Tuesday, June 4, 2019
GDT ប្រកាសពីការប្រមូលពន្ធលើមធ្យោបាយធ្វើដំណើរឆ្នាំ ២០១៩
អគ្គនាយកដ្ឋានពន្ធដារ |
ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារបានចាប់ផ្តើមធ្វើការប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ ២០១៩ ដែលចាប់ផ្តើមពីថ្ងៃទី ១ ខែ មិថុនា ដល់ថ្ងៃទី ៣០ ខែ វិច្ឆិកា។ នេះបើតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី ៣១ ខែ ឧសភា។
សេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា៖ «ប្រាក់ពន្ធដែលបានបង់នៅអង្គភាពពន្ធដារ ឬនៅធនាគារពាណិជ្ជ ឬសាខាធនាគារពាណិជ្ជនៅមូលដ្ឋានណាត្រូវចាត់ទុកជាចំណូលរបស់មូលដ្ឋាននោះ»។
អាជ្ញាធរនឹងចាប់ផ្តើមពិនិត្យ និងផាកពិន័យចំពោះម្ចាស់យានយន្តទាំងឡាយណាដែលមិនបានមកបង់ពន្ធចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០ តទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹង។
អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលពន្ធផាកពិន័យប្រហែល ១,៤៣ លានដុល្លារ ពីយានយន្តជាង ៦ ០០០ គ្រឿង ដែលមិនបានមកបង់ពន្ធកាលពីឆ្នាំទៅ។ នេះបើយោងទៅតាមសេចក្ដីប្រកាសព័ត៌មាន។
ពន្ធផ្លូវត្រូវបានហូតលើយានយន្តទាំងអស់លើកលែងតែម៉ូតូ រថយន្តសង្គ្រោះបន្ទាន់ រថយន្តយោធា នគរបាល គ្រឿងយន្តកសិកម្ម រថយន្តស្ថានទូត និងរថយន្តដែលប្រើប្រាស់ដោយអង្គការអន្តរជាតិនានា។
អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលប្រាក់ចំណូលពន្ធជាង ២,១៩ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៨ ពីប្រភពផ្សេងៗនៃប្រាក់ចំណូលពន្ធ ដែលលើសពីទិសដៅកំណត់របស់ខ្លួនជាង ២៧៤ លានដុល្លារ ឬកើនឡើង ១៣,៣៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧។
នៅក្នុងគោលបំណងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងធានាតម្លាភាព GDT បានអនុញ្ញាតឲ្យអ្នកជាប់ពន្ធត្រូវបង់ពន្ធតាមរយៈធនាគារអេស៊ីលីដា និងធនាគារកាណាឌីយ៉ា ចាប់តាំងពីឆ្នាំ ២០១៣ ហើយនៅពេលថ្មីៗ ក៏អាចធ្វើការទូទាត់បានតាមរយៈធនាគារវឌ្ឍនៈ ធនាគារកម្ពុជាសាធារណៈ និងធនាគារ អេអិនហ្សិត រ៉ូយ៉ាល់ ផងដែរ៕ LA
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment