Translate

Popular

Thursday, May 30, 2019

អាជ្ញាធរ​រក​ឃើញ​ផ្ទះល្វែង​បុរី ៥ ទីតាំង ​គ្មាន​ច្បាប់​សាង​សង់

No comments :
ផ្ទាំង​ប៉ាណូផ្សាយ​លក់ផ្ទះបុរី​ នៅខេត្ត​សៀមរាប​​។
សៀមរាបៈ អាជ្ញា​ធរ​ខេត្ត​សៀម​រាប​បាន​រក​ឃើញ​ផ្ទះ​ល្វែង​និង​បុរី​ចំ​នួន​ ៥ ទី​តាំង​ នៅក្នុង​ស្រុក​បន្ទាយ​ស្រី​ និង​ស្រុក​ប្រា​សាទ​បាគ​ង​ ក្នុង​ខេត្ត​សៀម​រាប​ បាន​កំ​ពុង​សាង​សង់​ដោយ​គ្មាន​ច្បាប់​អនុ​ញ្ញាត​ត្រឹម​ត្រូវ​ ហើយ​បាន​អំ​ពាវ​នាវ​ដល់​ប្រ​ជា​ពល​រដ្ឋ​ឲ្យ​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ក្នុង​ការ​ទិញ​អចលន​ទ្រព្យ​ទាំង​នោះ។​
​លោក​ ហែន ​ពុ​ទ្ធី នា​យក​​រង​រដ្ឋ​បាល​សា​លា​ខេត្ត​សៀម​រាប​ បាន​ឲ្យ​ដឹង​កាល​ម្សិល​មិញ​ថា​​ក្រុម​ការងារ​បាន​ណែនាំ​ឱ្យ​ម្ចាស់​គម្រោង​បញ្ឈប់​សកម្ម​ភាព​​ទាំង​ឡាយ ​ដូ​ចជា​សកម្មភាព​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រប់​​រូប​ភាព​ បញ្ឈប់​ការ​សាង​សង់​សំណង់​នា​នា​បណ្ដោះ​អាសន្ន​សិន​ដោយ​ត្រូវ​ឱ្យ​ម្ចាស់​គម្រោង​ទៅ​សុំ​ច្បាប់​ឱ្យ​បាន​រួចរាល់​ឡើង​វិញ។​
​លោក​បាន​បន្តថា​៖​ «​យើង​​តម្រូវ​ឱ្យ​ម្ចាស់​គម្រោង​បុរី​ទាំងនោះ ​ត្រូវតែ​សុំ​ការ​អនុ​ញ្ញាត​​ច្បាប់​ពីមន្ត្រី​ជំនាញ​ឱ្យ​បាន​ត្រឹមត្រូវមុន​នឹង​ដំណើរ​ការ​ធ្វើ​អាជីវ​កម្ម​ ឬ​ការ​សាង​សង់​របស់​ខ្លួន»។
របាយ​ការណ៍​របស់​រដ្ឋ​បាល​ខេត្ដ​សៀម​រាប​កាល​ពី​ថ្ងៃ​អង្គារបាន​បង្ហាញ​ថា ទី​តាំង​គម្រោង​បុរី​ផ្ទះ​ល្វែង​ទាំង ​៥ ទីតាំង ​ដែល​ពុំមាន​ច្បាប់​អនុញ្ញាត​រួម​មាន​ ១- គម្រោង​មហា​មន្ទីរ នៅ​ឃុំ​ខ្នារ​សណ្តាយ​ ស្រុក​បន្ទាយ​ស្រី ២- គម្រោង​បុរី​អង្គរ​លែ​ន​បន្ទាយ​ស្រី ស្ថិត​នៅ​ភូមិ​ខ្នារ​សណ្តាយ ​ឃុំ​ខ្នារ​សណ្តាយ​ ស្រុក​បន្ទាយ​ស្រី ​៣- គ​ម្រោង​ភូមិ​ឋាន​សំណង់​ ស្ថិត​នៅ​ភូមិ​គោក​ត្រាច ឃុំ​បាគង​ ស្រុកប្រាសាទ​បាគង​ និង ២​ ទីតាំង​ទៀត​មិន​បាន​ជួប​ម្ចាស់ ​ឬ​តំណាង ​ស្ថិត​នៅ​ភូមិ​ខ្នារ​សណ្តាយ​ ឃុំ​ខ្នារ​សណ្តាយ​ និង​ភូមិ​ទួលក្រួស ឃុំ​ឃុន​រាម​ ស្រុក​បន្ទាយ​ស្រី ខេត្តសៀមរាប​តែ​​ក្រុម​ការងារ​បាន​កំណត់​កាល​បរិច្ឆេទ​ជួប​នា​ពេល​បន្ទាប់។
រដ្ឋ​បាល​ខេត្ដ​សៀម​រាប​ក៏​បាន​ណែនាំ​ដល់​រដ្ឋ​បាល​ឃុំ ​និង​រដ្ឋ​បាល​ស្រុក ​ត្រូវ​ពង្រឹង​ការគ្រប់​គ្រង​ការងារ​នេះ ​និង​ត្រូវ​ណែ​នាំ​ឱ្យ​ម្ចាស់​គម្រោង​ទាំង​អស់​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន​ឱ្យ​មក​ដាក់​ពាក្យ​ស្នើ​សុំ​តាម​នីតិ​វិធី​ ព្រម​ទាំង​ព​ន្លឿន​រយៈ​ពេល​នៃ​ការ​ផ្តល់​សេវា​ផងដែរ។
បើ​តាម​រដ្ឋ​បាល​ខេត្ដ​សៀម​រាប​ ក្រុម​ការងារ​ចម្រុះ​នឹង​​​បន្ត​ចុះ​គ្រប់​ទីតាំង​បុរី​ផ្ទះល្វែង​ទាំង​អស់ ដើម្បី​ធានា​ថា ១- ម្ចាស់​ទី​តាំង​បាន​សុំ​ការ​អនុញ្ញាត​ច្បាប់​អាជ្ញា​ធរមាន​សមត្ថ​កិច្ច ២-​ប្រជា​ពល​រដ្ឋ​ដែល​បាន​ទិញ​មិន​ទទួល​រង​នូវ​ភាព​ប្រ​ថុយ​​ប្រ​ថាន​នានា ៣-​ តម្រង់​ទិស​ការរៀប​ចំ​ហេ​ដ្ឋា​រនា​សម្ព័ន្ធ​ក្នុង​ទីតាំង​ទាំង​​នោះ​ឱ្យ​ស្រប​តាម​ផែន​ការ​អភិ​វឌ្ឍន៍ និង​នគរូបនីយ​ប្បញ្ញត្តិ។
លោក ​ហែន ​ពុ​ទ្ធី​ បាន​បញ្ជាក់​ថា​៖ «​យើង​សង្កេត​ឃើញ​ថា​ ​គម្រោង​បុរី​ទាំង ​៥​ នោះ​មិន​ទាន់​មានសុំ​​ច្បាប់​អភិវឌ្ឍ​​ទេ​។​ ក្នុ​ង​នោះ​មាន​សំណង់​មួយ​ចំនួន​បាន​សាង​សង់​រួច​ហើយ​ និង​មួយ​ចំនួន​មិន​ទា​ន់​​សាង​សង់​ទេ​។ គម្រោង​ដែ​ល​​មិន​ទាន់​សាង​សង់​យើង​បាន​ឱ្យ​គាត់​ផ្អាក​ការ​សាង​សង់​សិន​»។
លោក នួន ពុទ្ធារ៉ា អភិ​បាល​ក្រុង​សៀម​រាប បាន​បញ្ជាក់​​ថា​ តាម​គោល​ការណ៍​ច្បាប់ ​ការ​សាងសង់​​សំណង់ ​បុរី​ ឬ​ផ្ទះ​ល្វែ​ង ​នៅ​ខេត្ដ​សៀម​រាប ​ត្រូវ​សាង​សង់ តាម​​បែប​អភិ​រក្ស​​ ព្រោះ​ក្រុង​សៀមរាប ​គឺ​ជាក្រុង​បុរាណ​ត្រូវ​អភិរក្ស។
​លោក​បន្ត​ថា​៖ «យើង​ចង់​ឱ្យ​ការ​សាង​សង់​ សំណង់​​ទាំងអស់ស្រប​តាម​ការ​រៀប​ចំ​របស់​ន​គរូ​ប​នីយ​កម្ម​ ដែល​កិច្ច​ការងារ​នេះ​ ខាង​ក្រុម​ជំនាញ​សុរិ​យោដី​កំពុង​គិត​គូរ​។​ ពួក​គាត់​សាង​សង់​ឡើង​ដោយ​អត់​បាន​សុំ​ច្បាប់​អភិវឌ្ឍ​ត្រឹម​ត្រូវ​ ​(​បុរី​-​ផ្ទះអ​ត់​ច្បាប់) ហើយ​ចំពោះ​គម្រោង​ធំៗ ​ដូច​ជា​បុរី​ និង​ផ្ទះល្វែង​ គឺ​ត្រូវ​ធ្វើ​ឡើង​ ដោយ​ត្រូវ​សុំ​ច្បាប់​ដល់​ក្រសួង​ទើប​អាច​សាងសង់​បាន»។​ ​
​លោក​បន្ថែម​ថា​៖ «​បញ្ហា​អាច​កើត​មាន​ច្រើន​ចំពោះ​ការ​ទិញ​លក់​អចល​ន​ទ្រព្យ​នេះ (បុរី​-​ផ្ទះ​អត់​ច្បាប់​)​ ទើប​យើង​កំពុង​ខិតខំ​ធ្វើ​កិច្ច​ការងារ​នេះ​ ដើម្បី​កាត់បន្ថយ​បញ្ហា​ដែល​កើត​មាន​ឡើង​ តាម​ដែល​​អាច​ធ្វើ​ទៅ​បាន»។​
​លោក​បាន​បញ្ចាក់​ទៀត​ថា​៖ ​«​គម្រោង​គាត់​អត់​បាន​សុំ​ច្បាប់​អ៊ីចឹង​ ពេល​គាត់​អភិវឌ្ឍ ពុះ​ឡូត៍ទៅ ​ប្លង់​មួយ​ចំនួន​បាន​ប៉ះ​ពាល់​ដល់​ដី​សាធារ​ណៈ​របស់​រដ្ឋ​ និង​មិន​មាន​ហេ​ដ្ឋារចនា​សម្ព័ន្ធ ប្រព័ន្ធ​ផ្លូវ​ថ្នល់ និង​លូ​ត្រឹម​ត្រូវ​នោះទេ ។​ ពេល​ម្ចាស់​គម្រោង​លក់​ដី​ហើយ​ក៏​យក​លុយ​ទៅ​បាត់​ ចំណែក​អ្នក​រង​គ្រោះ​គឺ​ប្រជា​ពលរដ្ឋ​។​ ប៉ុន្ដែ​បើ​មាន​បញ្ហា​យើង​នឹង​ឱ្យ​ម្ចាស់​គម្រោង​ទទួល​ខុស​ត្រូវ​ដែរ​រឿង​នេះ»។​
​ក្រោយ​រក​ឃើញ​មាន​គម្រោង​បុរី​-ផ្ទះ​ល្វែង​អត់​ច្បាប់​បែប​នេះ​ រដ្ឋ​បាល​ខេត្តសៀមរាប​បាន​ស្នើ​ដល់​ម្ចាស់​បុរី​ ផ្ទះ​ល្វែង​​ទាំងអស់​ចូល​រួម​សហ​ការ​ជាមួយ​ក្រុម​ការងារ​ចម្រុះ​ ដើម្បី​ឱ្យ​ដំណើរ​ការ​ស្រប​ទៅ​តាម​នីតិ​វិធី​ជា​ធរ​មាន​ ជា​ពិសេស​​ម្ចាស់​គម្រោង​ដី​បុរី​ផ្ទះ​ល្វែង​ត្រូវសុំ​ការ​អនុ​ញ្ញា​តច្បាប់​មុន​ដំណើរការ​លក់​ដី។​
លោក ​សួស​ ណា​រិន​ មន្ដ្រី​អង្កេត​សមា​គម​អាដ​ហុក​ប្រចាំ​ខេត្ដ​សៀម​រាប បា​ន​សង្កេត​ឃើញថា ដី​នៅ​ក្នុង​ក្រុង​សៀមរាប​ភាគច្រើន​ជាដី​របស់​អាជ្ញាធរ​អប្សរា​ បើ​មាន​ការ​សាង​សង់​សំណង់​ត្រូវ​តែមាន​ការ​សុំ​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ពាក់​​ព័ន្ធ​ទើប​អាច​សាងសង់​បាន៕

អាមេរិក​ដាក់​ប្រទេស​អាស៊ាន ៣ ​ក្នុង​បញ្ជី​ឃ្លាំមើល

No comments :
អតិថិជន​កំពុង​រាប់​ប្រាក់​ដុល្លារ​សិង្ហបុរី បន្ទាប់​ពី​ដក​ចេញ​ពី​ម៉ាស៊ីន​អេធីអឹម​​។
ក្រុង​វ៉ាស៊ីនតោនៈ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​ដាក់​បញ្ចូល​ប្រទេស ​សិង្ហបុរី ម៉ាឡេស៊ី និង​វៀតណាម ​ទៅ​ក្នុង​បញ្ជី​ឃ្លាំមើល​ការ​គ្រប់គ្រង​រូបិយប័ណ្ណ (currency manipulation) ដោយ​ដាក់​​គោលនយោបាយ​អត្រា​ប្តូរ​ប្រាក់​របស់​ប្រទេស​ទាំង​នោះ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល។ ​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg។
Bloomberg បាន​រាយការណ៍​ដោយ​ដក​ស្រង់​សម្ដី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ថា សិង្ហបុរី​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​​បញ្ជី​នេះ​ដោយសារ​អតិរេក​គណនី​ចរន្ត​​ដ៏​ច្រើន​របស់​ប្រទេស​នេះ និង​ការ​ទិញ​​រូបិយប័ណ្ណ​បរទេស​សុទ្ធ​ដែល​មាន​​យ៉ាង​ហោច​ណាស់ ១៧ ពាន់​លាន​ដុល្លារ ​ក្នុង​ឆ្នាំ ២០១៨ ដែល​ស្មើ​នឹង ៤,៦ ភាគរយ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។
ចំណែក​ឯ​ការ​ដាក់​បញ្ចូល​​​ម៉ាឡេស៊ី និង​វៀតណាម​ទៅ​ក្នុង​បញ្ជី​នេះ​ដោយសារ​​​ត្រូវ​បាន​​លើក​ឡើង​ថា ដោយសារ​អតិរេក​ពាណិជ្ជកម្ម​ទ្វេភាគី និង​អតិរេក​គណនី​ចរន្ត​របស់​ប្រទេស​ទាំង ​២។
ប្រទេស​ដែល​មាន​អតិរេក​គណនី​ចរន្ត​ជាមួយ​អាមេរិក ស្មើ​នឹង ២ ភាគរយ​នៃ ផ.ស.ស ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​នេះ ដែល​ធ្លាក់ចុះ​ពី ៣ ភាគរយ។ កម្រិត​កំណត់​ផ្សេង​ទៀត​រួម​មាន ការ​ធ្វើ​អន្តរាគមន៍​ដែល​កើត​មាន​ជា​យូរ​​ក្នុង​ទីផ្សារ​រូបិយប័ណ្ណ​របស់​ប្រទេស​មួយ និង​អតិរេក​ពាណិជ្ជកម្ម​​ដែល​មាន​យ៉ាង​ហោច​ណាស់ ២០ ពាន់​លាន​ដុល្លារ។ ប្រទេស​ដែល​ឆ្លើយ​តប​ទៅ​នឹង​លក្ខណ​វិនិច្ឆ័យ​ចំនួន ២ ក្នុង​ចំណោម​លក្ខណ​វិនិច្ឆ័យ​ទាំង ៣ នេះ ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ឃ្លាំមើល​នេះ។
ការ​ដែល​ត្រូវ​បាន​ហៅថា​​ជា​អ្នក​គ្រប់គ្រង​​រូបិយប័ណ្ណ មិនមែន​បណ្តាល​ឲ្យ​មាន​ការ​​​ដាក់​ពិន័យ​ភ្លាមៗ​​ទេ ប៉ុន្តែ​អាច​​ធ្វើ​ឲ្យ​រង្គោះរង្គើ​ដល់​ទីផ្សារ​ហិរញ្ញវត្ថុ។
Bloomberg បាន​ឲ្យ​ដឹង​ទៀត​ថា ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​ឲ្យ​ដឹង​ថា សិង្ហបុរី​គួរ​អនុវត្ត​កំណែ​ទម្រង់​ដែល​នឹង​ជួយ​ឲ្យ​បន្ទាប​អត្រា​ការ​ប្រាក់​សន្សំ​ខ្ពស់​របស់​​ខ្លួន និង​បង្កើន​ការ​ប្រើប្រាស់​ក្នុង​ស្រុក​ដែល​មាន​កម្រិត​ទាប ខណៈ​​​​ព្យាយាម​​ធានា​ថា អត្រា​ប្តូរ​ប្រាក់​ពិត​របស់​ប្រទេស​នេះ​មាន​ភាព​ស្រប​គ្នា​ទៅ​នឹង​​មូលដ្ឋាន​សេដ្ឋកិច្ច ដើម្បី​ជួយ​ធ្វើ​ឲ្យ​រួម​​តូច​ជាង​មុន​នូវ​អតិរេក​ខាង​ក្រៅ​ដែល​មាន​ទំហំ​ធំ និង​​កើត​មាន​ជា​យូរ​របស់​ខ្លួន។
ធនាគារ​កណ្តាល​សិង្ហបុរី​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «ខ្លួន​មិន​បាន​គ្រប់គ្រង​រូបិយប័ណ្ណ​របស់​ខ្លួន ​ដើម្បី​អត្ថប្រយោជន៍​នាំចេញ​ឡើយ»។ ធនាគារ​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​​រូបិយវត្ថុ​សិង្ហបុរី​ដែល​ជា​ធនាគារ​កណ្តាល​របស់​ប្រទេស​នេះ ប្រើប្រាស់​អត្រា​ប្តូរ​ប្រាក់​ដើម្បី​ធានា​បាន​ស្ថិរភាព​ថ្លៃ និង​មិន​អាច​ប្រើប្រាស់​អត្រា​ប្តូរ​ប្រាក់​នេះ ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ផ្នែក​នាំចេញ ឬ​ដើម្បី​សម្រេច​បាន​អតិរេក​គណនី​ចរន្ត​ទេ។
ម៉ាឡេស៊ី​ត្រូវ​បាន​លើក​ឡើងថា ​មាន​អតិរេក​ពាណិជ្ជកម្ម​ទ្វេភាគ​ចំនួន ២៧ ពាន់​លាន​ដុល្លារ​ជាមួយ​អាមេរិក​កាល​ពី​ឆ្នាំ​មុន ហើយ​អតិរេក​គណនី​ចរន្ត​មាន ២,១ ភាគរយ ​នៃ​ ផ.ស.ស៕ KC

ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ចំនួន ១៣ ទាមទារ​សំណង​ពី Boeing

No comments :
យន្តហោះ​ 737 Max របស់ក្រុមហ៊ុន Boeing។
ក្រុង​ប៉េកាំងៈ ក្រុមហ៊ុន​អាកាស​ចរណ៍​របស់​ប្រទេស ​ចិន ​ចំនួន ១៣ កំពុង​ស្វែងរក​សំណង​ពី​​ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing ដោយសារ​តែ​ការ​ចត​ចោល​​​យន្តហោះ​ 737 Max របស់​ខ្លួន​ និង​ពន្យារ​ពេល​ការ​ចែកចាយ​យន្តហោះ​ 737 MAX​។
យន្តហោះ​ Boeing 737 Max របស់​ក្រុមហ៊ុន Boeing ត្រូវ​បាន​ចត​ទុក​ចោល​​​ជុំវិញ​​ពិភព​លោក​កាល​ពី​ខែ​មីនា​ដើម​ឆ្នាំ​នេះ បន្ទាប់​​ពី​​មាន​ការ​ធ្លាក់​យន្តហោះ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ​២ លើក ​នៅ​ក្នុង​ប្រទេស ​ឥណ្ឌូនេស៊ី និង​ប្រទេស ​អេត្យូពី​។​
ក្រុមហ៊ុន​អាកាស​ចរណ៍​ដឹក​អ្នក​ដំណើរ ​9Air ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ក្វាងចូវ ខេត្ត​ក្វាងទុង ប្រទេស ​ចិន ត្រូវ​បាន​រាយការណ៍​​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍៍​មុន​ថា នឹង​ចូលរួម​ជាមួយ​​ក្រុមហ៊ុន​អាកាស​ចរណ៍​របស់​​​ប្រទេស ​ចិន ​ចំនួន​ ១២ ​ផ្សេង​ទៀត ដើម្បី​ស្វែងរក​សំណង​ពី​ក្រុមហ៊ុន Boeing។​
បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាស​ចរណ៍​ទាំង​អស់​របស់​ប្រទេស ចិន​ ដែល​ប្រតិបត្តិការ​យន្តហោះ​​​ 737 Max-8 បាន​ដាក់​ពាក្យ​​បណ្ដឹង​ប្រឆាំង​នឹង​​ក្រុមហ៊ុន​ផលិត​​យន្តហោះ​របស់​សហរដ្ឋ​អាមេរិក​មួយ​នេះ​​។​
ទន្ទឹម​នឹង​នេះ​ សមាគម​ដឹក​​ជញ្ជូន​​ផ្លូវ​អាកាស​របស់​ប្រទេស ចិន (CATA)​ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ថា ​ក្រុមហ៊ុន​អាកាស​ចរណ៍​របស់​​ប្រទេស ​ចិន ​ទាំង​នេះ ​អាច​ខាត​បង់​ ៤ ពាន់​លាន​យន់ (៥៨០​ លាន​ដុល្លារ​អាមេរិក​) ប្រសិន​បើ​ការ​ផ្អាក​ហោះហើរ​​យន្តហោះ ​737 Max នេះ​ មាន​រយៈពេល​រហូត​ដល់​ខែ​​មិថុនា​ ហើយ​ការ​​ខាតបង់​នេះ​នឹង​បន្ត​​កើន​ឡើង ប្រសិន​បើ​ការ​ហាម​​ឃាត់​នេះ​មាន​រយៈពេល​ហួស​ពី​ពេល​នេះ។
CATA បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​គាំទ្រ​ និង​ជួយ​ដល់​ក្រុមហ៊ុន​អាកាស​ចរណ៍​ជា​សមាជិក​របស់​ខ្លួន​ ក្នុង​ការ​ទាមទារ​សំណង​ពី​ក្រុមហ៊ុន Boeing។​
ប្រទេស ​ចិន​ គឺ​ជា​ប្រទេស​ប្រើប្រាស់​យន្តហោះ ​737 Max-8 របស់​ក្រុមហ៊ុន Boeing ​ច្រើន​ជាង​គេ ដោយ​យន្តហោះ​ Boeing MAX-8 ចំនួន ៩៦ ​គ្រឿង​ស្ថិត​ក្នុង​ដំណើរការ​​​ផ្តល់​សេវា​ហោះហើរ​​​ក្នុង​ប្រទេស​នេះ​។​
ប្រទេស ​ចិន ​គឺ​ជា​ប្រទេស​ទី១ ដែល​បាន​​ផ្អាក​ប្រតិបត្តិការ​ពាណិជ្ជកម្ម​យន្តហោះ Boeing 737 Max-8 ​ទាំង​អស់​ បន្ទាប់​ពី​​ការ​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ Ethiopian Airlines កាល​ពី​ខែ​មីនា​ ដែល​បាន​សម្លាប់​មនុស្ស​​នៅ​​លើ​យន្តហោះ​ទាំង​អស់​ចំនួន ​១៥៧​ នាក់​។
កាល​ពី​ខែ​តុលា ​ឆ្នាំ​មុន យន្តហោះ ​737 MAX-8 បាន​ធ្លាក់​នៅ​ទីក្រុង​ហ្សាការតា​ប្រទេស ​ឥណ្ឌូនេស៊ី លើ​ជើង​ហោះហើរ​​ក្នុង​ស្រុក​​មួយ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​លើ​យន្តហោះ​ទាំង​អស់ ​១៨៩ ​នាក់​បាន​ស្លាប់ ៕​ People's Daily/LA​

Alibaba សម្លឹង​ចុះ​បញ្ជី​នៅ​ផ្សារហ៊ុន​ហុងកុង

No comments :
លោក Jack Ma ប្រធាន​ក្រុមហ៊ុន Alibaba។
ក្រុង​ស៊ាងហៃៈ ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក Alibaba Group របស់​ប្រទេស ​ចិន​ កំពុង​ស្វែងរក​ការ​ចុះ​បញ្ជី​​បោះផ្សាយ​ភាគហ៊ុន​លើក​ទី២​ ក្នុង​ទីក្រុង​ហុងកុង ដែល​អាច​ប្រមូល​ប្រាក់​ចំនួន ២០ ពាន់​លាន​ដុល្លារ ខណៈ​ដែល​ទីក្រុង​ប៉េកាំង​ព្យាយាម​លើក​ទឹក​ចិត្ត​ឲ្យ​​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​របស់​ខ្លួន​ចុះ​បញ្ជី​ក្នុង​ទីផ្សារ​​នៅ​ប្រទេស​​កំណើត​របស់​ខ្លួន។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​មួយ​កាល​ពី​ថ្ងៃ​អង្គារ។
ទីភ្នាក់ងារ​ព័ត៌មាន Bloomberg News បាន​រាយការណ៍​​​ដោយ​ដក​ស្រង់​ប្រភព​ដែល​បាន​ដឹង​ពី​ផែនការ​នេះ​ថា ក្រុមហ៊ុន Alibaba ដែល​ចុះ​បញ្ជី​​នៅ​សហរដ្ឋ​អាមេរិក មាន​គោល​បំណង​ដាក់​​ពាក្យ​ស្នើសុំ​ចុះ​បញ្ជី​នៅ​ក្នុង​ទីក្រុង​ហុងកុង​នៅ​​ឆមាស​ទី២ ក្នុង​ឆ្នាំ ២០១៩ នេះ។
ការ​ចុះ​បញ្ជី​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​​គោល​បំណង​បើក​ចំហ​បណ្តាញ​មូលនិធិ​ថ្មីៗ​សម្រាប់​ក្រុមហ៊ុន Alibaba ដែល​ការ​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​ក្រុង​ញូវយ៉ក​​កាល​ពី​ឆ្នាំ ២០១៤ បាន​ប្រមូល​និធិ​ចំនួន ​២៥ ពាន់​លាន​​ដុល្លារ ​ក្នុង​ការ​បោះផ្សាយ​មូលបត្រ​ជា​សាធារណៈ​លើក​ដំបូង​ដែល​ធំ​បំផុត​ក្នុង​ពិភព​លោក។
អ្នក​នាំពាក្យ​របស់​ក្រុមហ៊ុន Alibaba បាន​បដិសេធ​អត្ថាធិប្បាយ​មក​កាន់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដោយ​បាន​និយាយ​ថា ក្រុមហ៊ុន​មិន​ឆ្លើយ​តប​ទៅ​កាន់ ​«ពាក្យ​ចចាម​អារ៉ាម​ពី​ទីផ្សារ» ឡើយ។
ប្រទេស ​ចិន ​បាន​ព្យាយាម​លើក​ទឹក​ចិត្ត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​នាពេល​បច្ចុប្បន្ន ​និង​អនាគត​របស់​ប្រទេស​ខ្លួន​ឲ្យ​ចុះ​បញ្ជី​នៅ​ក្នុង​ទីផ្សារ​នៅ​ជិតៗ​ប្រទេស​កំណើត រួម​ទាំង​តាមរយៈ​ការ​​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​បច្ចេកវិទ្យា​ដែល​គ្រោង​បង្កើត​ឡើង​មួយ​ក្នុង​ទីក្រុង​ស៊ាងហៃ ដែល​នឹង​ជា​ផ្សារហ៊ុន​មួយ​ឆ្លើយ​តប​ទៅ​កាន់​ផ្សារហ៊ុន Nasdaq របស់​អាមេរិក ។
ព័ត៌មាន​នេះ កើត​មាន​ឡើង​ក្នុង​គ្រា​ដែល​ប្រទេស ​ចិន និង​សហរដ្ឋ​អាមេរិក​បាន​ជាប់​គាំង​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ដែល​កំពុង​ឡើង​កម្តៅ​មួយ ដែល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ហាម​ឃាត់​​ក្រុមហ៊ុន​អាមេរិក​មិន​ឲ្យ​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ទៅ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​ និង​ផលិត​ទូរស័ព្ទ Huawei របស់​ចិន ៕ AFP/KC

DBS: សេដ្ឋកិច្ច​របស់​វៀតណាម ​នឹង​វ៉ា​សិង្ហបុរី​ក្នុង​នៅ​រយៈពេល ​១០ ឆ្នាំ

No comments :
អតិថិជនកំពុងឈរដកប្រាក់ចេញពីទូរ ATM របស់ធនាគារ DBS ស្ថិតក្នុងប្រទេស សាំងហ្គារពួរ។
ហាណូយៈ​ ធនាគារ​ DBS បាន​ឲ្យ​ដឹង​ថា ​សេដ្ឋកិច្ច​របស់​វៀតណាម​អាច​នឹង​មាន​ទំហំ​ធំ​ជាង​សិង្ហបុរី​នៅ​ឆ្នាំ​ ២០២៩​។ ​នេះ​បើ​យោង​តាម​ការ​​​​ព្យាករ​ដែល​​បាន​លើក​ឡើង​ពី​លំហូរ​ចូល​​ការ​​វិនិយោគ​បរទេស​ និង​កំណើន​ផលិត​ភាព​ដ៏​រឹងមាំ​ក្នុង​រយៈពេល​​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​ថា ​ប្រទេស​ ​វៀតណាម​ អាច​​នឹង​រីក​ចម្រើន​ក្នុង​ល្បឿន​ប្រហែល​ជា​ ​៦ ​ភាគរយ​ទៅ ​៦,៥ ​ភាគរយ​​ក្នុង​រយៈពេល ​១ ទសវត្សរ៍​ក្រោយ​ ។
យោង​តាម Bloomberg ​លោក​ Irvin Seah សេដ្ឋវិទូ​នៅ​​ប្រទេស ​សិង្ហបុរី ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​ស្រាវជ្រាវ​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​៖ «​​ប្រសិន​បើ​​ប្រទេស​នេះ​អាច​រក្សា​ល្បឿន​​កំណើន​សេដ្ឋកិច្ច​បាន ​សេដ្ឋកិច្ច​វៀតណាម ​នឹង​ធំ​ជាង​ទំហំ​សេដ្ឋកិច្ច​របស់​ប្រទេស ​សិង្ហបុរី ​ក្នុង​រយៈពេល ​១០ ​ឆ្នាំ ​ខាង​មុខ​»។​
លោក ​Seah ​បន្ត​ថា ​រដ្ឋាភិបាល​របស់​វៀតណាម ​រំពឹង​ថា ​ផលិតផល​ក្នុង​ស្រុក​សរុប​នឹង​កើន​ឡើង​យ៉ាង​ហោច​ណាស់ ​៦,៨ ​ភាគរយ​នៅ​ក្នុង​ឆ្នាំ​នេះ​ ។ ​កំណើន​​សេដ្ឋកិច្ច​នៅ​ពេល​អនាគត​នឹង​ត្រូវ​បាន​ជំរុញ​ដោយសារ​​តែ​លក្ខណៈ​សកម្ម​របស់​ប្រជាសាស្ដ្រ​អនុគ្រោះ​របស់​ប្រទេស​នេះ ​កម្លាំង​ពលកម្ម​​ប្រកប​ដោយ​ផ្លែផ្កា​ ហេដ្ឋា​រចនា​សម្ព័ន្ធ​រីក​​ចម្រើន​ខ្លាំង ​និង​ស្ថិរភាព​នយោបាយ​ជំរុញ​​ឲ្យ​មាន​លំហូរ​ចូល​​អន្តរជាតិ​។ ​​​
លោក​បន្ត​ថា​៖ «​ FDI ដ៏​រឹងមាំ​​មក​ពី​​ប្រទេស ​ចិន​ និង​ហុងកុង​ នៅ​រយៈពេល ​៤ ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ អាច​បង្ហាញ​​យ៉ាង​ប្រសើរ​ចំពោះ​ការ​ចាប់​ផ្ដើម​និន្នាការ​​ថ្មី​មួយ»។​
វៀតណាម​ជា​ប្រភព​ដែល​រីក​ចម្រើន​រហ័ស​បំផុត​នៃ​ការ​នាំចូល​​របស់​អាមេរិក​​ពី​អាស៊ី​ កាល​​​ពី​ត្រីមាស​មុន​ និង​អាច​វ៉ា​ដាច់​ចក្រភព​អង់គ្លេស​ជា​​ប្រទេស​​ផ្គត់ផ្គង់​ធំ​ជាង​គេ​ទៅ​អាមេរិក​ បើ​​ប្រទេស​នេះ​រក្សា​ល្បឿន​នោះ​។​
ទិន្នន័យ​ការិយាល័យ​ជំរឿន​របស់​អាមេរិក​ចុង​ក្រោយ​បំផុត​បង្ហាញ​ថា ​ការ​នាំចូល​របស់​ខ្លួន​ពី​​វៀតណាម បាន​កើន​ឡើង ​៤០,២ ​ភាគរយ ​នៅ​រយៈពេល ​៣ ខែ​ដំបូង​ឆ្នាំ ​២០១៩ ​ធៀប​នឹង​ឆ្នាំ ​២០១៨ ខណៈ​ការ​បញ្ជា​ទិញ​​ពី​ប្រទេស ​កូរ៉េ​ខាង​ត្បូង ​បាន​កើន​ឡើង ​១៨,​៤ ​ភាគរយ​។​ ជាមួយ​គ្នា​នេះ​ដែរ ការ​នាំចូល​ទំនិញ​​​ពី​ប្រទេស ចិន ​របស់​អាមេរិក​ បាន​ធ្លាក់ចុះ​ ១៣,​៩ ​ភាគរយ​ ដោយសារ​តែ​ភាព​តានតឹង​​ផ្នែក​ពាណិជ្ជកម្ម​បាន​ឡើង​កម្ដៅ​ ។​
ប្រសិន​​បើ​​ល្បឿន​កំណើន​សេដ្ឋកិច្ច​របស់​វៀតណាម​អាច​មាន​​ស្ថិរភាព​រយៈពេល​ពេញ​ ១ ឆ្នាំ ដែល​នឹង​ជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​ ​ប្រទេស​នេះ​អាច​វ៉ា​ដាច់​ប្រទេស ​អ៊ីតាលី​ បារាំង ​ចក្រភព​អង់គ្លេស​ និង​ប្រទេស​ ​ឥណ្ឌា ​នៅ​ក្នុង​ចំណាត់​ថ្នាក់​​ជា​ប្រទេស​នាំចេញ​ឈាន​មុខ​គេ​ទៅ​អាមេរិក​៕​ LA

ម៉ាឡេស៊ី​គ្រោង​នឹង​បញ្ជូន​សំរាម​ប្លាស្ទិក​​រាប់រយ​លាន​តោន ​ទៅ​​កាន់​ប្រទេស​ដើម​វិញ​

No comments :
លោកស្រី​រដ្ឋមន្ត្រី​ថាមពល Yeo Bee Yin (កណ្តាល) បង្ហាញ​គំរូ​សំរាម ប្លាស្ទិក​ដឹក​មក​ពី​ប្រទេស​ ​អូស្ត្រាលី ​មុន​នឹង​បញ្ជូន​ត្រឡប់​ទៅ​វិញ។
ក្រុងគូឡាឡាំពួៈ ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​សំរាម​ប្លាស្ទិក​រាប់​រយ​តោន​ដែល​បាន​នាំចូល​មក នឹង​ត្រូវ​​ដឹក​ជញ្ជូន​ត្រឡប់​ទៅ​កាន់​​កន្លែង​ដើម​វិញ​ ដោយ​បាន​បញ្ជាក់​អះអាង​​ថា ​ប្រទេស​នេះ​​មិន​ចង់​ក្លាយ​​ជា​កន្លែង​​ចាក់​សំរាម​របស់​ពិភព​លោក​ទេ​។​
យោង​តាម​មូលនិធិ​សកល​លោក​សម្រាប់​ធម្មជាតិ (WW​F)​ បាន​ឲ្យ​ដឹង​ថា ​ប្លាស្ទិក​​ប្រហែល ​៣០០ ​រយ​លាន​តោន ​ត្រូវ​បាន​គេ​ផលិត​ជា​រៀងរាល់​ឆ្នាំ​ ដោយ​មាន​សំរាម​នៅ​ពាស​ពេញ​ដី​ ឬ​ធ្វើ​ឲ្យ​កខ្វក់​នៅ​ក្នុង​សមុទ្រ​ ​ដែល​បាន​ក្លាយ​ទៅ​ជា​វិបត្តិ​អន្តរជាតិ​​​​កាន់​តែ​ខ្លាំង​ឡើង​នោះ​។​
កាល​ពី​ពេល​កន្លង​ទៅ ប្រទេស ​ចិន បាន​ប្រមូល​យក​សំរាម​យ៉ាង​ច្រើន​ដើម្បី​ធ្វើ​ការ​កែច្នៃ​ឲ្យ​ទៅ​ជា​របស់​ប្រើប្រាស់ ប៉ុន្តែ​ភ្លាមៗ​នោះ ក៏​បាន​ឈប់​ទៅ​វិញ​កាល​ពី​ឆ្នាំ ២០១៨​ ដោយ​និយាយ​ថា ប្រទេស ​ចិន ​ចង់​ធ្វើ​ឲ្យ​បរិស្ថាន របស់​ប្រទេស​ខ្លួន​បាន​ល្អ​ប្រសើរ​ឡើង​វិញ​។​
បច្ចុប្បន្ន ​នៅ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ ដែល​បាន​ស្វែងរក​ដំណោះ​ស្រាយ​ ដើម្បី​កែច្នៃ​សំរាម​នេះ​ឲ្យ​ទៅ​ជា​របស់​មាន​ប្រយោជន៍​ដែល​​គេ​និយាយ​ថា ​វា​ដល់​ពេល​ត្រូវ​រួម​គ្នា​ដោះស្រាយ​បញ្ហា​នេះ​ហើយ​។​
លោក​ស្រី Yeo Bee ​Yin​ ជា​រដ្ឋមន្ត្រី​ថាមពល​ បច្ចេកវិទ្យា​ វិទ្យាសាស្ត្រ​ បរិស្ថាន​ និង​ប្រែប្រួល​អាកាស​ធាតុ​របស់​ប្រទេស ​ម៉ាឡេស៊ី ​បាន​ថ្លែង​ថា៖ «​យើង​បាន​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​មួយ​ចំនួន​បញ្ឈប់​ធ្វើ​ការ​ដឹក​ជញ្ជូន​សំរាម​មក​កាន់​ប្រទេស​យើង​ទៀត​»​ ដោយ​បន្ថែម​ថា​ ​«វា​មិន​យុត្តិធម៌​ និង​គ្មាន​សុជីវធម៌​​»​។​
លោក​ស្រី ​Yin​ បាន​ថ្លែង​ថា​៖ «​យើង​នឹង​បញ្ជូន​សំរាម​ទាំង​នោះ​ ​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​​»​៕ AFP/SK

ការ​វាយ​ប្រហារ​គ្រាប់​បែក​នៅ​ថៃ​ភាគ​ខាង​ត្បូង​​ ​បណ្តាល​ឲ្យ​មនុស្ស​​ ៣ នាក់​ស្លាប់​

No comments :
ប៉ូលិស​ត្រួត​ពិនិត្យ​​កន្លែង​បំផ្ទុះ​គ្រាប់​បែក​នៅ​ផ្សារ​មួយ ​ក្នុង​ខេត្ត​ប៉ាតានី​។ 
ខេត្តប៉ាតានីៈ​ អ្នក​នាំពាក្យ​យោធា​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​មនុស្ស ​២ ​នាក់ ​នៅ​ក្នុង​នោះ​មាន​ក្មេង​ប្រុស​ម្នាក់​អាយុ ​១៤ ​ឆ្នាំ​ បាន​ស្លាប់ នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​ផ្សារ ​១ កន្លែង​ នៅ​ប្រទេស ​ថៃ​ភាគ​ខាង​ត្បូង ​ដែល​ភាគ​ច្រើន​កាន់​សាសនា​មូស្លីម​ ជា​ ការ​វាយ​ប្រហារ​សងសឹក​ចំពោះ​ការ​សម្លាប់​​មេ​ដឹកនាំ​​ឧទ្ទាម​ម្នាក់​។​
អំពើ​ហិង្សា​​ភាគ​ច្រើន​កើត​នៅ​ខេត្ត ​៣ ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស ​ថៃ​ ដូច​ជា​ យ៉ាឡា​ ប៉ាតានី​និង​ណារ៉ាធី​វ៉ាត ​ចាប់​តាំង​ពី​ឆ្នាំ ​២០០៤ ​មក​ បាន​រង​នូវ​ការ​ញាំញី​ដោយ​ជម្លោះ​រវាង​ក្រុម​ឧទ្ទាម​កុលសម្ព័ន្ធ​ម៉ាឡេស៊ី​មូស្លីម ​និង​ប្រជាជន​ថៃ​ភាគ​ច្រើន​កាន់​ព្រះពុទ្ធ​សាសនា ​ដែល​បាន​ដាក់​បញ្ចូល​ជា​ឧបសម្ព័ន្ធ​របស់​ប្រទេស ​ថៃ ​អស់​រយៈពេល​​មួយ​ទសវត្សរ៍​មក​ហើយ​។​
មនុស្ស​ប្រហែល ​ ៧ ​ពាន់​នាក់ ​ភាគ​ច្រើន​ជា​ជន​ស៊ីវិល​ បាន​ស្លាប់​នៅ​ក្នុង​អំពើ​ហិង្សា ​ដែល​កម្រ​មាន​ការ​ថ្កោល​ទោស​ពី​​អន្តរជាតិ​ណាស់ ​ទោះ​បី​ជា​ការ​វាយ​ប្រហារ​នោះ​ បាន​កើត​ឡើង​ក្នុង​រយៈពេល​តែ ​២ ​ទៅ ​៣ ​ម៉ោង ​នៅ​ភាគ​ខាង​ត្បូង​តំបន់​ទេសចរណ៍​មួយ​ចំនួន​របស់​ប្រទេស ​ថៃ ​ក្តី​។​
នៅ​រសៀល​ថ្ងៃ​ចន្ទ​ក្រុម​ឧទ្ទាម ​បាន​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​ម៉ូតូ​មួយ​គ្រឿង ​នៅ​ក្នុង​ផ្សារ​មួយ​កន្លែង ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ហ្វូង​មនុស្ស​យ៉ាង​ច្រើន​ នៅ​ស្រុក​ណងចិក​នៃ​ខេត្ត​ប៉ាតានី​ ដោយ​បណ្តាល​ឲ្យ​ជន​ស៊ីវិល ​២ ​នាក់​ស្លាប់​។​
លោក​វរសេនីយ៍ឯក​​ Thanawee Suwannathat​ អ្នក​នាំពាក្យ​យោធា​ប្រចាំ​នៅ​ភាគ​ខាង​ត្បូង​ បាន​ថ្លែង​​ប្រាប់ ​AFP ​ថា៖ ​«​ក្មេង​ប្រុស​អាយុ ​១៤ ​ឆ្នាំ​ ​ម្នាក់ និង​ស្ត្រី​មាន​វ័យ ​៣៨ ​ឆ្នាំ ​ម្នាក់​ បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​»​។​
យោធា​យាម​ល្បាត ​៤​ នាក់ ​បាន​រង​របួស​នៅ​ក្នុង​ការ​បំផ្ទុះ​​នោះ​ដែរ​​។​
ការ​បំផ្ទុះ​គ្រាប់​បែក​នោះ​ ​ទំនង​​​ជា ​«ការ​សងសឹក​» ​ចំពោះ​ការ​សម្លាប់​របស់​មេ​ដឹកនាំ​​ឧទ្ទាម​ម្នាក់​​នៅ​ក្នុង​ខេត្ត​យ៉ាឡា​ជិត​ខាង​នោះ៕ AFP/SK

វិភាគៈ អំណាច​ថៃ​ ​នឹង​ស្ថិត​នៅ​ក្នុង​​កណ្តាប់​ដៃ​របស់​បង​ប្អូន ៣ ​រូប​

No comments :
(ពី​ឆ្វេង​) ​ឧត្តមសេនីយ៍​ ប្រាយុធ ឧត្តម​សេនីយ៍​ ប្រាវីត និង​​ ឧត្តមសេនីយ៍ អាក់នុពុង​។
ក្រុង​បាង​កកៈ​ យោង​តាម​ប្រភព​យោធា​បាន​ឲ្យ​ដឹង​ថា ​មរណភាព​របស់​លោក​ប្រធាន​ក្រុម​ប្រឹក្សា​ពិសេស​ឧត្តមសេនីយ៍​ ប្រេម ទីនស៊ុឡានុន ទំនង​ជា​មិន​អាច​កាត់​បន្ថយ​អំណាច​នយោបាយ ​ដែល​ប្រើប្រាស់​ដោយ​បង​ប្អូន​យោធា ៣ រូប ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ប្រាយុធ​ ចាន់-អូចា ​នោះ​ទេ។
ហេតុផល​មួយ​គឺ​ថា ​រយៈពេល​ចុង​ក្រោយ​នេះ​ លោក​ឧត្តមសេនីយ៍​ ប្រេម ​ មិន​បាន​ធ្វើ​សកម្មភាព​នយោបាយ​។
អំណាច​ភាគ​ច្រើន ​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​លោក​ឧត្តមសេនីយ៍​ ប្រាយុធ និង​បង​ប្រុស​សំខាន់ ​២ ​នាក់​ទៀត​ គឺ​លោក​ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក​ឧត្តមសេនីយ៍ ​ប្រាវីត​ វង់ស៊ូវ៉ាន់​ និង​រដ្ឋមន្ត្រី​មហា​ផ្ទៃ​លោក​ឧត្តមសេនីយ៍​ អាក់នុពុង​ ផៅចិន្តា។​
នៅ​ពេល​ដែល​លោក​ឧត្តមសេនីយ៍ ​អាក់នុពុង ​ត្រូវ​បាន​តែងតាំង​ជា​ប្រមុខ​កង​ទ័ព ក្រោយ​ពី​រដ្ឋ​ប្រហារ​យោធា​ឆ្នាំ ​២០០៦ ​លំដាប់​នៃ​ការ​ស្នង​​តំណែង​នៅ​ក្នុង​ជួរ​កង​ទ័ព​ ត្រូវ​បាន​រៀបចំ​ឡើង​តាម​របៀប​មួយ​ ដែល​ក្រុម​មន្ត្រី​ស្មោះត្រង់​នឹង​លោក​នឹង​កាន់​តំណែង​សំខាន់ៗ​។
លោក​ឧត្តមសេនីយ៍ ប្រាយុធ ចាន់-អូចា ស្វាគមន៍ សិស្ស​សាលា​នៅ​ក្រុង​បាងកក​​។
បន្ទាប់​ពី​រយៈពេល ​៣ ​ឆ្នាំ លោក​ឧត្តមសេនីយ៍ ​អាក់នុពុង បាន​ប្រគល់​អំណាច​​ឲ្យ​ទៅ​លោក​ឧត្តមសេនីយ៍ ​ប្រាយុធ ​ចាន់-អូចា ដែល​បាន​ក្លាយ​ទៅ​ជា​អគ្គ​មេ​បញ្ជាការ​កង​ទ័ព​រយៈពេល ​៤ ​ឆ្នាំ ​មុន​នឹង​លោក​ត្រូវ​បាន​លើក​បន្តុប​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ​បន្ទាប់​ពី​រដ្ឋ​ប្រហារ​ឆ្នាំ ​២០១៤។​
បើ​យោង​តាម​ប្រភព​យោធា​បាន​ឲ្យ​ដឹង​ថា​ ភាគ​ច្រើន​នៃ​អង្គភាព​ដែល​​មាន​ឥទ្ធិពល​បំផុត​របស់​យោធា ​ត្រូវ​បាន​បញ្ជា និង​គ្រប់គ្រង​​ដោយ​ក្រុម​មន្ត្រី​មក​ពី​ក្រុម​ពិសេស​ដូច​ជា​ក្រុម​ Burapha​ Phayak​និង​ Wong Thewan ដើម្បី​ធានា​ឲ្យ​មាន​ការ​បែង​ចែក​អំណាច​ស្មើភាព​ និង​ទប់ស្កាត់​មិន​ឲ្យ​មាន​ជម្លោះ​ផ្ទៃ​ក្នុង។
ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ​លោក​ឧត្តមសេនីយ៍​ប្រាយុធ​ និង​លោក​ឧត្តមសេនីយ៍ ​អាក់នុពុង ​​​មាន​ការ​គោរព​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​លោក​ឧត្តមសេនីយ៍​ប្រេម​ដែល​បាន​ក្លាយ​ជា​រដ្ឋ​បុរស​ ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ឥស្សរជន​ដ៏​ឆ្នើម​មួយ​រូប​។
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ​ក៏​ប្រភព​នោះ​បាន​បញ្ជាក់​ថា ​ក្រោយ​ពី​លោក​ឧត្តម​សេនីយ៍ ​ប្រេម ​ទីនស៊ុឡានុន បាន​ចូល​និវត្តន៍​ពី​កង​ទ័ព​យូរ​ណាស់​មក​ហើយ​នោះ​ លោក​មិន​ស្គាល់​ក្រុម​មេ​ដឹកនាំ​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​ជំនាន់​ក្រោយៗ​នោះ​ច្បាស់​ទេ​។
ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ លោក​ឧត្តម​សេនីយ៍​ ប្រេម ​មាន​ឥទ្ធិពល​តិចតួច​ទៅ​លើ​ការ​រុះរើ​តំណែង​យោធា ​ខណៈ​តំណែង​ភាគ​ច្រើន ​ត្រូវ​​បាន​ដាក់​បំពេញ​ដោយ​អ្នក​ដែល​មាន​ទំនាក់​ទំនង​​ជាមួយ​លោក​ឧត្តមសេនីយ៍ ​ប្រាយុធ ​ឧត្តម​សេនីយ៍ ​ប្រាវីត ​និង​ឧត្តម​សេនីយ៍ ​អាក់នុពុង​ និង​ក្រុម​​ឧត្ដមសេនីយ៍​មក​ពី​ក្រុម​ Burapha​ Phayak ​និង​ Wong The-wan៕ BKP/PSA

នាយក​រដ្ឋមន្ត្រី​បង្ហាញ​សក្តានុពល ​​ដើម្បី​ទាក់ទាញ​វិនិយោគិន​ជប៉ុន​

No comments :
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​នៅ​ឯ​សន្និសីទ​អន្តរជាតិ​លើកទី​២៥ ​ស្ដីពី​អនាគត​របស់​អាស៊ី។
ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​កាល​ពី​ថ្ងៃ​ពុធ ​បាន​ថ្លែង​ពី​សក្តានុពល ​និង​កំណើន​សេដ្ឋកិច្ច​របស់​​កម្ពុជា ​ដើម្បី​ទាក់ទាញ​វិនិយោគិន​ជប៉ុន​កាន់​តែ​ច្រើន​បន្ថែម​​​ ខណៈ​អ្នក​វិភាគ​​សេដ្ឋកិច្ច​ចាត់​ទុក​ថា​ជា​កិច្ច​​ប្រឹងប្រែង​គួរ​ឲ្យ​កោត​សរសើរ​​។​
នៅ​ក្នុង​សុន្ទរកថា ​ដែល​បាន​ថ្លែង​កាល​ថ្ងៃ​ទី ​២៩ ​ខែ ​ឧសភា ​ឆ្នាំ​ ​២០១៩ ​ក្នុង​សិក្ខាសាលា​ស្ដីអំពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​​ទី​២៥ ​ស្ដីពី​​អនាគត​អាស៊ី​នៅ​ប្រទេស ​ជប៉ុន ​លោក​នាយក​រដ្ឋមន្ត្រី បាន​បង្ហាញ​ពី​សក្តានុពល​​​វិនិយោគ​សំខាន់ៗ​មួយ​ចំនួន​​នៅ​ក្នុង​ប្រទេស ​កម្ពុជា​។
លោក​ថ្លែង​ថា៖ ​«ក្នុង​សិក្ខាសាលា​នេះ ​គឺ​យើង​នឹង​បាន​ស្វែងយល់​ដោយ​ផ្ទាល់​ពី​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា​​ និង​សក្ដានុពល​វិនិយោគ​នៅ​កម្ពុជា ក៏​ដូច​ជា​ជ្រាប​ពី​ការ​ដាក់​ចេញ​នូវ​​វិធាន​ការ​ថ្មីៗ​របស់​រាជ​រដ្ឋាភិបាល​​កម្ពុជា​​នាពេល​បច្ចុប្បន្ន​សំដៅ​​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​​នូវ​បរិយាកាស​វិនិយោគ»​។
យោង​​តាម​ស្ថាប័ន​ហិរញ្ញវត្ថុ​សំខាន់​​របស់​ពិភព​លោក​រួមមាន ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​​បាន​ប៉ាន់​ប្រមាណ​ថា​នឹង​បន្ត​មាន​កំណើន​ក្នុង​រង្វង់​ជាង ​៧ ​​ភាគរយ ​សម្រាប់​ឆ្នាំ ​២០​១៩។
លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា ​កំណើន​នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​បន្ត​តំណែង​របស់​ខ្លួន​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​បំផុត ​នៅ​ក្នុង​តំបន់​អាស៊ី​ក្នុង​រយៈពេល ​៣ ​ឆ្នាំ​ជាប់​គ្នា​។
លោក​ថ្លែង​ថា៖​ «នេះ​បាន​បង្ហាញ​ថា​ កម្ពុជា​ស្ថិត​នៅ​លើ​គន្លង​នៃ​ការ​ឈាន​ទៅ​សម្រេច​បាន​ឋានៈ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ ​២០៣០ ​តាម​ការ​គ្រោង​ទុក​ក្នុង​របៀបវារៈ​នៃ​គោល​នយោបាយ​ជាតិ​របស់​ខ្លួន​»។
ការ​លុប​ចោល​ពន្ធ​កាត់​ទុក ​១ ​​ភាគរយ ​សម្រាប់​វិស័យ​ឯកជន​​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ចាត់​ទុក​ថា ​ជា​ផ្នែក​មួយ​​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​មក​កម្ពុជា​កាន់​តែ​ច្រើន​។​
លោក​ថ្លែង​ថា៖​ «ពន្ឋ​កាត់​ទុក​ នេះ​គឺ​នឹង​ត្រូវ​លុប​ចោល​ ព្រោះ​​វាជា​ប្រភេទ​បំណុល​ដែល​ហាក់​ដូច​ជា​រដ្ឋ​ទៅ​ខ្ចី​ពី​ក្រុមហ៊ុន​ឯកជន​មក​ទុក»​។
លោក​បន្ត​​ថា៖​ «ដូច្នេះ​ការ​បញ្ចប់​ពន្ធ​កាត់​ទុក​នេះ ​គឺ​វា​នឹង​បញ្ចប់​នូវ​បំណុល​រដ្ឋ​ជាមួយ​នឹង​ក្រុមហ៊ុន​ឯកជន​ចំនួន​ (១ ​ភាគរយ) ​ដែល​នឹង​កាន់​តែ​ជួយ​ជំរុញ​ដល់​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​ឈាន​ឡើង​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា ​ហើយ​ក៏​នឹង​ជួយ​ដល់​ផ្នែក​ឯកជន​ក្នុង​ការ​រក្សា​បាន​នូវ​ទុន​បន្ថែម​ ដើម្បី​ពង្រីក​នូវ​អាជីវកម្ម​របស់​ខ្លួន​ផង​ដែរ​»។
លោក ​ច័ន្ទ ​សុផល ​នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​បាន​ឲ្យ​ដឹង​ថា ​ការ​សម្រេច​លុប​ចោល​ពន្ធ​កាត់​ទុក ​គឺ​ជា​កំណែ​ទម្រង់​មួយ​របស់​រដ្ឋាភិបាល​ដែល​នឹង​ទាក់ទាញ​ដល់​វិនិយោគិន​ជប៉ុន​។​ ​
លោក​ថ្លែង​ថា៖​ «ខ្ញុំ​គិត​ថា​ការ​លុប​ចោល​ពន្ធ​កាត់​ទុក ​១ ​ភាគរយ ​និង​វិធានការ​កំណែ​ទម្រង់​ជា​កញ្ចប់​ផ្សេង​ទៀត​ និង​ជា​ការ​អំពាវនាវ​មួយ​ដល់​វិនិយោគិន​ជប៉ុន»​។
លោក ​ SUZUKI ​Hiroshi ​អគ្គនាយក ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​កម្ពុជា ​(BRIC) បាន​ឲ្យ​ដឹង​ថា ​កិច្ច​ប្រឹងប្រែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ជា​ការ​គួរ​ឲ្យ​កោត​សរសើរ​។
លោក​ថ្លែង​ថា៖ «នេះ​ជា​កិច្ច​ប្រឹងប្រែង​ដ៏​សំខាន់​មួយ​ ដើម្បី​ស្វែង​យល់​ស្ថានភាព​ជាក់​ស្តែង​ និង​សក្តានុពល​របស់​កម្ពុជា»​។
លោក​បន្ត​ថា​ ខណៈ​វិនិយោគិន​​ជប៉ុន​ជា​ច្រើន​ រួម​មាន​ក្រុមហ៊ុន​ធំៗ​នៅ​តែ​មាន​អារម្មណ៍​រូបភាព​​អវិជ្ជមាន​​​​របស់​កម្ពុជា ​ដូចជា ចម្ការ​មីន ​សង្រ្គាម​ស៊ីវិល ​និង​​ភាព​ក្រីក្រ ​វា​ចំាបាច់​សម្រាប់​​កម្ពុជា​​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ច្បាស់លាស់​មួយ​។
លោក​ថ្លែង​ថា៖ «វា​ចំាបាច់​ណាស់​ក្នុង​ការ​បញ្ជូន​ព័ត៌មាន​ច្បាស់លាស់​មួយ​ស្តីពី​ស្ថានភាព​ និង​គុណ​ប្រយោជន៍​របស់​កម្ពុជា ​ដូចជា​ការ​តភ្ជាប់​ជាមួយ​ប្រទេស​ជិត​ខាង ​និង​ការ​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឡូជីស្ទីក​»។​
គិត​ពី​ឆ្នាំ ​១៩៩៤ ​រហូត​ដល់​ត្រីមាស​ទី១​ ឆ្នាំ ​២០១៩ ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះ​បញ្ជី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​ចំនួន ​១៣៧ ​គម្រោង ដែល​មាន​ទំហំ​វិនិយោគ​​ប្រមាណ ២,៥ ​ពាន់​លាន​ដុល្លារ​​ ​ដោយ​ផ្ដោត​សំខាន់​លើ​ការ​ផលិត​គ្រឿង​ផ្គុំ​អគ្គិសនី ​និង​អេឡិចត្រូនិក​ គ្រឿង​ផ្គុំ​រថយន្ត ​និង​សម្ភារបរិក្ខារ​បច្ចេកទេស កសិឧស្សាហកម្ម​ ការ​កែ​ច្នៃ​ម្ហូប​អាហារ ​សណ្ឋាគារ​ ទេសចរណ៍ ​មន្ទីរពេទ្យ ​និង​ផ្សារ​ទំនើប​។ ​នេះ​បើ​តាម​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។
ក្រៅ​ពី​នេះ​ក៏​មាន​វត្តមាន​នៃ​សកម្មភាព​ធុរកិច្ច​ជប៉ុន​ទាំង​ធំ ​ទាំង​​តូច​ ​ប្រមាណ ១ ​៧០០ ​ក្រុមហ៊ុន​ នៅ​ក្នុង​វិស័យ​ជា​ច្រើន​​ដូចជា​វិស័យ​ធនាគារ ​អាកាសចរណ៍ ​ភោជនីយដ្ឋាន​ជា​ដើម​។
តុល្យភាព​វិនិយោគ​
ប្រទេស ​កម្ពុជា ​បច្ចុប្បន្ន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ កំពុង​គ្រប​ដណ្តប់​ភាគ​ច្រើន​នៃ​ការ​វិនិយោគ​​របស់​ចិន ហើយ​នៅ​ពេល​​សួរ​ថា ​តើ​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​អាច​នឹង​ធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​​ការ​វិនិយោគ​របស់​ចិន​​​នៅ​កម្ពុជា​ ឬ​យ៉ាង​​ណា​ ​លោក​ ច័ន្ទ​ សុផល​ ​ឲ្យ​ដឹង​ថា​ ការ​ធ្វើ​ពិពិធកម្ម​ប្រភព​វិនិយោគ ​ជា​រឿង​ល្អ​សម្រាប់​ការ​វិនិយោគ ​និង​ពាណិជ្ជកម្ម​​របស់​កម្ពុជា​។
លោក​ថ្លែង​ថា៖​ «ខ្ញុំ​គិត​ថា ​តម្លៃ​វិនិយោគ​របស់​កម្ពុជា​មាន​ពី​ប្រទេស​ជា​ច្រើន ​ហើយ​ជប៉ុន​ជា​ប្រទេស​​ដែល​មាន​ការ​គោរព​បំផុត​មួយ​»។​
លោក SUZUKI Hiroshi បាន​និយាយ​ថា៖ «​ចរិត​លក្ខណៈ​​ដ៏​ចម្បង​របស់​វិនិយោគ​ជប៉ុន ​គឺ​មាន​គុណភាព​ខ្ពស់​ គោរព​សិទ្ធិ​មនុស្ស ​សិទ្ធិ​ការងារ​ ច្បាប់​ការងារ ​គោរព​សិទ្ធិ​ម្ចាស់​ប្រទេស ​គិតគូរ​ដល់​បរិស្ថាន ​និង​មិន​មាន​អន្ទាក់​បំណុល»។
បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ​កំពុង​គ្រប​ដណ្តប់​ដោយ​គម្រោង​​វិនិយោគ​របស់​ចិន​ស្ទើរ​គ្រប់​វិស័យ ​ប៉ុន្តែ​មាន​តែ​កំពង់ផែ​​ស្វយ័ត​​ ក្រុង​​ព្រះសីហនុ​មួយ​ប៉ុណ្ណោះ ​ជា​ការ​ជ្រោមជ្រែង​របស់​ជប៉ុន​។​
នៅ​ថ្ងៃ​នេះ​លោក​នាយក​រដ្ឋមន្ត្រី​ ស៊ីនហ្សូ អាបេ ​និង​លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន​ សែន នឹង​ធ្វើ​ជា​សាក្សី​នៃ​ពិធី​ចុះ​ហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តីពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​ផ្តល់​អាហារូបករណ៍ ​អភិវឌ្ឍន៍​ធនធាន​មនុស្ស ​ក្នុង​ទំហំ​ទឹក​ប្រាក់ ​៣៣៩ ​​លាន​យ៉េន ​និង​គម្រោង​សង់​ឃ្លាំង​​កុងតឺន័រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំពង់​ផែស្វយ័ត​ក្រុង​ព្រះសីហនុ ​ក្នុង​ទំហំ​​ទឹក​ប្រាក់ ​២០០​លាន​យ៉េន​៕​ LA

Wednesday, May 29, 2019

Toyota នឹង​សាងសង់​រោងចក្រ​នៅ​មីយ៉ាន់ម៉ា

No comments :
បុគ្គលិក​ក្រុមហ៊ុន Toyota កំពុង​ធ្វើ​ការ​ក្នុង​រោងចក្រ​ដំឡើង​រថយន្ត​នៅ​បារាំង។


ក្រុង​តូក្យូៈ ក្រុមហ៊ុន​ផលិត​រថយន្ត Toyota Motor Corp. កំពុង​មាន​ផែនការ​សាងសង់​រោងចក្រ​ដំឡើង​រថយន្ត​ក្នុង​ប្រទេស ​មីយ៉ាន់ម៉ា។ នេះ​បើ​យោង​តាម​កាសែត Yomiuri Shimbun របស់​​ជប៉ុន។
សេចក្តី​ប្រកាស​ជា​ផ្លូវ​ការ​អាច​នឹង​ចេញ​ផ្សាយ​មុន​ដំណាច់​ខែ​ឧសភា​នេះ ហើយ​ការ​សាងសង់​គ្រោង​នឹង​ចាប់​ផ្តើម​​ក្នុង​​ឆ្នាំ​ ២០១៩ នេះ។
រោងចក្រ​ថ្មី​នេះ​នឹង​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស Thilawa នៅ​ជាយ​ក្រុង​យ៉ាំងហ្គោន ហើយ​នឹង​ប្រើប្រាស់​សម្រាប់​ដំឡើង​រថយន្ត​ភីកអាប់​ ដែល​គ្រឿង​ផ្គុំ​នឹង​ត្រូវ​នាំចូល​ពី​ប្រទេស​ ​ជប៉ុន និង​ប្រទេស​ជិត​ខាង​ផ្សេង​ទៀត ​ដើម្បី​យក​មក​ដំឡើង​រថយន្ត​ក្នុង​រោងចក្រ​ថ្មី​នេះ។
បើ​ទោះ​បី​ជា​មាន​តែ​រថយន្ត​ប្រហែល ១៧ ៥០០ គ្រឿង​ប៉ុណ្ណោះ ​ដែល​ត្រូវ​បាន​លក់​ចេញ​នៅ​ក្នុង​ប្រទេស ​មីយ៉ាន់ម៉ា ​ក្នុង​ឆ្នាំ ២០១៨ ក្តី ក៏​តួលេខ​នេះ​បាន​កើន​ឡើង​ជាង​ទ្វេដង​ធៀប​នឹង​ឆ្នាំ ២០១៧។ បច្ចុប្បន្ន​ ក្រុមហ៊ុន Toyota នាំចេញ​រថយន្ត​ដឹក​អ្នក​ដំណើរ និង​រថយន្ត​ពាណិជ្ជកម្ម​ប្រហែល ២ ០០០ គ្រឿង​​ទៅ​កាន់​ប្រទេស​ មីយ៉ាន់ម៉ា ​ក្នុង ​១ ​ឆ្នាំ ហើយ​ក្រុមហ៊ុន​មើល​ឃើញ​ទីផ្សារ​នេះ​ថា ជា​ទីផ្សារ​មួយ​ដែលមាន​សក្តានុពល​កំណើន​​ខ្លាំង។
រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​អនុវត្ត​គោល​នយោបាយ​នានា​ដែល​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ផ្នែក​ពន្ធ​ដល់​ក្រុមហ៊ុន​​ដែល​ផលិត​រថយន្ត​ក្នុង​ស្រុក។
ក្រុមហ៊ុន​ផលិត​រថយន្ត​ Suzuki Motor Corp. គឺ​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ជប៉ុន​ដែល​ចូល​ទៅ​វិនិយោគ​ដំបូង​​ក្នុង​ប្រទេស​នេះ។ ក្រុមហ៊ុន Suzuki ​មាន​រោងចក្រ​ចំនួន ២ ក្នុង​នៅ​មីយ៉ាន់ម៉ា ដែល​ដំឡើង​រថយន្ត​តូច​ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ទីផ្សារ​ជាង​ពាក់​កណ្តាល។
ក្រុមហ៊ុន Nissan Motor និង​ក្រុមហ៊ុន Ford Motor ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​ផ្សេង​​ទៀត ដែល​មាន​វត្តមាន​នៅ​ប្រទេស ​មីយ៉ាន់ម៉ា។
ក្រុមហ៊ុន​ផលិត​រថយន្ត​ Toyota បាន​សម្រេច​ចិត្ត​សាងសង់​រោងចក្រ​ថ្មី​មួយ​នៅ​មីយ៉ាន់ម៉ា ពី​ព្រោះ​ក្រុមហ៊ុន​រំពឹង​ថា ប្រទេស​ដែល​មាន​ប្រជាជន​ប្រហែល ៥០ លាន​នាក់​នេះ នឹង​មាន​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ត​ទៅ​មុខ​ទៀត។ ការ​សម្រេច​ចិត្ត​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​លទ្ធផល​​ដែល​ទទួល​បាន​ពី​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា ដើម្បី​ទាក់ទាញ​​ការ​វិនិយោគ​បរទេស​ផង​ដែរ។
ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់​របស់​មីយ៉ាន់ម៉ា មាន​ត្រឹមតែ​ប្រហែល ១ ៣០០ ដុល្លារ។ ទោះ​ជា​យ៉ាង​ណា អាយុ​ជា​មធ្យម​របស់​ប្រទេស​នេះ​​មាន​កម្រិត​ទាប ហើយ​ប្រជាជន​ត្រូវ​បាន​រំពឹង​ថា​នឹង​បន្ត​កើន​ឡើង​។
មីយ៉ាន់ម៉ា​មាន​ប្រជាជន​ប្រហែល ៥០ លាន​នាក់ ដែល​ប្រហាក់​ប្រហែល​នឹង​ចំនួន​ប្រជាជន​របស់​ប្រទេស ​កូរ៉េ​ខាង​ត្បូង និង​អេស្ប៉ាញ។ ប្រទេស​នេះ​ជា​ប្រទេស​ក្មេង​ខ្ចី ដែល​ប្រជាជន​មាន​អាយុ​ជា​មធ្យម ២៧,៩ ឆ្នាំ។ បើ​ទោះ​​បី​ជា​ប្រទេស​ក្រីក្រ​មួយ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ក្នុង​តំបន់​អាស៊ី​ក្តី ក៏​មីយ៉ាន់ម៉ា​បាន​មើល​ឃើញ​កំណើន​សេដ្ឋកិច្ច​ដ៏​ខ្លាំង​​នា​ពេល​ថ្មីៗ​នេះ ហើយ​រំពឹង​ថា​នឹង​លូតលាស់​ក្នុង​អត្រា​ប្រចាំ​ឆ្នាំ​ពី ៦ ទៅ ៧ ភាគរយ។
ក្រុម​អ្នក​វិភាគ​ជឿ​ថា មីយ៉ាន់ម៉ា​មាន​សក្តានុពល​លូត​លាស់​រហូត​ដល់​​​​កម្រិត​ទីផ្សារ​មួយ​ដែល​មាន​ទំហំ​ប្រហាក់​ប្រហែល​​នឹង​ទំហំ​ទីផ្សារ​របស់​ប្រទេស ​ថៃ ដែល​ជា​ប្រទេស​ជិត​ខាង​នឹង​គ្នា និង​​មាន​ប្រជាជន​ប្រហែល ៦៩ លាន​នាក់ ដែល​លក់​រថយន្ត​បាន​ប្រហែល ១ លាន​​គ្រឿង​ក្នុង ​១ ​ឆ្នាំ។
គិត​ត្រឹម​ខែ ​ធ្នូ ឆ្នាំ ​២០១៨ ក្រុមហ៊ុន Toyota មាន​រោងចក្រ​ផលិត​រថយន្ត និង​ផលិត​គ្រឿង​ផ្គុំ​ក្នុង​ប្រទេស ​និង​តំបន់​ចំនួន ២៧។ រោងចក្រ​នៅ​មីយ៉ាន់ម៉ា​នឹង​ជា​មូលដ្ឋាន​យុទ្ធសាស្រ្ត​ថ្មី​មួយ។
តំបន់​សេដ្ឋកិច្ច Thilawa ដែល​វិនិយោគ​រួម​គ្នា​រវាង​រដ្ឋ​ និង​ឯកជន​មក​ពី​ជប៉ុន​ និង​មីយ៉ាន់ម៉ា បាន​បើក​ដំណើរការ​នៅ​ឆ្នាំ ២០១៥ និង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​សញ្ញា​ជោគជ័យ​បំផុត​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មីយ៉ាន់ម៉ា និង​បាន​ទាក់ទាញ​ការ​វិនិយោគ​មក​ពី​ជុំវិញ​ពិភព​លោក។
ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន  Toyota ដើម្បី​សាងសង់​រោងចក្រ​​ក្នុង​តំបន់​សេដ្ឋកិច្ច​នេះ អាច​បង្ហាញ​ថា​ជា​ការ​រស់​ឡើង​វិញ​នៃ​ការ​វិនិយោគ​ចូល​ទៅ​ក្នុង​ប្រទេស​នេះ៕ ANN/KC

ចំណូល​របស់​ក្រុមហ៊ុន ​ហ្រ្គេនធ្វីន នៅ​ត្រីមាស​ទី​១ កើន​ឡើង​ជិត​​ ៦០ ​​​​ភាគរយ

No comments :
ក្រុមហ៊ុន​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ហ្រ្គេនធ្វីន ​​របស់​តៃវ៉ាន់។
ភ្នំពេញៈ​ ក្រុមហ៊ុន​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ហ្រ្គេនធ្វីន ​​របស់​តៃវ៉ាន់​ ដែល​​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​កម្ពុជា​រក​ចំណូល​បាន​ជាង ​៣៦,​៨០ ​លាន​ដុល្លារ ​នៅ​ត្រីមាស​ទី១ ​ឆ្នាំ ​២០១៩​ កើន​​ឡើង ​៥៨ ​ភាគរយ​ ពី​ចំនួន ​២៣,​៣០ ​លាន​ដុល្លារ​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​។ នេះ​បើ​យោង​តាម​របាយការណ៍​ហិរញ្ញវត្ថុ​មិន​ទាន់​ធ្វើ​សវនកម្ម​របស់​ក្រុមហ៊ុន​ដែល​បាន​បង្ហាញ​នៅ​ផ្សារហ៊ុន​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិលមិញ​។
ទោះ​បី​យ៉ាង​នេះ​ក្តី​របាយការណ៍​បាន​បង្ហាញ​ថា ​ប្រាក់​ចំណេញ​មុន​បង់​ពន្ធ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ២១៥​ ៤៦៥ ​ដុល្លារ​ដែល​ធ្លាក់​ចុះ​ពី​ចំនួន​ ជាង ១​,​២ ​លាន​​ដុល្លារ ​កាល​ពី​ត្រីមាស​ទី១​ឆ្នាំ ​២០១៨​។
លោក​ យ៉ាង ​សាវស៊ីន ​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ផ្ញើ​ទៅ​កាន់​ផ្សារហ៊ុន ​ថា ​ក្រុមហ៊ុន​នៅ​តែ​ខិតខំ​ប្រឹងប្រែង​រក្សា​ទំនាក់ទំនង​ជាមួយ​អតិថិជន ​ជា​ពិសេស​ក្រុមហ៊ុន Adidas ​ដែល​ជា​អតិថិជន​ចម្បង​របស់​ក្រុមហ៊ុន​ ដើម្បី​បង្កើន​ការ​បញ្ជា​ទិញ​សម្រាប់​ឆ្នាំ ​២០១៩​។​
លោក​បន្ត​ថា៖ ​«[ក្រុមហ៊ុន]​ នឹង​ព្យាយាម​​ក្នុង​ការ​សហការ​ជាមួយ​ដៃគូ​នានា​​ដើម្បី​ទទួល​បាន​ចំណូល​ផ្សេងៗ​បន្ថែម​ទៀត​ ដូច​ជា​ការ​ទទួល​កាត់​ដេរ​បន្ត ​និង​ការ​វេច​ខ្ចប់ ​ដើម្បី​រក្សា​ស្ថិរភាព​ និង​បង្កើន​ចំណូល​ឲ្យ​បាន​ច្រើន​ជាង​បណ្តា​ឆ្នាំ​កន្លង​ទៅ»​។
តាម​របាយការណ៍ ​ក្រុមហ៊ុន​រំពឹង​ថា​នៅ​ត្រីមាស​បន្ទាប់​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ល្អ​ជាង​ត្រីមាស​ទី១​។
ទោះ​បី​យ៉ាង​នេះ​ក៏​ដោយ ​ក្រុមហ៊ុន​បាន​អះអាង​ថា​ ការ​រំពឹង​ទុក​ពី​ការ​ធ្លាក់​ចុះ​កំណើន​សេដ្ឋកិច្ច​នៅ​អឺរ៉ុប និង​អាមេរិក​ដែល​ជា​ទីផ្សារ​ចម្បង​របស់​ក្រុមហ៊ុន ​ក៏​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណូល​របស់​ក្រុមហ៊ុ​ផង​ដែរ សម្រាប់​ឆ្នាំ ២០១៩​ នេះ​។

គិត​ត្រឹម​ថ្ងៃ​ទី ៣១ ​ខែ ​មីនា ​ឆ្នាំ​ ២០១៩ ​ទ្រព្យ​សកម្ម​សរុប​របស់​ក្រុមហ៊ុន ហ្រ្គេនធ្វីន ​មាន​ចំនួន​ជាង ៨៩,​៨៨ ​​លាន​ដុល្លារ​ ខណៈ​​ដែល​មូលធន​សរុប​ មាន​​ចំនួន​ជាង ​៦៨,៥៨ ​លាន​ដុល្លារ​ ដែល​មាន​ការ​ធ្លាក់​ចុះ​បន្តិច​។
ភាគហ៊ុន​ក្រុមហ៊ុន ​ហ្រ្គេនធ្វីន ​ត្រូវ​បាន​ជួញដូរ​ក្នុង​ផ្សារហ៊ុន​កម្ពុជា​មាន​តម្លៃ ​៤ ៣០០ ​រៀល​ក្នុង​ ១ ​ភាគហ៊ុន​កាល​ពី​ថ្ងៃ​ម្សិលមិញ ​ប៉ុន្តែ​ពុំ​មាន​ទំហំ​នៃ​ការ​ជួញ​ដូរ​​​នោះ​ទេ​៕ LA

Tuesday, May 28, 2019

ជើង​ហោះហើរ​ត្រង់​កម្ពុជា-ឥណ្ឌូនេស៊ី ចាប់​ផ្តើម​ខែ ​៦

No comments :
យន្តហោះ​ក្រុម​ហ៊ុន Citilink ដែល​ចត​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​របស់​ទីក្រុង​ហ្សាការតា។
ភ្នំពេញៈ ការ​ភ្ជាប់​ជើង​ហោះហើរ​ត្រង់​រវាង​កម្ពុជា​ និង​ឥណ្ឌូនេស៊ី ​នឹង​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​​ខែ​មិថុនា ​២០១៩ ​នេះ ​ដែល​ជា​ផ្នែក​មួយ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​អាច​សម្រេច​គោលដៅ​​ក្នុង​ការ​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​​ ៦,៦ ​លាន​​នាក់ ​ក្នុង​ឆ្នាំ ​២០១៩​ នេះ​។ ​នេះ​បើ​​​តាម​អ្នក​នៅ​ក្នុង​វិស័យ​ទេសចរណ៍​។
ការ​ប្រកាស​ពី​ការ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ ​២ ​នេះ ​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​​ទីក្រុង​ភ្នំពេញ​ដោយ​ក្រសួង​ទេសចរណ៍ ​និង​ក្រុមហ៊ុន​អាកាសចរណ៍​ ឥណ្ឌូនេស៊ី ​Citilink​។
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​​ក្រុមហ៊ុន ​Citilink បាន​ឲ្យ​ដឹង​ថា ​នេះ​គឺ​ជា​ការ​ភ្ជាប់​ជើង​ហោះហើរ​​ជា​អន្តរជាតិ​ទី​៣ របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​នេះ បន្ទាប់​ពី​ការ​ហោះហើរ​ទៅ​​ទីក្រុង Surabaya​ និង​ទៅ​កាន់​ទីក្រុង​គូឡាឡាំពួ​ប្រទេស ​ម៉ាឡេស៊ី។ ​ក្រុមហ៊ុន​​នឹង​​ប្រើប្រាស់​​យន្តហោះ​ប្រភេទ ​Airbus​ A320​ ដែល​អាច​ដឹក​អ្នក​ដំណើរ​បាន ​១៨០ ​នាក់ ​ក្នុង ​១ ​​លើក​មក​កាន់​​​កម្ពុជា​​​។​
លោក ​Juliandra ​Nurtjahjo ​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ ​Citilink ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ​ការ​​បើក​ផ្លូវ​​​ហោះហើរ​ថ្មី​​របស់​ក្រុមហ៊ុន​ទៅ​កាន់​អាកាស​យានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ​នេះ គឺ​​ដើម្បី​អបអរ​​ខួប​លើក​ទី​៦០​ នៃ​​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ ​ឥណ្ឌូនេស៊ី ​និង​កម្ពុជា​។
លោក​បន្ត​ថា ការ​បន្ថែម​ផ្លូវ​ហោះហើរ​ថ្មី​នេះ ​ជា​ផ្នែក​មួយ​នៃ​ការ​​ប្តេជ្ញា​ចិត្ត​របស់​ Citilink ក្នុង​​​ការ​ពង្រីក​បណ្តាញ​ហោះហើរ​​អន្តរជាតិ ​និង​ដើម្បី​គាំទ្រ​ដល់​កម្មវិធី​របស់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ​ក្នុង​ការ​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​​មក​កាន់​ប្រទេស ​ឥណ្ឌូនេស៊ី ​​ផង​ដែរ​។
លោក ​ជុក​ ជំនោរ ​អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​កាល​ពី​ម្សិលមិញ​ថា ការ​ហោះហើរ​ត្រង់​រវាង​​​កម្ពុជា ​និង​ឥណ្ឌូនេស៊ី​ ធ្លាប់​មាន​កាល​ពី​មុន​ឆ្នាំ ​១៩៧០ ​តែ​ត្រូវ​បោះបង់​ចោល​ដោយសារ​​សង្គ្រាម​នៅ​កម្ពុជា​។
លោក​ថ្លែង​ថា៖ ​«​នៅ​ពេល​មាន​ការ​តភ្ជាប់​ត្រង់​នេះ ​កម្ពុជា​មិន​​ត្រឹម​តែ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ឥណ្ឌូនេស៊ី​តែ​មួយ​ប៉ុណ្ណោះ​​ទេ តែ​កម្ពុជា​នឹង​ទទួល​បាន​​ភ្ញៀវ​បរទេស​ដែល​មក​កម្សាន្ត​នៅ​ឥណ្ឌូនេស៊ី ​ហើយ​ចង់​​បន្ត​ដំណើរ​មក​កម្ពុជា​​​​»។
លោក ​ជំនោរ ​បាន​ឲ្យ​ដឹង​ថា​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ក្នុង​ការ​ទទួល​ទេសចរ​អ៊ិស្លាម​។ ​លោក​បន្ត​ថា​ក្រសួង​ទេសចរណ៍ ​សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម ​និង​ស្ថាប័ន​ពាក់ព័ន្ធ​​​ក្នុង​ការ​រៀបចំ​សេវា​ស្នាក់​​នៅ និង​អាហារ​ ​(Halal) ជា​​ច្រើន​សម្រាប់​សេវា​ទេសចរ​អ៊ិស្លាម​​។​ លោក​ថ្លែង​ថា៖​ «​យើង​មាន​កន្លែង​ជា​ច្រើន​សម្រាប់​​ទទួល​​​ពួក​​គាត់ ​ហើយ​យើង​ក៏​តែងតែ​ធ្វើ​​ការ​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​លើ​កន្លែង​សម្រាប់​ពួក​គាត់​ផង​ដែរ​»​។
Citilink ​ដែល​ជា​ក្រុមហ៊ុន​ផ្តល់​​សេវាកម្ម​ដឹក​ជញ្ជូន​ក្នុង​ស្រុក​​តម្លៃ​ទាប​នេះ គឺ​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​​ឥណ្ឌូនេស៊ី ​PT ​Garuda I​ndonesia (Persero​)​។ ​បច្ចុប្បន្ន​​ Citilink មាន​ជើង​ហោះហើរ​ក្នុង​ ​១ ថ្ងៃ ​​ជាង​ ៣១០ ​ជើង​ ទៅ​​គោលដៅ​ចំនួន​ ​៧៤ ​ក្នុង​ប្រទេស​ចំនួន ​៤៣​​។​
ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​ បង្ហាញ​ថា ​ក្នុង​ត្រីមាស​ទី​​១​ ឆ្នាំ ​២០១៩ ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ឥណ្ឌូនេស៊ី ​១៥ ៤១១ ​នាក់ ​កើន​ ​១០,៨ ​​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ​២០១៨។ កាល​ពី​​​ឆ្នាំ​ ​២០១៨ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ឥណ្ឌូនេស៊ី ​ចំនួន​ ៥៥ ៧៥៣ ​នាក់​ កើន​ឡើង ១១,៨ ​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ ​២០១៧​។
លោក ​ហូ​ វណ្ឌី​ ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ បាន​ចាត់​ទុក​​ការ​ហោះហើរ​​ត្រង់​ជាមួយ​ឥណ្ឌូនេស៊ី ជា​ព័ត៌មាន​ល្អ​សម្រាប់​​វិស័យ​ទេសចរណ៍​​​កម្ពុជា ខណៈ​​ឥណ្ឌូនេស៊ី​ជា​ប្រទេស​ដែល​មាន​ប្រជាជន​​ ជាង​២៦០ ​លាន​នាក់​ និង​មាន​សេដ្ឋកិច្ច​រឹងមាំ​មួយ​នៅ​ក្នុង​តំបន់​។
លោក​ថ្លែង​ថា៖ «ការ​បើក​​ផ្លូវ​ហោះហើរ​ត្រង់​នេះ នឹង​ធ្វើ​​ឲ្យ​ភ្ញៀវ​ទេសចរ​ឥណ្ឌូនេស៊ី​ជា​ច្រើន​ធ្វើ​ដំណើរ​មក​កម្ពុជា​។ ខណៈ​​ប្រជាជន​ឥណ្ឌូនេស៊ី​ភាគ​ច្រើន​សុទ្ធ​តែ​ប្រើប្រាស់​ភាសា​អង់គ្លេស​នោះ ដូច្នេះ​វា​មិន​សូវ​ជា​មាន​បញ្ហា​ចោទ​​សម្រាប់​មគ្គុទ្ទេសក៍​ទេសចរណ៍​កម្ពុជា​​ទេ»​។
យ៉ាង​ណា​ក៏​ដោយ ​លោក​ វណ្ឌី ​បញ្ជាក់​ថា​ សេវា​សម្រាប់​ទេសចរ​អ៊ិស្លាម​នៅ​កម្ពុជា​ហាក់​​នៅ​​មាន​កម្រិត​នៅ​ឡើយ​នា​ពេល​​​​នេះ​។ លោក​ថ្លែង​ថា៖ «​​​​បើ​ពួក​គាត់​សម្រុក​មក​ច្រើន​​ក្នុង​​ពេល​តែ​មួយ​នោះ យើង​ក៏​នឹង​ជួប​បញ្ហា​បន្តិច​បន្តួច​ដែរ​ ជា​ពិសេស​​សេវាកម្ម​ម្ហូប​អាហារ​»​។
ការ​ហោះហើរ​ត្រង់​រវាង​ទីក្រុង​​​​ហ្សាការតា និង​រាជធានី​ភ្នំពេញ​​នេះ​នឹង​ធ្វើ​ឡើង​ចំនួន​ ៣ ដង​ក្នុង​ ១ ​សប្តាហ៍ ដែល​នឹង​ត្រូវ​ចំណាយ​ពេល​ ៣ ​ម៉ោង​កន្លះ​​​​។​ នេះ​បើ​​តាម​លោក Sudirman ​Haseng​ ឯក​អគ្គរដ្ឋទូត​​ឥណ្ឌូនេស៊ី​ ប្រចាំ​កម្ពុជា​។
​លោក​ថ្លែង​ថា៖​​ «​​ជាមួយ​នឹង​កំណើន​នៃ​ប្រជាជន​​ខ្មែរ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ដែល​​មាន​ចំនួន​ជិត ២ ​លាន​នាក់​កាល​ពី​ឆ្នាំ​មុន ​យើង​ជឿ​ថា ​ជើង​​ហោះហើរ​ដោយ​ត្រង់​នេះ ​នឹង​ជួយ​បង្កើន​ភាព​ទាក់​ទាញ​​ទេសចរ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ទាំង​ ២ កាន់​តែ​​ច្រើន​»៕​LA

JICA បន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ

No comments :
កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ។
ភ្នំពេញៈ ទីភ្នាក់ងារ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ជប៉ុន​ (JICA)​ បាន​បង្ហាញ​ពី​​ការ​តាំង​ចិត្ត​ក្នុង​ការ​បន្ត​គាំទ្រ​ការ​អភិវឌ្ឍ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ (PAS) បន្ត​ទៀត​ ដោយ​បាន​បញ្ជាក់​ថា​នឹង​បន្ត​ផ្តល់​ជា​​​ជំនួយ​ឥត​សំណង និង​កម្ចី​សម្បទាន​ បើ​ទោះ​បី​ជា​ថ្មីៗ​នេះ​បាន​លក់​ភាគហ៊ុន​ដែល​ធ្លាប់​កាន់​កាប់​ចេញ​ពី​ PAS ក៏​ដោយ​។ ​
JICA នៅ​ក្នុង​ខែ​នេះ​បាន​សម្រេច​លក់​ភាគហ៊ុន​ទាំង​អស់​​ដែល​បាន​ទិញ​ពី ​PAS កាល​ពី​ឆ្នាំ ២០១៧ ពេល​កំពង់ផែ​ធំ​ជាង​គេ​របស់​កម្ពុជា​មួយ​នេះ​បាន​ឡើង​ផ្សារហ៊ុន​ទៅ​ឲ្យ​​​ក្រុមហ៊ុន​​ដែល​មាន​ជំនាញ​ផ្នែក​ប្រព័ន្ធ​ឡូជីស្ទីក​ដ៏​ធំ​មួយ​របស់​ជប៉ុន។
ការ​សន្យា​ពី​រដ្ឋាភិបាល​ជប៉ុន​ទាក់ទង​​នឹង​ការ​បន្ត​បង្កើន​កិច្ច​សហការ​ជា​មួយ PAS ​ត្រូវ​បាន​​ប្រកាស​ក្នុង​សេចក្តី​​ជូន​​ដំណឹង​របស់​ JICA បន្ទាប់​ពី​លោក  Shigenori Ogawa ​អគ្គនាយក​​នៃ​អគ្គនាយកដ្ឋាន​​អាស៊ី​អាគ្នេយ៍ និង​​ប៉ាស៊ីហ្វិក​របស់​​ ​JICA បាន​ធ្វើ​ទស្សនកិច្ច​ PAS កាល​ពី​ថ្ងៃទី ​២៤ ​ខែ ​ឧសភា​ និង​បាន​ពិភាក្សា​កិច្ច​សហប្រតិបត្តិការ​ពេល​អនាគត​សម្រាប់​កំពង់ផែ​នេះ​។​
តាម​សេចក្ដី​ប្រកាស​របស់​ JICA ​បន្ទាប់​​ពី​កិច្ច​ប្រជុំ​នេះ ទីភ្នាក់ងារ​អភិវឌ្ឍន៍​​រដ្ឋាភិបាល​​ជប៉ុន ​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​​នឹង​បន្ត​គាំទ្រ​ PAS លើ​ទិដ្ឋភាព​ដ៏​ទូលំទូលាយ​សម្រាប់​​ការ​អភិវឌ្ឍ​កំពង់ផែ​ និង​ការ​លើក​កម្ពស់​តំបន់​សេដ្ឋកិច្ច​ពិសេស​តាម​រយៈ​ជំនួយ​ឥត​សំណង កិច្ច​​សហ​ប្រតិបត្តិការ​បច្ចេកទេស និង​កម្ចី​សម្បទាន។ សេចក្ដី​ប្រកាស​​របស់ JICA ​​បង្ហាញ​ថា ភាគី​ទាំង ​២ គ្រោង​នឹង​ចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀង​សហការ​នៅ​ខែ​មិថុនា​​។​​​
លោក លូ គីមឈន់ ​នាយក​ប្រតិបត្តិ​ PAS បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ការ​​ចរាចរណ៍​ទំនិញ​ឆ្លង​កាត់ SA​P បាន​​កើន​ឡើង​យ៉ាង​ខ្លាំង​ជា​​ប្រចាំ​ឆ្នាំ​ ដូច្នេះ​វា​មាន​សារៈសំខាន់​ណាស់​​ក្នុង​ការ​មាន​ការ​សហការ​របស់ JICA ដើម្បីធ្វើ​យុទ្ធសាស្ដ្រ​ជាមុន​សម្រាប់​ការ​អភិវឌ្ឍ​កំពង់ផែ​នេះ​នៅ​ពេល​អនាគត​។​
លោក​ថ្លែង​ថា​៖ «​យើង​រីករាយ​ខ្លាំង​ណាស់​ ក្នុង​ការ​ទទួល​បាន​ការ​សហការ​ពី​ជប៉ុន។ ការ​ធ្វើ​ការងារ​ជាមួយ​ពួក​គេ​​នឹង​ធ្វើ​​ឲ្យ​ការងារ​មាន​ប្រសិទ្ធភាព និង​មាន​លទ្ធផល​ល្អ​​»។​
លោក​បន្ថែម​ថា PAS បាន​ចាប់​ផ្ដើម​សហការ​ជាមួយ​ JICA ចាប់​តាំង​ពី​ឆ្នាំ ​១៩៩៧​​ ​ហើយ​ក្រៅ​ពី​ជំនួយ​ឥត​សំណង និង​ជំនួយ​បច្ចេកទេស​​ JICA បាន​ផ្ដល់​កម្ចី​សរុប​ដល់​ ​SAP ​ប្រហែល ​៣៨០ ​លាន​ដុល្លារ ​គិត​មក​ទល់​ពេល​នេះ​។ ​លោក​បន្ត​ថា​៖ ​«​យើង​អាច​​សង​កម្ចី​ជាមួយ​អត្រា​ការ​ប្រាក់​ដល់​ប្រទេស ​ជប៉ុន​ ទៀងទាត់​ និង​ទាន់​ពេល​​​វេលា​ ហើយ​នៅ​តែ​អាច​ទទួល​បាន​​​ប្រាក់​ចំណេញ​​»​។​
ស្រប​ពេល​ដែល​ខេត្ត​ព្រះសីហនុ​កំពុង​មាន​កំណើន​យ៉ាង​គំហុក​ពី​ការ​​​វិនិយោគ​របស់​ជនជាតិ​ចិន​ដោយ​មាន​កាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន និង​ផ្សារ​ទំនើប​ ដោយ​មាន​សញ្ញា​សម្គាល់​ច្បាស់​ជា​អត្តសញ្ញាណ​ចិន ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​នៅ​តែ​មាន​កិច្ច​សហការ​ស៊ីជម្រៅ​ជាមួយ​រដ្ឋាភិបាល​ជប៉ុន​នៅ​ឡើយ។ វិនិយោគិន​ចិន​ មិន​ទាន់​បាន​ចូល​ទៅ​ PAS ចុះ​នៅ​​ឡើយ។
នៅ​ពេល​​ PAS បាន​បោះផ្សាយ​លក់​ភាគហ៊ុន​ជា​សាធារណៈ​លើក​ដំបូង​​​​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​ ២០១៧ ​ JICA ​បាន​​ទិញ​ភាគហ៊ុន​ ១៣,​៥ ​ភាគរយ​ នៅ​ក្នុង​ក្រុមហ៊ុន​នេះ៕LA

តុលាការ ​ចេញ​ដីកា​ចាប់​ខ្លួន​អនុ​ប្រធាន Samsung

No comments :
ឡូហ្គោ​ Samsung នៅ​លើ​អគារ​ខ្ពស់​ក្នុង​ក្រុង​សេអ៊ូល​​។
ក្រុង​សេអ៊ូលៈ តុលាការ​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​សៅរ៍​បាន​អនុម័ត​ដីកា​ចាប់​ខ្លួន​អនុ​ប្រធាន​ក្រុមហ៊ុន Samsung Electronics ចំនួន ២ នាក់ ​ជុំវិញ​រឿង​អាស្រូវ​គណនី ប៉ុន្តែ​បាន​ច្រាន​ចោល​ដីកា​មួយ ​ដើម្បី​ចាប់​ខ្លួន​ប្រធាន​ក្រុមហ៊ុន​​ឱសថ​​របស់​ក្រុមហ៊ុន Samsung Group។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap របស់​កូរ៉េ​ខាង​ត្បូង។
ទីភ្នាក់ងារ​ព័ត៌មាន​នេះ​បាន​រាយការណ៍​ថា តុលាការ​កូរ៉េ (Central District Court) ក្នុង​​ទីក្រុង​សេអ៊ូល បាន​ឲ្យ​ដឹង​ថា៖ «មាន​ឱកាស​សម្រាប់​ការ​តតាំង​គ្នា» ជុំវិញ​ករណី​តួនាទី​ស្នូល​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​​របស់​លោក Kim Tae-han អគ្គនាយក​ក្រុមហ៊ុន Samsung BioLogics ក្នុង​សំណុំ​រឿង​​​កម្ទេច​ភ័ស្តុតាង​ក្នុង​ឆ្នាំ ២០១៥។
ក្រុមហ៊ុន Samsung BioLogics ដែល​ជា​ក្រុមហ៊ុន​ផលិត​ឱសថ​តាម​កិច្ចសន្យា គឺ​ជា​​ក្រុមហ៊ុន​ធំ​​ទី​៣ ក្នុង​ពិភព​​លោក​ក្នុង​វិស័យ​​នេះ​បើ​គិត​តាម​ចំណែក​ទីផ្សារ និង​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​​​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​បំផុត​ចំនួន ១០ របស់​​​កូរ៉េ​ខាង​ត្បូង។
កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន គណៈកម្មការ​សេវា​ហិរញ្ញវត្ថុ (FSC) របស់​ទីក្រុង​សេអ៊ូល បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​​នៅ​ទីក្រុង​អ៊ីនជុន​នេះ បាន​រំលោភ​បំពាន​វិធាន​​គណនី «ដោយ​​ចេតនា» ក្នុង​ឆ្នាំ​ ២០១៥ ពោល​​​គឺ​មួយ​ឆ្នាំ​មុន​ពេល​ក្រុមហ៊ុន​​នេះ​បោះផ្សាយ​មូលបត្រ​ជា​​សាធារណៈ​លើក​ដំបូង តាមរយៈ​ការ​បំប៉ោង​តម្លៃ​របស់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ខ្លួន។
បន្ទាប់​ពី​​ខាតបង់​​​ជា​ច្រើន​ឆ្នាំ​ ក្រុមហ៊ុន Samsung BioLogics បាន​ផ្លាស់​ប្តូរ​វិធីសាស្រ្ត​គណនា​តម្លៃ​ភាគហ៊ុន​ចំនួន ៨៥ ភាគរយ​របស់​ខ្លួន​ក្នុង​​ក្រុមហ៊ុន Samsung Bioepis ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន Samsung Group ដោយ​បង្កើន​តម្លៃ​របស់​ក្រុមហ៊ុន​នេះ​ចំនួន ៤,៥ ពាន់​ពាន់​លាន​វ៉ុន (បច្ចុប្បន្ន​ស្មើ ៣,៨ ពាន់​លាន​ដុល្លារ) និង​បាន​បណ្តាល​ឲ្យ​ក្រុមហ៊ុន​នេះ​​ទទួល​បាន​ប្រាក់​ចំណេញ​​ចំនួន ១,៩ ពាន់​ពាន់​លាន​វ៉ុន។
ទីភ្នាក់ងារ​ព័ត៌មាន Yonhap បាន​រាយការណ៍​ទៀត​ថា ទាក់ទង​​នឹង​រឿង​អាស្រូវ​នេះ តុលាការ​កូរ៉េ​បាន​អនុម័ត​ដីកា​ចាប់​ខ្លួន​​អនុប្រធាន​របស់​ក្រុមហ៊ុន Samsung Electronics ចំនួន ២ នាក់ ពី​បទ​ចោទ​ប្រកាន់​​ថា​ បាន​បំផ្លាញ​ និង​ក្លែង​បន្លំ​ភ័ស្តុតាង៕ AFP/KC

ក្រុមហ៊ុន​ថ្នាំ​អ៊ីស្រាអែល​បង់​​​ពិន័យ $​៨៥ ​លាន​ ​ក្នុង​បណ្តឹង​សារធាតុ​ញៀន

No comments :
ក្រុមហ៊ុន​ផលិត​ឱសថ​ Teva​ ដ៏​ធំ​របស់​ប្រទេស ​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​អាទិត្យ​បាន​បង់​ប្រាក់​ចំនួន ៨៥ លាន​ដុល្លារ ក្នុង​បណ្តឹង​សារធាតុ​ញៀន។ 

ក្រុង​វ៉ាស៊ីនតោនៈ ក្រុមហ៊ុន​ផលិត​ឱសថ​ Teva​ ដ៏​ធំ​របស់​ប្រទេស ​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​អាទិត្យ​បាន​បង់​ប្រាក់​ចំនួន ៨៥ លាន​ដុល្លារ ​ឲ្យ​រដ្ឋាភិបាល​រដ្ឋ​អូក្លាហូម៉ា​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ដោះស្រាយ​បណ្តឹង​មួយ​ដែល​ចោទ​ប្រកាន់​ក្រុមហ៊ុន​នេះ​​ពី​បទ​ជំរុញ​ឲ្យ​មាន​ការ​រីក​រាលដាល​ការ​ប្រើប្រាស់​សារធាតុ​អូពីអយ (opioid) ក្នុង​រដ្ឋ​នេះ។ នេះ​បើ​យោង​តាម​អគ្គ​មេធាវី​របស់​រដ្ឋ​អូក្លាហូម៉ា។
សេចក្តី​ប្រកាស​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន Purdue Pharma ដែល​ជា​ក្រុមហ៊ុន​ផលិត​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ OxyContin ដែល​មាន​សារធាតុ​អូពីអយ និង​​ជា​កត្តា​សំខាន់​មួយ​នៃ​វិបត្តិ​នេះ ដែល​បង្ក​ឲ្យ​មាន​​ការ​ស្លាប់​របស់​​មនុស្ស​រាប់​ម៉ឺន​នាក់​​នៅ​សហរដ្ឋ​អាមេរិក​នោះ បាន​ឈាន​ដល់​​ដំណោះ​ស្រាយ​មួយ​ដែល​មាន​ទឹក​ប្រាក់​ចំនួន ២៧០ លាន​ដុល្លារ ​ជាមួយ​រដ្ឋ​នេះ​កាល​ពី​ខែ​មីនា។
អគ្គ​មេធាវី​លោក Mike Hunter បាន​ឲ្យ​ដឹង​នៅ​​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ដំណោះ​ស្រាយ​របស់​ក្រុមហ៊ុន Teva បាន​បង្ហាញ​ថា៖ «សេចក្តី​សម្រេច​របស់​រដ្ឋ​អូក្លាហូម៉ា​ គឺ​ឲ្យ​ចុង​​ចម្លើយ​ទទួល​​ខុស​ត្រូវ​លើ​កម្រិត​ថ្នាំ​អូពីអយ​​លើស​កម្រិត (overdose) ដែល​កំពុង​កើត​មាន​ឡើង និង​ការ​រីក​រាលដាល​ការ​ញៀន​សារធាតុ​​ថ្នាំ​នេះ​ដែល​បន្ត​ឆក់​យក​​ជីវិត​មនុស្ស​រាប់​ពាន់​នាក់​ក្នុង ​១ ឆ្នាំ»។
លោក Hunter បាន​ថ្លែង​ថា ទឹក​ប្រាក់​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​រដ្ឋ​អូក្លាហូម៉ា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វិបត្តិ​សារធាតុ​អូពីអយ​នេះ ដោយ​នឹង​មាន​សេចក្តី​ប្រកាស​មួយ​ដែល​នឹង​បង្ហាញ​ថា តើ​នឹង​ត្រូវ​ចំណាយ​ប្រាក់​ប៉ុន្មាន​​ក្នុង​ថ្ងៃ​អនាគត?។
ទន្ទឹម​នឹង​នេះ​ដែរ ក្រុមហ៊ុន​ផលិត​ឱសថ​ដ៏​ធំ​មួយ​នេះ​ឈ្មោះ Johnson & Johnson គ្រោង​នឹង​ចូល​សវនាការ​​ក្នុង​រដ្ឋ​អូក្លាហូម៉ា​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​ក្រុមហ៊ុន​នេះ​កំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ស្រដៀង​គ្នា​នេះ​ថា ក្រុមហ៊ុន​បាន​ផ្សព្វផ្សាយ​យ៉ាង​ខ្លាំង​ដើម្បី​លក់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដែល​មាន​​សារធាតុ​អូពីអយ បើ​ទោះ​ជា​ដឹង​ថា​​​មាន​ហានិភ័យ​នៃ​ការ​កើត​មាន​ការ​ញៀន​​នឹង​សារធាតុ​នេះ​ក្តី។
ភាព​លើស​កម្រិត​ពី​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​តាម​វេជ្ជបញ្ជា និង​ហេរ៉ូអ៊ីន ដែល​ជា​​ថ្នាំ​ខុស​ច្បាប់​ចុង​ក្រោយ​មួយ​សម្រាប់​សារធាតុ​ញៀន​អូពីអយ បាន​ផ្ទុះ​ឡើង​ក្នុង​រយៈពេល​ជាង ២០ ឆ្នាំ​ចុង​ក្រោយ​​នេះ។ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​ជាតិ​ទទួល​បន្ទុក​ការ​ញៀន​ថ្នាំ។
មនុស្ស​ប្រហែល ៤ សែន​នាក់ ​បាន​ស្លាប់​ពី​ការ​ប្រើ​ថ្នាំ​លើស​កម្រិត​ដែល​ពាក់ព័ន្ធ​នឹង​ការ​ចេញ​វេជ្ជបញ្ជា ឬ​សារធាតុ​អូពីអយ​ខុស​ច្បាប់។ នេះ​បើ​យោង​​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ (CDC)។
តារា​ចម្រៀង​ប៉ុប Prince ដ៏ល្បី និង​តារា​ចម្រៀង​រ៉ុក Tom Petty គឺ​ជា​ជន​រងគ្រោះ​ពី​ការ​រីករាល​ដាល​សារធាតុ​​ញៀន​នេះ៕ AFP/KC

Thursday, May 23, 2019

អ្នកបើករថយន្ដដែលប្រឈម នឹងរថយន្ដធុន ២គ្រឿងជែងគ្នានៅខាងមុខ បញ្ជាក់ពីហេតុការណ៍ដ៏រន្ធត់នេះ, ទីតាំងកើតហេតុក្នុងភូមិសាស្ដ្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (Video inside)

No comments :
(កំពង់ស្ពឺ)៖ ហេតុការណ៍រថយន្ដមួយគ្រឿង ប្រឈមនឹងរថយន្ដកុងទីន័រ២គ្រឿងជែងគ្នានៅខាងមុខ ដែលថតបានដោយកាមេរ៉ាសុវត្ថិភាពក្នុងរថយន្ដ ហើយត្រូវបានម្ចាស់រថយន្ដរងគ្រោះ យកទៅបង្ហោះនៅលើបណ្ដាញសង្គម Facebook បណ្ដាលឲ្យផ្ទុះការរិះគន់យ៉ាងខ្លាំងនោះ នៅពេលនេះយុវជនដែលជាអ្នកបើករថយន្ដបានចេញមកបញ្ជាក់ព័ត៌មានបន្ថែម ទៅលើហេតុការណ៍ ដ៏រន្ធត់មួយនេះ។
យុវជន លាង ឆាយ ជាអ្នកបើករថយន្ដរងគ្រោះ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះថា ហេតុការណ៍ខាងលើបានកើតឡើង កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ នៅលើកំណាត់ផ្លូវជាតិលេខ៤ ហួសពេជ្រនិល ចូលមកក្នុងភូមិសាស្ដ្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
យុវជនរូបនេះ បានរៀបរាប់ពីហេតុការណ៍ថា ខណៈដែលខ្លួនបើករថយន្ដម៉ាក Rang Rover ទិសដៅពីព្រះសីហនុ មករាជធានីភ្នំពេញ ស្រាប់តែដល់ចំណុចកើតហេតុនោះ ខ្ទង់ចម្ងាយពី២០០ ទៅ៣០០ម៉ែត្រ ក៏មានរថយន្ដកុងទីន័រពីរគ្រឿង កំពុងជែងគ្នានៅខាងមុខ ពេលនោះដោយសារតែខ្លួនមានស្មារតីរឹងមាំផង ក្នុងការបើកបរ ក៏សម្រេចចិត្តបន្ថយល្បឿននៅកណ្ដាលផ្លូវ ហើយចុចស៊ីប្លេរជាសញ្ញាដល់អ្នកបើករថយន្ដកុងទីន័រ រហូតរថយន្ដកុងទីន័រដែលជែងគេនោះ បានបើកចុះផ្លូវទើបរួចផុតពីគ្រោះថ្នាក់ដ៏រន្ធត់នេះ។
យុវជន លាង ឆាយ ដែលអ្នករកស៊ីម្នាក់នៅរាជធានីភ្នំពេញ បានអះអាងទៀតថា នៅក្នុងរថយន្ដមានតែម្នាក់ឯងនោះទេ ហើយនៅថ្ងៃនោះបើខ្លួនសម្រេចចុះស្ដាំវិញ ទំនងរថយន្ដកុងទីន័រ ដែលជែងនៅពីខាងមុខ ច្បាស់ជាបុកពេញទំហឹងបណ្ដាលឲ្យរងគ្រោះថ្នាក់ជាក់ជាពុំខានឡើយ។
បន្ថែមពីលើប្រតិកម្មធ្លាក់មកជាបន្ដបន្ទាប់របស់មហាជន នៅលើបណ្ដាញសង្គម Facebook នោះ យុវជនម្នាក់ក៏បានអំពាវនាវទៅដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ សូមរឹតបណ្ដឹងទៅលើ អ្នកបើករថយន្ដគ្រប់ប្រភេទ ជាពិសេសរថយន្ដធុនធំ ដែលខ្លួនអះអាងថា អ្នកបើកខ្លះក៏សេពគ្រឿងញៀនទៀតផង។
យ៉ាងណាក៏ដោយ រហូតមកដល់ព្រឹកថ្ងៃទី២០ ខែឧសភានេះ អង្គភាពព័ត៌មាន Fresh News មិនទាន់បានការបញ្ជាក់ជាផ្លូវការ ពីសមត្ថកិច្ចថាតើរថយន្ដកុងទីន័រទាំង២គ្រឿងជែងគ្នានេះ របស់ក្រុមហ៊ុនណានោះទេ?។
ការបើកបរដោយគ្មានគិតគូរពីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃយ៉ាងដូច្នេះ ត្រូវបានមហាជនលើកឡើងពីសាររិះគន់យ៉ាងចាស់ដៃ តាមរយៈ Comment នៅលើគណនី Facebook ដដែលនោះ ហើយត្រូវបានគេចែកចាយ (Share) ពេញបណ្ដាញទំនាក់ទំនងសង្គមមួយនេះយ៉ាងផុសផុល។
ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ទោ ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បញ្ជាភ្លាមៗទៅកាន់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធនានា ស្រាវជ្រាវរកអ្នកបើកបររថយន្តបង្កខាងលើទាំងនោះ ដើម្បីនាំយកមកអប់រំបន្ថែមទៀត កុំឱ្យពួកគេប្រព្រឹត្តទង្វើល្មើសច្បាប់នេះតទៅទៀត៕
អ្នកបើករថយន្តរងគ្រោះ លាង ឆាយ

ព្រលឹងចុងសក់! រថយន្តធំ២គ្រឿងវ៉ាជែងគ្នាមិនផុត ប៊ិះបុកចំពីមុខរថយន្តបញ្ច្រាស់ទិសគ្នាមួយទៀត, សមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកបើកបរមកអប់រំ (Video inside)

No comments :
(ភ្នំពេញ)៖ តាមរយៈវីដេអូខ្លីមួយ ដែលត្រូវបានគេទម្លាយនៅលើបណ្ដាញសង្គម Facebook បានបង្ហាញឱ្យឃើញពីទង្វើល្មើសច្បាប់របស់អ្នកបើកបររថយន្តធុនធំ២គ្រឿង ដែលបើកវ៉ាជែងគ្នាទាំងប្រថុយប្រថានមិនផុត ប៊ិះនឹងបុកចំពីមុខរថយន្តមួយគ្រឿងទៀតដែលបើកបញ្ច្រាស់ទិសគ្នា។
ភ្លាមៗបន្ទាប់ពីបើកវ៉ាជែងគ្នាមិនផុតហើយ រថយន្តធំមួយគ្រឿងដែលបើកនៅឆ្វេងដៃ ក៏ជ្រុសចេញខាងឆ្វេងទាំងខុសច្បាប់ហួសទៅបាត់ ចំណែករថយន្តមួយគ្រឿងទៀតដែលនៅខាងស្ដាំ ក៏បន្តដំណើរទៅមុខដូចគ្នា។ ថ្វិដ្បិតមិនបានបង្កឱ្យមានគ្រោះថ្នាក់ណាមួយក៏ពិតមែន ប៉ុន្តែទិដ្ឋភាពព្រលឹងចុងសក់ នោះមើលទៅគួរឱ្យភ័យខ្លាចមែនទែន ពោលមិនគួរឱ្យកើតឡើងទាល់តែសោះ។
បើតាមឃ្លីបវីដេអូខាងលើ ហេតុការណ៍នោះបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។
ការបើកបរដោយគ្មានគិតគូរពីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃយ៉ាងដូច្នេះ ត្រូវបានមហាជនលើកឡើងពីសាររិះគន់យ៉ាងចាស់ដៃ តាមរយៈ Comment នៅលើគណនី Facebook ដដែលនោះ ហើយត្រូវបានគេចែកចាយ (Share) ពេញបណ្ដាញទំនាក់ទំនងសង្គមមួយនេះយ៉ាងផុសផុល។
ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ទោ ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បញ្ជាភ្លាមៗទៅកាន់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធនានា ពិសេសកម្លាំងនគរបាលចរាចរណ៍ខេត្តព្រះសីហនុ ស្រាវជ្រាវរកអ្នកបើកបររថយន្តបង្កខាងលើទាំងនោះ ដើម្បីនាំយកមកអប់រំបន្ថែមទៀត កុំឱ្យពួកគេប្រព្រឹត្តទង្វើល្មើសច្បាប់នេះតទៅទៀត៕




រន្ធត់ណាស់! ចេញពីហូបការនៅកៀនស្វាយ ជិះរ៉ឺម៉កកង់បីត្រឡប់មកវិញ ត្រូវរថយន្តបុកស្លាប់ស្ត្រីម្នាក់ភ្លាមៗ ខណៈមនុស្ស៤នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាល (Video inside)

No comments :
(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយជនរងគ្រោះចេញពីហូបការគេនៅកៀនស្វាយ នាំគ្នាជិះរ៉ឺម៉កកង់បីត្រឡប់មកវិញ ត្រូវរថយន្តបុករះបណ្ដាលឱ្យស្លាប់ស្ត្រីម្នាក់ភ្លាមៗនៅនឹងកន្លែង ចំណែកឯមនុស្ស៤នាក់ទៀត រងរបួសធ្ងន់ និងស្រាល។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពស្ត្រីរងគ្រោះមានឈ្មោះ ភោគ នៅ អាយុ៣៨ឆ្នាំ មុខរបរជាបុគ្គលិករោងចក្រ និងមានទីកន្លែងកំណើតស្ថិតនៅភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ បន្ទាប់ពីគ្រោះថ្នាក់រួចជនរងគ្រោះទាំង៤នាក់ខាងលើត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ស ពាក់ស្លាកភ្នំពេញ 2AL04-27 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុករះរ៉ឺម៉កកង់បីចំនួន២គ្រឿង ដែលកំពុងតែធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ចំពេញមួយទំហឹងលាន់ដូចរន្ទះ បណ្ដាលឱ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុយ៉ាងអាណោធអាធ័ម ចំណែកឯមនុស្ស៤នាក់ទៀត រួមទាំងក្មេងស្រីតូចម្នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យផងដែរ។
បន្ទាប់ពីកើតហេតុភ្លាមៗ អ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។
ក្រោយពេលកើតហេតុសពស្ត្រីរងគ្រោះ ត្រូវក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។ ចំណែករ៉ឺម៉កកង់បីទាំងពីរ រួមទាំងរថយន្តបង្កត្រូវសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់នៅពេលក្រោយផងដែរ៕



ក្រឡាប់សាឡាងមួយគ្រឿង បណ្ដាលឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក នៅស្រុកឆ្លូង ខេត្តក្រចេះ

No comments :
(ក្រចេះ)៖ សាឡាងចម្លងមួយគ្រឿង ដែលដឹកអ្នកដំណើរឆ្លងទៅមករាល់ថ្ងៃ ពីពង្រទៅកោះតាស៊ុយ ត្រូវបានក្រឡាប់លិចធ្លាក់ឡានដឹកដីចូលក្នុងទន្លេ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។
លោក ធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ម្ចាស់សាឡាងមានឈ្មោះ សុះ សប់ព្រី រស់នៅភូមិឃុំកើតហេតុខាងលើ ហើយករណីនេះបណ្ដាលមកពីរថយន្ដម៉ាក HiNo ចំនួន២គ្រឿង ដែលមានម្ចាស់ឈ្មោះសេង គីម ចាំង ដឹកដីពេញឡានឆ្លងពីពង្រ ទៅកោះតាស៊ុយ បានរអិលកង់មកខាងឆ្វេងទាំងពីរ បណ្ដាលឲ្យក្រឡាប់តែម្ដង។ លោកបញ្ជាក់ថា រថយន្ដទាំងពីរគ្រឿង និងម៉ូតូ១គ្រឿងត្រូវធ្លាក់ចូលក្នុងទន្លេផងដែរ។
លោកអភិបាលរង បន្ដទៀតថា ក្នុងហេតុការណ៍ក្រឡាប់សាឡាងនេះ មិនបណ្ដាលឲ្យមានមនុស្សស្លាប់ ឬរងរបួសនោះទេ គ្រាន់តែធ្លាប់រថយន្ដពីរគ្រឿង និងម៉ូតូមួយគ្រឿងចូលក្នុងទន្លេ។ ម្ចាស់រថយន្ដ បានស្ទួចយករថយន្ដមកវិញ ហើយក៏បានសម្រុះសម្រួលគ្នារួចអស់ដែរ មិនមានការប្ដឹងផ្តល់គ្នានោះទេ៕




ដាវប្រើសម្រាប់រាជាភិសេកស្តេចថៃ ត្រូវបាននាំពីកម្ពុជាក្នុងឆ្នាំ១៧៨៤

No comments :
ភ្នំពេញ)៖ នាថ្ងៃសៅរ៍ ១កើត ខែពិសាខ ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែឧសភា គ្រិស្តសករាជ២០១៩ស្អែកនេះ ព្រះបរមរាជវាំងក្រុងទេពមហានគរ ឬក្រុងរតនគោសិន្ទ (បាងកក) នៃព្រះរាជាណាចក្រថៃ នឹងប្រារព្ធព្រះរាជពិធីរាជាភិសេកព្រះមហាក្សត្រថ្មី គឺព្រះចៅ មហា វជិរាលង្ករណ៍ (សៀមហៅ ម៉ាហា វិជ្ជិរ៉ាឡុងកន) ជាផ្លូវការហើយ។
ក្រោយរាជាភិសេក ព្រះចៅ មហា វជិរាលង្ករណ៍ នឹងក្លាយជាសម្ដេចព្រះរាមាធិបតីទី១០ នៃរាជវង្សចក្រី ដែលមានព្រះគោរមងារសម្រាប់រាជ្យថា ព្រះបាទសម្ដេច ព្រះមហា វជិរាលង្ករណ៍ បតិន្ទ្រទេពពញាវរ័ង្គណ (Maha Vajiralongkorn Bodindradebayavarangkun)។
តាមព្រះរាជទំនៀមទម្លាប់របស់ព្រះបរមរាជវាំងនៃរាជវង្សចក្រី គ្រឿងបញ្ចក្សេត្រ (គ្រឿងមង្គលសម្រាប់រាជ្យទាំង៥របស់ព្រះមហាក្សត្រ) នឹងត្រូវយកមកប្រើសម្រាប់ព្រះរាជពិធីរាជាភិសេករបស់ព្រះមហាក្សត្រសៀម ព្រះចៅ មហា វជិរាលង្ករណ៍ (ម៉ាហា វិជ្ជិរ៉ាឡុងកន) រួមមាន៖
១. ព្រះមហាពិជ័យម្កុដ (ម្កុដ)
២. ព្រះសែងខ័ឌ្គជ័យស្រី (ដាវ)
៣. ព្រះទណ្ឌៈ (ដំបង)
៤. ព្រះវាលវិជនី (ផ្លិតរោមសត្វ)
៥. ព្រះសុពណ៌បាទុកា (ស្បែកជើង)។
ក្នុងចំណោមគ្រឿងបញ្ចក្សេត្រទាំង៥នេះ ព្រះខ័ឌ្គរាជ្យ ត្រូវបាននាំយកទៅពីប្រទេសកម្ពុជាក្នុងឆ្នាំ១៧៨៤។ នេះបើតាមរាជពង្សាវតាថៃ។
ព្រះរាជពង្សាវតាថៃ បានឲ្យដឹងថា ព្រះខ័ឌ្គរាជ្យ ត្រូវបានយកពីប្រទេសកម្ពុជាកាលពីសម័យឧដុង្គ ក្នុងរជ្ជកាលព្រះបាទនរាយណ៍រាមា (ព្រះអង្គអេង ត្រូវជាព្រះបិតារបស់ព្រះអង្គឌួង)។ ព្រះខ័ឌ្គរាជ្យនេះ ត្រូវបានអ្នកនេសាទខ្មែរម្នាក់បានបង់សំណាញ់ជាប់ក្នុងពេលទៅនេសាទត្រីនៅបឹងទន្លេសាប ហើយបានយកទៅប្រគល់ជូនចៅពញាអភ័យបដេស ប៉ែន ឬ អភ័យវង្ស (អតីតមន្ត្រីខ្មែរមានគោរមងារជា ឧកញ៉ាចក្រី ប៉ែន តែក្រោយមកបានចុះចូលជាមួយសៀមក្បត់នគរខ្មែរ) ជាចៅហ្វាយខេត្តព្រះដំបង (បច្ចុប្បន្ន គឺខេត្តបាត់ដំបង) ដែលកាលណោះខេត្តបាត់ដំបងរបស់ខ្មែរ ស្ថិតនៅក្រោមការត្រួតត្រារបស់សៀម។
ក្រោយពីទទួលបានដាវដ៏វិចិត្រមួយដើមពីអ្នកនេសាទ ហើយដឹងថាជាព្រះខ័ឌ្គរាជ្យរួចមក ចៅពញាអភ័យវង្ស បាននាំទៅថ្វាយព្រះមហាក្សត្រសៀម សម្ដេចព្រះពុទ្ធ យ៉តហ្វា ចូឡាលោក ឬព្រះរាមាធិបតីទី១។
រាជពង្សាវតាថៃបានបន្តថា ក្នុងពេលដង្ហែព្រះខ័ឌ្គដ៏ស័ក្តិសិទ្ធទៅចូលក្នុងព្រះបរមរាជវាំងក្រុងទេពមហានគរ ក៏មានអព្ភូតហេតុអស្ចារ្យមួយបានកើតឡើង ដោយមានរន្ទះបាញ់លាន់ឮសន្ធឹកពេញឰដ៏អាកាស ហើយបាញ់ចំទីតាំងដង្ហែព្រះខ័ឌ្គរាជ្យនោះចំនួន ៧កន្លែង ហាក់បង្ហាញឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះខ័ឌ្គរាជ្យរបស់ខ្មែរតាំងពីបុរាណមក។
ព្រះខ័ឌ្គរាជ្យខ្មែរដែលបានឃ្លាតចាកមាតុនគរមួយនេះ ពេលយកទៅប្រទេសថៃនាពេលនោះមិនមានដង និងស្រោមនោះទេ។ សម្ដេចព្រះរាមាទី១ បានចេញព្រះរាជបញ្ជាឱ្យកសាងដង និង ស្រោមពីមាស និង ត្បូង ហើយរៀបចំអភិសេកឲ្យក្លាយជាគ្រឿងមួយក្នុងចំណោមគ្រឿងបញ្ចក្សេត្រដទៃទៀត សម្រាប់យកមកប្រារព្ធព្រះរាជពិធីរាជាភិសេកព្រះមហាក្សត្រថៃនៅក្នុងឆ្នាំ១៧៨៥ ហើយបានបន្តប្រើរហូតមកដល់បច្ចុប្បន្ន។
ព្រះខ័ឌ្គរាជ្យនេះ ទាំងដង ទាំងផ្លែមានប្រវែង ៨៩.៨សង់ទីម៉ែត្រ និង មានទម្ងន់ ១.៣គីឡូក្រាម។ នៅពេលដាក់ក្នុងស្រោម មានប្រវែង ១០១សង់ទីម៉ែត្រ និងមានទម្ងន់ ១.៩គីឡូក្រាម។
នៅក្នុងក្រាំងរាជពង្សាវតាថៃ ក៏បានទទួលស្គាល់ថា ព្រះខ័ឌ្គរាជ្យនេះ ត្រូវបាននាំយកទៅពីព្រះនគរកម្ពុជា ហើយក៏ត្រូវបានផ្សព្វផ្សាយពាសពេញប្រទេសថៃ ក៏ដូចជាទូទាំងសាកលលោកផងដែរ តាមរយៈកាសែតដ៏ល្បីមួយរបស់ថៃ គឺកាសែតបាងកកប៉ុស្តិ៍។
សូមបញ្ជាក់ថា ព្រះចៅ មហា វជិរាលង្ករណ៍ (មហា + វជិរៈ + អលង្ករណ៍) ឬហៅតាមភាសាសៀមថា ម៉ាហា វិជ្ជិរ៉ាឡុងកន សរសេរជាអក្សរឡាតាំង Maha Vajiralongkorn មានន័យជាភាសាខ្មែរថា គ្រឿងពេជ្រដ៏ធំសម្បើម (មហា ប្រែថា ធំសម្បើម, វជិរៈ ប្រែថា ពេជ្រ, អលង្ករណ៍ ប្រែថា គ្រឿងតុបតែងកាយ ឬអាចហៅថាអលង្ការក៏បាន)។
ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះបាទសម្ដេច ព្រះចៅ ភូមិបុល អាប់ឌុលយ៉ាដេត ជាមួយព្រះមហាក្សត្រិយ៍ ស្រីកេត (Qeen Sirikit)៕