អ្នកនៅក្នុងវិស័យអចលនទ្រព្យបានចាត់ទុកការកែប្រែតម្លៃថ្មីនេះ នឹងជួយបង្កើនចំណូលពន្ធរបស់រដ្ឋ។
សេចក្តីប្រកាសរបស់ក្រសួងចុះថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩ ស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលនឹងត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០១៩ បានបន្តកំណត់យកខណ្ឌចំនួន ៤ ដាក់ក្នុងតំបន់ ១ រួមមាន ខណ្ឌទួលគោកដូនពេញ ចំការមន និងខណ្ឌ ៧ មករា។
សេចក្តីប្រកាសឲ្យដឹងថា សម្រាប់ដីស្ថិតនៅតំបន់សងខាងផ្លូវមេសំខាន់ៗដូចជា ផ្លូវព្រះមុនីវង្ស ព្រះនរោត្តម និងផ្លូវព្រះសីហនុ នឹងកើនឡើងពីតម្លៃ ១ ៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េនាពេលបច្ចុប្បន្នទៅដល់ ៤ ៥០០ ដុល្លារ ខណៈដីស្ថិតនៅតាមផ្លូវរណបនឹងផ្លូវមេខាងលើ បានកើនពី ១ ០០០ ដុល្លារទៅដល់ ២ ៥០០ ដុល្លារ។
តម្លៃដីស្ថិតនៅជុំវិញផ្សារថ្មី សូរិយា ផ្សារអូឡាំពិក ចំណែកខ្លះនៃផ្លូវកម្ពុជាក្រោម ព្រះនរោត្តម សហព័ន្ធរុស្ស៊ី និងហ្សាលដឺហ្គោល បានកើនឡើងពី ១ ០០០ ដុល្លារ ដល់ ៤ ០០០ ដុល្លារ។
សេចក្តីប្រកាសដដែលបានឲ្យដឹងទៀតថា សម្រាប់ដីស្ថិតនៅផ្លូវមួយចំនួនដូចជា កម្ពុជាក្រោម ម៉ៅសេទុង ត្រសក់ផ្អែម សហព័ន្ធរុស្ស៊ី ព្រះស៊ីសុវត្ថិ នេរុ មានតម្លៃ ៣ ៥០០ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ ខណៈតម្លៃដីនៅតំបន់ខ្លះនៃកំណាត់ផ្លូវមុនីវង្ស សហព័ន្ធរុស្ស៊ីទេពផន មានតម្លៃ ៣ ០០០ ដុល្លារ។
ដោយឡែកដីនៅកន្លែងមួយចំនួនដូចជា ជុំវិញផ្សារចាស់ ផ្សារកណ្តាល ទួលទំពូង ផ្សារសុវណ្ណា ផ្សារបឹងត្របែក ផ្សារបឹងកេងកង ផ្លូវមេនៅក្នុងតំបន់បឹងកក់ តំបន់កោះពេជ្រ និងរដ្ឋសភា មានតម្លៃ ២ ៥០០ ដុល្លារ។ នេះបើយោងតាមសេចក្តីប្រកាស។
ជាមួយគ្នានេះ ប្រកាសខាងលើក៏បានឲ្យដឹងដែរថា តម្លៃដីសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា នៅក្នុងខណ្ឌទាំង ៤ មានទាបបំផុត ៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម កាលពីល្ងាចម្សិលមិញ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា តម្លៃសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រាថ្មីនេះ គឺមានកម្រិតកៀកទៅនឹងតម្លៃទីផ្សារជាក់ស្តែង។
ការធ្វើបច្ចុប្បន្នភាពនេះ ក៏នឹងធ្វើឲ្យរដ្ឋទទួលបានចំណូលកាន់តែច្រើនសម្រាប់យកទៅអភិវឌ្ឍប្រទេសផងដែរ។ លោកបានថ្លែងថា៖ «តម្លៃដែលទើបធ្វើបច្ចុប្បន្នភាពពេលនេះស្មើនឹង ៧០ ទៅ ៨០ ភាគរយនៃទីផ្សារជាក់ស្តែង»។
លោកបន្តថា ការធ្វើបច្ចុប្បន្នភាពទៅតាមតម្លៃទីផ្សារ គឺជារឿងចាំបាច់ ខណៈដែលតម្លៃដីនៅពេលនេះបើធៀបនឹងរយៈពេល ១០ ឆ្នាំមុនមាន ការប្រែប្រួលយ៉ាងច្រើន។
រដ្ឋាភិបាលកម្ពុជា កាលពីខែសីហា ឆ្នាំ ២០១៨ បានសម្រេចធ្វើបច្ចុប្បន្នភាពឡើងវិញនូវឧបសម្ព័ន្ធស្តីពីការបែងចែកភូមិសាស្រ្ត និងតម្លៃអចលនទ្រព្យសម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ដែលបាននិងកំពុងអនុវត្តអស់រយៈពេល ១០ ឆ្នាំកន្លងមកហើយ ដើម្បីឲ្យស្របតាមការរីកចម្រើនខាងវិស័យអចលនទ្រព្យនៅកម្ពុជានា ពេលបច្ចុប្បន្ន។
លោក កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងនៅក្នុងសិក្ខាសាលាមួយកាលពីខែមេសាថា កាលពីឆ្នាំ ២០១៨ រាជធានីភ្នំពេញ ទទួលបានចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យចំនួនប្រមាណ ៩៧ លានដុល្លារ។ ដោយឡែកនៅក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០១៩ ការប្រមូលចំណូលពន្ធនេះ បានចំនួនប្រមាណ ២៤ លានដុល្លារ៕ LA
No comments :
Post a Comment