News

Translate

Popular

Featured Posts

Tuesday, March 31, 2020

ទីក្រុងបាសេឡូណា​ បាន​រៀបចំ​បង្កើត​មន្ទីរពេទ្យ​នៅតាម​ទីវាល អំឡុង​ការផ្ទុះ​ឡើង​នៃ​វីរុស​កូវីដ-១៩

No comments :
បរទេស)៖ អាជ្ញាធរអេស្បាញបានចាប់ផ្តើមបង្កើតមន្ទីរពេទ្យនៅតាមទីវាលរចំនួន ៤ ទីតាំងដំបូងនៅឯទីក្រុងបាសេឡូណា កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ ដើម្បីកាត់បន្ថយសម្ពាធនៃការកើនឡើងចំនួនអ្នកជម្ងឺ ដែលចាំបាច់ត្រូវការសម្រាកមន្ទីរពេទ្យក្នុងមន្ទីរពេទ្យ នាជុំវិញករណីលេចឡើងជាបន្តបន្ទាប់ នូវវីរុសជម្ងឺឆ្លងប្រភេទនេះនៅក្នុងប្រទេស។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN កន្លងទោថ្មីៗនេះ។
គ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់បណ្តោះអាសន្ន ត្រូវបានគេយកទៅផ្ទុកនៅក្នុងមន្ទីរពេទ្យរដ្ឋធំៗចំនួន ៤ ទីតាំងនៅក្នុងទីក្រុង ដែលជាអាចឲ្យអ្នកជម្ងឺស្នាក់អាស្រ័យបានរហូតជាង ៦០០នាក់ឯណោះ។ ទីតាំងទីមួយត្រូវបានឲ្យដឹងថា នឹងធ្វើការបង្កើតឡើងគឺនៅក្នុងមជ្ឈមណ្ឌលកីឡានៃក្រុង ដែលស្ថិតនៅក្បែរមន្ទីរពេទ្យវ៉លឌឺបូន។
យើងសង្កេតឃើញថា ភ្នាក់ងារគ្រប់ជាន់ថ្នាក់តាមផ្នែកផ្សេងៗដូចជា ក្រុមអ្នកពន្លត់អគ្គិភ័យរួមជាមួយបុគ្គលិកពេទ្យជាច្រើន មានសកម្មភាពមមាញឹកយ៉ាងខ្លាំង ក្នុងការរៀបចំទីតាំងថ្មីនេះ ដែលមានគម្រោងអាចនឹងចាប់ផ្ដើមដំណើរការនាសប្ដាហ៌ក្រោយនេះតទៅ៕





ចិន៖ ភ្នាក់ងារពន្លត់អគ្គិភ័យ ១៨នាក់ និងអ្នកនាំផ្លូវម្នាក់ ស្លាប់ កំឡុងប្រយុទ្ធជាមួយអណ្ដាតភ្លើងឆេះព្រៃ

No comments :
(ប៉េកាំង)៖ ភ្នាក់ងារពន្លត់អគ្គិភ័យ១៨នាក់ និងអ្នកនាំផ្លូវចូលព្រៃម្នាក់ទៀត បានបាត់បង់ជីវិត កំឡុងប្រយុទ្ធជាមួយអណ្ដាតភ្លើងឆេះព្រៃដ៏សម្បើមមួយ នៅភាគនិរតីប្រទេសចិន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានបង្ហាញរូបភាពអណ្ដាតភ្លើង និងផ្សែងយ៉ាងខ្មួលខ្មាញ់ ភាយទៅលើអាកាសចេញពីតំបន់ភ្នំ គ្របដណ្ដប់លើទីក្រុងស៊ីឆាង (Xichang) នៃខេត្តស៊ីឈួន (Sichuan) ដោយប្ដូរផ្ទៃមេឃទៅជាពណ៌ទឹកក្រូច។ ភ្លើងឆេះព្រៃ ឆាបឆេះដំបូងនៅក្បែរទីក្រុងស៊ីឆាង នៅម៉ោង៣រសៀល កាលពីថ្ងៃចន្ទម្សិលមិញ និងកំពុងបង្កការគំរាមកំហែង ដល់ប្រជាជនក្នុងទីក្រុងស៊ីឆាង។
ទន្ទឹមគ្នា អាជ្ញាធរចិន បានបញ្ជូនរថយន្ដពន្លត់អគ្គិភ័យ១៤០គ្រឿង, ឧទ្ធម្ភាគចក្រ៤គ្រឿង និងភ្នាក់ងារពន្លត់អគ្គិភ័យជិត៩០០នាក់ ឱ្យទៅចូលរួមក្នុងប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ ខណៈក្រុមងារងារសង្រ្គោះបន្ទាន់ ២,០០០នាក់ទៀត ក៏កំពុងចូលរួមក្នុងប្រតិបត្តិការជួយសង្រ្គោះ ហើយប្រជាជនច្រើនជាង១,២០០នាក់ ត្រូវបានជម្លៀសទៅកាន់កន្លែងមាន សុវត្ថិភាព។ ប៉ុន្តែ មកទល់នឹងពេលនេះ ពុំទាន់មានសេចក្ដីរាយការណ៍លម្អិតពីទំហំខូចខាតនៅឡើយទេ៕












Thursday, June 27, 2019

អ្នក​ជំនាញ​៖ កម្ពុជា​អាច​រួច​ផុតពី​ការ​ចោទ​ប្រកាន់​ពី​ក្រុម​លោក​ខាង​លិច​ថា​ លម្អៀង​ទៅ​ចិន

No comments :
លោក សួស យ៉ារ៉ា អ្នកសម្របសម្រួលក្នុងកម្មវិធីសិក្ខាសាលា។
ភ្នំពេញៈ ​​មន្ត្រី​ជំ​នាញ​និង​អ្នក​ស្រាវ​ជ្រាវ​ប្រ​មាណ​ជិត​ ១០០​ នាក់​ ចូល​រួម​សិក្ខា​សាលា​ស្ដី​ពី​ការ​វិវត្ត​នៃ​ភូមិ​សាស្ដ្រ​នយោបាយ​ និង​ការ​លេច​ឡើង​នៃ​សេដ្ឋ​កិច្ច​ឌីជី​ថល​កាល​ពី​ម្សិលមិញ​នៅ​សាល​បណ្ណា​ល័យ​ព្រឹទ្ធ​សភា​បាន​ធ្វើ​បទ​បង្ហាញ ​និង​កិច្ច​ពិភា​ក្សា​ស្ដី​​ពី​ការ​វិវត្ត​នៃ​ភូមិ​សាស្ត្រ​នយោ​បាយ​ក្នុង​ក្របខ័ណ្ឌ​គំ​និត​ផ្ដួច​ផ្ដើម​ផ្លូវ​មួយ​ខ្សែ​ក្រវាត់​មួយ​ និង​យុទ្ធ​សាស្ត្រ​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិក ​​​ក្នុង​នោះ​អ្នក​ជំនាញ​ខ្លះ ​បាន​​អះអាង​ថា​ កម្ពុជា​អាច​រួច​ផុតពី​ការ​ចោទ​ប្រកាន់​របស់​ក្រុម​ប្រទេស​លោក​ខាង​លិច​ថា​បាន​លម្អៀង​ខ្លាំង​ទៅ​រក​ចិន​ ​ប្រសិន​បើ​កម្ពុជា​អាច​ដោះ​ស្រាយ​ផលវិបាក​មួយ​ចំនួន​ដែល​កំពុង​បង្ក​ឡើង​ដោយ​សារ​គំនិត​ផ្ដួច​ផ្ដើម​ខ្សែក្រវាត់​ និង​ផ្លូវ​របស់​ចិន។
ការ​យល់​ឃើញ​នេះ​ ស្រប​ពេល​ការ​គាំ​ទ្រ​របស់​កម្ពុ​ជា​ដ​ល់​គំនិត​ខ្សែ​ក្រវាត់​ និង​ផ្លូវ​របស់​ប្រទេស​ចិន ​កំពុង​ធ្វើ​ឱ្យ​កម្ពុជា​ជួប​ផល​វិបាក​មួយ​ចំនួ​ន​ ​ដូច​ជា​បញ្ហា​បរិស្ថាន​ ​ការ​គ្រប់​គ្រង ​និង​បញ្ហា​សន្ដិសុខ។​
​លោក​ ​ឆេង​ ​គីម​ឡុង​ ​ប្រធាន​មជ្ឈ​មណ្ឌល​ន​វា​នុ​វត្តន៍​និង​ប្រជា​ធិប​តេយ្យ​អភិ​បាល​កិច្ច​នៃ​វិទ្យាស្ថាន​ចក្ខុ​វិ​ស័យ​អាស៊ាន ​(AVI)​ ​លើក​ឡើង​ថា​ កម្ពុជា​ត្រូវ​បាន​គេ​រិះគន់​ថា ​សុខ​ចិត្ត​ល​ម្អៀ​ង​ទៅ​រក​ចិន​ដើម្បី​​ទទួល​បាន​ផលប្រយោជន៍​ពី​គំនិត​ផ្ដួច​ផ្ដើម​ខ្សែ​ក្រវាត់ ​និង​ផ្លូវ​របស់​ប្រទេស​ ចិន​ ហើយ​មិនគិត​អំពី​ផល​អវិជ្ជ​មាន​មួយ​ចំនួន​ដែល​កំពុង​បង្ក​ឡើង​ដោយ​សារ​គម្រោង​នេះ​ ដែល​លោក​ថា រដ្ឋា​ភិ​បាល​កម្ពុ​ជា​ត្រូវ​បន្ថែម​ការ​គិត​គូរ​ឲ្យ​បាន​ខ្លាំងក្លា​ជាង​មុន​ ដើម្បី​ដោះស្រាយ​ផល​វិបាក​ទាំង​នោះ។​
លោ​ក​ គីម​ឡុង​ ថ្លែង​ថា៖ «​​មាន​ការ​ចោទ​ប្រកាន់​រិះគន់​ទៅ​ផល​វិបាក​លើ​បរិស្ថាន​ ការ​គ្រប់​គ្រង ហើយ​សន្ដិ​សុខ​ ​ប៉ុន្តែ​ខ្ញុំ​គិត​ថា​ នៅ​យុទ្ធ​សាស្ដ្រ​បន្ត​ទៀត​ ដែល​រដ្ឋាភិ​បាល​ត្រូវតែ​គិត​គូរ​ឲ្យ​​គត់​មត់ ​និង​ស្រួច​ស្រាល់​ ដើម្បី​កាត់​បន្ថយ​ផលវិបាក​ទាំង​អស់​នោះ ​ហើយ​កាត់បន្ថយ​ផល​វិបាក​ទាំង​អស់​នោះ​ យើង​អាច​រួច​ផុតពី​ការ​ចោទ​ប្រកាន់​ពី​លោក​ខាង​លិច​ ថា​យើង​ងាក​ទៅ​ចិន​ដើម្បី​បាន​តែ​ផល​ប្រ​យោជន៍​ពី​ចិន​ ​ហើយ​មិន​គិត​អំពី​ផល​អវិជ្ជមាន​នៃ​គម្រោង»។​
​ប្រទេស​ជាង​ ៧០​ ហើយ​នៅ​ក្នុង​ពិភព​លោក​ បាន​គាំ​ទ្រ​គំនិត​ផ្ដួច​ផ្ដើម​ខ្សែ​ក្រវាត់​ និង​ផ្លូវ​របស់​ប្រទេស​ចិន​ដែល​បាន​ប្រកាស​ឡើង​តាំង​ពី​ឆ្នាំ​ ២០១៣។ ​ប៉ុន្តែ​គម្រោង​ដ៏មហិ​ច្ឆតា​របស់​ប្រទេស​ ចិន​ ដែល​ផ្ដោត​លើ​ការ​ផ្ដល់​ប្រាក់​កម្ចី​សម្រាប់​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​នេះ​ ត្រូវ​បាន​គេ​ព្រួយ​បារម្ភ​ថា​ នឹង​ធ្វើ​ឱ្យ​ប្រទេស​មួយ​ចំនួន​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​បំណុល​របស់​ប្រទេស​ ចិន។​
​ទោះ​ជា​យ៉ាង​ណា​កាល​ពី​ចុង​ខែ​មេសា ​នៅ​ក្នុង​វេទិកា ​«ខ្សែក្រវាត់​និង​ផ្លូវ»​ លើក​ទី២ នៅ​ក្នុ​ង​ប្រទេស​ ចិន​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន​ ​សែន​ បាន​អះអាង​ថា​ កម្ពុជា​នឹង​មិន​ធ្លាក់​ចូល​ក្នុង​អន្ទាក់​បំណុល​របស់​ប្រទេស​ ចិន ​ឡើយ​ ដោយ​សារ​កម្ពុជា​ជា​ប្រទេស​ឯក​រាជ្យ​ មាន​អធិប​តេយ្យ​ភាព​ ហើយ​កម្ពុ​ជា​នឹង​ជ្រើស​រើស​យក​គម្រោង​ណា​ដែល​ចាំ​បាច់​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ។​
​ភ្នំ​ពេញ​ប៉ុស្ដិ៍​មិន​អាច​ទាក់​ទង​សុំ​ការ​លើក​ឡើង​ជុំវិញ​បញ្ហា​នេះ​ពី​លោក ​មាស​ នី​ អ្នក​វិភាគ​នយោ​បាយ​បាន​ទេ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ដោយ​សារ​លោក​មិន​លើក​ទូរស័ព្ទ។​ ​
​លោក​ ​គិ​ន ​ភា​ ​ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​យល់​ថា ទោះ​បី​ជា​កម្ពុជា​ខំប្រឹង​ធ្វើ​ល្អ​យ៉ាង​ណា​ក៏​ដោយ​ ក៏​មិន​អាច​គេច​ផុត​ពី​ការ​ចោទ​ប្រកាន់​ពី​ក្រុម​ប្រទេស​លោក​ខាង​លិច​ឡើយ​ ​ព្រោះ​លោក​ថា ​ការ​ចោទ​ថា​កម្ពុជា​លម្អៀង​ទៅ​ចិន​ មិន​មែន​ដោយ​សារ​រឿង​អ​សន្ដិ​សុខ ​សណ្ដាប់​ធ្នាប់​ ​ឬ​បរិស្ថាន​ឡើយ​ ប៉ុន្តែ​ដោយ​សារ​ចិន​និង​សហ​រដ្ឋ​អាមេរិក កំពុង​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​និង​ពិភពលោក។​
លោក ភា ថ្លែង​​​ថា៖ ​«​ពី​ព្រោះ​ឥឡូវ​នេះ​យើង​ឃើញ​ថា ​ចិន​កំពុង​ធ្វើ​ដំ​ណើរ​យ៉ាង​លឿន​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ឥទ្ធិពល​ទាំង​នយោបាយ​​និង​សេដ្ឋ​កិច្ច​ ហើយ​ជា​ប្រទេស​ធំ​ទី២​ ខាង​សេដ្ឋ​កិច្ច​បន្ទាប់​ពី​សហរ​ដ្ឋ​អា​មេរិក​ ​អ៊ី​ចឹង​សហ​រដ្ឋ​អាមេ​រិក​បារម្ភ​ណាស់​រឿង​នេះ​ ហើយ​បើ​និយាយ​ដល់​លោក​ខា​ង​លិច​ ​គឺ​សហ​រដ្ឋ​អា​មេរិក​ជា​បង​ធំ​ឬ​ជា​អ្នក​បោះ​មេ​នេះឯង»។​
​លោក​ ​ហ៊ុន ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​កាល​ពីពេល​ថ្មីៗ​កន្លង​មក​បាន​ប្រកាស​ថ្កោល​ទោស​​ចំពោះ​អ្នក​រិះគន់​អ្នក​វិនិ​យោ​គ​ចិន​នៅ​កម្ពុជា​ ​ដោយ​លោក​បាន​ឆ្លើយ​តប​ទៅ​កាន់​ក្រុម​អ្នក​រិះ​គន់​ទាំង​នោះ​ថា​ អ្ន​ក​វិនិ​យោគ​ចិន​ មិន​បាន​មក​ដាក់​អាណានិគម​មក​លើ​កម្ពុជា​ឡើយ ​ប៉ុន្តែ​វា​ជា​ភ​ព្វ​សំណាង​ទៅ​វិញ​ទេ ​ដែល​កម្ពុជា​ទទួល​បាន​អ្នក​វិនិយោគ​ពី​ប្រទេស​នេះ ​ពីព្រោះ​ប្រទេស​នៅ​ក្នុង​ពិភពលោក​ ​កំពុង​ទាក់​ទាញ​ចង់​បាន​អ្នក​វិនិយោគ ​និង​អ្នក​ទេសចរ​ចិន៕​

៦ ខែ គ្រុនឈាម​កើត​ជាង ១ ម៉ឺន​ករណី ខណៈ​ក្រសួង​ត្រៀម​ទប់ទល់

No comments :
កុមារកំពុង​ត្រូវ​បានព្យាបាល​ជំងឺ​គ្រុនឈាម​ នៅ​មន្ទីរពេទ្យ​កុមារជាតិ​ កាលពីថ្ងៃម្សិលមិញ​​​​។
ភ្នំពេញ: រយៈ​ពេល ​៦ ​ខែ​ក្នុង​ឆ្នាំ​​នេះ ជំ​ងឺ​គ្រុន​ឈាម​បាន​កើត​ឡើង​ជាង​ ១ ​ម៉ឺន​ករណី​ ក្នុង​នោះ​មាន​មនុស្ស​ស្លាប់ចំនួន​ ២៤ ​នាក់​ ដែល​ជាកា​រ​កើន​ឡើង​ ៥ ​ដង​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ ដែល​មា​ន​មនុស្ស​ស្លាប់​ត្រឹម​តែ ៧​ នាក់​ប៉ុណ្ណោះ​ ប៉ុន្ដែ​មន្ត្រី​បាន​អះអាង​ថា ក្រសួង​សុខាភិ​បាល​បាន​ត្រៀម​ខ្លួន​ទប់ទល់​រួចរាល់​​ហើយ។
ការ​បង្ហាញ​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​សន្និ​សីទ​សា​រព័ត៌​មាន​មួយ​កាល​ពី​ម្សិល​មិញ​ស្តីពី​ «ស្ថានភាព​ជំងឺ​គ្រុន​ឈាម​នា​ពេល​បច្ចុប្បន្ន»​ ដើម្បី​បង្ហាញ​ពី​ស្ថាន​ភាព​ជាក់ស្តែង​នៃជំងឺ​នេះ​ ចំណាត់​ការ​ឆ្លើយតប​ បញ្ហា​ប្រឈម ​និង​ការ​ចែក​រំលែក​បទ​ពិសោធ​​ពី​មន្ទីរ​ពេទ្យ​កុមារ​ជាតិ ដែល​រៀប​ចំ​ឡើង​ដោយ​លោក ផៃ ស៊ី​ផាន អ្នក​នាំ​ពាក្យ​រដ្ឋា​ភិ​បាល ​និង​មាន​វា​គ្មិន​ពី​តំ​ណាង​ក្រ​សួ​ង​សុ​ខាភិ​បាល​ តំណាង​មន្ទីរ​ពេទ្យ​កុមារ​ជាតិ និង​តំណាង​លោកស្រី ​ហ៊ុន​ ម៉ា​ណា​ ព្រម​ទាំង​មាន​ក្រុម​គ្រូពេទ្យ​ប្រ​មាណ​ជិត​​​ ១០០ ​នាក់​ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ។
លោក​វេជ្ជ​បណ្ឌិត ​ហ៊ុយ រ៉េ​កុល ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ ប៉ារ៉ា​ស៊ីត​សាស្ដ្រ និង​បា​ណក​សា​ស្ដ្រ​នៃ​ក្រសួង​សុខាភិ​បាល​បាន​ថ្លែង​ថា ​ស្ថាន​ភាព​ជំងឺ​គ្រុន​ឈាម​នៅ​ក្នុងឆ្នាំ ២០១៩​ ​គិត​ត្រឹម​ចុង​សប្ដាហ៍​នេះ​ បាន​កើត​ឡើ​ង​​ចំនួន​ ១៣ ​០០០​ ករណី​។ ក្នុង​នោះ​មាន​មនុស្ស​ចំនួន ២៤ ​នាក់ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ ដោយសារ​ស្ថាន​ភាព​អ្នក​ជំងឺ​ធ្ងន់​ធ្ងរ​ខ្លាំង ហើយ​បាន​មក​រក​ពេទ្យ​ជំនាញ​យឺត​ពេលវេលា។
លោកបាន​បន្ត​ថា បើ​ប្រៀប​ធៀប​នៅ​ឆ្នាំ​ ២០​១៨​ គេ​សង្កេត​ឃើញ​ថា​ ជំងឺ​គ្រុន​ឈាម​កើន​ឡើង​ចំនួន ៥ ដង ខណៈ​នៅ​ឆ្នាំ ២០១៨​ មាន​មនុស្ស​ស្លាប់​តែ ៧ នាក់​ប៉ុណ្ណោះ។ ជំងឺ​គ្រុន​ឈាម​នៅ​កម្ពុជា ​មិន​មែន​មាន​ន័យ​ថា កើត​ឡើង​នៅ​ពេញ​ផ្ទៃ​​ប្រ​ទេស​ទេ តែវា​កើត​ឡើង​តាម​តំបន់​ដែល​សើម​ហើយ​ស្ងួត​ខ្លាំង​ជាង​គេ។
លោក​បញ្ជាក់​ថា៖ ​«រាល់​អ្នក​ជំងឺ​ដែល​បាន​មក​ទទួល​សេវា​ពិនិត្យ ​ពិគ្រោះ​ជំងឺ ថែទាំ​ជំងឺ និង​ព្យា​បាល​ទាន់​ពេលវេ​លា គឺ​ឈឺ​ត្រឹម​តែ ២៤ ​ម៉ោង បន្ទាប់​ពី​អ្នក​ជំងឺ​ក្ដៅ​ខ្លួន ​ហើយ​ចូល​មក​ដល់​មន្ទីរ​ពេទ្យ​ជំនាញ​ទាន់​ពេល គឺ​មិន​មាន​អ្នកស្លាប់​ទេ។ អ៊ីចឹង​អ្នក​ទាំង ២៤​ ដែល​ស្លាប់​នោះ​ សុទ្ធតែ​ចូល​មក​មន្ទីរ​ពេទ្យ​ខណៈ​កំពុង​ធ្ងន់​ធ្ងរ​ខ្លាំង មាន​ន័យ​ថា វា​ជ្រុល​ពេល​ទៅ​ហើយ »។
លោក ផៃ ស៊ីផាន (ឆ្វេង) និងមន្ត្រី ក្នុងពិធីកាលពីម្សិលមិញ​​។ 
លោក​បន្ថែម​ថា មូលហេតុ​ដែល​ជំងឺ​គ្រុន​ឈាម​មាន​ការ​កើន​ឡើង​នេះព្រោះ​វា​ជា​វដ្ដ​តូច​ចាប់​ពី​ ៥ ឬ ៦ ឆ្នាំ​ម្ដង​ បណ្ដា​ល​មក​ពី​​អា​កាសធាតុ​ប្រែ​ប្រួល​ខ្លាំង ប្រសិនបើ​ទឹកភ្លៀង​ធ្លាក់​លើដី​ឡើង​ដល់ ១ មិល្លី​ម៉ែត្រ ប្រ​ឈម​កើត​ជំងឺ​គ្រុន​ឈាម ១១ ​ភាគ​រយ និង​ភ្លៀង​ជាប្រចាំ​ថ្ងៃ វា​នឹង​ប្រ​ឈម​លើស​ពីនេះ។ ចំណែក​វដ្ដ​ធំ​ចាប់ពី ១០ ទៅ ១២ ឆ្នាំ​ម្ដង ហើយ​វដ្ដ​ធំ​នេះ គឺ​ទាក់ទង​កត្តាជីវសាស្ត្រ និ​ង​ប្រព័ន្ធ​ការពារ​សរី​រា​ង្គ​ក្នុង​ខ្លួន​មនុស្ស​ចុះ​ខ្សោយ បើ​ប្រព័ន្ធ​ការពារ​ខ្សោយ វា​ប្រឈមមុខ​នឹង​ជំងឺ​គ្រុន​ឈា​ម តាម​រយៈ​មូស​ខ្លាញី​ខាំ។
លោក​វេជ្ជ​បណ្ឌិត ញឹ​ប អង្គា​បុស្ស ប្រធាន​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​បាន​ថ្លែង​ថា មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ទទួល​អ្នកជំងឺ​គ្រុន​ឈាម​ជា​មធ្យម​ជាង ៣០០ នាក់​ក្នុង​ ១ ថ្ងៃ។ បើ​គិតពី​ដើម​ឆ្នាំ​ ២០១៩ មក​ដល់​ថ្ងៃទី​ ២៦ ខែ មិថុនា​ មន្ទីរ​ពេទ្យ​កុមារជាតិ ​ទទួ​ល​​​បានការ​ចូល​មក​ព្យា​បាល​ពី​អ្នកជំងឺ​គ្រុន​ឈាម ៣ ពាន់​នាក់ ក្នុង​នោះ​មាន​មនុស្ស ៤ នាក់​បាន​ស្លាប់។
លោក​បានបន្តថា ឆ្លើយ​តប​នឹង​បញ្ហា​ជំងឺគ្រុនឈាម​ដែល​បាន​ផ្ទុះឡើង​នៅក្នុង​ឆ្នាំ​នេះ ក្រសួងសុខា​ភិបាល ក៏បាន​ដា​ក់​ចេញ​វិធានការ​មួយ​ចំនួន​ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺ​នេះ ​ដូចជា ការអប់រំ​ប្រជា​ពលរដ្ឋក្នុងការ​ការពារ​តាម​វិធីសាស្ត្រ​មួយ​ចំនួន​ ការបាញ់​ថ្នាំ​សម្លាប់​មូស​តាម​កន្លែង​រស់​នៅ ការចែក​មុង​ជ្រល​ក់​ថ្នាំ ព្រម​ទាំង​ត្រៀម​សម្ភារ និង​បណ្ដុះប​ណ្ដាល​ជំនាញ​ព្យា​បាល​រក​រោគ​វិនិ​ច័្ឆយ​គ្រុន​ឈាម។
លោក​វេជ្ជ​បណ្ឌិត បញ្ជាក់​ថា៖ «ជា​មួយ​គ្នា​នោះ ​ក្រសួង​សុខាភិ​បាល​ ក៏បាន​ជំរុញ​លើក​ទឹក​ចិត្ដ​ដ​ល់​ក្រុម​គ្រូពេ​ទ្យ ​ត្រូវ​ខិតខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត ជា​មួយ​នឹង​ការ​យក​ចិ​ត្ដ​ទុក​ដាក់​ខ្ពស់ដើម្បី​សង្គ្រោះ​អ្នក​ជំងឺ ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ឆាប់​រហ័​ស​​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។
លោក​ វេជ្ជ​បណ្ឌិត អ៊ុង សុផល ប្រ​ធាន​អនុ​គណៈ​កម្មការ​គ្រប់​គ្រង​ផ្នែក​គ្លីនិក​នៃ​ជំងឺ​គ្រុន​ឈាម​ បាន​ថ្លែង​ថា សម្រាប់​ឆ្នាំនេះ គឺជា​ឆ្នាំ​ផ្ទុះ​ឡើង​ជំងឺ​គ្រុន​ឈាម​ខ្លាំង​បំផុត ក្នុង​រយៈ​ពី ៦ ទៅ ៧ ឆ្នាំ​ម្ដង ប៉ុន្តែ​ក្រសួង​សុខាភិ​បាល​បាន​ត្រៀម​ខ្លួន​គ្រប់​គ្រាន់​ហើយ ទាំង​ការ​ព្យា​បាល​ដល់​ពល​រដ្ឋ និង​វិធាន​ការ​ទប់ស្កាត់​មូស​ខ្លា។
លោក​បញ្ជាក់​ថា៖ «យើង​បាន​ត្រៀម​សេរ៉ូម​ព្យា​បាល​ជិត ៧ ម៉ឺន​ប្លោក ថ្នាំ​អាបែ​ត ១៧២ តោន និង​ថ្នាំ​បាញ់​កម្ចាត់​សត្វ​មូស ៧ ពាន់​លីត្រ ដែល​ទឹក​ថ្នាំ​នេះ គឺ​ជាជម្រើស​ចុង​ក្រោយត្រូវ​យកទៅ​បាញ់​នៅ​ទីតាំង​ណា​ដែល​កំពុង​ប្រ​ឈម​ខ្លាំង​បំផុត​នឹង​ជំងឺ​គ្រុន​ឈាម»។
តាម​របាយ​ការណ៍​រប​ស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ភ្នំពេញ និង​សៀម​រាប បាន​បង្ហាញ​នៅ​ចុងខែ​នេះ​ថា ក្នុង​រយៈ​ពេល​ ៥ ខែ​នៃ​ឆ្នាំ​ ២០១៩ នេះ មាន​កុមារ​ជាង ៣៧ ​ម៉ឺន​នាក់ បាន​ចូល​ពិនិត្យ​ព្យា​បាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ក្នុង​នោះ​ជាង ៧ ម៉ឺន​នាក់​មាន​​ជំងឺ​គ្រុន​ឈាម​បាន​ចូល​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​។​
មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​បញ្ជាក់​ថា ក្នុង​រយៈ​ពេល​ដដែល​នេះ​កុមារ​ជាង​ ៧ ​ពាន់​នាក់​ មាន​ជំងឺ​គ្រុន​ឈាម​ធ្ងន់​ធ្ង​រ​ បាន​ចូ​លទៅស​ម្រាក​ព្យា​បាល​​នៅ​ទីនោះ ហើយ​កុមារ​ដែល​ទទួល​បាន​កា​រ​វះកាត់​បេះដូ​ង​មាន​ជាង​ ៣០០ នាក់​។ ចំ​ណែក​ផ្នែក​សម្ភព​វិញ ស្ត្រី​​មាន​ផ្ទៃ​ពោះ​ចំនួន​ជាង​ ៦ ម៉ឺន​នាក់​ បាន​មក​ពិនិត្យ​តាម​ដាន​ផ្ទៃពោះ និង​ព្យាបាល​ ហើយ​សម្រាល​កូន​បាន​ជាង ១ ម៉ឺន​នាក់៕

ACU បំភ្លឺ​ករណី​បណ្ដឹង​ចោទ​នាយក​រង ប.ជ.ស

No comments :
អ្នក​ដំណើរ​ដើរ​កាត់​អង្គភាព​ ACU ដែលមានទីតាំង​​ស្ថិត​នៅតាមបណ្ដោយផ្លូវព្រះនរោត្តម។ 
ភ្នំពេញៈ អង្គភាព​ប្រឆាំង​អំពើ​ពុក​​រលួយ ​(ACU)​ បាន​បំភ្លឺ​លើ​បណ្ដឹង​ប្រ​ឆាំង​លោក គីម សុវណ្ណ​ឌី នាយករង​បេឡា​ជាតិ​សន្តិសុខ​សង្គម​សម្រាប់​​មន្ត្រីរាជការ​ស៊ីវិល​ (​ប​.​ជ​.​ស​)​ ករណី​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ ក្រោយពី​បាន​ស៊ើបអង្កេត​អស់​ពេល​ ១១ ​ខែ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់ ​(ACU)​ ផ្ញើ​ទៅ​លោក គីម សុវណ្ណ​ឌី កាលពី​ថ្ងៃទី​ ១៤​ ខែ មិថុនា ដែល​​ទើប​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី ២៦ ខែ​ មិថុនា។
​តាម​អត្ថបទ​ស៊ើបអង្កេត​របស់ ACU ពាក់ព័ន្ធ​ការចោទប្រកាន់​លើ​លោក គីម សុវណ្ណ​ឌី បាន​បង្ហាញថា តាម​បណ្ដឹង​លេខ ០៣២២/១៤ បាន​ចោទប្រកាន់​​លោក គីម សុវណ្ណ​ឌី (១) ករណី​កិប​​កេង​ប្រាក់​រំឭក​របស់​គ្រួសារ​សព​មន្ដ្រី​ចូលនិវត្តន៍​ (២)​ ករណី​​បង្កើត​បេសកកម្ម​ខ្យល់។
ACU បាន​បំភ្លឺថា ក្រោយពី​ធ្វើការ​ស្រាវជ្រាវ តាមដាន ប្រមូល​ព័ត៌មាន​បន្ថែម​ពីសា​ក្សី និង​ការបកស្រាយ​ពី​លោក គីម សុវណ្ណ​ឌី ដែលជា​សាមី​រង​ការចោទប្រកាន់​ផង​នោះ ACU អាច​បូកសរុប​លទ្ធផល​ដំបូង​ក្រោយ​ធ្វើការ​ងារ​លើ​បណ្ដឹង​នេះ​រយៈពេល ១១ ខែ។
​ទាក់ទង​នឹងការចោទប្រកាន់​ថា លោក សុវណ្ណ​ឌី កិបកេង​ប្រាក់​រំឭក​សព​របស់​គ្រួសារ​សព​មន្ដ្រី​ចូលនិវត្តន៍ ACU បាន​បង្ហាញ​លទ្ធផល​ថា ​មន្ដ្រី​ចូលនិ​វត្ដ​ន៍​ដែល​ទទួលមរណភាព​ទ​ទួលបាន​ប្រាក់​របប​សន្តិសុខ​សង្គម​ ១២ ​ខែ​​នៃ​ប្រាក់បៀវត្សរ៍​មូលដ្ឋាន ហើយ​ដើម្បី​ទទួលបាន​ប្រាក់​របប​នេះ គ្រួសារ​សព​ត្រូវ​មក​បំពេញ​ឯកសារ​ស្នើសុំ​ផ្ទាល់។
​បើតាម ​ACU ក្នុង​ឆ្នាំ​ ២០១៧-២០១៨ ថវិកា​សម្រាប់​បើក​ជូន​គ្រួសារ​សព​និ​វត្ដ​ជន ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។ រាល់​ការ​ដោះ​ស្រាយ​បញ្ហា​ប្រាក់​រំឭក​សព​និ​វត្ដ​ជន គឺ​មន្ទីរ​សង្គមកិច្ច រៀបចំ​ស្នើសុំ​គោល​​ការណ៍​មក ​(​ប​.​ជ​.​ស​)​ ដើម្បី​លុបឈ្មោះ​សព​ដែល​ត្រូវ​ចេញប្រកាស​ដោយ​ក្រ​​សួង​សង្គមកិច្ច ទើប​មន្ទីរ​មាន​មូលដ្ឋាន​ស្នើសុំ​ថវិកា​ពី​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ និង​រតនាគារ រាជធានី-ខេត្ដ។
ACU បង្ហាញ​ទៀតថា បន្ទាប់​ពី​ឯក​​ភាព​ពី​មន្ទីរ​ពាក់ព័ន្ធ មន្ទីរ​សង្គមកិច្ច ត្រូវ​រៀបចំ​បោះផ្សាយ​​អាណ​ត្ដិ​ផ្ញើជូន​អគ្គនាយកដ្ឋាន​រតនាគា​រ​ជាតិ​ និង​ថតចម្លង ​១ ​ច្បាប់ ​មក ​(​ប​.​ជ​.​ស​)​ ដើម្បី​ឲ្យ ​(​ប​.​ជ​.​ស​)​ រៀបចំ​ស្នើ​ថវិកា​ពី​អគ្គ​នា​​យក​ដ្ឋា​ន​រតនាគារជាតិ សម្រាប់​បើក​ជូន​គ្រួសារ​សព​និ​​វត្ដ​ជន​ទៅតាម​ការស្នើសុំ​របស់​ ម​ន្ទីរ​សង្គមកិច្ច​តាមរយៈ​ការចុះ​បើក​ដោយ​មន្ដ្រី​ (​ប​.​ជ​.​ស​) ប្រធាន​មន្ទីរ​និង​មន្ដ្រី​ទទួល​បន្ទុក (​ប​.​ជ​.​ស​) រាជធានី ខេត្ដ។
​ទោះយ៉ាងណា ACU បាន​បញ្ជាក់ថា ការដោះស្រាយ​បញ្ហា​ថវិកា​រំឭក​សព​និ​វត្ដ​ជន ក្នុង​ឆ្នាំ ២០១៧-២០១៨ មាន​ការ​យឺតយ៉ាវ ពី ៣​ ទៅ​ ៦ ខែ ដោយសារ​មាន​នីតិវិធី​ច្រើន ដូច​នេះ ហើយ​នៅ​ឆ្នាំ​ ២០១៩ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានសម្រេច​ផ្ទេរ​ថវិកា​រំឭក​សព​ឲ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​បេឡា​ជាតិ​សន្ដិ​សុខ​សង្គម​វិញ​ដើម្បី​កាត់បន្ថយ​នីតិវិធី​មួយចំនួន សំដៅ​ដោះស្រាយ​​បញ្ហា​ថវិកា​រំឭក​សព​ឲ្យ​បាន​លឿន និង​ទាន់​ពេលវេលា។​
​ទាក់ទង​នឹង​បណ្ដឹង​លើ​ការបង្កើត​បេសកកម្ម​ខ្យល់ ACU​ បានបង្ហាញ​លទ្ធផល​ថា ការចុះ​បំពេញបេសកកម្ម​តាម​បណ្ដា​រាជធានី​ខេត្ដ ត្រូវធ្វើ​ឡើងជា​រៀងរាល់ខែ ដោយ​ចែកជា ២​ វគ្គ ក្នុង​ ១ ​វគ្គ​មាន​ ៤ ​ក្រុម ហើយ​ក្នុង​ ១ ​ក្រុម មាន​សមាជិក​ ១៣​ នាក់​។ ក្រុម​នីមួយៗ​មាន​នាយក​រង​ ១ ​រូប​ជា​អ្នកដឹកនាំ និង​ចាត់ចែង​ការងារ រួមមាន ការចុះ​​ធ្វើ​បច្ចុប្បន្នភាព​និ​វត្ដ​ជន ការ​ចុះ​បើក​ផ្ដល់​ថវិកា​សព ការចុះ​បើក​ផ្ដល់​ថវិកា​អ្នក​នៅក្នុង​បន្ទុក​តាម​មូលដ្ឋាន ការចុះ​ត្រួតពិនិត្យ​​និ​វត្ដ​ជន និង​ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ ដែល​បាន​ផ្ទេរ​សិទ្ធិ។
ACU បន្ថែមថា ទន្ទឹមនឹង​ការចុះ​បំពេញបេសកកម្ម​ជា​ទៀង​ទាត់ (​ប​.​ជ​.​ស​) ក៏បាន​ចុះ​ដោះស្រាយ​ការងារ​តាម​បណ្ដឹង និង​សំណើ​របស់​ការិយាល័យ​បេឡា​​ជាតិ​សន្ដិសុខ​សង្គម​រាជធានី-ខេត្ដ​។ មុន​ចុះ​បំពេញបេសកកម្ម ក្រុម​នីមួយៗ​​ទទួលបាន​របប​បេសកកម្ម​តាម​គោល​​ការណ៍​កំណត់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដោយ​​មិនមាន​កាត់កង​អ្វី​ទាំងអស់​។
​ក្រៅពី​ការបំភ្លឺ​នេះ ACU ក៏បាន​ជូនដំណឹង​ពី​ការទទួល​លិខិត​បំភ្លឺ​របស់លោក ​គីម សុវណ្ណ​ឌី ចុះ​ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៩ ពាក់ព័ន្ធ​ នឹង​ការ​ចោទ​​ប្រកាន់​ទាំង​ ២ ​ករណី​នេះ​ផងដែរ។
​តំណាង ACU ថា​៖ «​ខ្ញុំ​សូម​ជម្រាប​លោកនាយ​ករង​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយបានទទួល និង​ពិនិត្យ​លើ​លិខិត​​បំភ្លឺ​របស់​លោក​រួច​ហើយ​។សុំ​ឲ្យ​លោក​ធ្វើ​ការបិទ​ផ្សាយ​អត្ថបទ​ស៊ើបអង្កេត​របស់ ACU ជា​សាធារណៈ​នៅ​ក្រសួង​សង្គមកិច្ច អតីត យុទ្ធជន និង​យុវនីតិ​សម្បទា រយៈពេល​ ១ ​ខែ​យ៉ាងតិច គិត​ចាប់​ពីថ្ងៃ​ដែល​លោក​បាន​ទទួល​លិខិត​នេះ»។​
​ភ្នំពេញ​ប៉ុស្ដិ៍ មិនអាច​សុំ​ការបក​​ស្រាយ​បន្ថែម​ពី លោក ជាវ​ ​ប៊ុន​រិ​ទ្ធ​ អ្នកនាំពាក្យ​បេឡា​ជាតិ​សន្តិសុខ​សង្គម និងលោក តូច ចាន់នី អ្នក​នាំ​​ពាក្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បានទេ ដោយ​សារ​ មិន​មាន​អ្នក​លើក​ទូរស័ព្ទ៕

រាជរដ្ឋាភិបាល​ ចាត់វិធានការ​លើ​បារី​ខុសច្បាប់

No comments :

សមាគម​ឧស្សាហកម្ម​ថ្នាំជក់​កម្ពុជា (ATIC) ​គាំទ្រ​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការលុបបំបាត់​ទាំង​ស្រុង​នូវ​បារី​ដែល​គ្មាន​តែមប្រិ៍​អាករ​ស្របច្បាប់
សមាគម​ឧស្សាហកម្ម​ថ្នាំជក់​កម្ពុជា​ហៅ​កាត់​ជា​ភាសា​អងស់​គ្លេ​ស​ថា ‘ATIC’​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ការខំប្រឹងប្រែង​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ក្នុង​ការបង្កើត​ក្រុម​ការងារ​ចម្រុះ​រវាង​អគ្គនាយកដ្ឋាន​ពន្ធដារ​ និង​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ ដើម្បី​ចាត់វិធានការ​លើ​ផលិតផល​បារី​ដែល​មិន​មាន​បិទ​តែមប្រិ៍​អាករ​ស្របច្បាប់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។
ដូច​មាន​ចែង​ក្នុង​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចុះ​ថ្ងៃទី ១២ ខែ​​​ មិថុនា ឆ្នាំ​ ២០១៩ ​ស្តីពី​ការអនុវត្ត​កាតព្វកិច្ច​បិទ​តែមប្រិ៍​អាករ​ប្រភេទ​ថ្មី​សម្រាប់​បារី​ចំពោះ​ម្ចាស់​សហគ្រាស​ផលិតផល​បារី​ក្នុង​ស្រុក បារី​នាំចូល អ្នកលក់ និង​អ្នក​ចែកចាយ​បារី​ក្នុង​ស្រុក​ទាំងអស់​ចុះហត្ថលេខា​ដោយ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចារ្យ អូនព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ជូនដំណឹង​ថា "​ចាប់ពី​ថ្ងៃ​ទី​ ០១ ​ខែ​ កក្កដា​ ឆ្នាំ​​ ២០១៩ ​ក្រុម​ការងារ​ចម្រុះ​នឹង​ចុះ​ត្រួតពិនិត្យ​ឃ្លាំង​ស្តុក​ទុក​បារី​នៅ​តាម​បណ្តា​សហគ្រាស​ផលិត​បារី​ក្នុង​ស្រុក សហគ្រាស​នាំ​ចូល​បារី ដេប៉ូ​ចែកចាយ ស្តង់​លក់​បារី​នៅ​តាម​ទីផ្សារ ហាង​លក់​ទំនិញ​ធំៗ ផ្សារ​ទំនើប​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា »​។ ​
ក្នុង​កំឡុងពេល​កំពុង​ចុះ​ត្រួតពិនិត្យ​ប្រសិន​បើ​ឃើញ​មាន​បារី​ដែល​ដាក់​លក់​ក្នុង​ឃ្លាំង​ស្តុក ឬ​កំពុង​តាំង​លក់ បិទ​តែមប្រិ៍​ប្រភេទ​ចាស់ មិន​មាន​បិទ​តែមប្រិ៍​អាករ ឬ​បិទ​តែមប្រិ៍​ក្លែងក្លាយ​នោះ​ ក្រុម​ការងារ​ចម្រុះ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នឹង​ធ្វើការ​ឃាត់ទុក និង​គ្រប់គ្រង​បារី​ទាំងនោះ ហើយ​តម្រូវ​ឲ្យ​អ្នក​ផលិត​បារី អ្នក​នាំចូល​បារី ឬ​ម្ចាស់​បារី​ទាំង​នោះ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​” ។
សេចក្តី​ថ្លែងការណ៍​រួម​របស់​សមាគម​ ATIC បាន​ថ្លែងថា​សមាគម​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការលើក​កម្ពស់​ស្តង់ដារ​ឧស្សាហកម្ម​តែ​មួយ ដោយ​មាន​ការប្តេជ្ញាចិត្ត​ខ្ពស់ និង​យុទ្ធសាស្ត្រ​ដើម្បី​ធានា​ឲ្យ​មាន​ការប្រកួត​ប្រជែង​ដោយ​ស្មើភាព​គ្នា​រវាង​ក្រុមហ៊ុន​បារី​ទាំងអស់​។ យើង​នឹង​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​នាំ​មក​នូវ​ហានិភ័យ​ដល់​ឧស្សាហកម្ម​ថ្នាំជក់​ស្រប​ច្បាប់ និង​អ្នកប្រើប្រាស់​រួមមាន​ការលក់​បារី​ខុស​ច្បាប់ បារី​ក្លែងក្លាយ បារី​ដែល​មិន​មាន​សារ​ព្រមាន​សុខភាព​ និង​បារី​ដែល​មិន​មាន​បិទ​តែមប្រិ៍​អាករ​ស្រប​ច្បាប់​។
សមាគម​បាន​និយាយ​ថា "​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​គឺ​ស្រប​ទៅ​នឹង​ការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ការបង្កើត​ក្រុម​ការងារ​ចម្រុះ​មួយ​នេះ​ហើយ​យើង​នឹង​ប្រឹងប្រែង​យ៉ាង​មុតមាំ​ក្នុង​ការលើក​កម្ពស់​ការអនុវត្ត​វិធានការ​នេះ​ ដើម្បី​លុបបំបាត់​បារី​ខុស​ច្បាប់​ទាំងនោះ​" ។
នៅ​ឆ្នាំ 2018 ការជួញដូរ​បារី​ខុសច្បាប់​បាន​បន្ត​ហូរ​ចូល​ទីផ្សារ​កម្ពុជា​រហូត​ដល់​ 10% ​នៃ​ចំនួន​បារី​ទាំងអស់​។ បារី​ទាំងនោះ​មិន​មាន​បោះពុម្ភ​សារ​ព្រមាន​សុខភាព​បិទ​តែមប្រិ៍​អាករ​ស្របច្បាប់ និង​គ្មាន​គុណភាព​ឡើយ​។ ជាមួយ​នឹង​តួលេខ​ទាំង​នេះ​រដ្ឋាភិបាល​កម្ពុជា​បាន​បាត់បង់​ចំណូល​រដ្ឋ​ប្រមាណ​ជាង​ 10 ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។

គ្រឿង​ញៀន និង​សារធាតុ​ញៀន​ជាង ២ តោន ត្រូវ​បាន​ដុត​បំផ្លាញ

No comments :

លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បញ្ជា​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច ត្រូវ​លុប​បំបាត់​នូវ​រាល់​បទ​ល្មើស ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន​តាម​ក្លិប​កម្សាន្ត និង​ទី​សប្បាយ​នានា មុន​ដំណាច់​ឆ្នាំ ២០១៩ និង​ព្រមាន​ចាត់​វិធាន​ការ ចំពោះ​មន្ត្រី​ទាំង​ឡាយ​ណា​ដែល​ពាក់​ព័ន្ធ និង​កាង​ធ្វើ​ជា​ខ្នង​បង្អែក​សម្រាប់ ឲ្យ​ជន​ល្មើស​ប្រព្រឹត្ត​នូវ​​បទ​ល្មើស​គ្រឿង​ញៀន។

ក្រសួង​ឲ្យ​ប្រើ​ពេល ៧ ថ្ងៃ​ ដើម្បី​​ពិនិត្យ​គុណភាព​​សំណង់​នៅ​ខេត្ត​ព្រះសីហនុ

No comments :
លោក ជា សុផារ៉ា ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ ម្សិលមិញ​​​។
ព្រះសីហនុៈ លោក ជា សុផារ៉ា បាន​ស្នើ​ឲ្យ​គណៈ​កម្ម​ការ និង​ក្រុម​ការងារ​បច្ចេក​ទេស​ ចាប់​ផ្តើម​អ​នុវត្ត​ការងារ​រយៈ​ពេល​ ១ ​​សប្តាហ៍​ ​​ដើម្បី​ត្រួត​ពិនិត្យ​​ទៅ​លើ​គុណ​ភាព​ និង​លក្ខណៈបច្ចេក​ទេស​សំណង់​ទាំង​អស់​នៅ​​ខេត្ត​ព្រះ​សីហនុ​ ​ដោយ​ត្រូវ​ប្រតិបត្តិឲ្យ​បាន​ហ្មត់ចត់​សុក្រឹ​ត និង​គោ​រព​វិជ្ជា​ជីវៈ ខណៈ​ដែល​អភិបាល​រាជ​ធានី​ភ្នំ​ពេញ បាន​ព្រមាន​អភិបាល​ខណ្ឌ​ទាំង ​១​៤ ​​ឲ្យ​ទទួល​ខុស​ត្រូវចំពោះ​មុខ​ច្បា​ប់​​ ប្រសិន​បើ​សំណង់​គ្មាន​ច្បាប់​អនុញ្ញាតត្រូវ​បាន​សាង​សង់​ឡើង ​នៅ​ក្នុង​ដែនដី​របស់​ខ្លួន។
កិច្ចប្រ​ជុំស្តី​ពី​បញ្ហា​សំណង់​នៅ​ខេត្ត​ព្រះ​សីហនុ ត្រូវ​បាន​ធ្វើឡើងភ្លាម​ៗ កាល​ពី​ថ្ងៃ​អង្គារ ​បន្ទាប់​ពីមាន​ឧបទ្ទវ​ហេតុ​បាក់​រលំ​អគារ​កម្ពស់​ ៧ ​ជាន់​​កាល​ពី​​ព្រឹក​ព្រលឹម​ថ្ងៃ​ទី ២២​ ខែ ​មិថុនា ​ឆ្នាំ​ ២០១៩​ ដែល​បាន​​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ២៨ ​នាក់​ និង​របួស​ ២៦ ​​នាក់។
កិច្ច​ប្រជុំ​ស្តី​ពីបញ្ហា​សំណង់​នៅ​ខេត្ត​ព្រះ​សី​ហនុ​បាន​ធ្វើ​ឡើ​ង​ ដោយ​មានការ​ចូល​រួម​ពី​លោក ជា សុផារ៉ា ឧប​នា​យក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំដែន​ដី ន​គរូ​ប​នីយ​កម្ម និង​សំណង់ លោក សាយ សំអាល់ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ខេត្ត​ព្រះ​សីហនុ និង​លោក គន់ គីម ទេស​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​បេស​កកម្ម​ពិសេស និងជា​អនុប្រធានទី១ នៃ​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់គ្រង​​​គ្រោះ​មហន្តរាយ និងលោក​ យន្ត មីន អភិបាល​ខេត្តព្រះសីហនុ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពីម្ចាស់​សំណង់ និងក្រុម​ហ៊ុនម៉ៅ​ការ​សំណង់ ប្រមាណ ១៦៥ ក្រុម​ហ៊ុន នៅ​ខេត្ត​ព្រះ​សីហនុផងដែរ​ ក្នុង​គោល​បំណង​ត្រួត​ពិនិត្យ​គុណ​ភាព​ និង​លក្ខណៈ​បច្ចេក​ទេស​នៃសំណង់​ទាំង​អស់​ដែ​ល​បាន​និង​កំពុង​សាង​សង់​នៅ​លើ​ទឹកដី​ក្រុង​ព្រះសីហនុ​។​
ថ្លែង​ក្នុង​កិច្ច​ប្រជុំ​បន្ទាន់​នេះ លោក ជា សុផារ៉ា បាន​ណែ​នាំ​មន្ត្រី​ឲ្យ​ត្រួត​ពិនិត្យ​ការដ្ឋាន​សំណង់​ទាំង​អស់​ឲ្យ​បាន​ត្រឹម​ត្រូវ មុន​អនុញ្ញាត​ឲ្យ​សាង​សង់​បន្ត​ទៀត​ត្រូវ​មាន​ច្បាប់​អនុ​ញ្ញាតលិខិត​បើក​ការដ្ឋាន​ជាដើម។
លោក​​បន្ត​ថា៖ «​រាល់​សំណង់​ដែលគ្មានច្បាប់ចាប់​ពីពេល​នេះ​​​ទៅ​ អាជ្ញា​ធរ​ត្រូវ​ដាក់​ពាក្យ​បណ្តឹ​ង​ទៅ​ព្រះរាជអាជ្ញា ​​ដើម្បី​ដោះ​​ស្រាយ​តាម​ច្បាប់​។ ​ចំពោះ​មុខនេះ​ យើង​នឹង​បង្កើត​គណៈ​កម្មការ​ ដើម្បី​ចុះត្រួត​ពិនិត្យ​រាល់​សំណង់​ទាំងអស់់»។
លោក​បញ្ជាក់ថា គណៈ​កម្ម​​ការ​នឹង​ចុះ​ធ្វើការ​ងារ​នេះ ដោយ​ប្រាកដ​ប្រជា​បំផុត​ និង​ព្រមទាំង​បាន​រំឭក​ ម្ចាស់​សំណង់​ទាំងអស់​ឲ្យ​ត្រៀម​ឯកសារ​ទាក់​ទិន​នឹង​សំណង់​រប​ស់​ខ្លួន​ និង​កុំមាន​ទម្លាប់​ហុច​ស្រោម​សំបុត្រ​​ពេល​គណៈកម្មការ​​ចុះ​ទៅ។
លោក សុផារ៉ា បានស្នើឱ្យ​ក្រុម​ការ​​ងារ​បច្ចេក​ទេស​ទាំង​​ ៨ ក្រុម​នៃគណៈ​កម្មការ​ត្រួត​ពិនិ​ត្យ​គុណ​ភាព​សំណង់​ នៅ​ខេត្ដ​ព្រះ​សីហនុ​នេះ​ ត្រូវ​ធ្វើ​តាម​ជំនាញ។
លោក​ថា៖ «ការ​បំពេញ​បេស​ក​កម្ម គឺអ​នុវត្ត​តាម​ជំនាញ និង​វិជ្ជា​ជីវៈ​ប្រកប​ដោយ​ក្រម​សីល​ធម៌​ត្រឹម​ត្រូវ ដើម្បី​ទាក់​ទាញ​វិនិយោគ​កាន់​តែធំ កាន់​តែ​ច្រើ​ន កាន់​តែល្អ​ថែម​ទៀត នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​តាម​គោល​បំណ​​ង​ និង​ការ​ដឹក​នាំ​របស់​សម្ដេច​​អគ្គមហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា»។
តាម​របាយ​ការណ៍​​កិច្ច​ប្រជុំ​ខាង​លើ​ បាន​ស្នើ​គណៈ​កម្មការ ​និង​ក្រុម​ការងារ​បច្ចេក​ទេស​ ចាប់​ផ្តើអ​នុវត្ត​ការងារ​ រយៈពេល ១​ សប្តាហ៍​ក្នុង​ជំហាន​ដំបូង ​ដោយ​ត្រូវ​ប្រតិបត្តិ​ឲ្យ​បាន​ហ្មត់​ចត់​ សុក្រឹត និង​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ។
លោក ឡៅ ទិព្វសីហា រដ្ឋ​លេខា​ធិ​ការ​ក្រ​សួង​រៀប​ចំ​ដែនដី​ នគរូប​នីយ​កម្ម និង​សំណង់ ដែល​ជាប្រធាន​គណៈកម្មការ​​ត្រួត​ពិនិត្យ​​គុណភាព​សំណង់​ នៅ​ខេត្ដ​ព្រះ​សីហនុ បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​​ដោយ​ថ្លែង​ថា ជាប់​បំពេញ​ការងារ។
ប៉ុន្តែលោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋ​បាលខេត្ដ​ព្រះ​សីហ​នុបាន​​ថ្លែង​​ថា ក្រុម​ការងារ​បច្ចេក​ទេស​ទាំង​ ៨ ក្រុម​​ខាង​លើ បង្កើ​ត​​ឡើង​ដើម្បី​គាំ​ទ្រ​គណៈកម្មការ​ត្រួត​ពិនិត្យ​គុណភាព​សំណង់​ ដើម្បី​ឲ្យ​អនុវត្ដ​ការ​ងារ​បាន​លឿន និង​មាន​ប្រសិទ្ធភាព។
លោក​ថ្លែង​ថា​៖ «ជំហាន​ដំបូង​ក្រុម​ការងារ​បច្ចេក​ទេសនេះ​ នឹង​ធ្វើ​ការ​រយៈពេល​ ១ សប្ដាហ៍ ​ដោយ​​ធ្វើ​ការ​ងារ​​រួម​គ្នា​តែម្ដង​ បើ​គិត​ទៅ​ក្រុម​ការងារ​នេះ​ត្រូវ​ចុះ​អនុវត្ដ​តាំង​ពី​បញ្ចប់​កិច្ច​ប្រជុំ​តែម្ដង»។
បើ​​តាមសេច​ក្ដី​សម្រេច​ស្ដីពី​ការ​បង្កើត​ក្រុម​ការងារ​បច្ចេក​ទេស ​បាន​គាំទ្រ​គណៈ​កម្មការ​ត្រួត​ពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ដ​ព្រះសីហនុ​ ចំនួន​ ៨ ក្រុម​ ដោយ​បាន​ចុះហត្ថលេខា​ដោយ​លោក ឡៅ ទិព្វ​សីហា ប្រធាន​​គណៈកម្មការ​ត្រួត​ពិនិត្យ​គុណភាព​សំណង់។
ក្រុម​ការងារ​បច្ចេក​ទេស​ទាំង ​៨ ក្រុម មាន​ភារកិច្ច​ចុះ​ពិនិត្យ​ការ​អនុវត្ដ​បទដ្ឋាន​បច្ចេក​ទេស​ បទ​​ដ្ឋាន​គតិ​យុត្ដ ស្ដង់​ដាសំណង់ ស្ដង់​ដាសុវត្ថិភាព​ និង​គុណភាព​សំណង់​ នៅ​តាម​ការដ្ឋាន​សំណង់​នៅ​ខេត្ដ​ព្រះសីហនុ។
ចុះ​ពិនិត្យ​លក្ខ​ណសម្បត្ដិ​រប​ស់​ក្រុម​ហ៊ុន​ទទួល​ម៉ៅ​ការ​សាង​​​​​​សង់​នៅ​តាម​ការដ្ឋាន​សំណង់​។ ធ្វើ​របាយ​ការណ៍​លទ្ធផល​ជូន​គណៈ​កម្ម​ការ​ត្រួត​ពិនិត្យ​គុណភាព​សំណង់ និង​មាន​ភារកិច្ច​បំពេញ​កិច្ច​ផ្សេង​ទៀត ​តាម​ការ ប្រគល់​ជូន​របស់​គណៈកម្មការ​ត្រួត​ពិនិត្យ​គុណភាព​សំណង់។
លោក​ សុខ​ សុខុម​ ប្រធាន​អង្គការ​ស្រាវ​ជ្រាវ​ជាតិ​កម្ពុ​​ជា​ CN​​​​R​O​ បាន​លើក​ឡើង​ថាការ​សម្រេច​បង្កើត​ក្រុម​ការងារ​បច្ចេក​ទេស​ភ្លាមៗ​​ដើម្បី​ត្រួត​ពិនិត្យ​លើ​គុណភាព​សំណង់​នៅ​​ខេត្ដព្រះសីហនុ គឺ​ជា​ការ​យកចិត្ត​ទុក​ដាក់​របស់​រាជ​រដ្ឋាភិបាល​ដើម្បី​បញ្ចៀស​​លែង​ឲ្យ​មាន​ឧបទ្ទវហេតុ​រលំ​បាក់​អគារ​កើត​មាន​ឡើង​បន្ដទៀត។
លោក​សង្ឃឹមថា ក្រុម​ការងារ​ត្រួត​ពិនិត្យនេះនឹង​បំពេញ​ការ​​ងារ​ឲ្យ​បាន​សម​ស្រប ​ទៅតាម​ស្ដង់ដា​បច្ចេកទេស និង​នីតិវិធី​ច្បាប់។
លោក​​បន្តថា​៖ «សូម​ក្រុម​ការងារ​មន្រ្ដី​ជំនាញ​​ពិនិត្យ​ឲ្យ​បាន​ហ្មត់​ចត់​ទៅលើ​របាយការណ៍ ហេតុ​ផល​ប៉ះពាល់​បរិស្ថាន​ ដែល​សំណង់​​អគារ​ដែល​សាងសង់​នោះបាន​ស្នើ​សុំ ពិសេស​គោល​ការ​ណ៍​នីតិវិ​ធី​ផ្នែក​ច្បាប់។ ដូច​គំរូ​នៃ​អគារ​ដែល​រលំ​នេះ​ បាន​ធ្វើ​ឡើង​រហូត​ដល់​ ៧ ជាន់​ហើយ ប៉ុន្ដែ​នៅ​មិនទាន់​មាន​ច្បាប់​ត្រឹមត្រូវ​ទេ​។ កន្លង​មក​ទៀត​ដែល​ខ្ញុំ​ជួបប្រទះ​ នៅ​ក្នុង​ក្រុង​ព្រះ​សីហនុ​​​នេះ អគារ​ដែល​សាង​សង់​ឡើង​រួចហើយ របាយការណ៍​ផល​ប៉ះពាល់​មិន​ទាន់​ដឹង​នៅឯណា​ទេ​ ចំណែកអគារ​នោះ​សាងសង់​ឡើង​ខ្ពស់​ស្កឹម​ស្កៃ​បាត់​ទៅ​ហើយ»។
ទាក់ទង​នឹង​បញ្ហា​គុណ​ភាព​សំណង់​នេះដែរ​ រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ ក៏​បាន​ចេញ​លិខិត​ណែនាំ​ដល់​អភិបាល​ខណ្ឌ​ទាំង​ ១៤ ​ជា​មួយ​នឹង​ការ​ព្រមាន​​ថា ពួក​គេអាច​នឹង​ត្រូវ​ទទួល​រង​វិន័យ​រដ្ឋ​បាល និង​ទទួល​ខុសត្រូ​វ​ចំពោះ​មុខ​ច្បាប់​ជាធ​រមាន ប្រសិន​បើ​មាន​សំណង់​ណា ដែល​​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវ​បាន​សាងសង់​ឡើង​ នៅ​ក្នុង​ដែន​សមត្ថកិច្ច​​របស់​ពួកគេ។
លិខិត​ណែ​នាំ​ដែល​ចេញ​ដោយ​លោក ឃួង ស្រេង អភិ​បាល​រាជ​ធានី​ភ្នំពេញ​នេះ គឺ​បាន​ផ្ញើ​ទៅ​កាន់​អភិ​បាល​ខណ្ឌ​ទាំង ​១៤ ស្តី​ពីវិ​ធាន​ការ​ទប់ស្កា​ត់ សំណង់​គ្មាន​លិខិត​អនុ​ញ្ញាត​ឲ្យសាង​សង់ និង​សំណង់​ខុស​លិខិត​អនុញ្ញាត​សាង​សង់​ចេ​ញ​​កាល​ពីថ្ងៃ​អង្គារ​ដែល​ភ្នំពេញប៉ុស្ដិ៍​ទើប​ទទួល​បាន​ម្សិលមិញ។
តាម​រយៈ​លិខិត​ លោក ឃួង ស្រេង បានក​ត់ស​ម្គាល់​ថា កន្លង​ម​ក រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ ​បាន​ណែនាំ​ជាប្រ​ចាំ​ដល់​រដ្ឋ​បាល​ខណ្ឌ​ ឱ្យ​យក​ចិត្ត​ទុក​ដាក់ទប់​ស្កាត់​នូវ​រាល់​សំណ​ង់ ដែល​គ្មាន​លិខិត​អនុញ្ញាត​សាង​សង់ និង​សំណង់​​ធ្វើ​ឡើង​ខុស​លិខិត​អនុញ្ញាត​​ឲ្យ​សាង​សង់​ក្នុង​ភូមិ​សាស្ដ្រ​រាជធានី​ភ្នំពេញ។
ទោះ​បី​ជា​មាន​ការណែ​នាំជា​​ច្រើន​លើក​ច្រើន​សា​រួច​ហើយ​ក៏ដោយ ក៏​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ នៅ​តែ​សង្កេត​ឃើញ​ថា ​សំណង់​ដែល​គ្មាន​លិខិត​អនុញ្ញា​​ត​ឲ្យ​សាង​សង់ និង​សំណ​ង់​ខុស​លិខិត​អនុញ្ញាត​ សាង​សង់ ​នៅ​តែ​កើត​ឡើង​ជា​បន្ត​បន្ទាប់​ នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ។ ​
ដូច​នេះ​ដើម្បី​គ្រប់​គ្រងការសាង​សង់​គ្រប់​ប្រភេទឱ្យ​ស្រប​តាម​ប្លង់​គោល​រាជ​ធានី​ភ្នំពេញ​ បទ​ដ្ឋាន​នគ​រូប​នីយ​ប្បញ្ញត្តិ ​និង​លក្ខណៈ​បច្ចេក​ទេស​សំណង់​នោះ រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​ ស្នើ​អភិបា​លខណ្ឌ ​ត្រូវ​ខិត​ខំ​ទប់​ស្កាត់​រាល់​សំណង់​ ដែល​គ្មាន​លិខិត​អនុញ្ញាត​សាង​សង់ ​និង​សំណង់​​សង់​ខុស​លិខិត​អនុញ្ញាត​សាង​សង់​ឱ្យ​ខាង​តែ​បាន​ និង​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ក្នុង​ន័យ​រឹត​បន្តឹង​ ការ​គោរ​ពលិ​ខិត​បទ​ដ្ឋាន​គតិយុត្ត ក៏ដូច​ធានា​​ឲ្យ​បាន​នូវ​សុវត្ថិភាព និង​គុណភាព​ជូន​ប្រជាពលរដ្ឋ។​
លោក ឃួង ស្រេង​​ បានធ្វើ​ការ​ព្រមាន​ថា ៖ «ក្នុង​ករណី​ដែល​សំណង់​ គ្មាន​លិខិត​អនុញ្ញាត​សាង​សង់​និង​សំណង់​​ខុស​លិខិត​អនុញ្ញាត​សាងសង់​នៅ​តែកើត​មានហើ​យ​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់ និង​បង្ក​ព្យ​សនកម្ម​ ដល់​អាយុជី​វិត​របស់​ប្រជា​ពល​រដ្ឋ ​នៅ​ក្នុ​ង​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន​នោះ ​លោក​អភិ​បាល​ខណ្ឌ​ ត្រូវ​ទទួល​នូវ​វិន័យ​រដ្ឋ​បាល​ទៅ​តាម​ច្បាប់​ស្តីពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ី​វិល​ និង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន»៕

អ្នក​ភូមិព្រៃទា ១៤០ គ្រួសារ​ តវ៉ា​រក​ដំណោះស្រាយ​ទំនាស់​ដីធ្លី​

No comments :
ក្រុម​អ្នក​តវ៉ា​វិវាទដីធ្លី​ដើរ​តវ៉ារកដំណោះស្រាយ​។
ភ្នំពេញៈ ​អ្ន​ក​ភូមិ​ព្រៃ​ទា​ ​៣៥​ គ្រួសារ​ តំណាង​ឲ្យ​ ១៤០ ​គ្រួសារ​ ដែល​មាន​ទំនាស់​ដីធ្លីដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុម​ទាហាន​នៃ​មូល​ដ្ឋាន​ការពា​រដែន​អាកាស​ បាន​នាំ​គ្នា​ត​វ៉ា​កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះ​ដោយ​បាន​ទាម​ទារ​ឲ្យ​អាជ្ញា​ធរ​ដែន​ដី​ និង​ក្រសួង​ការពារ​ជាតិ ចាត់​របៀប​វារៈ​ចុះ​វាស់​វែង​កំណត់​ព្រំដី​​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​បំផុត​ ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ដោយ​ផ្អែក​លើសេ​ច​ក្ដី​សម្រេច​របស់​លោក​ឧប​នាយករដ្ឋ​មន្ត្រី​ ​ទៀ ​បាញ់​ ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ​ចុះ​ថ្ងៃ​ទី​ ០២ ​ខែ​ កុម្ភៈ ​ឆ្នាំ ២០១៧។​
តំ​ណាង​ក្រុម​គ្រួសារ​ប្រជាពល​រដ្ឋ​ទាំង​នោះ ​លោក ​ជា ​សុខ​ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​រវាង​ ប្រជាពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​ភូមិ​ព្រៃ​ទា ​និង​​កង​​វរ​សេនា​តូច​លេខ​ ៩១​ កា​រពារ​អាកាស ​នៅ​ថ្ងៃទី​​ ២​ ខែ ​កុម្ភៈ ​ឆ្នាំ ២០១៧ ​ ​លោក​ឧប​នា​យក​​រដ្ឋ​មន្ត្រី​ ទៀ ​​បាញ់ ​បាន​ចេញ​សេច​ក្ដី​ស​ម្រេ​ច​មួយ​ ដោយ​កាត់​ដី​បន្ទាយ​កងទ័​ព​វរសេនា​តូច​លេខ ​៩១​ ការ​ពារ​អាកាស​នៃ​កង​ទ័ព​ជើង​គោក​ទំហំ ៣៤ ៣៧៣ ម៉ែ​ត្រ​កា​រ៉េ ​ ជូន​​ទៅ​គ្រួសារ​កង​ទ័ព​ និង​ប្រជា​ពល​រដ្ឋ​សរុប​ចំនួន​ ១២១ ​គ្រួសារ​ ​ដែល​កន្លង​មក​ពួក​គេ​បា​ន​រស់​នៅ​ក្នុង​បន្ទាយ​នោះ​ និង​កាត់​ផ្ទៃ​ដី​ទំហំ​ ៤៣ ៧៥០​ ម៉ែត្រ​ការ៉េ​បន្ថែម​ទៀត​ជូន​ទៅ​​គ្រួសារ​អ្ន​កភូមិ​ព្រៃ​ទា​ចំនួន​ ៣៥ ​គ្រួសារ។​ ​ចំណែក​ផ្ទៃ​ដី​ដែល​នៅ​សល់​ទំហំ​ ១​៤ ២៦៣​ ម៉ែត្រ​ការ៉េ​ ​ ត្រូវ​រក្សា​ទុក​សម្រាប់​បន្ទាយ​​វ​រ​សេនា​តូច​លេខ​ ៩១​ ការ​ពារ​អាកាស​កង​ទ័ព​ជើង​គោក​ គឺ​ជា​ទ្រព្យ​សារ​ពើ​ភណ្ឌ​របស់​ក្រសួង​ការពារ​ជាតិ។​
​លោក​ សុខ​ បាន​បន្ត​ថា​ ​ខណៈ​ពួក​គាត់​កំពុង​រង់​ចាំ​ការ​ចុះ​វាស់​វែង​ពី​ក្រុម​គណៈ​កម្មកា​រ​ចម្រុះ​របស់​ក្រសួង​ការពា​រជាតិ​ និង​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ ​ស្រាប់​​តែ​មា​ន​ព័ត៌​មាន​ពី​គ្រួសារ​កង​ទ័ព​មួយ​ចំនួន​ថា​ សេច​ក្ដី​សម្រេច​នោះ​ត្រូវ​បាន​និរា​ក​រ​ណ៍ ​ហើយ​ក្រុម​គណៈ​​កម្ម​ការ​ចម្រុះ​នៃ​ក្រសួង​ការពា​រ​ជាតិ​ ​នឹង​មិន​ចុះ​វាស់​វែង​ដីធ្លី​ឲ្យ​នោះ​ទេ​ លើក​លែង​តែ​ក្រុម​គ្រួសារ​កងទ័ព​ប៉ុណ្ណោះ។
​លោក​បាន​បញ្ជាក់​ថា​៖​ «​ពួកយើង​ជា​ប្រជា​ពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ ហើយ​ក៏​បាន​សម្រេច​ចិត្ត​នាំ​គ្នា​មក​តវ៉ា​ទាម​ទារ​ឲ្យ​អាជ្ញា​ធរ​មូល​ដ្ឋាន​ ក៏​ដូច​ជា​ក្រសួង​ការពា​រ​ជាតិ​ ​ចុះ​ធ្វើ​ការ​វាស់​វែង​ និង​ចេញប្លង់​កម្មសិទ្ធិ​ជូន​ប្រជា​ពល​រដ្ឋ​យើង​ខ្ញុំ​ទាំង​ ៣៥ ​គ្រួសារ​ ឲ្យ​បាន​ឆាប់​ ដោយ​គោរព​តាម​ស្មារតី​នៃ​សេចក្ដី​សម្រេច​របស់​សម្ដេច​ ទៀ ​បាញ់​ កាល​ពី​ឆ្នាំ ២០១៧​ កន្លង​ទៅ​នេះ»។​ ​
​ចំ​ណែក​អ្នក​ស្រី​ ម៉ែន​ គីម​ ដែល​បាន​ចូល​រួម​ការ​តវ៉ា​នា​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នានេះ​ដែរ​ បា​ន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​កាល​ពី​ឆ្នាំ​ ១៩៨៧ ​អង្គ​ភាព​យោធា​ការពារ​ដែន​អាកាស​នៃ​កង​ទ័ព​ជើង​គោក​ បាន​សុំខ្ចី​ដី​ពី​ពួក​គាត់​ទំហំ​សរុប ៩,៣ ហិ​កតា​ ដើម្បី​ធ្វើ​ជា​មូល​ដ្ឋាន​កង​ទ័ព​ការពារ​ដែន​អាកាស​ជា​បណ្ដោះអាស​ន្ន​ ដោយ​សន្យា​ថានឹង​ប្រគល់​មក​ឲ្យ​វិញ​នៅ​ពេល​អ្នក​ភូមិ​ត្រូវការ។
​អ្នក​ស្រី​បាន​បន្ត​ថា​៖ ​«​ក្នុង​អំឡុង​ពេល​នោះ​ ​ប្រជា​ពល​រដ្ឋ​យើង​ខ្ញុំ ​ជឿ​ទុ​ក​ចិត្ត​កង​ទ័ព​ខ្លាំង​ណាស់​ ព្រោះ​យើង​មិន​ចង់​ឲ្យ​របបខ្មែរ​ក្រហម​វិល​ត្រឡប់​មក​សាជា​ថ្មី​ទេ ​យើង​សុខ​ចិត្ត​ប្រគល់​ដី​ទៅ​ឲ្យ​កង​ទ័ព​ខ្ចី ​ធ្វើ​ជា​មូ​ល​ដ្ឋាន​ទ័ពការពា​រដែន​អាកាស ដើម្បី​ឈរ​ជើង​ការពារ​ ​និង​ទប់ស្កាត់​ការ​វាយ​ឆ្មក់​របស់​ពួក​ខ្មែរ​ក្រហម​ ​ដោយ​សង្ឃឹម​ថា ​កង​ទ័​ពនឹង​គោរព​ពាក្យ​សន្យា»។​
​អ្នក​ស្រី​បាន​បន្ថែម​ថា នៅ​ឆ្នាំ ​២០០២ ​ពួក​គាត់​ក៏​បាន​នាំគ្នា​ស្នើសុំ​​យក​ដី​ទាំង​នោះ​ម​ក​វិញ ​ស្រាប់​តែ​ខាង​កង​ទ័ព​ក្រឡាស់​សម្ដី​ ​ដោយ​បដិ​សេធ​ប្រគល់​ដី​ទាំង​នោះ​ឲ្យ​ពួកគាត់​វិញ។
​​លោក​ ​ម៉ៅ ​ផល្លា ​អ្នក​នាំ​ពាក្យ​កង​ទ័ព​ជើង​គោក​ នៃ​ក្រសួង​ការពា​រ​ជាតិ​ កាល​ពីម្សិល​មិញថ្លែង​ថា​ វិវាទ​ដីធ្លី​ខាង​លើ​នេះ​ ​ត្រូវ​បាន​ក្រុម​គណៈ​កម្ម​ការ​ចម្រុះ​នៃ​ក្រសួង​ការ​ពារ​ជាតិ​ ចុះ​ដោះ​ស្រា​យ ​និងវាស់​វែង​បែង​ចែក​ដី​នោះ​ជា​បន្ត​បន្ទាប់​ជូន​ទៅ​គ្រួសារ​កង​ទ័ព​ និង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ខ្លះហើ​យ។​ ​ដោយ​ឡែក​គ្រួសារ​កង​ទ័ព​ ​និង​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ ​នៅ​មិន​ទាន់​ដោះ​ស្រាយ​ជូន​ ដោយ​សារ​តែ​ពួក​គាត់​ខ្លួនឯង​ ខ្វះ​កិច្ច​សហការ​ចូលរួម​ជាមួយ​សមត្ថកិច្ច​ជំនាញ។​ ​
លោក​បានថ្លែងថា​៖ ​«​យើង​ ​ចុះ​ទៅ​​ពិនិត្យ​ទីតាំង​ដើម្បី​ធ្វើ​ការ​វាស់​វែង​ ពួក​គាត់​មួ​យ​ចំនួន​មិន​នៅ​ផ្ទះ​ទេ ​មិន​ដឹង​ថា ​ពួក​គាត់​រវល់​ ​ឬ​មិន​ចង់​សហ​ការ​ជាមួយ​សមត្ថ​កិច្ច​ជំនាញ​យើង​ ហេតុ​ដូច្នេះ​ហើយ​ទើប​​កា​រដោះ​ស្រាយ​​មាន​ការ​អូស​បន្លាយ​មក​ដល់​ពេល​នេះ។​ ម្យ៉ាង​ទៀត​ ​គ្រួសារ​កង​ទ័ព ​និង​ប្រជា​ពល​រដ្ឋ​ខ្លះ​ក៏​ខូច​ដែរ​ ពួក​គាត់​បាន​លក់​ដី​ឲ្យ​ទៅ​គេ​អស់​ហើយ​ ​បែរ​ជា​មក​ចូលរួម​តវ៉ា»៕

Thursday, June 13, 2019

យុវជន​កម្ពុជា បង្កើត​រ៉ូបូតមាន​សមត្ថភាព​ដូច​ទៅ​នឹង​មនុស្ស

No comments :
Robotcam មាន​អាយុ ១ ​ឆ្នាំ​ទម្ងន់ ៤៥​គីឡូក្រាម និង​ចំណាយ​ថវិកា​ធ្វើ​ជិត ២ ​ម៉ឺន​ដុល្លារ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
ភ្នំពេញៈ វិស័យ​រ៉ូបូត​នៅ​កម្ពុជា​កំពុង​តែ​មាន​ការរីកចម្រើន​ជឿនលឿន​គួរ​ឲ្យ​កត់សម្គាល់ ទន្ទឹម​នឹង​នោះ​ក៏​មាន​ការបង្កើត​នូវ​ការប្រកួត​រ៉ូបូត​ជាច្រើន​សម្រាប់​សិស្សានុសិស្ស និង​និស្សិត​ដែល​សិក្សា​ជំនាញ​រ៉ូបូត​ផ្ទាល់ ទាំង​ក្របខ័ណ្ឌ​ជាតិ និង​អន្តរជាតិ​។
ថ្មីៗ​នេះ​យុវជន​មួយ​ក្រុម​បាន​បង្កើត​រ៉ូបូត​ថ្មី​ដំបូង​បង្អស់​នៅ​កម្ពុជា​ឈ្មោះថា រ៉ូបូ​ខេម ព្រះកុសមៈ (Robocam preah Kossomak) ជា​ប្រភេទ​រ៉ូបូត Humanoid ដែល​រូបរាង​ដូច​មនុស្ស​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ក្នុង​ការឆ្លើយឆ្លង និង​ធ្វើ​សកម្មភាព​ផ្សេងៗ​។
លោក សុភ័ណ វោហា អ្នកដឹកនាំ​ការផលិត​រ៉ូបូត និង​ជា​គ្រូបង្រៀន​ផ្នែក​អគ្គិសនី​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​កុសមៈ​បាន​ប្រាប់​ឲ្យ​ភ្នំពេញ-ប៉ុស្តិ៍​ដឹងថា​៖ «Robocam គឺជា humanoid ដែល​អាច​និយាយ​ឆ្លើយឆ្លង​ពេល​យើង​សួរ​សំណួរ ហើយ​វា​នឹង​ឆ្លើយ​មក​កាន់​យើង​វិញ​នៅក្នុង​ ២ ​ភាសា​ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស ហើយ​វា​អាច​ចងចាំ​មុខ​មនុស្ស​បាន នៅពេល​វា​ឃើញ​មុខ​មនុស្ស​វា​ស្គាល់ វា​ហៅ​ឈ្មោះ​អ្នកនោះ​អាច​ងាក​ទៅ​តាម​មនុស្ស​បាន និង​អាច​ដើរ​បាន​»​។
លោក​បាន​បន្ថែម​ថា​៖ «​មូលហេតុ​ដែល​ខ្ញុំ​បង្កើត​រ៉ូបូត​ហ្នឹង ដំបូង​ខ្ញុំ​ពិភាក្សា​ជាមួយ​ក្រុម ថា​ចង់​បង្កើត​រ៉ូបូត​ (Robot AI)​មួយ​ដោយ​ស្នាដៃ​ពួក​ខ្ញុំ ព្រោះ​បរទេស​គេ​ធ្វើ​វា​រួច​ហើយ អ៊ីចឹង​ពួកយើង​ក៏​ចាប់ផ្តើម​កាលពី​ជាង​ ១ ​ឆ្នាំ​មុន ដំណាក់កាល​ទី​ ១ ពួកខ្ញុំ Design ត្រឹម​តែ​ក្បាល​ទេ ហើយ​ពេល​នេះ​យើង​ក៏​បាន​បង្កើត robot ជា​រូបរាង​មនុស្ស​ទាំង​ស្រុង​តែ​ម្តង​»​។
រ៉ូបូត​នេះ​សម្រេច​បាន​ចំនួន ៩០ ​ភាគរយ​ហើយ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
Robocam ចែកចេញ​ជា​ ៣ ​ផ្នែក​ដូចជា​៖ ក្បាល ខ្លួន និង​ជើង​។ ក្បាល​របស់​រ៉ូបូត​អាច​ងាក ឬ​ធ្វើ​ចលនា​បត់​ឆ្វេង ស្តាំ​ដូចជា​មនុស្ស​ទូទៅ ចំណែក​ភ្នែក​អាច​បើក និង​បិទ និង​មាន​កាមេរ៉ា​បង្កប់​លើ​ថ្ងាស​សម្រាប់​មើល រីឯ​មាត់​អាច​ធ្វើ​ការនិយាយ​ស្រប​ជាមួយ​ភាសា​ដែល​ខ្លួន​នឹង​និយាយ ទន្ទឹម​នឹង​នេះ​ផ្នែក​ក្បាល​ក៏​មាន​សក់ និង​ស្រោប silicon លើ​ក្បាល​មនុស្ស​យន្ត​ដែល​លក្ខណៈ​ដូចជា​មុខមាត់​មនុស្ស​។
ផ្នែក​ខ្លួន​នៅ​ត្រង់​កណ្តាល​ទ្រូង​មាន​អេក្រង់ (Screen) សម្រាប់​បង្ហាញ​ពី​ប្រព័ន្ធ​ប្រតិបត្តិការ ឬ​សម្រាប់​ការបន្ថែម​កម្មវិធី​ផ្សេងៗ ចំណែក​ដៃ​អាច​ធ្វើ​ចលនា​ចាប់​កាន់ និង​លើក​ចុះឡើង ប៉ុន្តែ​មិន​ទាន់​បាន​ល្អ​ដូចជា​កាយវិការ​មនុស្ស​នៅ​ឡើយ​ទេ ជាមួយ​គ្នា​នេះ​រ៉ូបូត​នេះ​ក៏​មាន​អាវ​សម្រាប់​បិទបាំង​អេក្រង់ (Screen) និង​សម្រាប់​បង្កើត​នូវ​សោភណភាព​ផង​ដែរ​។
រីឯ​ផ្នែក​ជើង​របស់​រ៉ូបូត​អាច​ធ្វើ​ចលនា​ដើរ​បាន​ផងដែរ​។ រ៉ូបូត​នេះ​ក៏​មាន​ខោ​ផង​ដែរ តែ​មិន​មាន​ជា​សាច់​ក្រណាត់​ធម្មតា​នោះ​ទេ​គឺជា​ខោ​ដែល​នឹង​យក​មក​បិទ​លើ​លោហៈ ដើម្បី​បិទបាំង​គ្រឿង​ខាង​ក្នុង​របស់​រ៉ូបូត​។
ទាក់ទង​នឹង​ផល​លំបាក​លោក សុភ័ណ វោហា បញ្ជាក់ថា ក្រុម​របស់​លោក​សុទ្ធ​ជា​វិស្វករ​អគ្គិសនី និង​អេឡិចត្រូនិក ចំណែក​ផ្នែក​មេកានិក សមាជិក​របស់​លោក​ទាំងអស់​មិន​មាន​ជំនាញ​ឡើយ ដូចនេះ​លោក​ត្រូវ​ងាក​មក​សិក្សា​ជំនាញ​មេកានិក​បន្ថែម​រួម​ទាំង​ការរចនា (Design) រូបរាង និង​គំនិត​ក្នុង​ការធ្វើឲ្យ​ចលនា​របស់​រ៉ូបូត​ដំណើរការ​បាន​ល្អ និង​ចំណាយពេល​ធ្វើ​តេស្ត​ជាច្រើន​លើក​។
ចំណែក Program សម្រាប់​រ៉ូបូត​នេះ​ចែកចេញ​ជា​ ២ ​ផ្នែក​រួមមាន​៖ ផ្នែក program របស់​អេឡិចត្រូនិក​សម្រាប់​ប្រើ​លើ​ការបញ្ជា​ផ្នែក​ក្បាល និង​តួខ្លួន​ទាំងអស់​។ ចំណែក​មួយ​ទៀត​គឺ pragram ខាង​ផ្នែក IT​។
សមាជិក​មួយ​រូប​ទៀត​លោក ជ្រិន ជីវ៉ា គ្រូបង្រៀន​ផ្នែក Program Electronic បាន​បង្ហាញ​ពី​ការលំបាក​ទាក់ទង​នឹង​ Program ​ថា​៖ «​យើង​ប្រើ​ភាសា Python ធ្វើ​ម៉េចឲ្យ​រ៉ូបូត​ចេះ​គិត​ពិចារណា និង​ឆ្លើយឆ្លង​ជាមួយ​យើង​បាន​។ មួយ​ទៀត​បញ្ហា​ខាង​ភាសា​ខ្មែរ​គឺ​ពិបាក​ក្នុង​ការកំណត់​ឲ្យ​រ៉ូបូត​ទទួល​បាន​ព័ត៌មាន​ពី​មនុស្ស​ដែល​និយាយ​ភាសា​ខ្មែរ​បន្តិច ទាំង​សំឡេង និង​ការឆ្លើយឆ្លង តែ​បើ​អង់គ្លេស​អត់​មាន​បញ្ហា​ទេ​។ យើង​យក System របស់ google ដែល​ជា​សំឡេង​ស្រី​មក​ប្រើ តែ​យើង​បាន​កែច្នៃ​ឲ្យ​ទៅ​ជា​សំឡេង​ប្រុស ហើយ​ខ្ញុំ​បង្កើត​វា​ដោយ​ខ្លួនឯង​»​។
រ៉ូបូត​ឈ្មោះ Robocam នេះ​មាន​អាយុ​ ១ ​ឆ្នាំ​ទម្ងន់ ៤៥ ​គីឡូក្រាម​កម្ពស់ ១.៥៨ ​សង់ទីម៉ែត្រ និង​ត្រូវ​បាន​ផលិត​ឡើង​ដោយ​សមាជិក​ចំនួន​ ១៤ ​នាក់​ដោយ​ប្រើ​រយៈពេល​ប្រមាណ​ជាង​ ១ ​ឆ្នាំ និង​ចំណាយ​អស់​ជិត ២០០០០ ​ម៉ឺន​ដុល្លារ​។
រ៉ូបូត​នេះ​សម្រេច​បាន​ចំនួន​ ៩០ ​ភាគរយ និង​ត្រៀម​សម្រេច​ឲ្យ​បាន​ ១០០ ​ភាគរយ ដើម្បី​យក​ទៅ​តាំង​បង្ហាញ​ថ្ងៃទី​ ១៥ ខែ​មិថុនា​នៅក្នុង​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) របស់​ក្រសួង​ការងារ​។
ទៅ​ថ្ងៃ​អនាគត​លោក វោហា គ្រោង​អភិវឌ្ឍ​រ៉ូបូត​នេះ​ឲ្យ​កាន់តែ​ល្អ​បន្ថែម​ទៀត​រួម​ទាំង​លទ្ធភាព​ក្នុង​ការប្រាស្រ័យ​ទំនាក់ទំនង ការដើរ និង​រូបរាង​ឲ្យ​បាន​ស្អាត​៕
វីដេអូ៖

Thursday, June 6, 2019

ទឹកក្រឡុក​ព្រីង ខ្វិត និងសេដា ពី​ខ្ទីង​វល្លិ៍ កាហ្វេ ឆ្ងាញ់​ហើយ​ជួយ​សុខភាព

No comments :
ទឹកខ្វិត និង​ទឹកព្រីង សុទ្ធតែ​មាន​គុណប្រយោជន៍​ដល់​សុខភាព​។

ផ្ទះតូច​បំពាក់​បរិក្ខារ​ទំនើប គោលដៅ​ផ្ទះ​លម្ហែ​ជំនាន់​ថ្មី​សម្រាប់​​អ្នក​ដែល​ស្រឡាញ់​ធម្មជាតិ

No comments :
ផ្ទះ​គំរូ Glamping Pods Cambodia ដែល​ស្ថិត​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​។
ភ្នំពេញ: ក្នុង​គំនិត​អ្នកដើរ​ផ្សងព្រេង ពួកគេ​អាច​ត្រូវការ​ត្រឹម​តង់​ស្នាក់​មួយ​លើ​ជម្រាល​ភ្នំ ឬ​ក្នុង​ព្រៃ​ចំពោះ​គ្រា​ធ្វើ​ដំណើរ​ឆ្លង​យប់​អាធ្រាត្រ​​របស់​ពួកគេ​។ ប៉ុន្ដែ​ចំពោះ​មនុស្ស​ជាច្រើន ពួកគេ​ប្រាកដ​ជា​ប្រាថ្នា​ការស្នាក់នៅ​ប្រកប​ដោយ​ផាសុកភាព​ក្នុង​ផ្ទះ​បំពាក់​បរិក្ខារ​សព្វគ្រប់​។
ដោយ​ស្គាល់​ជា​ក្រុមហ៊ុន​សង់ផ្ទះ​ចល័ត​ទំនើប​ Glamping Pods Cambodia ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​បំណង​ផ្ដល់​សេវាកម្ម​សង់ផ្ទះ​តូច​សម្រាប់​ដំឡើង​នៅ​តាម​សណ្ឋាគារ អេកូរីសត និង​ចម្ការ​ធំៗ​។ ផ្ទះ​តូច​ក្នុង​រូបរាង​ដំបូល​កោង​ដែល​ស្រដៀង​នឹង​ផ្ទះ​ជនជាតិ​ដើម​ភាគតិច​មាន​ទាំង​បន្ទប់ទឹក កន្លែង​ចម្អិន​អាហារ និង​កន្លែង​ទទួល​ភ្ញៀវ​ជាមួយ​បរិក្ខារ​ទំនើបៗ​។
គំនិត​ផ្ដួចផ្ដើម​កសាង​ផ្ទះ​តូច​ដែល​អាច​ដំឡើង​នៅ​តាម​ទី​ជម្រាល​ព្រៃភ្នំ​ដោយ​មិន​ប៉ះពាល់​ដល់​ធម្មជាតិ​បាន​ចាប់​បដិសន្ធិ​ឡើង​ដោយ​អ្នក​ជំនួញ​ផ្នែក​អចលនទ្រព្យ​ម្នាក់​ដែល​មាន​បំណង​បង្កើត​អេកូរីសត​ផ្ទាល់​ខ្លួន​។
ផ្ទះ​មួយ​ត្រូវ​ចំណាយ​ពេល​ធ្វើ​យ៉ាងយូរ​បំផុត​ ១ ​ខែ​។
លោក តេង រិទ្ធី ស្ថាបនិក Glamping Pods Cambodia បាន​និយាយ​ថា​៖ «​ខ្ញុំ​ចង់​សង់​ផ្ទះ​ឲ្យ​តូច និង​រស់នៅ​ស្រួល​។ ខ្ញុំ​មាន​ទីតាំង​មួយ​ចំនួន​ដោយ​ចង់​ប្រែក្លាយ​ជា​អេកូរីសត​។ យើង​ចាប់ផ្ដើម​គិត​ថា តើ​យើង​គួរ​ធ្វើ​ផ្ទះ​បែប​នេះ ដោយ​ចំណាយ​ប្រាក់​តិច និង​ចំណេញ​ពេលវេលា​ព្រមទាំង​ដឹកជញ្ជូន​ស្រួល​។ យើង​ចង់​សង់​ឲ្យ​រួចរាល់ ទើប​ដឹក​យក​ទៅ​ដល់​ទីកន្លែង​តែ​ម្ដង​»​។
លោក​បាន​ព្យាយាម​សិក្សា​ស្រាវជ្រាវ​តាម​អ៊ីនធឺណិត ប្រឹក្សា​ជាមួយ​មិត្ដភក្ដិ​ជា​វិស្វករ​សំណង់ និង​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ស្វែងរក​លទ្ធភាព​បង្កើត​ក្ដីស្រមៃ​របស់​ខ្លួន​។ លទ្ធភាព​នៃ​ការទិញ​ផ្ទះ​ចល័ត​ទាំងនោះ​ពី​ក្រៅ​ប្រទេស វា​មិន​អាច​ទៅ​រួច ដោយសារ​តែ​វា​ធំ និង​ចំណាយ​ថ្លៃដើម​ដឹកជញ្ជូន​ខ្ពស់​។
បុរស​អាយុ ៣៨ ​ឆ្នាំ​រូប​នេះ​បាន​បន្ដ​ថា​៖ «​ក៏​បង្កើត​គំនិត​ថា យើង​អាច​ផ្គុំ​ដោយ​យក​ម៉ូដ​ពី​គេ ដូចជា ម៉ូដ​រំដួល (Pod)​។ យើង​យក​ពី​គេ តែ​តាមពិត​ទៅ​ស្រុក​ខ្មែរ​យើង​ក៏​មាន​ដែរ​កាលពី​ជំនាន់​មុន​។ យើង​ឃើញ​នៅ​តំបន់​ព្រៃភ្នំ​ខេត្ត​មណ្ឌលគិរី និង​រតនគិរី ជាពិសេស​ផ្ទះ​ជនជាតិ​ដើម​ភាគតិច​។ យើង​ច្នៃ​មក​ឲ្យ​ចេញ​ជា​ប្រភេទ​ដូច​គ្នា​អ៊ីចឹង​​តែ​ការ​ដេគ័រ​របស់​យើង​ឲ្យ​មាន​លក្ខណៈ​ទាន់សម័យ រួមទាំង​ប្រព័ន្ធ​ភ្លើង​ទឹក និង​បរិក្ខារ​ផ្សេងៗ​ឲ្យ​ក្លាយ​ជា​ផ្ទះ​ស្នាក់​លម្ហែ​ប្រកប​ដោយ​ផាសុកភាព​»​។
អ្នកជំនួញ​ផ្នែក​អចលនទ្រព្យ​រូបនេះ​បាន​ទិញ​ដី​ជាច្រើន​រយ​ហិកតា​បម្រុង​ទុក​សម្រាប់​សង់​អេកូរីសត​ហើយ​កាលពី​ប៉ុន្មាន​ខែ​មុន​លោក​បាន​សម្រេច​ចិត្ដ​សង់​ផ្ទះ​គំរូ​មួយ បំណង​យក​ទៅ​ដំឡើង​នៅលើ​ដី​របស់​ខ្លួន​។ ផ្ទះ​គំរូ​ដំបូង​បាន​ទាក់​ចិត្ដ​មហាជន​លើ​បណ្ដាញ​សង្គម​ដែល​មាន​ការចាប់អារម្មណ៍​លើ​ម៉ូដ និង​ភាពទំនើប​របស់​ផ្ទះ​តូច​។
ផ្ទះ​ប្រភេទ A1 ដែល​មាន​រាង​ជ្រុង​ប៉ិត​មួយ​ចំហៀង​។
លោក តេង រិទ្ធី ដែល​ជា​ស្ថាបនិក​សម្ព័ន្ធ R' Property Group ផង​នោះ​បាន​ឲ្យ​ដឹងថា​៖ «​មនុស្ស​ទូទៅ​សុទ្ធតែ​ចាប់​អារម្មណ៍​ចំពោះ​ផ្ទះ​ស្នាក់​តូចៗ​ទាំងនេះ​។ ប៉ុន្ដែ​ជាក់ស្ដែង​ចំពោះ​អ្នក​អាច​សម្រេច​ចិត្ដ​បាន គឺជា​អ្នកវិនិយោគ​។ ពួកគេ​ជា​អ្នក​ដែល​ធ្វើ​រីសត ធ្វើ​អូតែល អ្នក​មាន​ចម្ការ​​ធំៗ​។ នៅក្នុង​ស្រុក​ខ្មែរ​តំបន់​ដែល​ពេញនិយម​ជាង​គេ​គឺ​នៅ​ខេត្ដ​កំពត កំពង់សោម មណ្ឌលគិរី និង​រតនគិរី​។ សៀមរាប​ក៏​ត្រូវការ​ច្រើន តែ​សៀមរាប​ពេញ​និយម​ម៉ូដ​រំដួល​ច្រើន​»​។
លោក​អះអាង​ថា​៖ «​ទើប​តែ​មាន​រយៈពេល ២ ឬ ៣ ​ខែ​នេះ​ពេល​យើង​ធ្វើ​ទៅ​ស្រាប់​តែ​មាន​ការគាំទ្រ​ច្រើន​។ មាន​ការកុម្ម៉ង់​ច្រើន​តាមរយៈ​ការបង្ហោះ​វីដេអូ 3D តាម​បណ្ដាញ​សង្គម​»​។
Glamping Pods Cambodia មាន​ផ្ទះ ៤ ប្រភេទ​គឺ រំដួល និង​ក្រវាន់​ដែល​មាន​ដំបូល​រាង​មូល​ព្រម​ទាំង Modern &A1 ដែល​មាន​រូបរាង​ជ្រុង ២ ​ម៉ូដ​គឺ​ប្រភេទ​ផ្ទះ​ស្នាក់ (​ទ្វារ​ ១ ​ដូច​ផ្ទះ​) និង​ប្រភេទ​សណ្ឋាគារ (​មាន​កញ្ចក់ទ្វារ​មុខ​ក្រោយ​) ហើយ​ចំណែក​ប្រភេទ​ទី ៤ ដែល​ស្ថិត​ក្នុង​គម្រោង​គឺ​មាន​បំពាក់​កង់​ដែល​អាច​ចល័ត​តាម​រថយន្ដ​។
លោក រិទ្ធី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​គាត់​អាច​ធ្វើ​ជា Office គាត់​អាច​ធ្វើ​ជា​ផ្ទះ​ចល័ត​បាន​។ គាត់​ចង់​ទៅ​ទីកន្លែង​ណា គាត់​មាន​របស់​គាត់​មួយ​កំប្លេ រួមទាំង ចង្ក្រាន បន្ទប់ទឹក គ្រែគេង ម៉ាស៊ីនត្រជាក់​ទៅ​ជាមួយ​គ្នា​ទាំងអស់​»​។
លោក​អះអាង​ថា ម៉ូដ​និង A1 គឺជា​ម៉ូដ​ថ្មី​​សុទ្ធសាធ ដោយ​មិន​ចម្លង​ពី​គេ​នោះ​ទេ​។ អត់​មាន​នរណា​មាន​ដូច​ទេ ដោយសារ​វា​មាន​រូបរាង​ជ្រុង​ប៉ិត​មួយ​ចំហៀង​។ វា​ពិតជា​ស័ក្ដិសម​ពេល​​ផ្គុំ​ផ្ទះ​ ២ ​ជាមួយ​គ្នា​។
លោក រិទ្ធី ជា​អ្នកគាំទ្រ​ចំពោះ​ការដើរ​ផ្សងព្រេង​បោះតង់​ម្នាក់​ដែរ​នោះ​បាន​ឲ្យ​ដឹងថា​៖ «​ម៉ូដ A1 និង Modern ដែល​មាន​ដំបូល​ជ្រុង កញ្ចក់​មុខ​ក្រោយ អំពូល LED ពណ៌ ប្រព័ន្ធ​សោតទស្សន៍ និង​បច្ចេកវិទ្យា​តិចណូឡូជី​កាន់តែ​ធំ​។ វា​មាន​រាង​សិចស៊ី ដោយសារ​ពេល​យើង​បើក​វាំងនន​អស់​ទៅ​ពី​មុខ​ដល់​ក្រោយ យើង​មើល​ឃើញ​ធ្លាយ​​គ្នា​។ បើ​ស្ថិត​នៅ​តំបន់​ព្រៃភ្នំ ហើយ​យើង​ចង់​ឃើញ​ទិដ្ឋភាព​ព្រៃភ្នំ​សងខាង យើង​បើក​តែ​វាំងនន​ទៅ យើង​ឃើញ​អស់​តែ​ម្ដង​»​។
លោក តេង រិទ្ធី ជា​ស្ថាបនិក Glamping Pods Cambodia ក្នុង​ផ្ទះ​ចល័ត​ទំនើប​។
បើ​ទោះបី​ជា​ម៉ូដ​រំដួល ឬ​ក្រវាន់​ទទួល​បាន​ការចាប់អារម្មណ៍​ច្រើន តែ​ចំពោះ​ការកុម្ម៉ង់​ជាក់ស្ដែង ម៉ូដ Modern & A1 បែរ​ជា​ពេញនិយម​ទៅវិញ​ដោយ​បច្ចុប្បន្ន​ភ្ញៀវ​បាន​បញ្ជា​ទិញ​ម៉ូដ​រំដួល ឬ​ក្រវាន់​ប្រមាណ ២០ ​ផ្ទះ និង​ម៉ូដ Modern & A1 ៣០ ផ្ទះ បូក​បន្ថែម​ផ្ទះ​តូចៗ​អត់​បន្ទប់ទឹក​ប្រមាណ ៥០ ​ផ្ទះ​ទៀត​។
ផ្ទះ​តូច​ជាង​គេ​ទំហំ ២,៥ x ៣ ម៉ែត្រ​មាន​ឬ​អត់​មាន​បន្ទប់ទឹក​តម្លៃ​ពី​ជាង ៣០០០ ទៅ ៤៥០០០ ដុល្លារ​។ ទំហំ​ទី​ពីរ ២,៥ x ៦ តម្លៃ ប្រហាក់​ប្រហែល ៦០០០ ទៅ ៧០០០ ដុល្លារ ទំហំ​ទី​បី ៣ x ៦ ដែល​ចាត់ទុក​ថា​ធំ​ដែល​អាច​ដាក់​គ្រែ បន្ទប់ទឹក សាឡុង មាន​តម្លៃ​ចន្លោះ ៧៥០០ ដុល្លារ ហើយ​ធំ​មួយ​ទៀត គឺ ៤ x ៦ ខ្នាត​ធំ​ជាង​ហើយ​មាន​តម្លៃ​ប្រហាក់​ប្រហែល ៩០០០ ដុល្លារ​។
លោក រិទ្ធី ​បាន​ពន្យល់​ថា​៖ «​ផ្ទះ​តូច​ទាមទារ​ការតុបតែង​ខ្លាំង​ជាង​។ យើង​ផ្ដោតលើ​ការឌីគ័រ​ខ្លាំង​មិន​ខុស​ពី​បន្ទប់​សណ្ឋាគារ​លំដាប់​ផ្កាយ​នោះទេ​។ បរិក្ខារ​នៃ​ការរស់នៅ​ប្រកប​ដោយ​ផាសុកភាព​។ យើង​អាច​ចំណាយពេល​យ៉ាងយូរ​បំផុត​ ១ ​ខែ​ហើយ​សព្វថ្ងៃ​យើង​ប្រើ​ពេល​ចន្លោះ​ពី ២ ទៅ ៣ សប្ដាហ៍​។ តែ​ ១ ឬ ៥ ផ្ទះ​ក្នុង​ពេល​តែមួយ​យើង​ប្រើ​ពេល​ប្រហាក់ប្រហែល​គ្នា​»​។
Glamping Pods Cambodia មាន​ទីតាំង​នៅផ្ទះ​លេខ​ ២២៣ ផ្លូវ ៥៩៨ សង្កាត់​ភ្នំពេញ​ថ្មី និង​ទូរស័ព្ទ ០១៧ ៦១៧ ០០៧៕

ទឹកក្រឡុក​ព្រីង ខ្វិត និងសេដា ពី​ខ្ទីង​វល្លិ៍ កាហ្វេ ឆ្ងាញ់​ហើយ​ជួយ​សុខភាព

No comments :
ទឹកខ្វិត និង​ទឹកព្រីង សុទ្ធតែ​មាន​គុណប្រយោជន៍​ដល់​សុខភាព​។
កំពង់ចាមៈ ស្ថិត​នៅ​ខាងកើត​ផ្សារស្គន់ ទឹកដី​ខេត្ត​កំពង់ចាម ខ្ទីងវល្លិ៍ កាហ្វេ មាន​បម្រើ​នូវ​ភេសជ្ជៈ​ប្លែកៗ ហើយ​អ្វី​ដែល​លេចធ្លោ​ជាង​គេ​គឺ​ហាង​នេះ​បាន​ច្នៃ​ផ្លែឈើ​ខ្មែរ​ធ្វើជា​ភេសជ្ជៈ​ប្លែកៗ​មាន​ដូចជា ខ្វិត​ក្រឡុក (៨០០០៛) ផ្លែ​សេដា ឬ​ផ្លែ​តូម៉ា​ក្រឡុក​ទឹកដោះគោ (៨០០០៛) ផ្លែ​សេដា ឬ ផ្លែ​តូម៉ា​ក្រឡុក​តែ​ទឹកដោះគោ (៩០០០៛) ទឹក​ព្រីង (Jambolan Juice) ព្រីង​សូដា (៧០០០៛) និង​ព្រីង​ក្រឡុក (៨០០០៛)​។
លោក តាំង អៀកឃុន វ័យ ៣៣ ឆ្នាំ​ជា​ម្ចាស់​ហាង ខ្ទីងវល្លិ៍ កាហ្វេ បាន​សង្កេត​ឃើញ​ថា ផ្លែឈើ​ទាំង​នេះ​មិន​សូវ​មាន​នៅលើ​ទីផ្សារ​នោះ​ទេ ខណៈ​ទាំង​រសជាតិ និង​គុណប្រយោជន៍​គឺ​មាន​ដូចគ្នា​នឹង​ផ្លែឈើ​បរទេស​ដែល​មិន​គួរ​មើល​រំលង​។
នៅ​ថ្ងៃ​មួយ​មាន​បុគ្គលិក​យក​ផ្លែ​សេដា​មក​ផ្ញើ​លោក ហើយ​អ្នក​ជំនាញ​ចម្អិន​ម្ហូប​នៅ​សាលាបង្រៀន​ធ្វើ​ម្ហូប ក្លូប៊ល និង​បាន​ទទួល​ការបណ្តុះបណ្តាល​ផ្នែក​ឆុង​កាហ្វេ​ពី​ក្រុមហ៊ុន បុងកាហ្វេ រូបនេះ​បាន​រំឭក​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍ ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ក៏​ចាប់ផ្តើម​ធ្វើ​វា (​ទឹក​ផ្លែ​សេដា​) ពេល​ដែល​ក្រឡុក​ហើយ​ខ្ញុំ​ក៏​សាក​ឲ្យ​បុគ្គលិក​ខ្ញុំ និង​មិត្តភក្តិ​របស់​ខ្ញុំ ហើយ​ពួកគាត់​ក៏​អាច​ញ៉ាំ​បាន ទើប​ខ្ញុំ​សម្រេច​ចិត្ត​ដាក់លក់ បន្ទាប់​មក​ខ្ញុំ​បាន​កែច្នៃ​ផ្លែ​ខ្វិត​ជា​ផ្លែឈើ​ទី​ ២ ដែល​ខ្ញុំ​បាន​ច្នៃ និង​ទី​ ៣ គឺ​ផ្លែ​ព្រីង​នេះ​ឯង គ្រាន់តែ​ផ្លែ​ព្រីង​មិន​អាច​ក្រឡុក​ជាមួយ​ទឹកដោះគោ​បាន​ដូច​សេដា និង​ខ្វិត​បាន​ទេ អ៊ីចឹង​ត្រូវ​ប្រើ​ទឹក​ជំនួស​»​។
ភេសជ្ជៈ​រសជាតិ​ព្រីង ទើប​តែ​ចាប់ផ្តើម​ដាក់​លក់​កាលពី​ថ្ងៃទី​ ២១ ខែ​ឧសភា​កន្លង​ទៅ​នេះ​ ប៉ុន្តែ​ដោយ​បើកហាង​ចាប់ពី​ម៉ោង ៦ ព្រឹក​រហូត​ដល់​ ៨ ​យប់ និង​ក្នុង​ ១ ​ថ្ងៃ ភេសជ្ជៈ​ដែល​ផលិត​ពី​ផ្លែ​ព្រីង​នេះ​លក់​បាន​ចាប់ពី ៥ ទៅ ១០​ កំប៉ុង​។
ខ្ទីងវល្លិ៍ កាហ្វេ មាន​បម្រើ​ភេសជ្ជៈ​ច្នៃ​ពី​ផ្លែឈើ​ខ្មែរ​តាម​រដូវកាល​មាន ព្រីង ខ្វិត សេដា ជាដើម​។ 
លោក តាំង អៀកឃុន ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រៅពី​រសជាតិ​ឆ្ងាញ់​ប្លែក ភេសជ្ជៈ​ព្រីង ក៏​អាច​ជួយ​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម បន្ថយ​ក្អក កាត់បន្ថយ​ជំងឺរាក និង​ជំនួយ​ដល់​ស្បែក​ទៀតផង​។ ប៉ុន្តែ​ផលិតផល​ព្រីង​នេះ​មិន​តម្រូវ​ឲ្យ​ស្ត្រី ដែល​ទើប​នឹង​សម្រាល​កូន​កំពុង​បំបៅ​ដោះ​កូន អ្នក​មុន និង​ក្រោយ​វះកាត់​ពិសារ​នោះ​ទេ​។
ចំពោះ​ផ្លែ​សេដា ឬ​ផ្លែ​តូម៉ា​ក្រឡុក​មាន​ផ្ទុក​នូវ​អាហារូបត្ថម្ភ វីតាមីន និង​សារធាតុ​រ៉ែ​មួយ​ចំនួន​ដែល​ផ្តល់​នូវ​កាក​សរសៃ ដែល​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ភ្នែក​ឡើង​បាយ ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ប៉ូវ​ឆ្អឹង ជំនួយ​បេះដូង បង្កើន​ប្រព័ន្ធ​ភាពស៊ាំ និង​ទប់ស្កាត់​ជំងឺ​មហារីក​។
ចំណែក​ខ្វិត​ក្រឡុក​វិញ​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ជួយ​ថែរក្សា​សុខភាព​ស្បែក ជួយ​ការពារ​ជំងឺមហារីក បង្កើន​ប្រព័ន្ធ​ភាពស៊ាំ ជួយ​ប្រព័ន្ធ​រំលាយ​អាហារ ជួយ​តួនាទី​ថ្លើម និង​ការពារ​មិន​ឲ្យ​ធ្មេញ​ខូច​។
លោក តាំង អៀកឃុន ក៏​បាន​បញ្ជាក់​ពី​រូបមន្ត​ដែល​លោក​បាន​ច្នៃ​បន្ថែម​ទៀត​ថា​៖ «​ចំពោះ​រូបមន្ត​ខ្ញុំ​បាន​មកពី​ស្វែងរក​នៅ​តាម​ប្រព័ន្ធ Internet ដូចជា Youtube, Facebook និង Google និង​ខ្ញុំ​បាន​កែច្នៃ​បន្ថែម​ទៀត​តាម​ចំណេះ​ដែល​ខ្ញុំ​ធ្លាប់​បាន​រៀន​ពី​មុន​មក ប៉ុន្តែ​ចំពោះ​ការកែច្នៃ​ទាំងនេះ​ខ្ញុំ​មិន​បាន​ប្រាកដ​ថា​ខ្ញុំ​គឺជា​អ្នក​រកឃើញ​មុនគេ​នោះ​ទេ​»​។
ខ្ទីងវល្លិ៍ កាហ្វេ ស្ថិត​នៅ​ភូមិ​ស្គន់ ឃុំ​សុទិព្វ ស្រុក​ជើងព្រៃ ខាង​កើត​ផ្សារ​ស្គន់​ចម្ងាយ ៥០០ ​ម៉ែត្រ​ក្នុង​ទឹកដី​ខេត្ត​កំពង់ចាម​៕

សម្រស់​ជ្រលង Grand Canyon អាមេរិក​អាច​ឆក់​ជីវិត​ភ្ញៀវទេសចរ

No comments :
ទោះ​អាជ្ញាធរ​ព្រមាន​ពី​បញ្ហា​សុវត្ថិភាព តែ​ភ្ញៀវ​នៅ​តែ​ចចេស​ប្រថុយ​ថតរូប​។
ក្រុងញូវយ៉ក: ប្រុងប្រយ័ត្ន​ទេសចរ​ទៅ​លេង​ជ្រលង Grand Canyon មុនពេល​ប៉ុនប៉ង​ថតរូប​សែលហ្វ៊ី​ពី​គែម​ជ្រលង​ជ្រៅ និង​ជា​ចំណុច​ដ៏ចោត​ខ្ពស់​បំផុត​នៅលើ​ទឹកដី​អាមេរិក​។
ឧទ្យាន​ជាតិ​ជុំវិញ​ជ្រលង​ដ៏ធំ​ធ្លាប់​ជួប​នូវ​ឧប្បត្ដិហេតុ​គ្រោះអាក្រក់​ដោយ​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាងតិច ៤ នាក់​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​នា​ខែ​មីនា និង​មេសា​។
ជា​ឧទ្យាន​ជាតិ​ទាក់ទាញ​ភ្ញៀវទេសចរ​រាប់លាន​នាក់​ដ៏ច្រើន​បំផុត​លំដាប់​លេខ​ ២ ​នៅ​សហរដ្ឋអាមេរិក ទស្សនីយភាព​ក្នុង​តំបន់​វាល​ខ្សាច់​ខ្ពស់​រដ្ឋ​អារីហ្សូណា​ពិតជា​ស្រស់ស្អាត​អស្ចារ្យ ទាំង​សម្រស់​ក្រឡា​ផ្ទៃដី​ជាមួយ​សំណឹក​ថ្ម​រាប់លាន​ឆ្នាំ​លើ​ដង​ទន្លេ ខូឡូរ៉ាដូ ដែល​វា​បាន​ហូរ​កាត់​បាត​ជ្រលង​។
ប៉ុន្ដែ​ទស្សនីយភាព​ក៏​អាច​ធ្វើឲ្យ​ភ្ញៀវទេសចរ​វង្វេង​ចិត្ដ​ដោយ​ភ្ញៀវ​ខ្លះ​ហ៊ាន​ប្រថុយ​ជីវិត ទោះ​មាន​ការព្រមាន​ពី​ឆ្មាំ​ឧទ្យាន​យ៉ាង​ណា​ក៏ដោយ ហើយ​លទ្ធភាព​អាច​អាក្រក់​ហួស​ថ្លែង​។
ទាំង​ដំណើរ​ឡើង​ភ្នំ និង​ចុះ​មក​ក្រោម​សុទ្ធតែ​មិន​អាច​ធ្វេសប្រហែស​។
ឧទ្យាន​បាន​ដំឡើង​របាំង​ការពារ​ជាច្រើន​កន្លែង​នៅ​ចំណុច​គោលដៅ​ពេញនិយម​មួយ​ចំនួន តែ​ស្ដ្រី​អ្នក​នាំពាក្យ​ឧទ្យាន អ្នកស្រី គ្រីស ហ្វីស្ទើរ បាន​ប្រាប់​ទីភ្នាក់ងារ AFP ថា​៖ «​យើង​មិន​ចង់​ដាក់​របាំង​គ្រប់​ទីកន្លែង​នោះទេ​។ ភាពវិសេស​របស់​វា​គឺ​មិន​ត្រូវ​បាន​បិទបាំង​ឡើយ​»​។
ក្នុង​ចំណោម​សៀវភៅ​លក់​ក្នុង​បន្ទប់​អាហារដ្ឋាន​មាន​មួយ​ក្បាល​រៀបរាប់​ពី​មរណភាព​នៅ​ឧទ្យាន​នេះ​ឈ្មោះ​ថា «​ឈរ​ប្រផិតប្រផើយ​៖ មរណភាព​ក្នុង​ជ្រលង Grand Canyon»​។
ការរអិល​ធ្លាក់ លង់ទឹក កម្ដៅ​រាំងស្ងួត ខ្យល់ព្យុះ ពស់​ចឹក អត្ដឃាត និង​ឃាតកម្ម សុទ្ធតែ​ជា​កត្តា​ប្រឈម​ដែល​អាច​ធ្វើឲ្យ​មនុស្ស​ស្លាប់​ក្នុង​ជ្រលង Grand Canyon រួមទាំង​ការប៉ុនប៉ង​ថតរូប​ឲ្យ​ស្អាត​បំផុត​ផង​ដែរ​។
លោក ជីម ស្ដេនលី អាយុ ៧១ ឆ្នាំ​មកពី​មីឈីហ្គេន បាន​អាន​សៀវភៅ​ស្ដីពី​គ្រោះថ្នាក់​នៅ​ជ្រលង​នេះ​មុន​ពេល​ចេញ​ទៅ​ទស្សនា​ជាក់ស្ដែង​ជា​ទី​ដែល​ភ្ញៀវ​ជិត ៧ លាន​នាក់​គ្រង​នឹង​មក​កម្សាន្ដ​នាឱកាស​ខួប ១០០ ឆ្នាំ​។
លោក​បាន​បន្ថែម​ថា​៖ «​មនុស្ស​ជាច្រើន​នឹង​រីករាយ​នៅ​ជ្រលង Grand Canyon តែ​ចូរចាំ​ថា វា​មិនមែន​ជា Disneyland ឡើយ​ហើយ​កុំ​សប្បាយ​ភ្លេច​ខ្លួន​»៕ HR

Mitsubishi Estate នៅ​តែ​មាន​ទំនុក​ចិត្ត​ចំពោះ​ប្រទេស ​ថៃ

No comments :
ទិដ្ឋភាព​អគារ​ខ្ពស់ៗ​ក្នុង​ទីក្រុង​បាងកក​ ប្រទេស ​ថៃ។
ក្រុង​បាងកកៈ ក្រុមហ៊ុន Mitsubishi Estate Group ដែល​ជា​ក្រុមហ៊ុន​​​អចលនទ្រព្យ​ឈាន​មុខ​គេ​មួយ​របស់​​ប្រទេស ជប៉ុន​ នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​​ប្រទេស ​ថៃ ដោយ​សម្លឹង​មើល​វិស័យ​ឡូជីស្ទិក​នៅ​តំបន់​ខាង​ក្រៅ​​ទីក្រុង​បាងកក​ធ្វើ​ជា​ការវិនិយោគ​បន្ទាប់​មួយ បន្ទាប់​ពី​ការ​វិនិយោគ​រួម​គ្នា​ជាមួយ​​​ក្រុមហ៊ុន​អភិវឌ្ឍន៍​ Raimon Land (RML) របស់​​ថៃ​ ដើម្បី​សាងសង់​អគារ​​​ពាណិជ្ជកម្ម​ខ្ពស់ៗ​ដែល​មាន​តម្លៃ​ខ្ពស់​នៅ​ឆ្នាំ​នេះ​។​
លោក Shigehiro Ono នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Mitsubishi Estate Asia ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Mitsubishi Estate Group បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា ​ក្រុមហ៊ុន​របស់​លោក​​មាន​ទំនុក​ចិត្ត​​ក្នុង​រយៈពេល​មធ្យម​ និង​​រយៈពេល​វែង​ចំពោះ​​ប្រទេស ថៃ ទោះបី​ជា​ក្រុមហ៊ុន​​​មាន​ការ​បារម្ភ​តិច​តួច​​​ក្នុង​រយៈពេល​ខ្លី​ក៏​ដោយ​។​
លោក​ថ្លែង​ថា៖ «​ប្រទេស ថៃ ​គឺ​ជា​ទីតាំង​​យុទ្ធសាស្ដ្រ​មួយ​នៅ​អាស៊ី​»។ លោក​​បន្ត​ថា​៖ «​វិស័យ​ដែល​ទាក់ទាញ​បំផុត​ផ្នែក​អចលនទ្រព្យ​ (ដើម្បី​វិនិយោគ​) គឺ​ការិយាល័យ​កម្រិត A ក្នុង​​ទីក្រុង​បាងកក​ បន្ទាប់​មក​វិស័យ​​ឡូជីស្ទិក​​នៅ​តំបន់​​ខាង​ក្រៅ​ទីក្រុង​នេះ​»។​
លោក Ono បញ្ជាក់​ថា ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ប្រទេស ចិន ​ដែល​កើន​ឡើង​​កាន់តែ​ខ្លាំង​ អាច​ផ្លាស់ប្តូរ​មូលដ្ឋាន​ផលិត​ពី​ប្រទេស ចិន ​ទៅ​ប្រទេស ​ថៃ ជា​ពិសេស​ច្រក​របៀង​សេដ្ឋកិច្ច​ភាគ​ខាង​កើត (EEC)​ ប៉ុន្តែ​ក្រុមហ៊ុន Mitsubishi នឹង​នៅ​តែ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ទីក្រុង​បាងកក​ដដែល​។
លោក​ថ្លែង​​ថា​៖ «​ នៅ​ពេល​បច្ចុប្បន្ន​ យើង​​​មិន​មាន​ផែនការ​​​​​វិនិយោគ​ក្នុង​រយៈពេល​​ពីរ​ បី ​ឆ្នាំ​​បន្ទាប់​នេះ​ទេ​ ដោយសារ​តែ​យើង​ចង់​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អគារ​​​ការិយាល័យ​ខ្ពស់ៗ​ ដែល​យើង​បាន​វិនិយោគ​រួម​ជាមួយ​​ក្រុមហ៊ុន Raimon Land ​»។​ លោក​​បន្ត​ថា៖ «​បើ​ EEC ទាក់ទាញ​ការ​វិនិយោគ​ថ្មីៗ ទីក្រុង​បាងកក​គួរ​តែ​ទទួល​​បាន​អត្ថ​ប្រយោជន៍​ផង​ដែរ​»។​
យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍ ក្រុមហ៊ុន Mitsubishi Estate បាន​ចូល​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស ​ថៃ កាល​ពី​ឆ្នាំ​ ២០១៣ តាមរយៈ​ការ​វិនិយោគ​រួម​ជាមួយ​​ក្រុមហ៊ុន​អភិវឌ្ឍន៍ AP Thailand Plc របស់​ថៃ​ ​សម្រាប់​ការ​អភិវឌ្ឍ​ខុនដូ​នៅ​ទីក្រុង​បាងកក​។ ក្រុមហ៊ុន​ទាំង​ ២ ​បាន​អភិវឌ្ឍ​​គម្រោង​ចំនួន ​១៧ ដោយ​មាន​ចំនួន​សរុប ១៦ ០០០ យូនីត។​
កាល​ពី​ ពីរ បី ​ឆ្នាំ​មុន ​ក្រុមហ៊ុន Mitsubishi បាន​ស្វែងរក​ការ​វិនិយោគ​រួម​មួយ​ ​ដើម្បី​អភិវឌ្ឍ​អគារ​ការិយាល័យ​​កម្រិត A ក្នុង​តំបន់​ខាង​​ក្នុង​ទីក្រុង​បាងកក ដោយសារ​តែ​វិស័យ​នេះ​មាន​​ភាព​រឹងមាំ ជាមួយ​នឹង​តម្រូវការ​រឹងមាំ និង​ផ្ទៃ​ក្រឡា​ទំនេរ​​ទាប​។ ប៉ុន្តែ​ក្រុមហ៊ុន AP ​មិន​មាន​ចំណាប់​អារម្មណ៍​លើ​​ការអភិវឌ្ឍ​​មិន​មែន​លំនៅឋាន​នោះ​ទេ ដូច្នេះ​​ក្រុមហ៊ុន Mitsubishi បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ Raimon Land សម្រាប់​ការ​សាងសង់​​អគារ​ការិយាល័យ​ខ្ពស់ៗ​​លើ​ផ្លូវ Ploenchit Road​។
លោក Ono ថ្លែង​ថា​៖ «​​ការិយាល័យ​នេះ នឹង​ត្រូវ​បាន​ផ្ដល់​ហិរញ្ញប្បទាន​ជាមួយ​នឹង​មូលនិធិ​ថ្មីៗ បាន​ពី​ប្រទេស ​ជប៉ុន តិច​ជាង ​​១,៧ ​ពាន់​លាន​បាត​ (ប្រហែល ៥៤ លាន​ដុល្លារ)»។
ដីឡូត៍​នេះ​មាន​ទំហំ ​៦ រ៉ៃ ​ហើយ​ក្រុមហ៊ុន Raimon Land បាន​ចុះ​កិច្ច​ព្រមព្រៀង​ជួល​កាល​ពី​ចុង​ឆ្នាំ​ ២០១៦។ ជាមួយ​នឹង​ការ​វិនិយោគ​សរុប​ ៨,៨​ ពាន់​លាន​បាត​ ​ក្រុមហ៊ុន Raimon Land និង​ក្រុមហ៊ុន Mitsubishi គ្រោង​​​អភិវឌ្ឍ​អគារ​ខ្ពស់​​កម្ពស់ ​៦១​ ជាន់​ ​ដែល​អាច​មាន​ផ្ទៃ​ក្រឡា​​​ជួល​​ទំហំ​ ៦១​ ០០០ ម៉ែត្រ​ក្រឡា​។​​
លោក​ Lionel Lee ប្រធាន​​ប្រតិបត្តិ​ក្រុមហ៊ុន Raimon Land បាន​ឲ្យ​ដឹង​ថា ការ​សាងសង់​អគារ​មជ្ឈមណ្ឌល​ One City Centre នេះ​គ្រោង​នឹង​បញ្ចប់​​នៅ​ចុង​ឆ្នាំ ២០២២៕​ LA​