Translate

Popular

Wednesday, June 5, 2019

ក្តី​បារម្ភ​ពី​សង្គ្រាម​ពាណិជ្ជកម្ម ​ធ្វើ​ឲ្យ​ផ្សារ​ហ៊ុន​​អាស៊ី​ធ្លាក់​ចុះ

No comments :
រូបភាព​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ភាគហ៊ុន​នៅ​ផ្សារហ៊ុន​ក្រុង​តូក្យូ កាល​ពី​ម្សិលមិញ។
ក្រុងហុងកុងៈ តម្លៃ​ផ្សារហ៊ុន​​​អាស៊ី​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​អង្គារ ដោយសារ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ពិភព​លោក​ដែល​បាន​បន្ត​ដាក់​សម្ពាធ​លើ​ទីផ្សារ​មួយ​នេះ។​
ក្តី​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​ ​បាន​កើន​ឡើង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ខណៈ​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​គំរាម​កំហែង​ប្រទេស ​ម៉ិកស៊ិក ​ជាមួយ​នឹង​ការ​ដាក់​ពន្ធ​នាំចូល ដែល​​នេះ​ជា​ការ​បន្ថែម​​ក្តី​បារម្ភ​ទៅ​លើ​​​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​​អាមេរិក និង​ចិន​ ដែល​​មិន​ទាន់​មាន​សញ្ញា​ដំណោះ​ស្រាយ​ទាល់​តែ​សោះ​។
ក្រុមហ៊ុន​ Okasan Online Securities បាន​ឲ្យ​ដឹង​​ក្នុង​បទ​វិចារណ​កថា​មួយ​ថា៖ «​ការ​សន្មត់​របស់​ទីផ្សារ​នេះ​ គឺ​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភព​លោក​​នឹង​ស្ទុះ​ងើប​ឡើង​នៅ​ចុង​ឆ្នាំ​នេះ ដែល​​ជំរុញ​ដោយ​សេដ្ឋកិច្ច​របស់​អាមេរិក ដែល​កំពុង​រីក​រាលដាល​ជម្លោះ​ពាណិជ្ជកម្ម​ទៅ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ដូចជា​ ម៉ិកស៊ិក​ជា​ដើម​»។​
លោក ត្រាំ បាន​ប្រកាស​ចាត់​វិធានការ​បន្ថែម​របស់​លោក​ប្រឆាំង​ទៅ​នឹង​ប្រទេស ​ម៉ិកស៊ិក ​កាល​ពី​សប្ដាហ៍​មុន ជាមួយ​នឹង​ការ​ប្រកាស​ថា ទីក្រុង​វ៉ាស៊ីនតោន នឹង​ដក​ការ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ពី​ប្រទេស ​ឥណ្ឌា​ ដែល​ចាប់​​ផ្ដើម​នៅ​ថ្ងៃ​ពុធ​ ក្នុង​គោល​បំណង​ដើម្បី​ដាក់​សម្ពាធ​​លើ​ទីក្រុង​ញូវដែលី​ ឲ្យ​បង្កើន​លទ្ធភាព​ចូល​ទីផ្សារ​ចំពោះ​ទំនិញ​របស់​អាមេរិក​។​
លោក Edward Moya ​អ្នកវិ​ភាគ​ទីផ្សារ​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន OANDA ​បាន​ឲ្យ​ដឹង​ថា សន្ទស្សន៍​ផលិតកម្ម ISM ​របស់​អាមេរិក​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ និង​ដែល​ត្រូវ​បាន​ចងក្រង​នៅ​មុន​ពេល​មាន​ការ​​គំរាម​កំហែង​​រឿង​​ពន្ធ​នាំចូល​នៅ​ពេល​ថ្មីៗ​​នេះ​បាន​បញ្ជាក់​ពី «​សារៈសំខាន់​នៃ​ការ​ធ្វើ​អាជីវកម្ម​ជាមួយ​ប្រទេស ​ម៉ិកស៊ិក​»។​
លោក​ Moya បាន​ថ្លែង​ថា៖ «​អ្នក​ឆ្លើយ​សំណួរ​បាន​កត់​សម្គាល់​ថា ពួក​គេ​​កំពុង​ផ្លាស់​ប្តូរ​អាជីវកម្ម​ពី​ប្រទេស ​ចិន ​ទៅ​​ប្រទេស ​ម៉ិកស៊ិក​ និង​ថា ពន្ធនាំ​ចូល​នៅ​ម៉ិចស៊ិក​កំពុង​ដាក់​​​សម្ពាធ​ច្រើន​​​ក្នុង​ការ​ធ្វើ​អាជីវកម្ម​»។​
របាយការណ៍​​បង្ហាញ​ពី​ភាព​ខ្សោយ​នៃ​ផលិតកម្ម​នៅ​ចក្រភព​អង់គ្លេស និង​អាមេរិក ​បាន​បណ្ដាល​ឲ្យ​ក្រុម​វិនិយោគិន​នាំ​គ្នា​ស្វែងរក​ទ្រព្យ​សកម្ម​ដែល​​មាន​សុវត្ថិភាព​ ដូច​ជា​ប្រាក់​យន់។​
មិន​ដល់​រយៈពេល ​៣០ ​នាទី​ បន្ទាប់​ពី​ការ​ចុច​កណ្ដឹង​ជួញ​ដូរ តម្លៃ​ផ្សារហ៊ុន Nikkei ​បាន​ធ្លាក់​ចុះ​ទាប​ ប៉ុន្តែ​ក្រោយ​មក​បាន​កើន​ឡើង​វិញ។
តម្លៃ​ផ្សារហ៊ុន​ហុងកុង បាន​ធ្លាក់​ចុះ​ ០,៥ ​ភាគរយ​ ខណៈ​ផ្សារហ៊ុន​ស៊ាងហៃ ធ្លាក់​ចុះ ​១ ​ភាគរយ។ តម្លៃ​ផ្សារហ៊ុន​តៃប៉ិ ធ្លាក់​ ​០,៧ ​ភាគរយ​ និង​ផ្សារហ៊ុន​សេអ៊ូល​ នៅ​​ថេរ​។ ទោះ​​យ៉ាង​ណា​តម្លៃ​ផ្សារហ៊ុន​សិង្ហបុរី​បាន​កើន ០,៥ ​ភាគរយ និង​​​ស៊ីដនី កើន​ ០,២ ​ភាគរយ។​
ទីផ្សារ​អឺរ៉ុប បាន​ធ្លាក់​ចុះ​នៅ​ពេល​ចាប់​ផ្ដើម​ការ​ជួញដូរ​កាល​ពី​ថ្ងៃ​អង្គារ ដោយ​តម្លៃ​ផ្សារហ៊ុន​ក្រុង​ឡុងដ៍​ធ្លាក់ចុះ​ ០,៦ ​ភាគរយ ខណៈ​តម្លៃ​ផ្សារហ៊ុន Frankfurt និង​ប៉ារីស ធ្លាក់ចុះ​ ០,៧ ​ភាគរយ៕​ AFP/LA​

No comments :

Post a Comment