Monday, June 3, 2019
ឪពុកម្ដាយក្រីក្រដែលមានលទ្ធភាព គួរហ៊ានខ្ចីលុយវិនិយោគលើការអប់រំកូនៗ
ក្រុមនិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញកន្លងមក។ |
នៅស្រុកខ្មែរបើសួរពីជីវភាពរបស់ពលរដ្ឋទូទៅគឺឆ្លើយតបភ្លាមថា មានជីវភាពក្រីក្រ តែបើមើលនៅតាមភូមិវិញដូចជាមិនសូវឃើញមានអង្គការឬក៏ស្ថាប័នណាចុះមកអភិវឌ្ឍក្នុងសហគមន៍ឡើយ ប៉ុន្តែអ្វីដែលលេចធ្លោ បែរជាឃើញភ្នាក់ងារធនាគារនិងមីក្រូហិរញ្ញវត្ថុមកបញ្ចុះបញ្ចូលពលរដ្ឋឲ្យខ្ចីលុយរបស់ខ្លួនយ៉ាងព្រោងព្រាតទៅវិញ។
ម្យ៉ាងវិញទៀតប្រសិនបើមើលទៅលើកម្ចីវិញនរណាៗក៏ជំពាក់ធនាគារឬក៏មីក្រូហិរញ្ញវត្ថុដែរ មិនថាអ្នកនៅទីក្រុង ឬក៏ជនបទនោះទេ គ្រាន់តែតិចឬក៏ច្រើនប៉ុណ្ណោះ។ កម្ចីមួយចំនួនដែលយកមកបំពេញបន្ថែមនូវគ្រាប់ពូជរបរកសិកម្មឬក៏ពង្រីកមុខរបររកស៊ី វាជាការល្អណាស់ ព្រោះដើម្បីបំពេញតម្រូវការចាំបាច់។ តែផ្ទុយទៅវិញ មានកម្ចីជាច្រើនគឺជាការបង្ហាញសាច់ដុំអួតដាក់គ្នាដោយយកមកសង់ផ្ទះធំៗ ឬក៏ទិញសម្ភារទំនើបៗមិនចាំបាច់មួយចំនួនដូចជា រថយន្ត ម៉ូតូ ទូរស័ព្ទស្មាតហ្វូន និងការរៀបចំធ្វើបុណ្យទាន រៀបការធំៗ និងពិធីជប់លៀង ជាដើម។និយាយឲ្យចំគឺដូចជាចង់សម្ញែងដាក់គ្នាក្នុងភូមិធ្វើយ៉ាងណាឲ្យគេមកឃើញថា ខ្លួនមានសម្ភារទំនើបៗ និងរៀបចំពិធីធំដុំ បើទោះបីជាខ្ចីលុយពីធនាគារ ឬក៏មីក្រូហិរញ្ញវត្ថុក៏ដោយ។
ដោយឡែកចំពោះកម្ចីសម្រាប់ការអភិវឌ្ឍការសិក្សាកូនៗឬក៏ការបង់ធានារ៉ាប់រងឲ្យកូនៗវិញគឺឪពុកម្តាយក្រីក្រ ដែលមានលទ្ធភាពខ្លះ មិនត្រឹមតែតឹងទេគឺថែមទាំងមិនយកចិត្តទុកដាក់តែម្តង ព្រោះប្រើរយៈពេលយូរ ហើយគ្មានជំនឿ និងការអត់ធ្មត់ ក៏ដូចជាក្តីសង្ឃឹមរយៈពេលវែងនោះទេ។ ជារួមគឺពលរដ្ឋធ្វើអ្វីៗចង់បានលុយភ្លាម ដើម្បីបំពេញតម្រូវការចាំបាច់ផង តម្រូវការប្រកួតប្រជែងនៅស្រុកភូមិផង អ៊ីចឹងហើយបាននាំគ្នាសុខចិត្តចំណាកស្រុកមករាជធានីភ្នំពេញឬទៅក្រៅប្រទេសដើម្បីរកការងារធ្វើដោយកម្លាំងតែមិនមែនប្រភេទកម្មករជំនាញនោះទេ បើទោះបីជាដឹងថាទៅបរទេសមានការលំបាកទាំងផ្លូវកាយ ផ្លូវចិត្ត និងពេលខ្លះធ្លាក់ខ្លួនប្រើប្រាស់គ្រឿងញៀនផងក៏ដោយ។
គោលបំណងធំនៃដំណើរចំណាកស្រុកនេះ គឺដើម្បីរកលុយមកសងបំណុលផង មកផ្គត់ផ្គង់គ្រួសារផងនិងការបង្ហាញភាពហ៊ឺហានៅស្រុកភូមិផងហើយមានពលរដ្ឋខ្លះធ្វើចំណាកស្រុកទាំងគ្រួសារក៏មានដែរ។ ជាលទ្ធផលគឺកូនៗរបស់ពួកគេមិនបានរៀនសូត្រទេ ហើយដំណើរជីវិតគឺដូចឪពុកម្តាយរបស់គេដដែលដោយគ្មានអ្វីផ្លាស់ប្តូរឡើយ។ រីឯអ្នកខ្លះទៀតធ្វើចំណាកស្រុក ១ ឆ្នាំ ទើបបានមកស្រុកជួបមុខប្រពន្ធកូនម្តងដែលមើលទៅហាក់បីដូចជាគ្មានភាពកក់ក្តៅទេ។ ចំពោះអ្នកខ្លះធ្វើចំណាកស្រុកបានរាប់ឆ្នាំឃើញមានផ្ទះនៅភូមិស្អាត តែគ្មានមនុស្សរស់នៅបន្ទាប់ពីខ្ចីលុយពីធនាគារមកសង់ផ្ទះប្រកួតប្រជែងគ្នារួចខ្វះលុយសងហើយពេលការប្រាក់កើនឡើងខ្ពស់សមាជិកគ្រួសារក៏សម្រេចចិត្តធ្វើចំណាកស្រុកបន្តកន្ទុយគ្នាបន្ថែមទៀត។
នេះក៏ដោយសារតែយុវជនខ្លះមិនបានរៀនជ្រៅជ្រះ និងមិនមានជំនាញពិតប្រាកដ ហើយឪពុកម្តាយមិនបានជំរុញខ្លាំងទៅលើការអប់រំដែលជាផ្នែកមួយធ្វើឲ្យពួកគេធ្លាក់ខ្លួនដើរលេងប៉ោឡែ បងធំ បងតូច និងការប្រើប្រាស់គ្រឿងញៀន។
កន្លងមក រាជរដ្ឋាភិបាលធ្លាប់លើកឡើងពីកង្វះធនធានមនុស្ស ជាពិសេសកម្មករជំនាញ នៅពេលវិនិយោគិនមកដាក់វិនិយោគនៅស្រុកខ្មែរហើយបែរជាខ្វះធនធានអ្នកបច្ចេកទេសទៅវិញ។ នេះជាបញ្ហាដ៏ធំមួយដែរនាពេលបច្ចុប្បន្ននេះ។ ឧទាហរណ៍ថា នៅពេលអ្នកជំនាញបច្ចេកទេសចិនដែលជាមេកន្រៃ្តកាត់ក្រណាត់ឲ្យចេញទៅជារាងខោអាវនៅពេលពួកគេចេញទៅគឺខ្មែរយើងអាចធ្វើបានជំនួសជនបរទេសនោះ។
បើទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះ មានធនាគារមួយចំនួនតូចបានប្រឹងប្រែងសហការជាមួយសាកលវិទ្យាល័យមួយចំនួនដើម្បីលើកកម្ពស់ការអប់រំតាមរយៈកម្ចីឥណទានមានអត្រាការប្រាក់តិចក៏ដោយក៏នៅតែពិបាកនឹងរកអតិថិជនដែលជាឪពុកម្តាយនិស្សិតចង់ឲ្យបន្តការសិក្សាតាមរយៈកម្ចីនេះដែរ។
ធនាគារដែលធ្លាប់ឲ្យកម្ចីដល់និស្សិតបន្តការសិក្សា មានដូចជា Vision Fund ក្រេឌីត និងអេស៊ីលីដាជាដើម។ ម្យ៉ាងក្រសួងអប់រំក៏ធ្លាប់មានផែនការក្នុងសម្របសម្រួលរឿងកម្ចីលុយដើម្បីផ្តល់ឱកាសដល់និស្សិតដើម្បីសិក្សាថ្នាក់ឧត្តមសិក្សា និងថ្នាក់បច្ចេកទេសជំនាញបើទោះបីជាពួកគេប្រឡងធ្លាក់បាក់ឌុបក៏ដោយគឺអាចរៀនជំនាញបែបកម្មករជំនាញ តែផែនការនេះក៏ស្ងប់ស្ងាត់ទៅវិញ។
សម្រាប់សាកលវិទ្យាល័យនៅប្រទេសកម្ពុជាគឺរាជរដ្ឋាភិបាលផ្តល់អាហារូបករណ៍រួចស្រេចហើយឲ្យតែប្រឡងជាប់។
តែសម្រាប់អ្នកប្រឡងធ្លាក់វិញក៏នៅមានឱកាសបន្តការសិក្សានៅសាកលវិទ្យាល័យឯកជនផងដែរគឺតាមរយៈឪពុកម្តាយមានលទ្ធភាព គឺបង់លុយរៀនសាលាឯកជនបាន ហើយបើគ្រួសារក្រីក្រខ្វះខាតខ្លះអាចខ្ចីលុយពីធនគារបានឲ្យតែមានចិត្តចង់ឲ្យកូនបន្តការសិក្សាពិតប្រាកដ។
កាលពីឆ្នាំ ២០១១ ធនាគារពិភពលោកនិងរាជរដ្ឋាភិបាលតាមរយៈអគ្គនាយកដ្ឋានឧត្តមសិក្សាបានផ្តល់អាហារូបករណ៍ដល់និស្សិតក្រីក្របំផុត ១ ០០០ នាក់ ដើម្បីសិក្សានៅថ្នាក់បរិញ្ញាបត្ររយៈពេល ៤ ឆ្នាំផងដែរ។ តែបញ្ហាកម្ចីក្រសួងអប់រំមិនបានចេញជាគោលការណ៍ណែនាំសម្រាប់ដំណោះស្រាយជាក់លាក់ជាមួយធនាគារនិងមីក្រូហិរញ្ញវត្ថុដូចជា កម្ចី ១០០ ភាគរយ,កម្ចី ៧៥ ភាគរយ, កម្ចី ៥០ ភាគរយ នៃថ្លៃបង់សាលាក្នុងំ ១ ឆ្នាំៗ នៅឡើយទេ។
បើតាមបទពិសោធនៅសហរដ្ឋអាមេរិកដែលខ្ញុំជួបពិភាក្សាជាមួយអ្នកជំនាញអប់រំគេបានលើកឡើងថា រដ្ឋបានចេញគោលការណ៍ដល់និស្សិតក្រីក្រឲ្យខ្ចីលុយសម្រាប់បន្តការសិក្សាតាមរយៈសហការជាមួយសាកលវិទ្យាល័យដែលបានជ្រើសរើសហើយប្រឡងជាប់។ពោលគឺរដ្ឋាភិបាលបានផ្តល់ឱកាសឲ្យនិស្សិតបានរៀន ដូចជាត្រូវបង់ទៅតាមប្រភេទកម្ចី ដូចជា ១០០ ភាគរយ ៧៥ ភាគរយ និង ៥០ ភាគរយ ដោយផ្តល់ឲ្យនិស្សិតសិន ដើម្បីរៀនឲ្យបានពេញលេញចប់បរិញ្ញាបត្រ។
លុះពេលនិស្សិតនោះបានការងារធ្វើគឺពួកគេចាប់ផ្តើមសងរំលស់លុយដែលរដ្ឋបានបង់បន្តិចម្តងៗ រហូតដល់អស់។
សរុបសេចក្ដីមករាជរដ្ឋាភិបាលគួរតែមានផែនការលើបញ្ហាកម្ចីលុយឲ្យនិស្សិតក្រីក្រនិងលើកទឹកចិត្តឪពុកម្តាយក្រីក្រឲ្យហ៊ានកម្ចីលុយដែលមានអត្រាការប្រាក់ទាបដើម្បីកូនពួកគាត់មានឱកាសបន្តការសិក្សានៅឧត្តមសិក្សា យ៉ាងហោចណាស់ក៏បានបន្តវិទ្យាស្ថានជាតិបច្ចេកទេសកម្ពុជា (កម្ពុជា-កូរ៉េ) ឬក៏វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃដែរ។ បច្ចុប្បន្ននេះមានគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមានចំនួន ១២១ រដ្ឋមានចំនួន ៤៨ និងឯកជនមាន ៧៣។ នេះបើតាមរបាយការណ៍បូកសរុបឆ្នាំ ២០១៨។ រីឯមាតាបិតាគួរតែគិតពីអនាគតរបស់កូនរយៈពេលវែងដើម្បីឲ្យពួកគេមានការសិក្សាបច្ចេកទេសច្បាស់លាស់សម្រាប់បម្រើការទៅតាមជំនាញជាជាងទិញសម្ភារនិយមល្អៗទំយើឲ្យគាត់ តែនៅទីចុងបំផុតគាត់ដើរលេងអត់ប្រយោជន៍ឬក៏ធ្លាក់ខ្លួនធ្វើចំណាកស្រុកទៅធ្វើកម្មករនៅស្រុកគេនោះ៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment