Translate

Popular

Wednesday, May 8, 2019

ចិន និង​ជប៉ុន ​ទំនង​ជា​ចូលរួម​ក្នុង​ផែនការ​អភិវឌ្ឍ​ទីក្រុង​វៃឆ្លាត​ក្នុង​គម្រោង EEC

No comments :

រូប​ភាពបង្ហាញ​ពី​ការ​តភ្ជាប់​ផ្លូវ​រថភ្លើង ​និង​ទីតាំង​គម្រោង EEC​​


ក្រុង​បាងកកៈ គំនិត​ផ្តួត​ផ្តើម​ទីក្រុង​វៃឆ្លាត​​ក្នុង​​គម្រោង​ច្រក​របៀង​សេដ្ឋកិច្ច​ភាគ​ខាង​កើត (EEC) របស់​ថៃ ទំនង​ជា​គម្រោង​អភិវឌ្ឍន៍​ទី២ ហើយ​ដែល​​មាន​ការ​ចូលរួម​សហប្រតិបត្តិការ​ពី​ប្រទេស ​ចិន និង​ជប៉ុន បន្ទាប់​ពី​គម្រោង​តភ្ជាប់​បណ្តាញ​ផ្លូវ​ដែក​រថភ្លើង​ល្បឿន​លឿន​រវាង​ព្រលាន​យន្តហោះ​ធំ​​ទាំង ៣ ក្នុង​ប្រទេស ​ថៃ។
EEC គឺ​ជា​គម្រោង​អភិវឌ្ឍ​សេដ្ឋកិច្ច​សាកល្បង​មួយ​របស់​ប្រទេស ​ថៃ ​ដែល​គ្រប​ដណ្តប់​លើ​ខេត្ត​ស្ថិត​នៅ​តំបន់​ឆ្នេរ​ភាគ​ខាង​កើត​ប្រទេស ​ថៃ ​ចំនួន​ ៣ គឺ​ខេត្ត​ចាក់ជើងសៅ ខេត្ត​ឈុនបុរី និង​ខេត្ត​រ៉ាក់យ៉ង។
លោក Kanit Sangsubhan អគ្គលេខាធិការ​នៃ​ការិយាល័យ​គម្រោង EEC បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) កំពុង​អនុវត្ត​​ការ​សិក្សា​ សមិទ្ធិ​លទ្ធភាព​សម្រាប់​ការ​អភិវឌ្ឍ​ទីក្រុង​វៃឆ្លាត​​មួយ​​ក្នុង​​គម្រោង EEC។
ការ​សិក្សា​នេះ​គ្រប​ដណ្តប់​លើ​​ក្របខ័ណ្ឌ​វាយ​តម្លៃ​ទីក្រុង​វៃ​ឆ្លាត គោល​នយោបាយ និង​ការ​លើក​ទឹក​ចិត្ត​នានា​ដែល​អាច​ទាក់ទាញ​ក្រុមហ៊ុន​ឯកជន​ឲ្យ​មក​វិនិយោគ។
ខេត្ត​ចាក់ជើងសៅ រំពឹង​ថា​នឹង​ក្លាយ​ជា​ទីតាំង​សម្រាប់​គម្រោង​ទីក្រុង​វៃ​ឆ្លាត​នេះ។
លោក Kanit បាន​ថ្លែង​ថា ក្រុមហ៊ុន​ឯកជន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​អភិវឌ្ឍ​ទីក្រុង​វៃឆ្លាត​ផ្ទាល់​របស់​ពួកគេ ដោយ​​ក្រុមហ៊ុន Amata Corporation Plc ​ដែល​ជា​ក្រុមហ៊ុន​​អភិវឌ្ឍន៍​ និង​ជា​ប្រតិបត្តិករ​សួន​ឧស្សាហកម្ម​ ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​ទីក្រុង​វៃឆ្លាត​មួយ​នៅ​សួន​ឧស្សាហកម្ម​របស់​ខ្លួន​ក្នុង​ខេត្ត​ឈុនបុរី។
ក្រុមហ៊ុន Amata មាន​ផែនការ​ផ្លាស់​ប្តូរ​សួន​ឧស្សាហកម្ម​ដែល​មាន​ផ្ទៃ​ក្រឡា​ ៤២ គីឡូ​ម៉ែត្រ​ក្រឡា​នេះ​ឲ្យ​ទៅ​ជា​ទីក្រុង​វៃឆ្លាត​មួយ​តាមរយៈ​ការ​អនុវត្ត​បច្ចេកវិទ្យា​ថ្មី ថាមពល​កកើត​ឡើង​វិញ ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​ប្រើប្រាស់​ថាមពល​តិច និង​ការ​គ្រប់គ្រង​បរិស្ថាន​ប្រកប​ដោយ​និរន្តរភាព។
ក្រុមហ៊ុន​បាន​បញ្ចប់​ការ​សិក្សា​សមិទ្ធិ​លទ្ធភាព​មួយ​ជាមួយ​ទីក្រុង​យូកូហាម៉ា​ក្នុង​ប្រទេស ​ជប៉ុន ​កាល​ពី​ឆ្នាំ​មុន។
លោក Kanit បាន​ថ្លែង​ថា ធនាគារ​ China Development Bank របស់​​ចិន​ក៏​បាន​ប្តេជ្ញា​ថា ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការ​វិនិយោគ​ក្នុង​គម្រោង​ទីក្រុង​វៃឆ្លាត​មួយ​ផង​ដែរ និង​ថា ធនាគារ​នឹង​ទាក់ទាញ​ក្រុមហ៊ុន​ចិន​ឲ្យ​មក​វិនិយោគ។
កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍ថា លោក Tadashi Maeda ទេសាភិបាល​ធនាគារ​ជប៉ុន Japan Bank for International Cooperation បាន​បញ្ជាក់​​​​ពី​ការ​គាំទ្រ​ការ​វិនិយោគ​​លើ​ទីក្រុង​វៃឆ្លាត​ក្នុង​ខេត្ត​​ចាក់ជើងសៅ។
លោក Somkid ​ថ្លែង​ថា ការ​គាំទ្រ​របស់​ចិន និង​ជប៉ុន ​ក្នុង​​គម្រោង EEC សំខាន់​ខ្លាំង​ណាស់​​សម្រាប់​​​បង្កើត​បរិយាកាស​វិនិយោគ​នៅ​​ថៃ និង​បង្កើន​​ទំនុក​ចិត្ត​វិនិយោគិន​ក្នុង​ការ​អភិវឌ្ឍ​ ECC ជា​រួម៕ KC

No comments :

Post a Comment