Translate

Popular

Tuesday, June 4, 2019

Boeing រក​ឃើញ​បញ្ហា​លើ​ស្លាប​ 737 Max

No comments :
យន្តហោះ 737 Max របស់​ក្រុមហ៊ុន​ផ្សេងៗ​ចត​ទុក​ចោល​នៅ​មជ្ឈមណ្ឌល​របស់ Boeing​​។ AFP
ក្រុង​វ៉ាស៊ីនតោនៈ ក្រុមហ៊ុន Boeing ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា យន្តហោះ ​737 សម្រាប់​​ហោះហើរ​រយៈ​​ចម្ងាយ​មធ្យម​របស់​ខ្លួន​មួយ​ចំនួន​ ដែល​រួម​មាន​ទាំង​យន្តហោះ ​737 MAX 8 ​ផង​ដែរ​នោះ អាច​មាន​​បញ្ហា​កំហុស​​នៅ​លើ​​ស្លាប​យន្តហោះ ប៉ុន្តែ​​មិន​មាន​សេចក្តី​​រាយការណ៍​អំពី​​​​បញ្ហា​ហោះហើរ​ដែល​កើត​ឡើង​​ជាប់​ទាក់ទង​នឹង​កំហុស​នេះ​ទេ​។​
ក្រុមហ៊ុន​ផលិត​យន្តហោះ​​ឈាន​មុខ​គេ​របស់​​អាមេរិក​មួយ​នេះ ដែល​រង​ការ​​រង្គោះ​រង្គើ​ដោយ​វិបត្តិ​ដែល​មិន​ធ្លាប់​មាន​ បន្ទាប់​ពី​ក្រុម​យន្តហោះ 737 MAX 8 ទាំង​អស់​របស់​ខ្លួន​ត្រូវ​បាន​ហាម​ឃាត់​​មិន​ឲ្យ​ហោះ​ហើរ​កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា​ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ម៉ៅ​ការ​បន្ត​មួយ​បាន​ជូន​ដំណឹង​​​ដល់​ក្រុមហ៊ុន​របស់​ខ្លួន​ពី​បញ្ហា​កំហុស​នេះ​​ដែល​កើត​មាន​នៅ​​​ផ្នែក​មួយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​​បន្លៀន​ចេញ​ចូល​ផ្នែក leading edge របស់​ស្លាប​យន្តហោះ។​
ផ្នែក Leading edge របស់​​យន្តហោះ​នេះ​មាន​សារៈសំខាន់​ចំពោះ​ការ​ចាប់​ផ្ដើម​ហោះ​ឡើង និង​ចុះ​ចត ដោយសារ​ឧបករណ៍​នេះ​ជួយ​ក្នុង​ការ​ទាញ​របស់​ស្លាប និង​មាន​មុខងារ​ទាក់ទង​នឹង​ខ្យល់ (ឌីណាមិក​អាកាស) ​របស់​យន្តហោះ​។​
ក្រុមហ៊ុន Boeing ​បាន​ឲ្យ​ដឹង​​​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា ខ្លួន​បាន​បញ្ជូន​ព័ត៌មាន​ពី​កំហុស​នេះ​ទៅ​​ម្ចាស់​យន្តហោះ​រួចរាល់​ហើយ ដូច្នេះ​ពួក​គេ​អាច​ត្រួត​ពិនិត្យ​​ផ្នែក​ដែល​​មាន​បញ្ហា​ទាំង​នេះ។​
បើ​ប្រតិបត្តិករ​រក​ឃើញ​​ផ្នែក​ដែល​មាន​កំហុស​ទាំង​នេះ​នៅ​លើ​យន្តហោះ​របស់​​ពួក​គេ​ ពួក​គេ​គួរ​តែ​ផ្លាស់​ប្តូរ​ផ្នែក​ទាំង​នោះ​ជា​​មុន​សិន មុន​ពេល​យក​យន្តហោះ​​ទៅ​ប្រើប្រាស់​។​ នេះបើ​យោង​តាម​ក្រុមហ៊ុន​។​
អ្នក​ជំនាញ​ខាង​អាកាសចរណ៍​មួយ​រូប​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ដោយ​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា៖ «​នេះ​គឺ​ជា​ឧបករណ៍​មួយ​ដែល​ចាត់​ទុក​ថា​មាន​សារៈសំខាន់​ ដោយសារ​តែ​ប្រសិន​បើ​បន្ទះ​ Leading edge នេះ​មិន​អាច​បន្លៀន​ចេញ​​មក​ប្រកប​ដោយ​តុល្យភាព នោះ​អាច​បង្ក​ឲ្យ​មាន​ចលនា​ហោះ​ឡើង​មិន​មាន​តុល្យភាព ដែលអាច​មាន​គ្រោះថ្នាក់​ ជា​ពិសេស​នៅ​ពេល​ចាប់​ផ្ដើម​ហោះ​ឡើង និង​ពេល​ចុះ​ចត​»។​
យន្តហោះ ​737 MAX ​ត្រូវ​បាន​ហាម​ហោះហើរ​ បន្ទាប់​ពី​មនុស្ស​​ចំនួន ​៣៤៦ ​នាក់​​បាន​ស្លាប់​ ​ក្នុង​ការ​ធ្លាក់​យន្តហោះ​​ ​២ ​លើក ​​​ក្នុង​ប្រទេស ​ឥណ្ឌូនេស៊ី និង​នៅ​ប្រទេស ​អេត្យូពី​៕ AFP/LA

No comments :

Post a Comment