យដឹងដែរថា ក្រៅពីរសជាតិឆ្ងាញ់ប្លែក ភេសជ្ជៈព្រីង ក៏អាចជួយបញ្ចុះជាតិស្ករក្នុងឈាម បន្ថយក្អក កាត់បន្ថយជំងឺរាក និងជំនួយដល់ស្បែកទៀតផង។ ប៉ុន្តែផលិតផលព្រីងនេះមិនតម្រូវឲ្យស្ត្រី ដែលទើបនឹងសម្រាលកូនកំពុងបំបៅដោះកូន អ្នកមុន និងក្រោយវះកាត់ពិសារនោះទេ។
ចំពោះផ្លែសេដា ឬផ្លែតូម៉ាក្រឡុកមានផ្ទុកនូវអាហារូបត្ថម្ភ វីតាមីន និងសារធាតុរ៉ែមួយចំនួនដែលផ្តល់នូវកាកសរសៃ ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ប៉ូវឆ្អឹង ជំនួយបេះដូង បង្កើនប្រព័ន្ធភាពស៊ាំ និងទប់ស្កាត់ជំងឺមហារីក។
ចំណែកខ្វិតក្រឡុកវិញអាចជួយបញ្ចុះសម្ពាធឈាម ជួយថែរក្សាសុខភាពស្បែក ជួយការពារជំងឺមហារីក បង្កើនប្រព័ន្ធភាពស៊ាំ ជួយប្រព័ន្ធរំលាយអាហារ ជួយតួនាទីថ្លើម និងការពារមិនឲ្យធ្មេញខូច។
លោក តាំង អៀកឃុន ក៏បានបញ្ជាក់ពីរូបមន្តដែលលោកបានច្នៃបន្ថែមទៀតថា៖ «ចំពោះរូបមន្តខ្ញុំបានមកពីស្វែងរកនៅតាមប្រព័ន្ធ Internet ដូចជា Youtube, Facebook និង Google និងខ្ញុំបានកែច្នៃបន្ថែមទៀតតាមចំណេះដែលខ្ញុំធ្លាប់បានរៀនពីមុនមក ប៉ុន្តែចំពោះការកែច្នៃទាំងនេះខ្ញុំមិនបានប្រាកដថាខ្ញុំគឺជាអ្នករកឃើញមុនគេនោះទេ»។
ខ្ទីងវល្លិ៍ កាហ្វេ ស្ថិតនៅភូមិស្គន់ ឃុំសុទិព្វ ស្រុកជើងព្រៃ ខាងកើតផ្សារស្គន់ចម្ងាយ ៥០០ ម៉ែត្រក្នុងទឹកដីខេត្តកំពង់ចាម៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment