Wednesday, June 5, 2019
៥ ខែ ឃាត់ខ្លួនអ្នកពាក់ព័ន្ធថ្នាំញៀន ជាង ៧ ពាន់នាក់
គ្រឿងញៀន និងជនសង្ស័យដែលសមត្ថកិច្ចចាប់បានកន្លងមក។ |
ភ្នំពេញៈ អ្នកជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន ៧ ២៩៤ នាក់ ក្នុងនោះមានស្រី ៥៦២ នាក់ និងជនបរទេសចំនួន ១៦៧ នាក់ ត្រូវបានអាជ្ញាធរឃាត់ខ្លួនក្នុងការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសចំនួន ២ ៤២៥ ករណី ក្នុងរយៈពេល ៥ ខែ ៤ ថ្ងៃនៅឆ្នាំនេះ គិតចាប់តាំងពីថ្ងៃទី ១ ខែ មករា ដល់ថ្ងៃទី ៤ ខែ មិថុនា។ នេះបើតាមការបញ្ជាក់របស់មន្ត្រីបង្ក្រាបគ្រឿងញៀន។
លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ក្នុងការបង្ក្រាបគ្រឿងញៀនជាង ២ ពាន់ករណីនេះគឺមានការជួញដូរចំនួន ២ ១០០ ករណី ឃាត់ខ្លួនមនុស្សបានចំនួន ៣ ៩៧៣ នាក់ រួមទាំងការដាំដុះ កែច្នៃ ១៥ ករណី និងឃាត់ខ្លួនបាន ៤ នាក់ ហើយត្រូវបានបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។ រីឯការប្រើប្រាស់គឺមានចំនួន ១ ៣១០ ករណី ឬស្មើនឹង ៣ ៣២១ នាក់ ដែលជាជនរងគ្រោះដោយសារគ្រឿងញៀនហើយត្រូវបានផ្ដល់ឱកាសឱ្យទៅទទួលសេវាបន្សាប។
លោកបានថ្លែងថា៖ «ប៉ុន្តែបើគាត់មានប្រវត្តិប្រើប្រាស់គ្រឿងញៀនម្ដងហើយម្ដងទៀត ហើយត្រូវបានព្រះរាជអាជ្ញាបង្ខំឱ្យទៅទទួលសេវាព្យាបាលហើយ ប៉ុន្តែបើចេញមកវិញ នៅតែប្រព្រឹត្តការប្រើប្រាស់ទៀត អាហ្នឹងត្រូវផ្ដន្ទាទោសពី ៦ ខែទៅ ១ ឆ្នាំ ប៉ុន្តែអ្នកដែលប្រើប្រាស់នេះ មិនធ្លាប់ត្រូវបានបង្ក្រាបដោយសមត្ថកិច្ចកន្លងមកទេ»។
បើតាមលោក មាស វីរិទ្ធ តួលេខនៃការបង្ក្រាបគ្រឿងញៀនរយៈពេល ៥ ខែ ៤ ថ្ងៃមកនេះគឺមានចំនួនថយចុះតិចតួច បើប្រៀបធៀបជាមួយរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។ លោកបន្តថា អាជ្ញាធរនឹងខិតខំស្រាវជ្រាវរកបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនបន្ថែមទៀត ខណៈបច្ចុប្បន្ន ពលរដ្ឋកាន់តែក្លាហាន ដោយចូលរួមសហការផ្ដល់ដំណឹងអំពីបទល្មើសគ្រឿងញៀនមកអាជ្ញាធរកាន់តែច្បាស់ជាងមុន។
លោក មាស វីរិទ្ធ បញ្ជាក់ទៀតថា នៅថ្ងៃទី ១៣ ខែ មិថុនា ខាងមុខនេះ នៅក្រសួងមហាផ្ទៃនឹងបើកកិច្ចប្រជុំមួយស្ដីពីការដាក់ចេញវិធានការបន្ថែមដើម្បីចុះបង្ក្រាបលុបបំបាត់គ្រឿងញៀននៅតាមក្លិបកម្សាន្តបន្ទាប់ពីមានការជំរុញពីលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី ១៩ ខែ មីនា កន្លងទៅ។
លោក ស ខេង ធ្លាប់បានចេញបញ្ជាឱ្យសមត្ថកិច្ចត្រូវដាក់ចេញវិធានការម៉ឺងម៉ាត់ ចំពោះម្ចាស់ទីតាំងកម្សាន្ត សណ្ឋាគារ ផ្ទះសំណាក់ ដើម្បីទប់ស្កាត់ការប្រើប្រាស់ ជួញដូរ និងចែកចាយគ្រឿងញៀន ស្របពេលលោកថា គ្រឿងញៀនគឺជាបញ្ហាដ៏ក្ដៅគគុកមួយ ដោយសារវាបានរាលដាលពីភ្នំពេញទៅដល់តាមបណ្ដាខេត្ត។
លោក ស ខេង សង្ឃឹមថា ក្នុងឆ្នាំ ២០១៩-២០២០ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាភារកិច្ចយុទ្ធសាស្ដ្ររបស់សមត្ថកិច្ចដើម្បីកាត់បន្ថយឱ្យ បានជាអតិបរមានិងដើម្បីឈានទៅលុបបំបាត់ការប្រើប្រាស់និងចែក ចាយគ្រឿងញៀនក្នុងប្រទេសកម្ពុជានាពេលខាងមុខ។
លោក ស៊ឹង សែនករុណា មន្ត្រីនាំពាក្យសមាគមអាដហុក (Adhoc) បានលើកឡើងថា ការប្រជុំរៀបចំផែនការលុបបំបាត់គ្រឿងញៀនតាមទីតាំងកម្សាន្តនេះ ដោយសារការបង្ក្រាបកន្លងមកគឺពុំទាន់បានធ្វើឡើងចំគោលដៅនៅឡើយ ពិសេសអ្នកមានឥទ្ធិពលដែលជាមេខ្លោងនាំចូលនិងលក់ចែកចាយគ្រឿងញៀននៅកម្ពុជា។
លោកថា៖ «ប៉ុន្តែយើងសង្ឃឹមថា ករចាត់វិធានការ ការរកយុទ្ធសាស្ដ្របង្ក្រាបថ្មីៗទៀត អាចធ្វើការបានល្អប្រសើរជាងមុនហើយអាចចំគោលដៅពិសេសមេខ្លោងធំៗហ្នឹង»។
លោក ស៊ឹង សែនករុណា បន្ថែមថាលោកពិបាកជឿជាក់ចំពោះការប្ដេជ្ញារបស់រដ្ឋាភិបាលដើម្បីឈានទៅលុបបំបាត់ការចែកចាយនិងប្រើប្រាស់គ្រឿងញៀននាពេលខាងមុខ ដោយលោកអះអាងថា កន្លងមក មានការប្ដេជ្ញាចិត្តដើម្បីលុបបំបាត់ការកាប់បំផ្លាញព្រៃឈើ ប៉ុន្តែព្រៃឈើនៅរង ការហិនហោចជាដដែល។
លោកថា៖ «បើយើងនិយាយពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលមិនមែនតែរឿងគ្រឿងញៀនទេដូចខ្ញុំលើកឡើងពីខាងដើមអ៊ីចឹង បើទោះបីជាព្រៃឈើមានការប្ដេជ្ញាចិត្តបង្ក្រាបដ៏មុតមាំ ហើយព្រៃឈើងាយមើលណាស់គឺកាប់ឈើមិនអាចយកមក (លាក់បាំង) ដាក់ហោប៉ៅបានទេប៉ុន្តែព្រៃឈើនៅតែហិនហោចអស់ ចុះទម្រាំគ្រឿងញៀនដែលគេលាក់បាំងដោយយុទ្ធវិធីផ្សេងៗ តើសមត្ថកិច្ចអាចបង្ក្រាបអស់របៀបម៉េច? គួរតែមានបច្ចេកទេសលើសពីហ្នឹងទៀត»៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment