ក្រុងសៀមរាបៈ បើទោះបីជា ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីប្រាសាទបឹងមាលា មែនក្តី តែសង្កេតឃើញថា ក្រុមទេសចរជាតិ ដែលនិយមដើរទស្សនាកម្សាន្តតំបន់ប្រាសាទបុរាណនានា នៅខេត្តសៀមរាប ច្រើនតែទៅហួសមកហួសប្រាសាទតូចមួយចម្ងាយជាង ២ គីឡូម៉ែត្រ គឺប្រាសាទជ្រៃ។
បើតាមសម្តីរៀបរាប់ពីប្រជាពលរដ្ឋ ដែលជាអ្នកមើលការ-សម្អាតព្រៃ ឬស្មៅនៅប្រាសាទជ្រៃ ខណៈខ្លះប្រដាប់ដោយសម្ភារ ខ្វែវ សម្រាប់កាប់ត្រាយព្រៃតូចៗ ដែលដុះជ្រៀតបិទផ្លូវដើរ និងបរិវេណជុំវិញប្រាសាទ តាំងពីជាន់ក្រោមដល់ជាន់លើ ក្នុងចំណោមមនុស្ស ៥-៦ នាក់ ពោលព្រមគ្នាឡើងថា៖ «ប្រាសាទនេះ ជាអតីតមន្ទីរពេទ្យមួយក្នុងសម័យស្តេចជ័យវរ្ម័នទី ៧ តែមិនសម្បូរភ្ញៀវទេសចរមកទស្សនានោះទេ! មិនដឹងថា មកពីមូលហេតុអ្វី ឬគេមិនសូវស្គាល់ទេដឹង?»។
ប្រាសាទជ្រៃ មានទីតាំងនៅភូមិ និងឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប គឺមានចម្ងាយ ហួសពីប្រាសាទបឹងមាលាទៅប្រមាណ ២-៣ គីឡូម៉ែត្រ ឬចម្ងាយជិត ៨០ គីឡូម៉ែត្រ ចេញពីទីរួមខេត្តសៀមរាប មកនោះ។
បើតាមទិដ្ឋភាពជាក់ស្តែងរូបរាងនៃប្រាសាទជ្រៃ កំពុងតែរងនូវភាពចាស់ទ្រុឌទ្រោមខ្លាំង និងផ្នែកខ្លះនៃប្រាសាទក៏ត្រូវរបេះធ្លាក់ផ្ទាំងថ្មគរលើគ្នា សឹងតែបាត់បង់អស់ទ្រង់ទ្រាយដើមផងដែរ ខណៈប្រាសាទនេះ ស្ថិតនៅលើដងផ្លូវបុរាណ នៃតំបន់ប្រាសាទសំខាន់ក្នុងខេត្តសៀមរាប មានដូចជាប្រាសាទបឹងមាលា ប្រាសាទកោះកេរ និងប្រាសាទព្រះខ័នកំពង់ស្វាយ ជាដើម។
តែយ៉ាងណាការសនិ្នដ្ឋានថា ប្រាសាទជ្រៃ គឺអតីតជាមន្ទីរពេទ្យមួយនៅក្នុងសម័យស្តេចជ័យវរ្ម័នទី ៧ នោះហាក់នៅមានភាពមិនទាន់ស្របគំនិតគ្នាទាំងស្រុងនៅឡើយទេ។
លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បង្ហើបប្រាប់ព័ត៌មានទាក់ទងប្រាសាទជ្រៃនេះថា៖ «បើតាមឯកសារ ប្រាសាទជ្រៃ អតីតជាមន្ទីរពេទ្យមួយ នាសម័យបុរាណ នៃរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ នៅចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣»។
ដោយឡែកបើតាមប្រសា-សន៍លោកសាស្ត្រាចារ្យបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាសាស្ត្រាចារ្យបុរាណវិទ្យា នោះលោកពុំទាន់ហ៊ានសន្និដ្ឋានឲ្យច្បាស់នៅឡើយទេថា ប្រាសាទជ្រៃនេះ គឺពិតជាមន្ទីរពេទ្យបុរាណ មែន ឬយ៉ាងណា ខណៈរជ្ជកាលស្តេចគឺមានលក្ខណៈស្របគ្នាទៅនឹងការអះអាងរបស់ប្រធាននាយកដ្ឋានខាងលើដែរ។
សាស្ត្រាចារ្យបណ្ឌិត ធុយចាន់ធួន បង្ហើបបញ្ជាក់ខណៈពេលលោកក៏ជិតធ្វើបទបង្ហាញការស្រាវជ្រាវពីទីតាំងអតីតប្រាសាទនានាជាមន្ទីរពេទ្យសម័យបុរាណនាចុងខែវិច្ឆិកានេះដែរថា៖ «បើតាមបទពិសោធខ្លួនខ្ញុំបានទៅលេង ដល់ប្រាសាទជ្រៃ កាលពីឆ្នាំ ២០១៦ ហើយបានពិនិត្យមើលទៅលើទីតាំង និងថ្មនៃប្រាសាទនោះគឺអាចទាញយកការសន្និដ្ឋានបានខ្លះថា អាចជាមន្ទីរពេទ្យបុរាណសម័យស្តេចជ័យវរ្ម័នទី ៧ មែន។ ការសន្និដ្ឋាន ដោយយោងតាមរចនាសម្ព័ន្ធនៃទីតាំងគឺភាគច្រើនសំណង់ប្រាសាទតូចៗ ដែលស្ថិតនៅដងផ្លូវបុរាណនៃប្រាសាទធំនោះគឺភាគច្រើនជាបណ្ណាល័យ ឬជាមន្ទីរពេទ្យ»។
ឯដំណឹងថា ប្រាសាទនេះ បែរជាខ្សត់ភ្ញៀវទេសចរមកទស្សនា បើទោះបីជានៅក្បែរប្រាសាទបឹងមាលា និងស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់ តំបន់ប្រាសាទសំខាន់នានាដូចជា ប្រាសាទកោះកេរ និងប្រាសាទព្រះខ័នកំពង់ស្វាយ នោះក៏ត្រូវបានលោក ឈាន រដ្ឋា បញ្ជាក់ថា៖ «តាមពិតទៅ ក្រុមភ្ញៀវមកទស្សនាតំបន់ប្រាសាទទាំងឡាយ គឺមានច្រើនប្រភេទខុសៗគ្នា។ ភ្ញៀវដែលចូលមកទស្សនាប្រាសាទជ្រៃនេះច្រើនតែជាភ្ញៀវជាអ្នកស្រាវជ្រាវ ហើយជាជនបរទេសទៀតផង»៕
No comments :
Post a Comment