ស្ថិតនៅលើផ្ទៃដីដ៏ធំធេងប្រមាណ ៤២ ហិកតា នៅក្នុងភូមិ និងឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ចេញដំណើរពីទីរួមខេត្ត ដោយរថយន្តចំណាយពេលចន្លោះពី ៣៥ ទៅ ៤៥ នាទី នឹងមកដល់កសិដ្ឋានសរីរាង្គស្វាយចេក ដែលមានដីអំណោយផលល្អនៃការដាំដុះបន្លែ និងផ្លែឈើតែម្តង។
បច្ចុប្បន្ន កសិដ្ឋាន នេះ ហាក់កំពុងតែចាប់ផ្តើមទាក់ទាញចំណាប់អារម្មណ៍ ក្រុមទេសចរនៅក្រៅស្រុក មកទស្សនាកម្សាន្តមួយៗជាបណ្តើរៗ ហើយ។
លោក សឹង សុជា សមាជិកនៃក្រុមអ្នកមើលថែទាំនៅកសិដ្ឋានសរីរាង្គស្វាយចេក និងជាអ្នកបកប្រែភាសាជប៉ុន បានរៀបរាប់ពីការកកើតកសិដ្ឋាននេះថា៖ «ចាប់ពីឆ្នាំ ២០១៤ មក ទីនេះគឺជាតំបន់ព្រៃ ហើយមានដំណាំជាចម្បងតែស្វាយ និងចេកប៉ុណ្ណោះ មានផ្ទៃដីសរុបទំហំប្រមាណ ៤២ ហិកតា ឯណោះ។ លុះដល់ឆ្នាំ ២០១៥ ក៏មានការឆ្ការដីសម្រាប់ចម្ការម្នាស់ ខណៈឆ្នាំ ២០១៦ ស្ត្រីជនជាតិជប៉ុន ដែលអតីតជាម្ចាស់នៃកសិដ្ឋានគោកគគីរ ខេត្តសៀមរាបដែរ លោកស្រី ក៏បាននាំយកប្រភេទបន្លែ និងផ្លែឈើជាច្រើនមុខមកដាំនៅកសិដ្ឋាននេះ»។
លោកបន្តថា៖ «បច្ចុប្បន្ននេះមានចម្ការចេក ស្វាយ ម្នាស់ សួនបន្លែត្រកួន ស្ពៃ ខាត់ណាដែលអាចឲ្យផលល្អសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងសម្រាប់ឲ្យភ្ញៀវទទួលទានតាមរដូវកាលហើយ។ ឯប្រភេទបន្លែ និង ផ្លែឈើផ្សេងៗទៀត កសិដ្ឋានយើងពុំទាន់បានជោគជ័យលើការដាំដុះនៅឡើយទេ មកពីកត្តាដី និងកត្តាអាកាសធាតុ គឺជាឧបសគ្គធំ ហើយកសិដ្ឋានយើងក៏កំពុងតែដោះស្រាយលើបញ្ហាឧបសគ្គទាំងនោះដែរ»។
ទោះបីជាទីសម្រាប់ដាំដំណាំបន្លែ និងផ្លែឈើមែនក្តី ក៏កសិដ្ឋានសរីរាង្គស្វាយចេក ជាទីសម្រាប់លំហែកាយរបស់ភ្ញៀវទេសចរ ដែលនិយមដំណើរកម្សាន្តតាមចម្ការបន្លែ និងផ្លែ ឈើមានច្រើនកន្លែង នៅលើផ្ទៃ-ដីដ៏ធំល្វឹងល្វើយនេះផងដែរ។ ខណៈសេវាកម្មទទួលភ្ញៀវចូលទស្សនា ហាក់បានចាប់ផ្តើមស្វាគមន៍ទេសចរនៅក្រៅស្រុក មុនអ្នកក្នុងស្រុក បានមួយៗជាបណ្តើរៗ ចាប់ពីពាក់កណ្តាលឆ្នាំ ២០១៨ នេះមកហើយ។
លោក សឹង សុជា បញ្ជាក់ដែរថា៖ «យើងពុំទាន់រៀបចំឲ្យជាសេវាកម្មដែលពេញលេញសម្រាប់ភ្ញៀវនៅឡើយទេ គ្រាន់តែកាលពីដំបូង ម្ចាស់កសិដ្ឋាន បានណែនាំក្រុមភ្ញៀវជប៉ុនដូចគាត់បែបជាដំណើរជិះកង់ឬដើរគយគន់ទីចម្ការ និងអាចទទួលទានបន្លែ ផ្លែឈើ ដែលមាននៅទីនេះ។ ពាក់កណ្តាលខែធ្នូ ខាងមុខមានការកក់ទុកដោយភ្ញៀវជប៉ុនជិត ១០ នាក់ មកកម្សាន្តផងដែរ តែយើងនៅមិនទាន់មានកន្លែងស្នាក់នៅសម្រាប់ភ្ញៀវទេ គឺគ្រាន់តែមានជាការទទួលធ្វើម្ហូបតាមបែបអ្នកភូមិតែប៉ុណ្ណោះ ប្រសិនបើភ្ញៀវចង់កុម្ម៉ង់ម្ហូបអាហារនោះ»៕
No comments :
Post a Comment