Wednesday, May 8, 2019
អ្នកស្រាវជ្រាវរកឃើញគ្រឹះប្រាសាទបុរាណជិត ១០០
អ្នកស្រាវជ្រាវ កំពុងថតទីតាំងរកឃើញគ្រឹះប្រាសាទបុរាណ នៅក្នុងខេត្តក្រចេះ |
ក្រចេះ: ក្រុមអ្នកស្រាវជ្រាវប្រវត្តិសាស្ដ្រ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរកឃើញគ្រឹះប្រាសាទបុរាណជិត ១០០ ប្រាសាទ ដែលត្រូវបានគេសាងសង់ឡើង នៅក្នុងសម័យចេនឡា ក្នុងតំបន់ប្រវត្តិសាស្ដ្រ នៃក្រុងសម្ភុបុរៈកាលពីសតវត្សរ៍ទី ៦-៧ នៃគ្រិស្ដសករាជ នៅក្នុងទឹកដីនៃស្រុកចិត្របុរី។
លោក បណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានសិល្បៈ និងវប្បធម៌ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ប្រាសាទទាំងនោះត្រូវបានគេសាងសង់ឡើងអំពីឥដ្ឋ និងដើម្បីឧទ្ទិសថ្វាយចំពោះព្រហ្មញ្ញសាសនា ហើយត្រូវបានគេដាក់ឈ្មោះថា ប្រាសាទត្រពាំងព្រៃ ដែលបច្ចុប្បន្ននៅសល់តែគ្រឹះប្រាសាទប៉ុណ្ណោះ ដែលក្រុមរបស់លោកបានរកឃើញជាបន្តបន្ទាប់។
លោកបន្ថែមថា គ្រឹះប្រាសាទទាំងនេះ មិនទាន់មានការសរសេរទុកក្នុងសៀវភៅកំណត់ត្រាបារាំង និងក្នុងសៀវភៅបញ្ជីប្រាសាទខ្មែរ ដែលបោះពុម្ពក្នុងឆ្នាំ ១៩០២-១៩១១ ដោយលោក លុយណេ ដឺឡាហ្សុងគ្យែនៅឡើយទេ ហើយក៏មិនទាន់ចុះបញ្ជី ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែរ។
លោកថា៖ «បារាំងបានចុះជាង ១០ ប្រាសាទនៅលើទឹកដីតំបន់សម្ភុបុរៈភាគខាងជើង ហើយមន្ទីរវប្បធម៌ខេត្តគេធ្វើបាន (រកឃើញ) ៥០ ប្រាសាទជាង។ ឥឡូវខ្ញុំរកឃើញជិត ១០០ ប្រាសាទ ប្រាសាទថ្មីតែម្ដង ហើយស្អែក (ថ្ងៃពុធ) នេះ នឹងចុះទៅសិក្សាស្រាវជ្រាវបន្ថែមទៀត»។
លោក ធុយ ចាន់ធួន គឺជាអ្នកដឹកនាំការស្រាវជ្រាវអំពីក្រុងសម្ភុបុរៈ ដែលការស្រាវជ្រាវបានផ្ដោតទៅលើក្រុងបុរាណប្រាសាទបុរាណរមណីយដ្ឋានប្រវត្តិសាស្ដ្រ និងទីតាំងបុរាណស្ថាន ដែលជាប់ពាក់ព័ន្ធនឹងអរិយធម៌ចេនឡា ចាប់តាំងពីឆ្នាំ ២០១៥ ហើយទីតាំងចុះស្រាវជ្រាវមានតំបន់ខ្លះ ស្ថិតក្នុងខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី កំពង់ធំ កំពង់ចាម និងកន្លែងខ្លះស្ថិតក្នុងប្រទេសវៀតណាម និងប្រទេសឡាវ។
លោកបន្តថា ក្នុងការសិក្សាកន្លងមកនេះ គឺក្រុមលោកបានរកឃើញទាំងសម្បត្តិបេតិកភណ្ឌរូបិយ មានដូចជាប្រាសាទ និងទាំងសម្បត្តិបេតិកភណ្ឌអរូបិយ មានដូចជារឿងព្រេងបែបប្រវត្តិសាស្ដ្រ។
លោក ចាន់ធួន បន្តថា ក្រុមរបស់លោកនឹងចុះទៅចុច GPS កំណត់ទីតាំងរបស់ប្រាសាទជិត ១០០ ប្រាសាទទាំងនោះឱ្យបានច្បាស់លាស់ ហើយសរសេរទុកនៅក្នុងសៀវភៅ ដើម្បីធ្វើជាកន្លែងអភិរក្ស និងចុះទៅអប់រំប្រជាពលរដ្ឋនៅក្នុងតំបន់ឱ្យយល់អំពីតម្លៃប្រវត្តិសាស្ដ្រ ព្រោះលោកថា កន្លងមក ប្រជាពលរដ្ឋតែងចុះទៅជីកកាយនៅតាមគ្រឹះប្រាសាទបុរាណទាំងនោះ ដើម្បីរុករកវត្ថុមានតម្លៃ។
លោកថា៖ «រហូតមកដល់សព្វថ្ងៃ ប្រជាជននៅតែលួចជីកគ្រឹះប្រាសាទ យកសិលាចារិកទៅលក់ យកបដិមាករទៅលក់ យកវត្ថុមានតម្លៃរបស់ប្រាសាទហ្នឹងទៅលក់»។
នៅក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ៤ ខែឧសភា លោក ចាន់ធួន បានសរសេរថា កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០១៩ ក្រុមលោកបានប្រគល់ផ្ទាំងសិលាចារិក ដែលជាមេទ្វាររបស់ប្រាសាទ និងមិនធ្លាប់ត្រូវគេសិក្សារកឃើញ ទៅឱ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ យកទៅរក្សាទុកនៅក្នុងសារមន្ទីរខេត្ត។
លោកបន្ថែមថា សម្ភុបុរៈគឺជាអរិយធម៌មុនអង្គរ ដែលនៅជាប់ដងទន្លេមេគង្គក្នុងខេត្តក្រចេះ ហើយអរិយធម៌នេះមិនទាន់មានការសិក្សាច្រើននៅឡើយ។ លោកយល់ថា ការរកឃើញប្រាសាទថ្មីៗទាំងនេះ នៅក្នុងទីក្រុងសម្ភុបុរៈ គឺជាការបង្ហាញថា ខ្មែរជាពូជអ្នកកសាង អ្នកបង្កើត និងមិនមែនដូចអ្នកជិតខាងថា ពូជអ្នកលួច អ្នកបោក និងអ្នកប្លន់ឡើយ៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment