កំពតៈ តម្រៀបជាជួរជិតស្ពានចាស់ចម្ងាយតែ ៣០ ម៉ែត្រពីផ្សារក្ដាមកំពត ទូកទេសចរណ៍ប្រមាណជិត ១០ គ្រឿងរំលេចពណ៌ចម្រុះកំពុងសំចតរង់ចាំភ្ញៀវទេសចរឡើងជិះទូកលេងកម្សាន្ត ញ៉ាំអាហារ ក្រេបភេសជ្ជៈ ក្លែមទេសភាពធម្មជាតិដ៏ស្រស់ត្រកាល វេលាសុរិយារៀបអស្តង្គតជះពន្លឺក្រហមច្រាលឯជើងមេឃជាប់ជួរភ្នំ។
ចាប់ផ្តើមដំណើរការដំបូងជាមួយចំនួនទូកត្រឹមតែ ២-៣ គ្រឿងនោះនៅឆ្នាំ ២០១៤ ដំណើរកម្សាន្តតាមទូកទេសចរណ៍កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវខ្មែរ និងបរទេសដែលមកលម្ហែកាយនៅទឹកដីល្បីផ្លែទុរេនផ្អែមឆ្ងាញ់មួយនេះ។
ម្ចាស់ទូកទេសចរណ៍ឡបលីបត (Lovely boat) លោក អ៊ិត សារី បានរៀបរាប់ថា៖ «ភ្ញៀវដែលមកជិះទូកកម្សាន្តក្នុង ១ នាក់ជនជាតិខ្មែរគឺ ១០០០០៛ មិនថាថ្ងៃបុណ្យ ឬថ្ងៃអត់បុណ្យនោះទេ។ បើភ្ញៀវបរទេសម្នាក់ ២០០០០៛។ សម្រាប់សេវាកម្មមានដូចជាគ្រឿងសមុទ្រ និងម្ហូបទូទៅជាច្រើនមុខទៀត ហើយមានតម្លៃសមរម្យអត់ថ្លៃទេចាប់ពី ២ ដុល្លារដល់ ៦ ដុល្លារ»។
ដំណើរកម្សាន្តពេលរសៀលលើនាវាបក់ដោយជំនោរត្រជាក់ចិត្ត ភ្ញៀវទេសចរនឹងទទួលបានបទពិសោធថ្មីដ៏រំជើបរំជួល ពេលដែលទូកបរក្រោមស្ពានចាស់យ៉ាងកៀកកិតធ្វើឲ្យអ្នកដំណើរខ្លះផ្ដេកខ្លួនខ្លាចប៉ះ និងខ្លះទៀតស្រូតទាញទូរស័ព្ទថតសែលហ្វ៊ី។
នាវាបរសន្សឹមៗជាឱកាសឲ្យភ្ញៀវគយគន់ទេសភាពពណ៌បៃតងតាមដងព្រែក សម្រស់ជួរភ្នំបូកគោរលករលេញ និងសំឡេងសត្វស្លាបយំ ហើរចូលទ្រនំ ហាក់បីដូចជាតន្ត្រីធម្មជាតិកំដរអារម្មណ៍យ៉ាងលន្លង់លន្លោច។
លុះធ្វើដំណើរបានជិត ១ ម៉ោងស្របពេលដែលស្បៃរាត្រីចូលមកដល់ទូកទេសចរណ៍ក៏ឈប់សំចតសម្រាកនៅក្បែរមាត់ព្រែក ដែលសម្បូរទៅដោយដើមឈើធំៗជាកន្លែងទស្សនាសត្វអំពិលអំពែក បញ្ចេញពន្លឺរេរាំឆ្វែលឆ្វាត់ តាមសូរតន្ត្រី ជាទស្សនីយភាពធ្វើឲ្យការទទួលទាន និងក្រេបភេសជ្ជៈកាន់តែពិសេស។
យ៉ាងណាមិញលោក អ៊ិត សារី បញ្ជាក់ថាអំឡុងពេលរដូវក្ដៅដែលជាវេលាសម្បូរភ្ញៀវទាំងខ្មែរ និងបរទេសនោះសត្វអំពិលអំពែកមិនសូវសម្បូរប៉ុន្មាននោះទេ។
ម្ចាស់ទូកវ័យ ៤២ ឆ្នាំរូបនេះណែនាំថា៖ «បន្ទាប់ពីរដូវក្តៅកន្លងផុតសត្វអំពិលអំពែកមានចំនួនច្រើន និងបញ្ចេញពន្លឺនៅលើដើមឈើដូចជាដើមគ្រិស្តស្មាស់ ដែលគេបំពាក់ភ្លើងពណ៌ដូច្នោះដែរ»។
ទូកទេសចរណ៍ឡបលីបត កម្ពស់ ២ ជាន់ និងមានការរចនាភ្លើងពណ៌ រុក្ខជាតិលម្អនៅតាមបង្កាន់ដៃ។ ទូកអាចផ្ទុកភ្ញៀវទេសចរប្រមាណជាង ១០០ នាក់ជាមួយតៃកុងបញ្ជានាវាមានបទពិសោធច្រើនឆ្នាំក្នុងការបើកនាវាធំៗនៅសមុទ្រ ហើយស្គាល់ច្បាស់ពីភូមិសាស្ត្រនីវ៉ូ និងចរន្តទឹក។
ក្នុង ១ ថ្ងៃទូកចេញដំណើរចំនួន ២ ជើងចាប់ពីម៉ោង ៥:៣០ ល្ងាចដល់ម៉ោង ៧:៣០ យប់ និងចាប់ម៉ោង ៧:៣០ យប់ដល់ម៉ោង ៩:៣០ យប់ដោយត្រឡប់មកវិញភ្ញៀវទេសចរអាចនៅអង្គុយលេងកម្សាន្តញុំាអាហារ និងស្តាប់ភ្លេងរហូតដល់ម៉ោង ១២ អធ្រាត្រ។
ក្នុង ១ ថ្ងៃទូកទេសចរណ៍នេះទទួលភ្ញៀវទេសចរបានចន្លោះពី ៦០ ទៅ ៧០ នាក់ដោយរដូវកាលបុណ្យទាន និងថ្ងៃឈប់សម្រាកចុងសប្ដាហ៍ចំនួនភ្ញៀវរឹតតែច្រើន។
តោះ! ទៅលេងទឹកដីកំពតលើកក្រោយកុំភ្លេចឆៀងចូលជិះទូកមើលថ្ងៃរៀបលិច។ ព័ត៌មានបន្ថែមមាននៅទំព័រហ្វេសប៊ុកទូកទេសចរណ៍ឡបលី និងទូរស័ព្ទលេខ ០៩៧ ៧៩៧ ៤៧៧៧, ០៨៩ ៩១២ ១៣០ និង ០៩៨ ៨៩៤៨ ៣៤៕
វីដេអូ៖
By www.postkhmer.com
By www.postkhmer.com
No comments :
Post a Comment