Translate

Popular

Thursday, June 6, 2019

សម្រស់​ជ្រលង Grand Canyon អាមេរិក​អាច​ឆក់​ជីវិត​ភ្ញៀវទេសចរ

No comments :
ទោះ​អាជ្ញាធរ​ព្រមាន​ពី​បញ្ហា​សុវត្ថិភាព តែ​ភ្ញៀវ​នៅ​តែ​ចចេស​ប្រថុយ​ថតរូប​។
ក្រុងញូវយ៉ក: ប្រុងប្រយ័ត្ន​ទេសចរ​ទៅ​លេង​ជ្រលង Grand Canyon មុនពេល​ប៉ុនប៉ង​ថតរូប​សែលហ្វ៊ី​ពី​គែម​ជ្រលង​ជ្រៅ និង​ជា​ចំណុច​ដ៏ចោត​ខ្ពស់​បំផុត​នៅលើ​ទឹកដី​អាមេរិក​។
ឧទ្យាន​ជាតិ​ជុំវិញ​ជ្រលង​ដ៏ធំ​ធ្លាប់​ជួប​នូវ​ឧប្បត្ដិហេតុ​គ្រោះអាក្រក់​ដោយ​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាងតិច ៤ នាក់​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​នា​ខែ​មីនា និង​មេសា​។
ជា​ឧទ្យាន​ជាតិ​ទាក់ទាញ​ភ្ញៀវទេសចរ​រាប់លាន​នាក់​ដ៏ច្រើន​បំផុត​លំដាប់​លេខ​ ២ ​នៅ​សហរដ្ឋអាមេរិក ទស្សនីយភាព​ក្នុង​តំបន់​វាល​ខ្សាច់​ខ្ពស់​រដ្ឋ​អារីហ្សូណា​ពិតជា​ស្រស់ស្អាត​អស្ចារ្យ ទាំង​សម្រស់​ក្រឡា​ផ្ទៃដី​ជាមួយ​សំណឹក​ថ្ម​រាប់លាន​ឆ្នាំ​លើ​ដង​ទន្លេ ខូឡូរ៉ាដូ ដែល​វា​បាន​ហូរ​កាត់​បាត​ជ្រលង​។
ប៉ុន្ដែ​ទស្សនីយភាព​ក៏​អាច​ធ្វើឲ្យ​ភ្ញៀវទេសចរ​វង្វេង​ចិត្ដ​ដោយ​ភ្ញៀវ​ខ្លះ​ហ៊ាន​ប្រថុយ​ជីវិត ទោះ​មាន​ការព្រមាន​ពី​ឆ្មាំ​ឧទ្យាន​យ៉ាង​ណា​ក៏ដោយ ហើយ​លទ្ធភាព​អាច​អាក្រក់​ហួស​ថ្លែង​។
ទាំង​ដំណើរ​ឡើង​ភ្នំ និង​ចុះ​មក​ក្រោម​សុទ្ធតែ​មិន​អាច​ធ្វេសប្រហែស​។
ឧទ្យាន​បាន​ដំឡើង​របាំង​ការពារ​ជាច្រើន​កន្លែង​នៅ​ចំណុច​គោលដៅ​ពេញនិយម​មួយ​ចំនួន តែ​ស្ដ្រី​អ្នក​នាំពាក្យ​ឧទ្យាន អ្នកស្រី គ្រីស ហ្វីស្ទើរ បាន​ប្រាប់​ទីភ្នាក់ងារ AFP ថា​៖ «​យើង​មិន​ចង់​ដាក់​របាំង​គ្រប់​ទីកន្លែង​នោះទេ​។ ភាពវិសេស​របស់​វា​គឺ​មិន​ត្រូវ​បាន​បិទបាំង​ឡើយ​»​។
ក្នុង​ចំណោម​សៀវភៅ​លក់​ក្នុង​បន្ទប់​អាហារដ្ឋាន​មាន​មួយ​ក្បាល​រៀបរាប់​ពី​មរណភាព​នៅ​ឧទ្យាន​នេះ​ឈ្មោះ​ថា «​ឈរ​ប្រផិតប្រផើយ​៖ មរណភាព​ក្នុង​ជ្រលង Grand Canyon»​។
ការរអិល​ធ្លាក់ លង់ទឹក កម្ដៅ​រាំងស្ងួត ខ្យល់ព្យុះ ពស់​ចឹក អត្ដឃាត និង​ឃាតកម្ម សុទ្ធតែ​ជា​កត្តា​ប្រឈម​ដែល​អាច​ធ្វើឲ្យ​មនុស្ស​ស្លាប់​ក្នុង​ជ្រលង Grand Canyon រួមទាំង​ការប៉ុនប៉ង​ថតរូប​ឲ្យ​ស្អាត​បំផុត​ផង​ដែរ​។
លោក ជីម ស្ដេនលី អាយុ ៧១ ឆ្នាំ​មកពី​មីឈីហ្គេន បាន​អាន​សៀវភៅ​ស្ដីពី​គ្រោះថ្នាក់​នៅ​ជ្រលង​នេះ​មុន​ពេល​ចេញ​ទៅ​ទស្សនា​ជាក់ស្ដែង​ជា​ទី​ដែល​ភ្ញៀវ​ជិត ៧ លាន​នាក់​គ្រង​នឹង​មក​កម្សាន្ដ​នាឱកាស​ខួប ១០០ ឆ្នាំ​។
លោក​បាន​បន្ថែម​ថា​៖ «​មនុស្ស​ជាច្រើន​នឹង​រីករាយ​នៅ​ជ្រលង Grand Canyon តែ​ចូរចាំ​ថា វា​មិនមែន​ជា Disneyland ឡើយ​ហើយ​កុំ​សប្បាយ​ភ្លេច​ខ្លួន​»៕ HR

No comments :

Post a Comment